Posts filed under ‘Travel’

លាង​សម្អាតដួង​ព្រលឹង

អ្នកដែលស្គាល់ខ្ញុំ ឬតាមដាន់ប្លក់របស់ខ្ញុំប្រហែលជាដឹងហើយថា ប៉ុន្មានខែមុន ខ្ញុំមានវិបត្តិដេកមិនលក់។ ចាប់តាំងពីពាក់កណ្ដាលខែ៨ រហូតដល់ខែ១១ ខ្ញុំនៅចំហភ្នែកទល់ៗភ្លឺ បើទោះបីជាខ្ញុំមិនលេងទូរសព្ទនិងកុំព្យូទ័រក៏ដោយ។ នៅពេលខ្ញុំនឿយខ្លាំង ហត់ខ្លាំង ខ្ញុំត្រូវលេបថ្នាំដើម្បីដេកលក់។ បងៗខ្លះណែនាំឲ្យខ្ញុំសាកល្បងផឹកស្រាក្រហមមួយកែវក្រោយបាយ ខ្លះប្រាប់ឲ្យហាត់ប្រាណ ហើយខ្លះទៀតប្រាប់ឲ្យគេងអត់ស្លៀកពាក់។ 😉 ខ្ញុំបានសាកល្បងដែរ ប៉ុន្តែវាមិនបានផលសោះតែម្ដង!

រហូតដល់ពាក់កណ្ដាលខែ១១កន្លងទៅនេះ ខ្ញុំបានទៅជ្រលងអារ៉ែង ខេត្តកោះកុង។ នៅអារ៉ែង ៣យប់ ៤ថ្ងៃ ខ្ញុំដើរក្នុងព្រៃ ដេកអង្រឹង ឡើងភ្នំ ធ្វើសង្គ្រាមជាមួយសត្វទាក មុជទឹកជ្រោះ មើលថ្ងៃលិច/ថ្ងៃរះ។ ពេលត្រឡប់មកវិញ អាការៈដេកមិនលក់របស់ខ្ញុំរលាយបាត់ដូចគេបេះ!

ឥឡូវនេះ ខ្ញុំងងុយដេកគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ម៉ោង៩យប់មិនទាន់ ខ្ញុំឡើងគ្រែដេក ដណ្ដប់ភួយ ហើយភ្លឹង! ព្រឹកឡើង ថ្វីត្បិតតែដឹងខ្លួនម៉ោង៤ ប៉ុន្តែខ្ញុំមិនចង់ក្រោកសោះតែម្ដង! ដំណើរទៅអារ៉ែង ខ្ញុំចាត់ទុកវាថាជាការលាងសម្អាតដួងព្រលឹង! ខ្ញុំមិនដឹងថា វិបត្តិដេកមិនលក់របស់ខ្ញុំនឹងវិលត្រឡប់មកវិញពេលណាទេ! ខ្ញុំគ្រាន់តែដឹងថា ឥឡូវនេះ ខ្ញុំសប្បាយចិត្ត និងមានកម្លាំងកំហែងជាងមុន ទាំងកម្លាំងផ្លូវកាយ ផ្លូវចិត្ត និងកម្លាំងប្រាជ្ញា។ ហើយប្រសិនបើនរណាជួបបញ្ហាដេកមិនលក់ដូចខ្ញុំពីមុន យោបល់ទី១របស់ចំពោះគេ គឺទៅដេកព្រៃ!

dscf0002

ហេតុអ្វីទៅដេកព្រៃអាចលាងសម្អាតដួងព្រលឹងយើងបាន? ខ្ញុំមិនដឹងថាយោបល់របស់ខ្ញុំសុក្រិតប៉ុនណាទេ ប៉ុន្តែបើខ្ញុំយល់ ជីវភាពនៅក្នុងសង្គមស៊ីវិល័យ ដែលត្រូវរស់នៅដោយប្រញាប់ប្រញាល់រាល់ថ្ងៃ វាអាចធ្វើឲ្យរាងកាយយើងរងសម្ពាធ។ ទូរសព្ទ កុំព្យូទ័រ ឲ្យតែមានសេវាឬអ៊ីនធឺណែតពេលណា គឺមានតែរឿង! បើមិនមែនរឿងយើង ក៏ជារឿងរបស់គេ ដែលជាទូទៅធ្វើឲ្យខ្វល់ ធ្វើឲ្យរវល់ខ្លាំងណាស់!

