Posts filed under ‘អក្សរសាស្ត្រ​ខ្មែរ’

បីសាច – សេនីយ៍ សោវពង្ស

លោកនេះមានបីសាចឬទេ? ចម្លើយងាយស្រួលណាស់ ព្រោះយើងមិនមែនរស់នៅក្នុងយុគសម័យងងឹតនៃវិទ្យាសាស្ត្រទៀតឡើយ។ វិទ្យាសាស្ត្រប្រកបដោយហេតុផលប្រាប់យើងថា ពពួកខ្មោចព្រាយបីសាចនោះ គ្មានឡើយលើលោក។ បើដូច្នោះ ហេតុអ្វីខ្ញុំសរសេររឿងបីសាច ដែលជារឿងរវើរវាយ? ជាការពិត ព្រោះនៅលើលោកយើងនេះ សម្រាប់មនុស្សខ្លះ និងក្រុមមនុស្សខ្លះ បីសាចជាវត្ថុដែលមានពិតប្រាកដ និងកំពុងតែលងបន្លាចពួកគេគ្រប់ខែថ្ងៃ។ វាមិនមែនជាបីសាចដែលកើតពីមនុស្សស្លាប់ទៅហើយ ដែលមកលងបន្លាចមនុស្សរស់ឡើយ។ វាមិនមែនបីសាចដែលធ្វើខ្លួនគួរឲ្យខ្លាចដូច Count Dracula ឬ Frankenstein ឡើយ។ វាជាបីសាចនៃពេលវេលា ហើយបីសាចរស់នេះឯង ដែលកំពុងតែលងបន្លាចមនុស្សរស់ដូចគ្នា។

– បីសាច  ដោយ សេនីយ៍ សោវពង្ស

Advertisements

ខែតុលា 11, 2016 at 2:28 ព្រឹក បញ្ចេញមតិ

ក្រុម​ឧទ្ទាម​​ជីហាត​វាយ​លុក​កម្ពុជា

សេចក្ដី​ថ្លែងការណ៍​ធ្លាក់​ចុះ​មក ដាក់​លេខ​រៀង​ច្បាស់​ៗ​ថា នៅ​ពេលប៉ុន្មាន​នាទី​ទៀត ពួក​វា​នឹង​សម្លាប់​នរណាខ្លះ។ ពេល​ដែល​ខ្ញុំ​កំពុង​អាន​សេចក្ដី​ថ្លែងការណ៍​នោះ សំឡេង​យំ​សោក​ស្ដាយ​ស្រណោះ​លាន់​លឺកង​រំពង​។ គឺ​ខ្ញុំ​នៅ​ក្នុង​ពិធី​បុណ្យ​សព​បុរស​ម្នាក់ ដែល​ពួក​ជីហាត​ទើប​តែ​សម្លាប់​ពីរ​បី​ម៉ោង​មុន​។ មិនទាន់​ធ្វើ​បុណ្យ​សព​អ្នក​ស្លាប់​ទី​មួយ​រួច​រាល់​ផង ពួក​ជីហាត​ស្រាប់​តែ​រាយ​នាម​អ្នក​ដែល​ត្រូវ​ស្លាប់​បន្ទាប់​ទៅហើយ​។

ខ្ញុំ​តក់​ស្លុត​។ ខ្ញុំ​មិន​យល់​ថា​ហេតុ​អ្វីពួក​នេះ​សាហាវ​ព្រៃ​ផ្សៃ​ដល់​ម្ល៉ឹង។ ហើយ​រឹត​តែ​មិន​យល់​ថា ពួក​នេះ​ចង់​បាន​អី​ពី​កម្ពុជា ប្រទេសដ៏​ក្រីក្រ និង​ខ្ទេចខ្ទាំ​។ ភ្លាម​ៗ​នោះ នៅ​ក្បែរ​ខ្ញុំ​ស្រាប់​តែ​លេច​រូប​ស្ដ្រី​ម្នាក់​ស្លៀក​ពាក់​ខ្មៅ រុំ​មុខ​ដោយ​ក្រណាត់​ខ្មៅ និង​មាន​កាន់​កាំភ្លើង​វែង​មួយ​ដើម​។ នាង​នេះ​សម្លក់​ខ្ញុំ រួច​ទើប​តម្រង់​កាណុង​កាំភ្លើង​ទៅ​កាន់​បុរស​ម្នាក់ ដែល​ជា​មន្ដ្រី​រដ្ឋាភិបាល​ថ្នាក់​ខ្ពស់​មួយ​រូប​។ មែន​ហើយ មន្ដ្រី​រូប​នោះ​ស្ថិត​នៅ​លេខ​រៀង​ទី​មួយ ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​ពួក​ជីហាត​ដែល​ខ្ញុំ​ទើប​បានអាន​មុន​នេះ​។ អ៊ីចឹង នាង​ស្លៀក​ពាក់ខ្មៅ​កាន់​កាំភ្លើង​ដែលនៅ​ក្បែរ​ខ្ញុំ​នេះ ជា​គ្នីគ្នា ជា​ដៃ​ជើង​របស់​ពួក​ជីហាត​ប្រាកដ​ណាស់​!

ខ្ញុំ​កាន់​តែ​តក់​ស្លុត​។ នេះ​ខ្ញុំ​កំពុង​តែ​នៅក្បែរ​ពួក​ជីហាត​! ពួក​ជីហាត​ដែល​សម្លាប់​អ្នក​កាសែត​អស់​ពីរ​នាក់​រួច​មក​ហើយ។ ខ្ញុំ​ខ្លាច.. គឺ​ខ្លាច​រហូត​ភ្ញាក់​ពី​ដេក។ ហើយ​ខ្ញុំ​ក៏​ស្រាប់​តែ​ហួស​ចិត្ត​ខ្លួន​ឯង… ហួស​ចិត្ត​ខ្លួន​ឯង ដែល​យល់​សប្តិ​ឃើញពួក​ជីហាត​៕

ខែកញ្ញា 26, 2014 at 6:03 ល្ងាច មតិ 5

ឆ្លង​ឆ្នាំ – Extended Version

ខែកក្កដា 10, 2012 at 5:24 ល្ងាច បញ្ចេញមតិ

អ៊ីមែល​ទៅ​លោក​គ្រូ

ម្សិលមិញ​ទៅ​សមាគម ជួប​លោក​គ្រូ ហើយ​លោក​គ្រូ​ក៏​បាន​ឱ្យ​អ៊ីមែល​មក… សរសេរ​អ៊ីមែល​ខាង​ក្រោម​នេះ​ផ្ញើ​ទៅ​លោក​គ្រូ​ជា​កំណាព្យ​ព្រោះ​លោក​គ្រូ​បង្រៀន​កំណាព្យ… ស្នាដៃ​ធ្លាក់​ចុះ​ខ្លាំង​ណាស់! ប្រើ​ពាក្យ​ដដែល​ៗ ហើយ​នៅ​រក​ចុង​ជួន​មិន​បាន​ទៀត! អ ជួន អ៊ T_T យ៉ាប់​ដល់​ហើយ​ខ្ញុំ!

យូរ​ៗ​សិស្ស​គ្រូ​ជួប​គ្នា​ម្ដង សិស្ស​មាន​បំណង​ជជែក​យូរ
តែ​មាន​ពេល​តិច​ត្រូវ​គិត​គូរ លៃ​លា​លោក​គ្រូ​ទៅ​ធ្វើ​ការ។
សប្បាយ​ពេល​ឃើញ​លោក​គ្រូ​សុខ រីករាយ​រីក​មុខ​ផុត​ទុក្ខា
ថែម​បាន​អ៊ីមែល​លោក​គ្រូ​ចារ សិស្ស​អរ​ក្រៃ​ណា​ចែក​មិត្ត​ថ្លៃ។
ឧត្តម សុវណ្ណរុណ និង​បញ្ញា សិរីរចនា​មិត្ត​ប្រពៃ
រៀន​រួម​វគ្គ​គ្នា​ស្របាល​វ័យ បង​ប្រុស​បង​ស្រី​រួម​វគ្គ​ដែរ។
ជូន​ពរ​លោក​គ្រូ​សុខ​សប្បាយ សុខ​ចិត្ត​សុខ​កាយ​ឥត​ប្រួល​ប្រែ
បណ្ដុះ​វិជ្ជា​ជូន​កូន​ខ្មែរ បន្ដ​ដំណែល​កំណាព្យ​ថ្លៃ។
ទោះ​ពេល​វេលា​យូរ​ប៉ុណ្ណា លោក​គ្រូ​ថ្លៃ​ថ្លា​នៅ​មាន​ន័យ
នៅ​ក្នុង​ចិត្ត​សិស្ស​លុះ​ផុត​វ័យ គ្រូ​សិស្ស​មួយ​ថ្ងៃ មួយ​ជីវិត៕‍៚

រចនា

ខែមិថុនា 24, 2011 at 9:41 ល្ងាច មតិ ១

រឿង​ខ្លី ~គូ~

អរគុណ​អ្នក​និពន្ធ​វ័យ​ក្មេង​វង្វេង​នឹង​ជីវិត​ឥត​ន័យ ស៊ូ ខេមរិន្ទ សម្រាប់​ចំណង​ជើង​មួយ​នេះ! ^^*

ចុច​លើ​រូប​ដើម្បី​អាន



ខែកញ្ញា 10, 2010 at 11:10 ល្ងាច មតិ 9

អក្សរសិល្ប៍​ខ្មែរ​សម័យ​បច្ចុប្បន្ន

ខែមិថុនា 5, 2010 at 8:43 ព្រឹក មតិ 10

នៅតែចាំ

ថ្ងៃ​នេះ​ជូន​រឿង​មួយ… រឿង​នេះ​សរសេរ​មក​យូរ​ហើយ តែ​ខ្ជិល​ដាក់​ឱ្យ​អាន! ^^ ចាំ​បាន​ថា រឿង​នេះ​ត្រូវ​បាន​លោក​គ្រូ​វ៉ា សំអាត​លើក​យក​ទៅ​អាន​នៅ​ក្នុង​ថ្នាក់​និពន្ធ មាន​កិត្តិយស​ដែល​លោក​គ្រូ​អាន​ដោយ​ផ្ទាល់ 😀 ហើយ​ក៏​ត្រូវ​សិស្ស​ក្នុង​ថ្នាក់​រិះ​គន់​យក​ស្លាប់​យក​រស់! ^^ តែ​រិះ​គន់​បាន​ត្រឹម​រិះ​គន់ មិន​ឃើញ​មាន​ដំណោះស្រាយ​ឱ្យ​បាន​ល្អ​ឡើង​សោះ! ទ័ល​ដូច​តែ​គ្នា! lolz អូខេ! ឈប់​និយាយ​ច្រើន​ហើយ! អាន​ចប់​កុំ​ភ្លេច​ខំមិន​ផង!

នៅ​តែ​ចាំ

និពន្ធ​ដោយ អ៊ឹម រចនា

ចង្រិត​យំ​ជ្រែក​ស្បៃ​រាត្រីដ៏​ស្ងប់ស្ងាត់។ ហ្វូង​ផ្កាយ​រយ​ពាន់​កំពុង​​រះ​បង្អួត​រាង​គ្នា​នៅ​លើ​លំហ​មេឃ​ដ៏​ធំ​ល្វឹងល្វើយ។ នៅ​ឯ​នាយ យើង​ឃើញ​ពន្លឺ​ភ្លើង​ជះ​ចេញ​ពី​ក្នុង​ផ្ទះ​ដែល​មាន​ហូរ​ហែ​នៅ​តាម​ផ្លូវ ​ត្រង់​នេះ​បន្តិច​ត្រង់​នោះ​បន្តិច។ ក្នុង​ផ្ទះ​ឈើ​មួយ​នៅ​ដាច់​ឆ្ងាយ​ពី​គេ ស្រី​ម្នាក់​ក្នុង​អាយុ​ប្រមាណ ៧០​ឆ្នាំ​កំពុង​អង្គុយ​លើ​សាឡុង​ឈើ​មុខ​ទូរទស្សន៍​តូច​មួយ​យ៉ាង​ស្ងៀម​ស្ងាត់។ ក្បែរ​នោះ នាឡិកា​ប៉ោល​ឈើ​ដ៏​ចាស់​កំពុង​ធ្វើ​ការ​យ៉ាង​ស្វាហាប់ បញ្ជា​ទ្រនិច​ឲ្យ​លោត​មួយ​ម្ដង​ៗ​ដោយ​មិន​ហត់​នឿយ។ យូរ​ៗ​ម្ដង ស្ត្រី​ចំណាស់​​បន្ធូរ​ដង្ហើម​ធំ រួច​ងើយ​មើល​ទៅ​ទ្រនិច​នាឡិកា​ដែល​ចង្អុល​ត្រឹម​ម៉ោង ១១:២៥​នាទី។

គាត់​ងើប​ឈរ​រួច​ដើរ​ទៅ​យក​អំបោស​ខ្លី​មួយ​ធ្វើ​ឡើង​ពី​ស្លាប​មាន់​ ​មាន​រោម​ពណ៌​ភ្លឺ​ផ្លេក​មក​បោស​វាស​លើ​ទូរទស្សន៍ សាឡុង ទូ​តាំង និង​វត្ថុ​ផ្សេង​ៗ​នៅ​ក្នុង​ផ្ទះ​ប្រកប​ដោយ​ទឹក​មុខ​សោកសៅ​ហាក់​បង្កប់​នូវ​ទុក្ខ​យ៉ាង​ចម្លែក។ គាត់​ដើរ​ចុះ​ឡើង​នៅ​ក្នុង​ផ្ទះ​ឈើ​ដ៏​តូច ​រួច​តម្រង់​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​រប​ស់​គាត់ រី​ឯភ្នែក​សម្លឹង​មើល​ទៅ​ផ្លូវ​ជាតិ​ដែល​យូរ​ៗ​ម្ដង​ឃើញ​មាន​ឡាន ម៉ូតូ​បើក​កាត់​មួយ​ៗ។

ក្រោយ​ពី​ឈរ​សម្លឹង​អស់​ចិត្ត ស្ត្រី​ចំណាស់​នេះ​បែរ​ខ្លួន​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ ហើយ​ដើរ​ចូល​ទៅ​អង្គុយ​លើ​សាឡុង​ឈើ​ត្រង់​កន្លែង​ដែល​គាត់​អង្គុយ​មុន​នោះ។ គាត់​លូក​ដៃ​ចូល​ទៅ​ក្រោម​តុ​ឈើ​តូច​នៅ​ខាង​មុខ​គាត់ រួច​លើក​ឡើង​នូវ​សៀវភៅ​រូប​ថត​មួយ​​ដែល​មានកម្រាស់​ក្រាស់​ ផ្ទុក​ទៅ​ដោយ​រូបថត​ចាស់​ថ្មី​ច្រើន​បង្គួរ។ អ៊ំ​ស្រី​បើក​មើល​រូប​ថត​មួយ​សន្លឹក​ម្ដង​ៗ​ដោយ​មាន​ទាំង​ស្នាម​​ញញឹម​ភ្ជាប់​ជាមួយ​ផង។ ​ក្នុង​នោះ​​សុទ្ធ​សឹង​ជា​រូប​របស់​បុរស​ម្នាក់​ ​រូបរាង​ខ្ពស់​ស្រឡះ ប្រកប​ដោយ​​ផ្ទៃ​មុខ​ដ៏​ស្រស់… អតីត​ក្នុង​បច្ចុប្បន្ន…  ស្ត្រី​នេះ​​ស្រាប់​តែ​នឹក​ដល់​គ្រា​ដែល​គាត់​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​ប្រគល់​បរិញ្ញាបត្រ​របស់​កូន​ប្រុស​គាត់​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។ ទឹក​ភ្នែក​ស្រាប់​តែ​រមៀល​មក​លើ​ផែន​ថ្ពាល់​ដ៏​ជ្រីវជ្រួញ​របស់​ស្ត្រី​ចំណាស់… គាត់​រំភើប ត្រេក​អរ​នឹង​ជ័យ​ជម្នះ​របស់​កូន​ប្រុស​ដែល​រក្សា​នូវ​ការ​តស៊ូ​លើ​វិថី​ជីវិត​ដ៏​គ្រោះ​ថ្នាក់​រហូត​រៀន​បាន​ចប់ និង​បាន​​ក្លាយ​ខ្លួន​ជា​គ្រូ​បង្រៀន​ម្នាក់​ស្រប​តាម​គោល​គំនិត​របស់​លោក​ឪពុក​ដែល​បាន​រំពឹង​ទុក។ អារម្មណ៍​ក្ដុកក្ដួល​ពេល​​កូន​ប្រុស​តែ​មួយ​របស់​គាត់​ឱន​ក្បាល​ថ្វាយ​បង្គំ​គាត់​ជា​ម្ដាយ​ ​វេលា​ដែល​គាត់​បំពាក់​ផ្លាកដៃ​ដែល​មាន​ឆ្លាក់​ជា​អក្សរ “វ” តំណាង​ឲ្យ​ឈ្មោះ​“វិចិត្រ” ដែល​គាត់​បាន​ដាក់​ឲ្យ​កូន… គាត់​នឹក​ដល់​សម្ដី​កូន​ប្រុស​ដែល​បាន​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា គេ​នឹង​មក​ដល់​ផ្ទះ​កំណើត​វិញ​នា​វេលា​ម៉ោង​ប្រហែល ៨ ឬ ៩​យប់​នេះ… មក​ចូល​រួម​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​នៅ​ស្រុក​កំណើតតាម​ទម្លាប់​… មក​បណ្ដើរ​ម្ដាយ​ទៅ​វត្ត ធ្វើ​បុណ្យ​ឧទ្ទិស​កុសល​ជូន​លោក​ពុក​ដូច​រាល់​ឆ្នាំ… ក្នុង​នាម​ជា​ស្ត្រី​មេម៉ាយ គ្មាន​អ្វី​សប្បាយ​ជាង​ឃើញ​កូន​ប្រុស​ក្លាយ​ខ្លួន​ជា​មនុស្ស​ប្រកប​ទៅ​ដោយ​កតវេទិតា​ធម៌ និង​គុណធម៌​ដ៏​ប្រពៃ​នោះ​ទេ… ប៉ុន្តែ… ចម្លែក​ណាស់! ម៉ោង​ជិត ១២​អាធ្រាត​ទៅ​ហើយ វិចិត្រ​នៅ​តែ​មិន​ទាន់​មក​ដល់​ផ្ទះ​ដូច​ពាក្យ​ដែល​បាន​សន្យា​នឹង​ម្ដាយ​ទៀត…

“…អ៊ំ! អត់​​ទោស! ខ្ញុំ​សុំ​ចូល​បន្ទប់​ទឹក​បន្តិច​បាន​ទេ?”

ស្ត្រី​ចំណាស់​​ដាច់​អស់​ការ​ស្រមៃ។ គាត់​យក​ដៃ​ជូត​ទឹក​ភ្នែក​រួច​បែរ​មក​ប្រភព​សំឡេង។ នារី​ម្នាក់​អាយុ​ប្រមាណ ២៣​ឆ្នាំ គ្រង​សម្លៀក​បំពាក់​បែប​អភិជន ឈរ​រេរា​នៅ​មាត់​ទ្វារ​ក្នុង​សភាព​ភ័យ​បារម្ភ។ ក្រោយ​ពី​បង្ហើរ​ស្នាម​ញញឹម​ទៅ​កាន់​នារី​ប្លែក​មុខ ស្ត្រី​ចំណាស់​យើង​ប្រញាប់​ស្ដី​តប​ដោយ​ភាព​រួសរាយ​រាក់​ទាក់៖

“…ចូល​មក​ចុះ​នាង! បន្ទប់​ទឹក​នៅ​ខាង​ក្រោយ… តាម​អ៊ំ​មក!”

ពោល​រួច គាត់​​ដើរ​នាំ​មុខ​នារី​ក្មេង​សំដៅ​​ទៅ​រក​បន្ទប់​ទឹក​ដែល​សង់​ឡើង​នៅ​ក្បែរ​ចង្ក្រាន​បាយ បើក​ភ្លើង​រួច​ងាកមក​សន្ទនា​ជាមួយនារី​យើង​ជា​ថ្មី៖

“អញ្ជើញ​ចុះ​នាង!”

នារី​ញញឹម​ស្ទើរ​បន្តិច​រួច​និយាយ​សាសព្ទ​ត្រឡប់​មក​ស្ត្រី​ចំណាស់​យើង៖

“អរគុណ​ច្រើន​ណាស់​អ៊ំ! …ខ្ញុំ​មក​ពី​ភ្នំពេញ! អំមិញ​នេះ គូ​ដណ្ដឹង​ខ្ញុំ​បើក​ឡាន​កិន​ឆ្មា… បើក​ឡាន​យប់​ចំ​ជា​ពិបាក​មែន​តែ​ម្ដង!”

ឮ​បែប​នេះ ស្ត្រីមេម៉ាយ​​ឧទាន​បែប​ភ្ញាក់​ផ្អើល៖

“អ៊ីចឹង​ឬ​ក្មួយ? …ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ មិន​ថា​យប់​ថ្ងៃ​ទេ ក្មួយ​គួរ​តែ​ប្រយ័ត្ន​បន្តិច​ទើប​មិន​ជួប​គ្រោះ​!”

“ចាស​អ៊ំ!” នារី​ឆ្លើយ​រួច​បន្ត “អ៊ំ​មាន​ចាន​ដែក​ទេ​អ៊ំ? ខ្ញុំ​ចង់​ដាក់​ទឹក​លាង​កង់​ឡាន​បន្តិច!”

ស្ត្រី​ម្ចាស់​ផ្ទះ​​ដើរ​ទៅ​ផ្ទះ​បាយ​យក​ចាន​ដែក​ធំ​មួយ​ហុច​ឲ្យ​នារី។ នាង​ចាក់​ទឹក​បំពេញ​រួច​លើក​វា​ទៅ​លាង​ជម្រះ​កង់​ឡាន​ដែល​មាន​ប្រឡាក់​ស្នាម​ឈាម​ដោយ​កន្លែង… បន្ទាប់​ពី​នោះ នាង និង​គូ​ដណ្ដឹង​ក៏​សំពះ​អរគុណ រួច​លា​ម្ចាស់​ផ្ទះ​​ចេញ​មក បន្សល់​តែ​ភាពឯកា និង​ការ​រង់​ចាំ… នៅ​តែ​ចាំ… ចាំ​ដំណើរ​មក​ដល់​នៃ​កូន​ប្រុស​គាត់…

នៅ​ក្នុង​ឡាន នារី​វ័យ​ក្មេង​និយាយ​បន្ទោស​គូ​ដណ្ដឹង​ដែល​កំពុង​បញ្ជា​យានយន្ត៖

“បង​ធី​បើក​ឡាន​កុំ​លឿន​ពេក… ហើយ​ក៏​ប្រយ័ត្ន​ផង​ទៅ! សំណាង​ហើយ​ដែល​អំមិញ​នេះ​អត់​មាន​នរណា​ឃើញ… ខ្ញុំ​ឯ​ណេះ ភ័យឡើង​អស់​ព្រលឹង​ពី​ខ្លួន​ទៅ​ហើយ…”

“បង​ប្រយ័ត្ន​ហើយ ប៉ុន្តែ​ផ្លូវ​តូច… បើ​បង​ចៀស​មាន​តែ​ធ្លាក់​ផ្លូវ!”

“យើង​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​ទៅ​ល្អ​ជាង! មក​ជួប​រឿង​អ៊ីចឹង​ៗ អូន​គ្មាន​អារម្មណ៍​ធ្វើ​បុណ្យ​ធ្វើ​ទាន​អី​ទៀត​ទេ…”

វុទ្ធី​សួរ​បញ្ជាក់៖

“អូន​ច្បាស់​ហើយ​ហ្អេះ?”

“ហ្នឹង​ហើយ… បក​ទៅ​វិញ​ទៅ!”

រថយន្ត​លុច្សសីស​របស់​វុទ្ធី​បក​ត្រឡប់​ក្រោយ​តាម​ផ្លូវ​ជាតិ​ដ៏​ងងឹត តម្រង់​មក​ទី​ក្រុង​ភ្នំពេញ​វិញ​ទាំង​យប់។ ហួស​ពី​នោះ​កន្លះ​​ម៉ោង ឡាន​បាន​បរ​មក​ដល់​ត្រង់​ទី​តាំង​មួយ​ដែល​មាន​ប៉ូលីស​ធ្វើ​ចរាចរណ៍ និង​មនុស្ស​ចោមរោម​មើល​អ្វី​មួយ​នៅ​ម្ខាង​ផ្លូវ។ វុទ្ធី​បន្ថយ​ល្បឿន​រួច​ក្រឡេក​ភ្នែក​មើល… ម៉ូតូ​វីវ៉ា​មួយ​ដួល​លើ​ផ្លូវ… ឥវ៉ាន់​កញ្ចិបកញ្ចប់​ជា​ច្រើន​នៅ​រាយ​ប៉ាយ… ក្បែរ​នោះ​មាន​បុរស​វ័យ​ក្មេង​ម្នាក់​ដេក​ស្លាប់… ក្បាល ព្រម​ទាំង​ខ្លួន​ប្រាណ​ស្រោចស្រព​ទៅ​ដោយ​ឈាម​ក្រហម​ច្រាល… ជើង​របស់​គេ​ដាច់​រលាត់​ជា​ច្រើន​កន្លែង… ភ្លើង​ឡាន​របស់​វុទ្ធី​ចាំង​បំភ្លឺ​ទៅ​លើ​ហ្វូង​មនុស្ស និង… ដៃ​ជន​រង​គ្រោះ ឲ្យ​ឃើញ​ផ្លាក​ដៃ​ដែល​មាន​ឆ្លាក់​​អក្សរ “វ”…

វុទ្ធី​បើក​ឡាន​ហួស​ទៅ រួច​បន្ធូរ​ដង្ហើម​ធំ៖

“…នីកា! គាត់… ប្រហែល​ជា​មិន​រស់​ទេ!”

កែវ​ភ្នែក​នីកា​រលីងរលោង​ដោយទឹក​ភ្នែក… នាង​លើក​ដៃ​ប្រណម្យ​ឡើង រួច​ខ្សិប​តិច​ៗ​ដោយ​សំឡេង​ញ័រ៖

“…សូម​អហោសិកម្ម​ឲ្យ​យើង​ខ្ញុំ​ផង… យើង​គ្មាន​បំណង​នឹង​បុក​ពូ​ទេ…”

វុទ្ធី​ឧទាន​ឡើង​តិច​ៗ​បញ្ចប់​ប្រយោគ៖

“សូម​វិញ្ញាណក្ខន្ធ​ពូ​ទៅ​កាន់​សុគតិភព…”

ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០០៩

ម៉ោង ១១:៤៣ នាទី​យប់

ខែធ្នូ 29, 2009 at 10:52 ព្រឹក មតិ 9

អត្ថបទ​ចាស់​ជាង​នេះ​


ការបន្ទាន់សម័យ Twitter

Instagram

ខែធ្នូ 2017
អា ព្រ សុ
« វិច្ឆិកា    
 12
3456789
10111213141516
17181920212223
24252627282930
31  

បណ្ណសារ


%d bloggers like this: