Posts filed under ‘អ្នកនិពន្ធ’
មិនមែនរឿងងាយ..
ខ្ញុំធ្លាប់គិតចង់បោះបង់ការសរសេរចោល.. វាជាការងារដ៏លំបាក ហើយវាបានក្លាយទៅជាការងារដ៏លំបាកបំផុតសម្រាប់ខ្ញុំដោយគ្មានមូលហេតុ។ ខ្ញុំទុកប៊ិចចោលជាយូរ.. តែខ្ញុំនៅតែត្រូវរើសវាមកវិញនៅពេលដែលលោកគ្រូវ៉ែន សុន ជ្រើសខ្ញុំឱ្យសរសេរកំណាព្យចូលរួមការប្រឡងនៅប្រទេសកូរ៉េ ដោយជ្រើសរើសយកអ្នកនិពន្ធ៦រូបឱ្យសរសេរ រួចជ្រើសយកកំណាព្យតែ២ប៉ុណ្ណោះដើម្បីចូលរួម។ ខ្ញុំបានជួបអ្នកនិពន្ធ៥រូបផ្សេងទៀត.. ហើយក៏ចេះតែគិតថា ហេតុអីមានខ្ញុំមកដែរ? ខ្ញុំជាស្អី? ..សួរខ្លួនឯងបែបនេះដោយសារអ្នកនិពន្ធទាំង៥រូបផ្សេងទៀតសុទ្ធតែល្បីៗ ពូកែៗ លោក ព ចាន់ពី.. សំ សុភារិន្ទ.. ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តសរសេរទាំងដែលខ្ញុំខ្លួនឯងអស់ចិត្តលើការប្រកួតប្រជែងមកជាយូរ.. មិនមែនដោយសារវាជាការប្រកួតប្រជែងបែបអន្តរជាតិ តែដោយសារតែលោកគ្រូជ្រើសយកខ្ញុំនេះហើយ.. ជាការអគុណទោះខ្ញុំទទួលអារម្មណ៍ថាខ្ញុំមិនអាចធ្វើបានល្អជាងរៀមច្បងអ្នកនិពន្ធដទៃក៏ដោយ។ កំណាព្យខ្ញុំក៏ត្រូវបានសមាគមជ្រើសយក.. តែខ្ញុំក៏ត្រូវអស់សិទ្ធិព្រោះខ្ញុំជាប់បេសកកម្មនៅជប៉ុន។ សមាគមជ្រើសកំណាព្យអ្នកនិពន្ធផ្សេង.. ខ្ញុំក៏អូខេ។ យ៉ាងហោចណាស់ក៏ខ្ញុំដឹងថាខ្លួនឯងធ្វើបានល្អ! ^^
ក្រោយបន្តិចមក លោកគ្រូវ៉ា សំអាតក៏ទាក់ទងមកខ្ញុំ.. លោកគ្រូចង់ឱ្យខ្ញុំទៅធ្វើការជាមួយគាត់.. ទៅសម្រួលរឿងកុមារ។ ខ្ញុំគិតថា ការសរសេររឿងកុមារងាយជាងការសម្រួលរឿង តែគាត់ក៏ប្រាប់មកថា ត្បិតតែការសរសេររឿងងាយជាង រកប្រាក់បានច្រើនជាង ផ្ទុយពីការសម្រួលរឿង តែលោកគ្រូបានប្រាប់មកថា «អ្នកដែលសម្រួលរឿងអ្នកដទៃបានពិតជាមិនធម្មតាទេ.. ហើយខ្ញុំជឿថារចនាអាចធ្វើបាន!» អរគុណលោកគ្រូដែលជឿជាក់!
អូខេ! រឿងពីរក៏ចប់មកទៀត.. ថ្មីៗនេះ ខ្ញុំបានទទួលទូរស័ព្ទពីលោកគ្រូវ៉ា សំអាតដដែល ប្រាប់ថាមានការប្រកួតប្រជែងរឿងកុមារដោយមានអ្នកនិពន្ធក្មេងៗពីលាវ និងវៀតណាមចូលរួមផង។ ខ្ញុំចេះតែគិតក្នុងចិត្ត ម៉េចក៏ខ្ញុំទៀតហើយ? ហេហេ! ខ្ញុំមិនបានភ្លេចពីការងារដែលត្រូវធ្វើរាល់ថ្ងៃ ការប្រឡងចុងឆមាស ឬការរៀនហ្គីតាដែលត្រូវចំណាយពេលច្រើននោះទេ.. តែខ្ញុំក៏នៅតែឆ្លើយអូខេ! គាត់ទុកចិត្តយើង ហេតុអីត្រូវបដិសេធដែរ? ជាមនុស្សម្នាក់ដែលគ្រូតែងតែនឹកដល់ ហេតុអីត្រូវបដិសេធបំផ្លាញសេចក្ដីទុកចិត្តរបស់គាត់? ព្រឹកមិញនេះ ខ្ញុំបានទទួលទូរស័ព្ទពីគាត់.. យ៉ាងណាហើយរឿង? សរសេររួចក៏យកមកទម្លាក់នៅសមាគមចុះ ចាំគាត់ទៅយក.. អរគុណលោកគ្រូច្រើនមែនទែន.. ខ្ញុំនឹងខំប្រឹងឱ្យអស់លទ្ធភាព!
អំឡុងពេលខ្ញុំរៀននិពន្ធនៅសមាគម ខ្ញុំមិនមែនជាសិស្សពូកែ តែខ្ញុំក៏បានខំប្រឹងសម្រាប់អ្វីដែលខ្ញុំស្រឡាញ់.. ការសាងសេចក្ដីទុកចិត្ត និងការជឿជាក់របស់ខ្ញុំ គឺការខិតខំប្រឹងប្រែងរបស់ខ្ញុំនេះឯង ហើយខ្ញុំចង់ប្រាប់ថាវាមិនមែនរឿងងាយ។ មកទល់ពេលនេះ ការរក្សាសេចក្ដីទុកចិត្ត និងការជឿជាក់ដែលលោកគ្រូមានឱ្យខ្ញុំក៏កាន់តែពិបាកទៅទៀត.. ពេលខ្លះខ្ញុំអាចនឹងធ្វើបានល្អ.. តែពេលខ្លះវាក៏មិនបានដូចចិត្ត.. ខ្ញុំមានតែអរគុណ!
បុរសកើតច្រឡំជាតិ
[…] ជីវិតអញមានន័យដោយសារពាក្យ «គ្មានន័យ»! ពាក្យគ្មានន័យនេះហើយដែលអញអាចរកអនុស្សាវរីយ៍ចុងក្រោយឱ្យពិភពលោកមុននឹងពិភពនេះលែងទទួលស្គាល់! មនុស្សទាំងអស់គួរតែគិតថាជីវិតរបស់ខ្លួនពិតជាគ្មានន័យអ្វីឡើយ! បើរវល់គិតថាជីវិតមានន័យ អ្នកទាំងនោះនឹងក្លាយទៅជាទាសករនៃពេលវេលាហើយចាញ់បោកព្រហ្មលិខិតពេញទំហឹង! ដោយសារតែមិនស្គាល់អត្ថន័យជីវិតហ្នឹង ទើបមនុស្សស្ទើរតែទាំងអស់ឆ្កួតនឹងកំអែលជីវិតនិងក្លិនជីវិតដោយគិតថាក្លិននេះក្រអូប ឈ្ងុយឆ្ងាញ់ស្រង់ទៅមិនចេះធុញមិនចេះទ្រាន់ ហិតទាំងងងឹតងងុលពីព្រោះតែវង្វេងក្នុងវង់វដ្ដសង្សារ! […]
Deny on WordPress!
You all may have read about a young writer-NOUN Pichsoudeny here, or here. Before, you may call her and tell you’ve read her books and deeply admire her writing. But for now, visit her here and tell her about what you wanna tell! 😀
ជួបជាមួយអ្នកនិពន្ធថ្មី កញ្ញា «នួន ពេជ្រស៊ូដេននី»
សួស្ដីទាំងអស់គ្នា! បន្ទាប់ពីបានត្រឡប់វិលចូលពិភព Blog ឡើងវិញ ខ្ញុំក៏បានពាំនាំយកព័ត៌មានខ្លះៗស្ដីអំពីអ្នកនិពន្ធថ្មីមួយរូបមកជម្រាបជូនគ្រប់គ្នាឱ្យបានដឹង។
រូបភាពខាងលើជាប្រលោមលោករឿង «ផ្កាយរះពេលថ្ងៃ» ដែលនិពន្ធដោយ កញ្ញា «នួន ពេជ្រស៊ូដេននី»។ ដោយសារតែរឿងនេះត្រូវបានសរសេរឡើងដោយមានលក្ខណៈសាមញ្ញ ងាយអាន ងាយយល់ និង មានភាពប្រទាក់ក្រឡាគ្នាល្អឥតខ្ចោះនោះ ជាហេតុធ្វើឱ្យអ្នកនិពន្ធរូបនេះទទួលបានការកោតសរសើរពីសំនាក់អ្នកអានទូទៅ ទោះបីជានេះជាស្នាដៃដំបូងរបស់បងស្រីក៏ដោយ។
ជាចៃដន្យ, ខ្ញុំបានប្រទះឃើញឈ្មោះបងស្រី «ដេននី» ក្នុងបញ្ជីរាយនាមបេក្ខជនដែលចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេស នាខេត្តសៀមរាប… ក៏មានអារម្មណ៍ថា សោកស្ដាយយ៉ាងខ្លាំងដោយពុំបានជួបបងស្រីដោយផ្ទាល់!
ប្រហែលជាមួយអាទិត្យមុននេះ ប្រលោមលោកទី ២, ទី ៣ និង ទី ៤ របស់បងស្រីបានចេញលក់នៅលើទីផ្សារ ដែលរឿងទាំងនោះរួមមាន «រឿង ដីកោះកំណើតស្នេហ៍», «រឿង គូប្រជែងបេះដូង» និង «រឿង ស្រមោលស្នេហ៍ក្បែរភ្លើងគំនុំ»។ ដោយសារតែបែបនេះ ខ្ញុំក៏មានឱកាសទាក់ទងបងស្រី «ដេននី» ជាថ្មី។ គាត់បានប្រាប់ខ្ញុំថា ពេលនេះ គាត់កំពុងតែនៅភ្នំពេញដើម្បីរៀនបំប៉ន ត្រៀមប្រឡងបាក់នាពេលខាងមុខ! ខ្ញុំក៏បានជួបគាត់…
បងដេននី និង ខ្ញុំ 😀
ក្រៅពីនេះ ខ្ញុំក៏បានប្រាប់គាត់ពី «យុវអ្នកនិពន្ធខ្មែរ» ផងដែរ! គាត់បានសួរខ្ញុំថា បើចង់ចូលជាសមាជិក «យុវអ្នកនិពន្ធខ្មែរ» តើគាត់ត្រូវធ្វើបែបណា? ខ្ញុំក៏ប្រាប់គាត់ទៅវិញថា គ្មានឃើញត្រូវធ្វើបែបណាផង 😀 គ្រាន់តែមានស្នាដៃ ឬ អាចជាចំណូលចិត្តខាងនិពន្ធក៏អាចចូលបានទៅហើយ… (រឿងអាចចូល ឬ មិនអាច គឺស្ថិតលើមេ! ខ្ញុំត្រូវសួរមេសិន 😉 !)
»សម្រាប់សមាជិក «យ.អ.ខ»៖ បងដេននីចង់ក្លាយជាសមាជិក «យ.អ.ខ», គិតបែបណាដែរ? ខ្ញុំគិតថា ល្អណាស់! … ខ្ញុំបានសន្យាថា នឹងផ្ដល់ចម្លើយឱ្យគាត់ក្រោយពេលប្រឡងបាក់រួច…
Recent Comments