លុះទៅដល់ព្រៃ គ្មានសេវាទូរសព្ទ គ្មានសេវាអ៊ីនធឺណែត គ្មានការទាក់ទង យើងនៅជាមួយខ្លួនឯងបានច្រើន ស្ដាប់ខ្លួនឯងបានច្រើន ហើយជជែកជាមួយមនុស្សម្នាដោយផ្ទាល់បានច្រើន។

dscf0354

នៅក្នុងបរិយាកាសបែបនេះ ខ្ញុំចូលចិត្តធ្វើ Step-Back សួរខ្លួនឯងអំពីខ្លួនឯង៖ ខ្ញុំជានរណា? កំពុងនៅទីណា? ហេតុម៉េចទើបមកដល់ត្រង់នេះ? ចុះខ្ញុំចង់ទៅទីណា? ដើម្បីអ្វី? ត្រូវសួរព្រោះដើម្បីឲ្យច្បាស់ថា យើងមិនបានវង្វេងខ្លួនឯងទេ នៅពេលយើងរស់នៅក្នុងសង្គមស៊ីវិល័យដ៏វឹកវរ។

រាល់ពេលដែលខ្ញុំសួរខ្លួនឯង វាជារឿងអាក្រក់ដែរដែលឈ្វេងយល់ថា ខ្ញុំដើរឃ្លាតចាកពីគន្លងដើមដែលតាំងចិត្តពីមុន ឬអាក្រក់ជាងនេះ ខ្ញុំវង្វេង លែងដឹងទិស លែងដឹងតំបន់ លែងស្គាល់ខ្លួនឯង។ ប៉ុន្តែល្អដែរ ខ្ញុំមានឱកាសស្វែងរកខ្លួនឯងជាថ្មី តាំងចិត្តជាថ្មី បើទោះបីពេលខ្លះ ការតាំងចិត្តនោះប្រើសម្រាប់គោលដៅចាស់ក៏ដោយ!

dscf1028-2

ខ្ញុំយល់ថា នៅពេលមនុស្សស្គាល់ខ្លួនឯងមិនច្បាស់ នៅពេលគេវង្វេង គេនឹងដេកព្រួយ.. ព្រួយគ្រប់ ព្រួយសព្វ។ មនុស្សនេះព្រួយជាងអ្នកដែលមិនស្គាល់ខ្លួនឯងទៅទៀត! លុះនៅពេលគេស្គាល់ខ្លួនឯងច្បាស់ហើយ រឿងព្រួយ រឿងរំខានចិត្តសព្វគ្រប់បែបយ៉ាងលែងមានទៀតហើយ។ ហើយនៅពេលនោះ គេនឹងដេកលក់បានស្កប់ស្កល់ជារៀងរាល់យប់៕

ខែធ្នូ 10, 2016 at 2:56 ល្ងាច មតិ ១

អណ្ដើក​ហ្លួង សត្វ​ល្មូន​តំណាង​ឲ្យ​កម្ពុជា

អណ្ដើកហ្លួង? ហេតុអ្វីបានជាគេជ្រើសសត្វល្មូននេះតំណាងឲ្យកម្ពុជា? ចុះវាខុសប្លែកពីសត្វអណ្ដើកផ្សេងយ៉ាងម៉េចខ្លះ? ខ្ញុំក៏មិនដឹងដែរ! ហេហេ ខ្ញុំទើបតែបានស្គាល់អណ្ដើកហ្លួងនេះកាលពីដើមសប្ដាហ៍ នៅពេលអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia អញ្ជើញឲ្យទៅស្វែងយល់ពីសត្វអណ្ដើកហ្លួងនៅខេត្តកោះកុង។

dscf7933

អណ្ដើកហ្លួងគឺជាអណ្ដើកមួយប្រភេទដែលកំពុងរងគ្រោះជិតផុតពូជបំផុតនៅលើសកលលោក។ សត្វអណ្ដើកហ្លួងមានវត្តមានតែនៅក្នុងប្រទេសចំនួន៤ប៉ុណ្ណោះ គឺកម្ពុជា ឥណ្ឌា បង់ក្លាដែស និងឥណ្ឌូនេស៊ី។ ក្នុងនោះសត្វអណ្ដើកហ្លួងនៅកម្ពុជា មានចំនួនច្រើនជាងគេ។ (ហ្នឹងហើយ! សរសេរមិនខុសទេ! នៅកម្ពុជាមានសត្វអណ្ដើកហ្លួងច្រើនជាងគេ! ពិសេសទេ?)

អណ្ដើកហ្លួង ឬអណ្ដើកសរសៃ ដែលជាសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា ត្រូវបានបញ្ជូលទៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងអនុក្រឹត្យលេខ ១២៣ អនក្រ បក ចុះថ្ងៃទី១២សីហា ឆ្នាំ២០១៤ ថាជាប្រភេទសត្វជិតផុតពូជនៅកម្ពុជា។

ហេតុអ្វីបានជាសត្វនេះជិតផុតពូជ? ព្រោះតែវាត្រូវការរយៈពេលយូរដើម្បីបង្កកំណើត។ ទម្រាំតែអាចបន្តពូជបាន អណ្ដើកហ្លួងត្រូវមានអាយុ២៥ឆ្នាំសិន! សត្វអណ្ដើកហ្លួង រងការគម្រាមកំហែងពីការបំផ្លាញទីជម្រក តាមរយៈការបូមខ្សាច់ ការកាប់ឆ្ការព្រៃលិចទឹក និងការនេសាទខុសច្បាប់ជាដើម។

dscf7950

អង្គការ WCS សហការជាមួយរដ្ឋបាលជលផលកម្ពុជា បានសហការគ្នាអភិរក្សសត្វអណ្ដើកហ្លួងនេះ បន្ទាប់ពីរកឃើញថា ពួកវានៅសេសសល់តិចតួចក្នុងខេត្តកោះកុង នៅឆ្នាំ២០០០។ ក្នុងនោះ ស្ថាប័ននេះបានបង្កើតមជ្ឈមណ្ឌលថែរក្សា ក៏ដូចជាកម្មវិធីការពារសំបុក ដោយមានការចូលរួមពីប្រជាសហគមន៍នៅក្នុងស្រុកស្រែអំបិល។ អ្នកដែលធ្លាប់ប្រមូលពង និងកូនអណ្ដើកទៅលក់ ត្រូវបានជ្រើសរើសឲ្យធ្វើជាបុគ្គលិកគម្រោងដើម្បីស្វែងរក និងការពារសំបុកសត្វអណ្ដើកហ្លួងជំនួសវិញ។ ដោយឡែក កូនអណ្ដើកដែលកើតចេញពីសំបុកការពារនោះ ត្រូវបានយកទៅកាន់មណ្ឌលអភិរក្សដើម្បីចិញ្ចឹមនិងថែរក្សា មុនពេលព្រលែងទៅកាន់ធម្មជាតិវិញ។

dscf7965

ការព្រលែងទៅកាន់ធម្មជាតិនោះទៀតសោត មុននឹងព្រលែង គេបានដាក់ Transmitter ភ្ជាប់ជាមួយសត្វអណ្ដើក ដើម្បីតាមដានវា។ កាលពីឆ្នាំ២០១៥ អង្គការ WCS និង រដ្ឋបាលជលផល បានព្រលែងសត្វអណ្ដើកហ្លួង២១ក្បាលទៅកាន់ធម្មជាតិវិញ ហើយក្នុងនោះ សត្វអណ្ដើកចំនួន៣ក្បាលត្រូវគេរកឃើញថា បានធ្វើដំណើរទៅផ្នែកខាងក្រោមនៃព្រែកស្រែអំបិល កាត់តាមតំបន់ឆ្នេរដល់ទន្លេមួយទៀត មានចម្ងាយជាង៩៧គីឡូម៉ែត្រ ពីកន្លែងលែង។

នៅកម្ពុជា អណ្ដើកហ្លួងត្រូវបានគេរកឃើញថា មានតែនៅក្នុងខេត្តកោះកុងប៉ុណ្ណោះ ពិសេសនៅក្នុងស្រុកស្រែអំបិល តំបន់ទឹកភ្លាវ។ តំបន់ទឹកភ្លាវ មិនមែនដោយសារដាក់ប៊ីចេងជ្រុលទេ ហេហេហេ! តំបន់ទឹកភ្លាវ គឺជាកន្លែងប្រជុំរវាងទឹកសាបនិងទឹកប្រៃ។ ទឹកនៅទីនោះ មិនប្រៃ មិនសាប តែប្រៃឡមៗ។ (ធ្លាប់ភ្លក់ឬទើបដឹង? ហេហេ! មិនបានភ្លក់ទេ! ថាតាមគេប្រាប់ប៉ុណ្ណោះ!)

dscf7945

កាលពីដើម អណ្ដើកហ្លួងត្រូវបានចិញ្ចឹមនិងថែរក្សានៅមជ្ឈមណ្ឌលតូចមួយ។ ប៉ុន្តែឥឡូវនេះ រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ បានសហការគ្នារៀបចំមណ្ឌលថ្មី ធំជាងមុន ដើម្បីសម្រួលការងារអភិរក្សសត្វអណ្ដើកហ្លួង។ មណ្ឌលថ្មីនោះ គេដាក់ឈ្មោះថា មជ្ឈមណ្ឌលអភរិក្សប្រភេទសត្វល្មូនខេត្តកោះកុង មានទំហំជិត១០ហិកតាឯណោះ។

dscf8060

មជ្ឈមណ្ឌលថ្មី មានកន្លែងថែរក្សាកូនអណ្ដើកហ្លួង មានស្រះទឹកសម្រាប់សត្វអណ្ដើកហ្លួងធំៗ។ សត្វធំៗនៅមណ្ឌលនេះ មានទម្ងន់ដល់ទៅ១០គីឡូក្រាមឯណោះ។

dscf8174-2

ក្រៅពីអណ្ដើក មណ្ឌលនេះក៏មានសត្វក្រពើត្រីផងដែរ!

dscf8144-3

មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន ដែលនៅមិនឆ្ងាយប៉ុន្មានឡើយពីទីរួមខេត្តកោះកុង។ នាពេលដ៏ឆាប់ខាងមុខ មួយផ្នែកនៃមជ្ឈមណ្ឌលនេះ នឹងត្រូវប្រែក្លាយឲ្យទៅជាមជ្ឈមណ្ឌលទេសចរណ៍ ដើម្បីទាក់ទាញសាធារណៈជនឲ្យចូលទស្សនាស្វែងយល់ពីសត្វអណ្ដើកហ្លួង។ ថវិកាបានពីការលក់សំបុត្រចូលទស្សនាមជ្ឈមណ្ឌលនេះ នឹងត្រូវបង្វិលទាំងស្រុងចូលទៅក្នុងមូលនិធិសម្រាប់ការអភិរក្ស និងថែរក្សាសត្វអណ្ដើកហ្លួង។ កុំភ្លេចទៅលេងទាំងអស់គ្នាណ៎ា! :* :* :*

ខែកញ្ញា 15, 2016 at 11:02 ព្រឹក បញ្ចេញមតិ

ស្ដ្រី​ខ្មែរ​និង​ទិដ្ឋាការ​ទៅ​ប្រទេស​ចិន

ការ​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​ប្រទេស​ចិន សម្រាប់​ស្ដ្រី​ខ្មែរ មាន​លក្ខណៈ​តឹង​រ៉ឹង​ណាស់​។ ខ្ញុំ​បាន​ទៅ​ធ្វើ​ទិដ្ឋាការ​នៅ​ស្ថានទូត​​ចិន​កាល​ពី​អាទិត្យ​មុន​។ គិត​ថា ដំណើរការ​នឹង​ដូច​គ្នា​ទៅ​នឹង​ការ​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​ដែរ។ ប៉ុន្តែ សម្រាប់​ស្ដ្រី​ខ្មែរ​ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ​ទៅ​ដល់​៣០​ឆ្នាំ និង​ដែល​មិន​ធ្លាប់​ទៅ​កាន់​ប្រទេស​ចិន ស្ថានទូត​តម្រូវ​ឲ្យ​នារី​នោះ ទៅ​កាន់​ស្ថានទូត​ដោយ​ខ្លួន​ឯង ដើម្បី​ស្នើ​សុំ​ទិដ្ឋាការ​។

ក្រៅ​តែ​ពី​ការ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ហើយ នារី​ខ្មែរ​ត្រូវ​បាន​ខាង​ស្ថានទូត​សម្ភាស និង​តម្រូវ​ឲ្យ​សរសេរ​លិខិត​ធានា​ពី​ការ​វិល​ត្រឡប់​របស់​ខ្លួន មក​កាន់​កម្ពុជា​វិញ​​ថែម​ទៀត​ផង​។

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​ស្ថានទូត​ចិន រឹត​បន្តឹង​ចំពោះ​ការ​សុំ​ទិដ្ឋាការ​របស់​នារី​ខ្មែរ ទៅ​កាន់​ប្រទេស​ចិន​។ ព្រោះ​ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ជា​រៀង​រាល់​ឆ្នាំ ស្ដ្រី​ខ្មែរ​ច្រើន​ណាស់ ដែល​បាន​ចាញ់​បោក​ការ​បញ្ឆោត​ឲ្យ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​។ វា​ធ្វើ​ឲ្យ​អន្ដរជាតិ​មើល​ឃើញ​ប្រទេស​ចិន​ក្នុង​រូបភាព​មិន​ល្អ ហើយ​ខ្មែរ​ខ្លួន​ឯង បាន​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​អំពើ​ខុស​ច្បាប់​ដោយ​អតនោម័ត។

បើ​ទោះ​បី​ជា​ដំណើរការ​​តឹងរ៉ឹង​បន្តិចក៏​ដោយ ប៉ុន្តែ​ចុង​ក្រោយ ខ្ញុំ​បាន​ទទួល​ហើយ ទិដ្ឋាការ​ទៅ​កាន់​ប្រទេស​ចិន​។

VisatoChina

ខ្ញុំ​នឹង​ទៅ​ទីក្រុង​ក្វាងចូវ ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា​នេះ តាម​ជើង​ហោះហើរ​ China Southern Airlines។ នេះ​ជា​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន លើក​ទី​១​របស់​ខ្ញុំ​៕

ខែ​មីនា 3, 2016 at 10:25 ព្រឹក បញ្ចេញមតិ

រឿងរ៉ាវនៅលើឡានក្រុង ១

បើកប្រាក់ខែកាលពីអាទិត្យមុន​ ហើយអ្វីដែលខ្ញុំនឹកដល់មុនគេគឺជិះឡានក្រុងទៅសៀមរាប​ ដើរមើលប្រាសាទ​ សម្រាកមួយយប់នៅទីនោះ​ ទើបជិះឡានក្រុងត្រឡប់មកភ្នំពេញធ្វើការវិញ។ នេះគឺជាទម្លាប់និងចំណង់របស់ខ្ញុំ នៅពេលដែលខ្ញុំគ្មានអ្វីត្រូវខ្វាយខ្វល់។ ធ្វើការមួយអាទិត្យៗឲ្យល្អ យកថ្ងៃសម្រាកដើម្បីដើរលេងនៅខេត្តនេះ ខេត្តនោះ​ ចាយប្រាក់ខែ ដែលកាលណោះមានមិនប៉ុន្មានផង។

សៀមរាប គឺជាខេត្តដែលខ្ញុំចូលចិត្តទៅសម្រាកជាងគេ។​ ទៅរាប់សិបដងហើយ ក៏ដើរមិនទាន់សព្វ។ ខ្ញុំចូលចិត្តខេត្តសៀមរាប ដល់ថ្នាក់ប្ដេជ្ញាចិត្តថា ពេលចាស់ទៅ​ ខ្ញុំនឹងទៅរស់នៅទីនោះ។

ថ្ងៃទី៧ ខែសីហា​ ឆ្នាំ២០១៤ ខ្ញុំឡើងឡានក្រុង មេគង្គអ៊ិចប្រេស ទៅសៀមរាប។ ចេញពីភ្នំពេញទៅ ខ្ញុំដោតកាសស្ដាប់ចម្រៀង ហើយធ្មេចភ្នែកដេករហូត។ មិនមែនងងុយដេកអីទេ! ខ្ញុំគ្រាន់តែសន្សំកម្លាំងដើម្បីដើររាតត្បាតនៅសៀមរាបតែប៉ុណ្ណោះ។ ឡានក្រុងឈប់សំចតនៅកំពង់ធំ ដើម្បីឲ្យអ្នកដំណើរបានបត់ដៃបត់ជើង និងពិសារអាហារសម្រន់តាមត្រូវការ។ ខ្ញុំចុះពីឡាន ដើរតម្រង់មុនគេទៅរកបន្ទប់ទឹក។ នេះជាទម្លាប់។ លុបមុខលាងដៃរួចរាល់ ខ្ញុំដើរមករកតុអាហារ កុម្ម៉ង់បាយឆាឡុកឡាក់ ព្រោះគិតថា ឆាឡុកឡាក់ប្រហែលជាលឿន។ ប៉ុន្តែខុសពីការគិត ខ្ញុំត្រូវរង់ចាំប្រហែលដប់ប្រាំនាទី​ ទម្រាំអ្នករត់តុ ដាក់បាយឆាឡុកឡាក់នៅមុខខ្ញុំ។ បាយឆ្អែត ឡានក្រុងធ្វើដំណើរបន្តទៀត ប៉ុន្តែលើកនេះ ខ្ញុំដេកលែងលក់ព្រោះហល់។

នៅពេលដេកលែងលក់ ខ្ញុំគ្មានអ្វីធ្វើក្រៅតែពីស្ដាប់ចម្រៀង មើលទេសភាពសងខាងផ្លូវ និងយូរៗម្ដង ងាកមកសម្លឹងមិត្តរួមដំណើរ ដែលអង្គុយកៅអីជាប់ខ្ញុំ។ មិត្តរួមដំណើរម្នាក់នេះ ត្រូវខ្ញុំបំភ្លេចចោលតាំងពីឡើងឡាននៅភ្នំពេញមកម្ល៉េះ។

ឃើញខ្ញុំមិនដេក មិត្តរួមដំណើរខ្ញុំ ដែលជាបុរសវ័យពាក់កណ្ដាលមនុស្សម្នាក់ ចាប់ផ្ដើមនាំជជែក។ ខ្ញុំដកកាសជាប់ត្រចៀកចេញ ហើយងាកមកចាប់អារម្មណ៍ពូអង្គុយកៅអីជាប់ខ្ញុំ។ បន្ទាប់ពីជជែកគ្នាមួយសន្ទុះ ខ្ញុំបានដឹងថា ពូជាបុគ្គលិកអង្គការមួយ ដែលផ្ដល់ទុនសម្រាប់ពង្រីកមុខរបរកសិកម្មសម្រាប់ជនក្រីក្រ។ ពូទៅសៀមរាប ដើម្បីធ្វើការ។

ពូនិយាយច្រើនពីការងាររបស់គាត់។ ពូថា ការងារពូល្អណាស់។ ពូជួយជនក្រីក្របានច្រើន ហើយពូក៏មានគេស្រឡាញ់រាប់អានច្រើនដែរ។ ប៉ុន្តែពូអភ័ព្វ ព្រោះគ្រួសារមិនសមបំណង។ គ្រួសារពូ មានប្រពន្ធ និងកូនប្រុស៣នាក់ នៅភ្នំពេញ។​ មានទឹកមុខស្រពោនពេលនិយាយពីគ្រួសារ ពូប្រាប់ខ្ញុំថា ដោយសារតែការងារពូត្រូវចុះខេត្តញឹកញាប់ ពូត្រូវឃ្លាតឆ្ងាយពីគ្រួសារ។ យូរៗជួបគ្នាម្ដង តែពូសង្កេតឃើញពីការលូតលាស់របស់កូនប្រុសទាំង៣ ដែលកូនច្បងរៀបការហើយ តែនៅមិនទាន់ចេះគិតគូរគ្រួសារ គិតតែពីបំផ្លាញ ផឹកស្រា សេពគ្រឿងញៀន។ ចំណែកកូនប្រុសពីរនាក់ទៀត មិនរៀនមិនសូត្រ ចូលចិត្តគេចសាលាទៅដើរលេង និងចូលកន្លែងហ្គេម។ ពូបន្ទោសប្រពន្ធ ដែលមិនចេះអប់រំកូនប្រុសឲ្យដើរតាមគន្លងធម៌ តែពូបន្ទោសខ្លួនដែរ ដែលមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ជាពិសេសសម្រាប់កូន។

ពូប្រាប់ថា ខ្ញុំនៅក្មេង អ៊ីចឹងហើយទើបពូចែករំលែកឲ្យខ្ញុំស្គាល់ពីជីវិតគាត់។ សម្រាប់ពូ ការងារសំខាន់ តែការងារមិនមែនជាអ្វីទាំងអស់ឡើយ។ ប៉ុន្តែទម្រាំពូដឹង វាហួសពេលទៅហើយ។ ពូប្រាប់ខ្ញុំឲ្យខំធ្វើការ តែសូមកុំភ្លេចគិតពីគ្រួសារ។ ខ្ញុំអរគុណពូ។

នៅពេលស្ដាប់ពូនិទានពីជីវិតគាត់ប្រាប់ខ្ញុំ​ ក្រៅតែពីរំជួលចិត្តអំពីជីវិតគាត់ហើយ ខ្ញុំចោទសួរខ្លួន​ឯងថា ហេតុអ្វីទើបពូប្រាប់រឿងនេះដល់ខ្ញុំ? ពិតដូចពាក្យពូទេ​ ដែលថា ជាការចែករំលែកបទពិសោធជីវិត? អាចដែរ! តែសម្រាប់ខ្ញុំ ប្រហែលដោយសារតែយើងមិនធ្លាប់ស្គាល់គ្នា។ បើកចិត្តសម្រាប់មនុស្សមិនធ្លាប់ស្គាល់គ្នា វាងាយជាងបើកចិត្តចំពោះមនុស្សដែលស្គាល់គ្នារួចហើយ។

ខ្ញុំមិនដឹងថារឿងដែលពូនិទានប្រាប់ខ្ញុំ ជារឿងពិតឬអត់ទេ។ ថាមិនត្រូវ វាគ្រាន់តែជារឿងដែលពូតែងឡើង​ ដើម្បីមានលេសជជែកលេងជាមួយមិត្តរួមដំណើរដ៏ក្មេងខ្ចីម្នាក់ដូចខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែ បើទោះបីជារឿងរ៉ាវនោះ​ពិតក៏ដោយ មិនពិតក៏ដោយ ខ្ញុំពិតជារៀនបានមេរៀនល្អៗច្រើនយ៉ាងពីអ្វីដែលពូនិទានប្រាប់។ ជីវិតគ្រួសារ គឺជារឿងមួយលំបាក និងស្មុគស្មាញ។ នៅពេលដែលមនុស្សគ្រប់គ្នាត្រូវបំពេញការងារ ដើម្បីទ្រទ្រង់គ្រួសារ និងត្រូវមើលថែគ្រួសារនោះឲ្យល្អផង វាពិតជារឿងមួយដ៏ពិបាក។ ពិបាកព្រោះមនុស្សត្រូវថ្លឹងថ្លែងរវាងភារកិច្ចទាំងពីរនេះឲ្យបានល្អ។ គ្មាននរណាអាចកំណត់បានទេថា ត្រូវថ្លឹងថ្លែងបែបណាទើប «ល្អ» ព្រោះវាប្លែកគ្នាទៅតាមគ្រួសារនីមួយៗ។​ គេគ្រាន់តែដឹងថា ប្រសិនបើថ្លឹងថ្លែងមិនបានល្អទេ គេនឹងបាត់បង់មួយ នៅក្នុងចំណោមរបស់ពីរយ៉ាងនេះ ជាក់ជាពុំខាន៕

 

 

ខែ​កុម្ភៈ 3, 2016 at 12:13 ព្រឹក បញ្ចេញមតិ

បាត់ដំបង៖ វត្ត​កែវ​ដ៏​ចំណាស់ ដែល​អ្នក​ទេសចរ​មិន​គួរ​រំលង!

ដំណើរ​ទៅ​កាន់​វត្ត​កែវ គឺ​ជា​រឿង​ចៃដន្យ​បំផុត​។ មែន​ទែន​ទៅ យើង​មិន​បាន​តាំង​ចិត្ត​ថា​ទៅ​ទស្សនា​វត្ត​កែវ​ទេ។ យើង​គ្រាន់​តែ​ចង់​ទៅ​កាន់​ភូមិ​ធ្វើ​ណែម ដើម្បី​ទិញ​ណែម​ផ្ញើ​អ្នក​នៅ​ភ្នំពេញ​តែ​ប៉ុណ្ណោះ!

DSCF6864-2

ធ្វើ​ដំណើរ​ប្រមាណ​១៥​នាទី​​ចេញ​ពី​ក្រុង​បាត់ដំបង ឆ្លង​តាម​ស្ពាន​ថ្ម​ថ្មី តាម​បណ្ដោយ​ផ្លូវ​មាត់​ស្ទឹង​ត្រើយ​ខាង​កើត។ តាម​ផ្លូវ​នេះ​ឆ្លង​កាត់​ផ្សារ​​ភូមិ​ស្រុក និង​ទេសភាព​ស្រស់​ស្អាត​ត្រជាក់​ភ្នែក​​ជា​ច្រើន គេ​នឹង​បាន​ឃើញ​វត្ត​កែវ ដ៏​ចំណាស់ ដែល​មាន​រចនាបទ​យ៉ាង​ប្រណិត​។ វត្ត​នេះ​ស្ថិត​ក្នុង​ភូមិ​សំបួរ ឃុំ​សំរោង​ក្នុង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​។

DCIM100MEDIA

ទិដ្ឋភាព​មើល​ពី​មុខ​ព្រះវិហារ​ចាស់

បើ​តាម​គេហទំព័រ​របស់​សាលា​ក្រុង​បាត់ដំបង វត្ត​កែវ​នេះ សាង​សង់​ឡើង​នៅ​ឆ្នាំ​១៧៧២​។ កាល​ដើម វត្ត​នេះ មាន​ឈ្មោះ​​ថា វត្ត​កោះកែវ ព្រោះ​​ស្ថិត​នៅ​លើ​កោះ​មួយ ឬ​ទីទួល​មួយ មាន​ទឹក​ព័ទ្ធ​ជុំ​វិញ។ គឺ​ខាង​លិច​ជាប់​ស្ទឹង ខាង​ជើង​ជាប់​ស្ទឹង ខាង​កើត​ជាប់​អូរ និង​ខាង​ត្បូង​ជាប់​អូរ ឬ​ទំនាប​វាល​ស្រែ​។ មើល​ពី​ក្រៅ គេ​នឹង​ឃើញ​ព្រះ​វិហារ​ចំណាស់​មួយ ធ្វើ​ពី​ឥដ្ឋ និង​ឈើ​ប្រក់​ក្បឿង​។ មាន​ហោជាង​ធ្វើ​ពី​ឈើ មាន​ឆ្លាក់​ក្បាច់​ផ្កា​ភ្ញី​ប្រណិត លាប​ពណ៌​មាស​គួរ​ឲ្យ​ចង់​គយ​គន់​។ ក្រៅ​ពី​នោះ នៅ​លើ​ពិដាន ក៏​មានបិទក្បាច់​ស្រស់​ស្អាត​ផង​ដែរ​។

ក្រៅ​ពី​ព្រះវិហារ​ចំណាស់​នេះ ក៏​មាន​ផង​ដែរ ព្រះវិហារ​ថ្មី​មួយ​ទៀត ដែល​មាន​ទីតាំង​នៅ​ខាង​ក្រោយ​ព្រះ​វិហារ​ចាស់​។ នៅ​មាន​សាលា​ពុទ្ធិក​សិក្សា ដែល​ពី​មុន​ត្រូវ​បាន​ប្រើ​ប្រាស់​បណ្ដុះ​បណ្ដាល​ផ្នែក​ព្រះពុទ្ធ​សាសនា​។ ប៉ុន្តែ​បើ​តាម​ឯកសារ សព្វ​ថ្ងៃ សាលា​ពុទ្ធិកសិក្សា​នេះ ទុក​ប្រើ​ជា​កន្លែង​ជំនុំ​សង្ឃ​តែ​ប៉ុណ្ណោះ​។

វត្ត​កែវ ជា​ទី​កន្លែង​ដែល​អ្នក​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​បាត់ដំបង​មិន​សូវ​រំលង​ទេ ពិសេស​អ្នក​ទេសចរ​អន្ដរជាតិ​។ ដោយ​ឡែក ខ្ញុំ ដែល​ចៃដន្យ​បាន​ទៅ​ដល់​វត្ត​នេះ ស្រឡាញ់ និង​ផ្ដល់​តម្លៃ​ខ្លាំង​ដល់​សិល្បៈ​បុរាណ​ដ៏​ល្អ​ប្រណិត​នេះ​។ ហើយ​សង្ឃឹម​ថា អាជ្ញាធរ​ខេត្ត​បាត់ដំបង នឹង​អភិរក្ស​វត្ត​ដ៏​ចំណាស់​នេះ​ឲ្យ​បាន​ល្អ ត​ជំនាន់​ទៅ​មុខ​ទៀត​៕

ខែវិច្ឆិកា 4, 2015 at 11:25 ព្រឹក បញ្ចេញមតិ

My Escape to Siem Reap

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

ខែសីហា 8, 2014 at 8:25 ព្រឹក បញ្ចេញមតិ

បាញ់​ឆែវ​អង្គរ

ខ្ញុំ​បាន​ទៅ​សម្រាក​វិស្សមកាល​នៅ​សៀមរាប​ពីរ​យប់ កាល​ពី​ដើម​ខែ​មេសា​នេះ​។ ហើយ​ជា​រៀង​រាល់​ពេល​ដែល​ខ្ញុំ​ទៅ​សៀមរាប ខ្ញុំ​តែង​តែ​ទៅ​​ទទួល​ទាន​បាញ់ឆែវ​អង្គរ មិន​ដែល​ខាន​ឡើយ​។ អ្នក​អាន​នៅ​ភ្នំពេញ​ភាគ​ច្រើន​លើស​លប់ ប្រហែល​មិន​ដឹង​ទេ​ថា នៅ​ក្បែរ​អង្គរ មាន​បាញ់​ឆែវ​ឆ្ងាញ់​។ បាញ់​ឆែវ​អង្គរ តាម​ដែល​ខ្ញុំ​សង្កេត គឺ​មាន​តែ​អ្នក​នៅ​សៀមរាប​ប៉ុណ្ណោះ ដែល​ដឹង ហើយ​ទៅ​ទទួល​ទាន​។

កន្លែង​បាញ់​ឆែវ​ដែល​ខ្ញុំ​និយាយ​ដល់​នេះ អ្នក​អាន​អាច​រក​ឃើញ នៅ​ទល់​មុខ​គូ​ទឹក​ផ្នែក​ខាង​ឆ្វេង នៃ​ប្រាសាទ​អង្គរ​វត្ត​​។ បើ​ប្រាប់​ឲ្យ​ច្បាស់ គឺ​ពី​កន្លែង​លក់​បាញ់ឆែវ​នេះ​ទៅ អ្នក​អាន​បត់​ស្ដាំ នោះ​នឹង​ទៅ​ដល់​មុខ​ប្រាសាទ​អង្គរ​វត្ត​តែ​ម្ដង​។ (មើល​រូប)

រូប​ភាព​ពី​ផែន​ទី​ហ្គូហ្គល

កាល​មុន​នោះ ខ្ញុំ​ទៅ​សៀមរាប ហើយ​ប្រាប់​ម៉ូតូ​កង់​បី​ឲ្យ​ជូន​ទៅ​បាញ់​ឆែវ​ឆ្ងាញ់​នៅ​អង្គរ ពូ​ម៉ូតូ​នោះ ក៏​ជូន​ខ្ញុំ​ទៅ​តូប​ឈ្មោះ «ស្រី​ម៉ៅ»។ ពូ​ម៉ូតូ​នោះ​ប្រាប់​ខ្ញុំ​ថា តូប «ស្រី​ម៉ៅ» នេះ ឆ្ងាញ់ជាង​គេ​។ តែ​បើ​តាម​មាត់​ខ្ញុំ តូប​ឈ្មោះ «អ៊ី​ង៉ិក» ទើប​ឆ្ងាញ់ជាង​គេ​។ ក្រៅ​ពី​ឆ្ងាញ់​ហើយ តម្លៃ​ក៏​ធូរ​ថ្លៃ​ទៀត​។ បាញ់​ឆែវ​មួយ​បន្ទះ​ថ្លៃ​ប្រមាណ ២៥០០​រៀល​ប៉ុណ្ណោះ​ឯង​​។

បាញ់​ឆែវ​នៅ​តូប​អ៊ី​ង៉ិក ^^ មើល​ហើយ​ហាម​លេប​ទឹក​មាត់! ហេហេហេ

កុំ​ភ្លេច​ចូល​ភ្លក់​បាញ់​ឆែវ​អង្គរ! ហើយ​មក​ប្រាប់​ខ្ញុំ​វិញ​ផង ថា​ត្រូវ​មាត់​ឬ​អត់? 🙂

ខែ​មេសា 28, 2014 at 5:18 ល្ងាច មតិ 5

អត្ថបទ​ចាស់​ជាង​នេះ​


ការបន្ទាន់សម័យ Twitter

Instagram

ខែសីហា 2017
អា ព្រ សុ
« កក្កដា    
 12345
6789101112
13141516171819
20212223242526
2728293031  

បណ្ណសារ


%d bloggers like this: