Posts filed under ‘ព័ត៌មាន’

«លោក ប៉ែន សុវណ្ណ» ជាតួអង្គសំខាន់នៅក្នុងប្រវត្តិសាស្ត្រខ្មែរសម័យទំនើប?

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ដ្រីទី១ នៃសម័យសាធារដ្ឋប្រជាមានិតកម្ពុជា បានទទួលមរណភាពហើយ កាលពីវេលាម៉ោង៧និង១៧នាទី យប់ថ្ងៃសៅរ៍ទី២៩តុលា ក្នុងជន្មាយុ៨០ឆ្នាំ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា លោក ប៉ែន សុវណ្ណ បានចូលរួមក្នុងចលនារំដោះជាតិជាច្រើនសម័យ មុននឹងត្រូវបានលើកបន្តុបជានាយករដ្ឋមន្ដ្រីនៅឆ្នាំ១៩៨១។

នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ កាន់តំណែងជានាយករដ្ឋមន្ដ្រីបានតែប្រមាណ៦ខែប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៧មិថុនា ដល់ថ្ងៃទី២ធ្នូ១៩៨១។ លោកត្រូវបានចាប់ខ្លួនដោយជំនាញការវៀតណាម នៅថ្ងៃទី២ធ្នូឆ្នាំ១៩៨១ និងបញ្ជូនទៅឃុំខ្លួននៅប្រទេសវៀតណាមអស់រយៈពេល១០ឆ្នាំនិង៥២ថ្ងៃ។

ក្នុងសៀវភៅ សុបិននិងការពិត លោក វ៉ាន់ឌី កាអុន បានសរសេរថា ការដកហូតដំណែង លោក ប៉ែន សុវណ្ណ គឺបណ្ដាលមកពីលោកប្រមាថទីក្រុងហាណូយយ៉ាងខ្លាំង ដោយចង់មានទំនាក់ទំនងដោយផ្ទាល់ជាមួយទីក្រុងមូស្គូ រំលងទីក្រុងហាណូយ។ និងបណ្ដាលមកពី លោក ប៉ែន សុវណ្ណ ប៉ុនប៉ងរំដោះកម្ពុជាពីការគាបសង្កត់របស់វៀតណាម ហើយប្រឆាំងនឹងនយោបាយអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។ ប៉ុន្តែសំខាន់ជាងនេះ លោកប៉ែន សុវណ្ណ របូតពីតំណែង ហើយត្រូវគេចាប់ដាក់គុក ក៏ព្រោះតែលោកដែលជាអតីតខ្មែរវៀតមិញ ដណ្ដើមតួនាទីដឹកនាំរបស់ក្រុមខ្មែរក្រហមភូមិភាគបូព៌ាប្រឆាំងនឹងប៉ុលពត ដែលគេស្គាល់ថា ជាក្រុមលោក ជា ស៊ីម, ហេង សំរិន, និង ហ៊ុន សែន។ គឺទំនាស់ប្រជែងអំណាចរវាងចរន្តទាំងពីរនេះហើយដែលធ្វើឲ្យវៀតណាមបារម្ភ ហើយបង្ខំចិត្តកម្ចាត់ចោលមួយ។

p-sovann1

កើតនៅថ្ងៃទី១៥មេសា១៩៣៦ នៅក្នុងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ លោក ប៉ែន សុវណ្ណ បានឆ្លងកាត់របបនយោបាយខ្មែរជាច្រើនជំនាន់ ហើយបានចូលរួមចំណែកជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងនោះ។

តាំងពីវ័យត្រឹមតែ១៥ឆ្នាំ កុមារា ប៉ែន សុវណ្ណ បានចូលប្រឡូកនៅក្នុងចលនាខ្មែរឥស្សរៈ ដើម្បីតស៊ូរំដោះជាតិចេញពីអាណានិគមបារាំង។ ក្រោយចលនាតស៊ូប្រឆាំងអាណានិគមបារាំងបញ្ចប់នៅឆ្នាំ១៩៥៤ ប៉ែន សុវណ្ណ ត្រូវគេបញ្ជូនទៅបន្តការសិក្សានៅប្រទេសវៀតណាម ផ្ដើមចេញពីវគ្គបណ្ដុះបណ្ដាលនាយទាហាន រហូតបានចូលសិក្សានៅវិទ្យាស្ថានជាន់ខ្ពស់ផ្នែកនយោបាយនិងសេដ្ឋកិច្ច។ នៅក្នុងអំឡុងពេលរស់នៅនិងរៀនសូត្រនៅប្រទេសវៀតណាមនោះហើយ លោក ប៉ែន សុវណ្ណ មានភរិយា និងមានបុត្រចំនួន៣នាក់ ស្រី២ ប្រុសមួយ។ មតិមួយចំនួនបញ្ជាក់ថា ភរិយារបស់លោក ប៉ែន សុវណ្ណ ជាក្មួយស្រីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ ប៉ុន្តែនៅក្នុងសៀវភៅនាយករដ្ឋមន្ដ្រីខ្មែរទាំង៣៦រូបរបស់លោក ឆាយ សុផល លោក ប៉ែន សុវណ្ណ បានអះអាងថា ភរិយារបស់លោកឈ្មោះកញ្ញា គឺជាជនជាតិខ្មែរកម្ពុជាក្រោម។

លោក ប៉ែន សុវណ្ណ បានត្រឡប់មកកម្ពុជាវិញ ក្រោយរដ្ឋប្រហារថ្ងៃទី១៨មីនា១៩៧០ ដើម្បីចូលរួមជាមួយអង្គការចាត់តាំងខ្មែរក្រហម ទទួលបន្ទុកការងារព័ត៌មានក្រោមបង្គាប់លោក អៀង សារី។ ប៉ុន្តែដោយសារតែដឹងពីគម្រោងអាក្រក់របស់ថ្នាក់ដឹកនាំមកលើខ្លួន លោក ប៉ែន សុវណ្ណ បានរត់ត្រឡប់ប្រទេសទៅវៀតណាមវិញនៅឆ្នាំ១៩៧៤។

លោក ប៉ែន សុវណ្ណ (រូបទី២ រាប់ពីឆ្វេង)

លោក ប៉ែន សុវណ្ណ (រូបទី២ រាប់ពីឆ្វេង)

ឆ្នាំ១៩៧៨ ជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងរបត់ជីវិតលោក ប៉ែន សុវណ្ណ និងនៅក្នុងរបត់ប្រវត្តិសាស្ត្រកម្ពុជា។ ជាពេលដែលលោកបានជួបជាមួយក្រុមខ្មែរក្រហមនៅភូមិភាគបូព៌ាដែលបះបោរប្រឆាំងនឹង ប៉ុល ពត ដឹកនាំដោយ ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន។ លោកប៉ែន សុវណ្ណ និងក្រុមខ្មែរក្រហមភូមិភាគបូព៌ា បានបង្កើតរណសិរ្យមួយ ឈ្មោះថា រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ទីបំផុត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីវៀតណាម បានវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧មករា១៩៧៩។ លោក ប៉ែន សុវណ្ណ ត្រូវបានតែងតាំងជានាយរដ្ឋមន្ដ្រីទី១ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅថ្ងៃទី២៧មិថុនា១៩៨១ ប៉ុន្តែលោកត្រូវគេដកហូតដំណែងនៅចុងឆ្នាំ១៩៨១ ហើយបញ្ជូនទៅឃុំឃាំងនៅប្រទេសវៀតណាម។

2_story_1_1

បន្ទាប់ពីជាប់គុកងងឹតនៅប្រទេសវៀតណាមអស់១០ឆ្នាំនិង៥២ថ្ងៃ លោក ប៉ែន សុវណ្ណ ត្រូវបានដោះលែងឲ្យត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៥មករាឆ្នាំ១៩៩២។ ដំបូងឡើយបានត្រឡប់ចូលមកបម្រើការនៅគណបក្សប្រជាជនកម្ពុជាវិញ មុននឹងងាកទៅចូលរួមជាមួយគណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ី។ ជាបន្តបន្ទាប់ លោក ប៉ែន សុវណ្ណ បានផ្លាស់ប្ដូរទ្រនំ បង្កើតគណបក្សទ្រទ្រង់ជាតិ ដើម្បីដឹកនាំខ្លួនឯង និងចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា នៅឆ្នាំ២០០៧។ មុនពេលទទួលមរណភាព លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក ប៉ែន សុវណ្ណ ចាត់ទុកការជាប់ជាតំណាងរាស្ត្រនៅក្នុងអាណត្តិទី៥នេះ ថាជាពេលវេលាចុងក្រោយនៃជីវិតរបស់លោក ក្នុងការបម្រើជាតិមាតុភូមិ៕

Advertisements

ខែតុលា 30, 2016 at 10:02 ល្ងាច បញ្ចេញមតិ

ថ្មី​ៗ៖ លក្ខខណ្ឌ​ការងារ​របស់​អ្នកកាសែត​នៅមានកម្រិត មិនមាន​សន្ទុះ​ដូច​វិស័យ​នេះឡើយ

ភ្នំពេញ៖ បើទោះបីជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ហាក់​មាន​សន្ទុះ​ខ្លាំង​ក៏ដោយ​ ប៉ុន្តែ​អ្នកសារព័ត៌មាន​នៅតែ​លើកឡើងថា​លក្ខខណ្ឌ​ការងារ​នៅក្នុង​វិស័យ​មួយ​នេះ​នៅមានកម្រិត ហើយ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ដូចជា ការគំរាមកំហែង​ អំពើហិង្សា ​និង​ខ្វះ​ការយកចិត្តទុកដាក់​ពី​ស្ថាប័ន ​និង​ការគាំទ្រ​ពី​សង្គម។
លោក ធឿន បញ្ញា​ឬ​ទ្ធិ អ្នកសារព័ត៌មាន​រប​ស់​គេហទំព័រ​ព័ត៌មាន​អេ​ឡិ​ក​ត្រូ​និកថ្មីៗ បាន​បញ្ជាក់ថា៖«បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន​នៅតែមាន​ដូចជា​ការផ្តល់​បៀវត្ស​ទាប តែ​ការងារ​ច្រើន រង​សម្ពាធ ឬ​អំពើហិង្សា​ពី​អាជ្ញាធរ»។ លោក​ធឿន បញ្ញា​ឬ​ទ្ធិ បាន​ពន្យល់ថា ​ស្ថាប័ន​ខ្លះ​ផ្តល់​បៀវត្ស​មិន​សមរម្យ ហើយ​សម្ពាធ​ការងារ​ច្រើន​។ ​លោកបន្តថា ពេល​ចុះ​ទៅយក​ព័ត៌មាន​ទាក់ទង​នឹង​ការធ្វើ​បាតុកម្ម ឬ​ការតវ៉ា​នានា​ វានៅមាន​ការរារាំង​ពី​អាជ្ញាធរ​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូលយកព័ត៌មាន។ «ហើយបើសិនជាមានការ​ប៉ះទង្គិច​រវាង​អ្នក​តវ៉ា​និង​អាជ្ញាធរ ​អ្នកសារព័ត៌មាន ក៏​អាចជា​ជនរងគ្រោះ​ម្នាក់​ផងដែរ​ ឧទាហរណ៍ ដូច​កាលពី​ខែឧសភា​ឆ្នាំ២០១៤កន្លងទៅ អ្នកសារព័ត៌មាន​ម្នាក់​ត្រូវបាន​អាជ្ញាធរ​វាយ​ដល់​សន្លប់​ជាដើម​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញថា​អ្នកសារព័ត៌មាន​នៅ​មិនទាន់មាន​ការគាំទ្រ​គោរព និង​ឲ្យ​តម្លៃ​ពី​សង្គម»។ នេះជាការ​កត់សម្គាល់របស់​លោក បញ្ញាឬទ្ធិ។

ចំណែក​កញ្ញា ​អ៊ឹម ​រចនា ដែល​បច្ចុប្បន្ន​ជា​សហ​និពន្ធ​នាយករង​នៅ​វិទ្យុ​បារាំង​អន្តរជាតិ​RFIវិញ កញ្ញាបានយល់ឃើញថា ​លក្ខខណ្ឌ​ការងារ​របស់​អ្នកកាសែត​ខ្មែរ​នៅមានកម្រិត​ទាំង​ម៉ោង​ពេល​នៃ​ការធ្វើការងារច្រើន​ ទាំង​ប្រាក់បៀវត្ស និង​ការធានារ៉ាប់រង​ជាដើម។

កញ្ញា​រចនា ដែល​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌​ប្រមាណ៤ឆ្នាំ​មកហើយ​នោះ​ក៏បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ការងារ​អ្នកកាសែត គឺ​ខុសពី​ការងារ​ផ្សេង។ ​អ្នកកាសែត​ធ្វើការ​មិនមាន​ពេលវេលា​ច្បាស់ ​គួបផ្សំ​នឹង​ទំនួល​ខុសត្រូវ ​និង​កាតព្វកិច្ច​របស់ខ្លួន​ផង ​ពេលខ្លះ​ត្រូវ​ធ្វើការ​លើសពី៨ម៉ោង។ ​ដូច្នេះ​ស្ថាប័ន​កាសែត ក៏ត្រូវ​ផ្តល់ប្រាក់​បៀវត្ស​សមរម្យ​ដល់​បុគ្គលិក​ឲ្យ​សមាមាត្រ​នឹង​ទំហំ​ការងារ ​និង​ការទទួលខុសត្រូវ​ ​ខណៈ​បច្ចុប្បន្ន​ទីផ្សារការងារ​របស់​អ្នកកាសែត​មាន​ភាព​រីកចម្រើន។ ហើយ​ការធានារ៉ាប់រង​គឺជា​រឿង​ចាំបាច់​ ព្រោះ​អ្នកកាសែត​អាចប្រឈម​នឹង​ការគំរាមកំហែង​ ឬ​រងរបួស ពេល​ចុះ​ទៅយក​ព័ត៌មាន​ទាក់ទង​នឹង​បាតុកម្ម​ជាដើម»។

ក្នុងនាម​ជា​អ្នកសារព័ត៌មាន​មួយរូប​កញ្ញា​រចនា​ក៏​ទាមទារ​ឲ្យ​ក្លិប​អ្នកកាសែត​កម្ពុជា ពង្រឹង​​វិធាន​ការការពារអ្នកកាសែត ​ក្រៅតែពី​ការចេញ​សេចក្តីថ្លែងការណ៍​ ឬក៏​បង្កើត​ក្រុមអ្នកច្បាប់​ដើម្បី​ការពារ​អ្នកកាសែត​ណា​ម្នាក់​ដែល​រង​ការគំរាមកំហែង ​ឬ​រំលោភបំពាន។ សម្រាប់កញ្ញា ​ការចេញ​សេចក្តីថ្លែងការណ៍​មិនអាច​ជួយ​អ្វី​បាន​នោះទេ។

មិន​ខុសពី អ្នកសារព័ត៌មាន​ទាំង២រូប​ខាងលើ​ដែរ ​លោក​ តាំង ​វី​ដា ​អ្នកសារព័ត៌មាន​របស់​កាសែត​ភ្នំពេញ​បុ​ស្តិ៍​ក៏បាន​គូសបញ្ជាក់​ពី​លក្ខខណ្ឌ​ការងារមិនសមរម្យ​របស់អ្នកកាសែតខ្មែរដែរ។ លោក​ វី​តា​ បាន​ថ្លែងថា៖« អ្នកកាសែត​យើង​​ប្រឈម​ទី១ គឺ​សុវត្ថិភាព​ និង​ការរើសអើង។ ​ឧទាហរណ៍​ ​យើង​ចង់​គ្រាន់តែ​ប្រាប់ថា​យើង​មកពី​ស្ថាប័ន​ណាមួយ​ គេ​មិន​ផ្តល់​ការអត្ថាធិប្បាយ​ជាដើម។ ​ទី២ គឺ​ម៉ោង​ពេលធ្វើ​ការងារ​មិន​ទៀងទាត់ ​ហើយ​ប្រាក់បៀវត្ស​នៅមានកម្រិត​នៅតាម​ស្ថាប័ននីមួយៗ ហើយ​នេះ​ជាហេតុ​ផល​មួយ ដែល​ធ្វើ​ឲ្យ​មតិ​មួយចំនួន​​នៅតែ​រិះគន់ថា​ អ្នកកាសែត​ក៏​ជា​ចំណែក​មួយ​ដែល​នាំ​ឲ្យ​មាន​អំពើ​សូកប៉ាន់។ ​ព្រោះ​ពេល​គាត់​ទៅយក​ព័ត៌មាន​គាត់​មិន​យកតែ​ព័ត៌មាន ប៉ុន្តែ​គាត់​ទៅយក​ទាំង​ស្រោមសំបុត្រ​មកទៀត​ ហើយ​វា​ធ្វើ​ឲ្យ​អ្នកកាសែត​ធ្វើការ​ដោយ​មិនមាន​ភាព​ឯករាជ្យ»។

អ្នកកាសែត​រូបនេះ​ក៏​ជំរុញ​ឲ្យ​ស្ថាប័ន​កាសែត​​យកចិត្តទុកដាក់​ជាមួយ​បុគ្គលិក​របស់ខ្លួន​ច្រើនជាង​នេះ ​ពីព្រោះ​ពេលខ្លះ​ពេល​អ្នកកាសែត​ចុះ​ទៅយក​ព័ត៌មាន​ឬ​ជួបនឹង​បញ្ហា​អ្វីមួយ គឺ​មិនបាន​ប្រាប់​ទៅ​ថ្នាក់លើ​ឡើយ។ ហើយ​អ្វីដែល​សំខាន់​ថ្នាក់​លើក​ក៏​មិន​ដែរ​សួរនាំ​ពី​បញ្ហា​នេះ​ទៅទៀត​។ ដូច្នេះ​ ចំពោះ​លោក វីតា ប្រការនេះ​ធ្វើ​ឲ្យ​អ្នកកាសែត​ខ្លួនឯង​យល់​ថាបើ​ស្ថាប័ន​របស់ខ្លួន មិនសូវ​យកចិត្តទុកដាក់ និង​ឲ្យ​តម្លៃ​បុគ្គលិក​របស់ខ្លួន​ តើ​អ្នកណា​គេ​ឲ្យ​តម្លៃ និង​យល់​ពី​អាជីព​ជា​អ្នកកាសែត​នេះ?

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ​ប៉ែន​ បូ​ណា ​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​មានប្រសាសន៍ថា​ បើទោះបីជា​បច្ចុប្បន្ន​ទីផ្សារ​ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន​នេះ​មាន​ភាព​រីកចម្រើន ប៉ុន្តែ​លក្ខខណ្ឌ​ការងារ​របស់​អ្នកកាសែត​គឺ​ស្ថិតនៅក្នុង​កម្រិត​មួយ​ទៅតាម​ស្ថាប័ននីមួយៗ​។ លោក ប៉ែន បូណា ពន្យល់​យ៉ាង​ដូច្នេះថា៖«ការងារ​អ្នកកាសែត​គ្មាន​ម៉ោង​ពេល​ច្បាស់លាស់​។​ពេល​បុណ្យទាន​ខ្លះ​មិនបាន​ឈប់ ​បៀវត្ស​និង​ការធានារ៉ាប់រង​ក៏​មិនទាន់​សមរម្យ​នៅក្នុង​ស្ថាប័ននីមួយៗ»។លោក​បាន​អត្ថាធិប្បាយបន្ថែម​ថា ជាទូទៅ​ម៉ោង​ការងារ​អ្នកកាសែត​មិន​ទៀងទាត់​ពេលខ្លះ​អ្នកកាសែត​ត្រូវ​រត់តាម​ព័ត៌មាន​មិនបាន​ឈប់សម្រាក​ពេញលេញពេល​បុណ្យទាន​ ហើយថា​ប្រាក់បៀវត្ស​នៅ​ទាប ​ដូច្នេះលោកចង់ឲ្យ​​ស្ថាប័ន​ព័ត៌មាន​ត្រូវតែ​គិតគូរ​ពី​បញ្ហា​នេះ​ឡើងវិញ​។ ប្រធាន​ក្លិបអ្នកកាសែត​ក៏បាន​អំពាវនាវដល់​​ស្ថាប័ន​កាសែតនីមួយៗឲ្យបណ្តុះ​ធនធានមនុស្ស​របស់ខ្លួន​ឲ្យ​មាន​សមត្ថភាព​ដែរ​និង​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ​ផងដែរ។

ដោយឡែក​ទាក់ទង​នឹង​ការទាមទារ​ចង់​ឲ្យ​បង្កើតជា​សហជីព​ក្នុង​គោលដៅ​ការពារ​សិទ្ធិសេរីភាព​របស់​អ្នកកាសែត​ពី​ការរំលោភបំពានផ្សេងៗ លោក​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​បញ្ជាក់ថា កន្លងមក​ក្លឹប​អ្នកកាសែត​កម្ពុជា​បានធ្វើ​ការងារ​ច្រើន​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​អ្នកកាសែត​ ហើយ​នៅ​អណ​ត្តិ​ថ្មី​នេះ​ក្លឹប​អ្នកកាសែត​កម្ពុជា​កំពុង​គិតគូរ​ពី​លទ្ធភាព​នៃ​ការបង្កើត​សហជីព​នេះ​ដើម្បី​ការពារ​ផលប្រយោជន៍​ភាគី​ទាំងសងខាង​គឺ​ទាំង​និយោជិត​និង​និយោជក។

បើតាម​របាយការណ៍រ​បស់​អង្គការ​អាដហុក ពី​ឆ្នាំ២០១២ដល់​ឆ្នាំ២០១៥មាន​អ្នកកាសែត​១៣នាក់​ត្រូវបាន​សម្លាប់​និង២៥នាក់​បាន​រង​នូវ​ការគំរាមកំហែង៕

ខែ​ឧសភា 2, 2015 at 9:47 ព្រឹក បញ្ចេញមតិ

ថ្មី​ៗ៖ នរណា​ខ្លះ ជា​មេដឹកនាំ​បណ្តាញ​ព័ត៌មាន​ដែលមាន​ឥទ្ធិពល​នៅ​កម្ពុជា​នៅ​ឆ្នាំ២០១៥ ?

ភ្នំពេញ៖ ការងារ​នៅក្នុង​ពិភព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​នៅ​ឆ្នាំ២០១៥នេះ។ មេដឹកនាំ​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​មួយចំនួន​បានធ្វើការ​ផ្លាស់ប្តូរ​តួនាទី ឬ​បានធ្វើការ​ផ្លាស់ប្តូរ​ស្ថាប័ន​ការងារ​តែម្តង។ តើនរ​ណាខ្លះ​ជា​មេដឹកនាំ​បណ្តាញ​ព័ត៌មាន​កម្ពុជា​នៅ​ឆ្នាំ២០១៥?

ការប្រែប្រួល​នៅក្នុង​វិស័យ​សារព័ត៌មាន​ខ្មែរ​នៅពេលនេះ គឺ​ដោយសារ​តម្រូវការ​រប​ស់​អ្នកអាន អ្នក​ស្តាប់ និង​អ្នកទស្សនា​មាន​ការវិវត្ត។ ដូច្នេះ​ចង់ ឬ​មិន​ចង់ អ្នក​ផលិត​ព័ត៌មាន​ត្រូវតែ​ធ្វើការ​កែទម្រង់។ ការប្រែប្រួល​មួយទៀត គឺ​ទាក់ទង​នឹង​កា​ផ្លាស់ប្តូរ​តំណែង ឬ​ផ្លាស់ប្តូរ​ស្ថាប័ន​របស់​អ្នកសារព័ត៌មាន​នាពេល​ចុង​ក្រោយនេះ។ ក្រោយ​មរណៈភាព​លោក ប៉ែន សមិទ្ធិ និពន្ធ​នាយក​រស្មី​កម្ពុជា និង​ជា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង​ស្របពេល​នៃ​ការបង្កើត​ទូរទស្សន៍​ថ្មី PNN ថ្នាក់ដឹកនាំ​កាសែត និង​អ្នកកាសែត​មួយចំនួនធំ​ត្រូវ​ផ្លាស់ប្តូរ​តំណែង ឬ​ផ្លាស់ប្តូរ​ស្ថាប័ន​សារព័ត៌មាន​ជា​បន្តបន្ទាប់​គ្នា ដោយ​ចំហ និង​ដោយ​សម្ងាត់។

ក្រោយ​មរណៈភាព​លោក ប៉ែន សមិទ្ធិ ក្លិប​អ្នកកាសែត​គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី និង​គណៈកម្មាធិការ​នា​យក​ថ្មី​នៅ​ចុងខែ​មេសា​ឆ្នាំ២០១៥នេះ។ នៅឯ​កាសែត​រស្មី​កម្ពុជា​ឯណោះ​វិញ លោក ទាវ សារៈ​មុន្នី ដែល​ធ្លាប់ជា​និពន្ធ​នាយករង​នៃ​កាសែត​រស្មី​កម្ពុជា ត្រូវបានតែងតាំង​ជា​ផ្លូវការ ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​ចាប់ពីពេលនេះ​តទៅ។
កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​គ្រប់គ្រង​ដោយ​លោក កៃ គឹម​សុង។

លោក ប៉ែន បូ​ណា ដែល​បាន​ចាក​ចេញពី​វិទ្យុ​បារាំង RFI នៅ​ឆ្នាំ២០១៥នេះ ត្រូវបានតែងតាំង​ជា​ប្រធានស្តីទី​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា​ដោយ​រង់ចាំ​ការបោះឆ្នោត​ថ្មី​នៅ​ចុងខែ​មេសា២០១៥នេះ។ ស្របពេល​ជាមួយគ្នា លោក ប៉ែន បូ​ណា ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​អ្នកវិភាគ​ឯករាជ្យ​នោះ ត្រូវបានតែងតាំង​ជា​និពន្ធ​នាយក​ព័ត៌មាន​នៃ​ទូរទស្សន៍​ថ្មី«PNN»។
នៅឯ​វិទ្យុ​បារាំង​ឯណោះ​វិញ កញ្ញា អ៊ឹម រចនា និង​លោក ញឹម សុផល អតីត​អ្នកយកព័ត៌មាន​វិទ្យុ​បារាំង ត្រូវបាន​ក្រុមហ៊ុន​តែងតាំង​ជា​និពន្ធ​នាយករង​នៃ​វិទ្យុ​អន្តរជាតិ​មួយ​នេះ។ នេះ​បើ​យោងតាម​ប្រភពពី​បុគ្គលិក​វិទ្យុ​បារាំង​នៅ​ទីក្រុង​ភ្នំពេញ។ ប្រភព​ដដែល​បាន​អោយដឹងទៀតថា លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ​តាន់ អ្នកវិភាគ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ល្បីល្បាញ​នោះ នឹង​បន្ត​ដឹកនាំ​វិទ្យុ​បារាំង​ក្នុងនាម​ជា​និពន្ធ​នាយក​ក្នុងពេល​បច្ចុប្បន្ននេះ។

នៅ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ឯណោះ​វិញ លោក គង់ សុ​ឋាន​រិ​ទ្ធ អតីត​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​របស់​វិទ្យុ​បារាំង កំពុងកាន់​តួនាទី​ជា​អ្នកសម្របសម្រួល​នៃ​វិទ្យុ​មួយ​នេះ រហូតដល់​ចុងខែ​មេសា​នេះ។ លោក គង់ សុ​ឋាន​រិ​ទ្ធ គ្រោង​ឈប់​ពី​ការងារ​ជា​អ្នកកាសែត។ វិទ្យុ​ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ​សហរដ្ឋអាមេរិក​មួ​យ​ទៀត គឺ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ប្រទេស​កម្ពុជា កំពុង​ត្រូវ​ដឹកនាំ​ដោយ​លោក ជុន ចាន់​បុត្រ។ វិទ្យុសំឡេង​ប្រជាធិបតេយ្យ VOD គ្រប់គ្រង​ដោយ​លោក ណុប វី។ នៅឯ​វិទ្យុ​ស្ត្រី ១០២ ឯណេះ​វិញ លោក ទួន សុផល ដែល​ធ្លាប់ជា​អ្នកកាសែត​ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុម​ព័ត៌មាន​នៃ​វិទ្យុ FM ១០២ ។

នៅឯ​ទូរទស្សន៍ CNC លោក ហ៊ុយ វណ្ណៈ មាន​តួនាទី​ជា​អគ្គនាយករង ទទួលបន្ទុក​ព័ត៌មាន​នៃ​ទូរទស្សន៍​ដ៏​ល្បី​មួយ​នេះ។ លោក នៅ សុ​ភ័ស្ស ជា​និពន្ធ​នាយក​ព័ត៌មាន​នៃ​ទូរទស្សន៍ CTN។ លោក មាស ឫទ្ធី ដែល​បាន​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈពេល​ជិត២០ឆ្នាំ​មកហើយ​នោះ ទទួលបាន​តំណែង​អគ្គនាយករង​ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​នៃ​ទូរទស្សន៍ ហង្ស​មាស នាពេល​បច្ចុប្បន្ននេះ។

ងាក​មក​និយាយ​ពី​សារព័ត៌មាន​អេឡិចត្រូនិក​វិញ។ លោក សយ សុភាព ដែល​មហាជន​ភាគច្រើន​ស្គាល់​នោះ គឺជា​ម្ចាស់ និង​ជា​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើមអម្ពិល។ លោក លាង ដឺ​លុច អតីត​និពន្ធ​នាយករង​វិទ្យុ​បារាំង​អន្តរជាតិ កំពុងកាន់​តំណែង​ជា​និពន្ធ​នាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ។ សារព័ត៌មាន​ថ្មី​នាពេល​បច្ចុប្បន្ននេះ មាន​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​ជប៉ុន។ ប៉ុន្តែ​នៅពេលឆាប់ៗខាងមុខនេះ សារព័ត៌មានថ្មីៗនឹង​បង្កើតជា​ភាសា​អង់គ្លេស និង​ភាសា​បារាំង​បន្ថែមទៀត។

ងាក​មក​និយាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​នៅ​កម្ពុជា​វិញ លោក ពុ​យ គា សមាជិក​គណៈកម្មាធិកា​រ​នាយក​ក្លិប​អ្នកកាសែត​កម្ពុជា គឺជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​ជប៉ុន Kyodo ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា។ លោក ប្រាក់ ចាន់ធុល គឺជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​អង់គ្លេស Reuters។ លោក ស៊ុយ សែ គឺជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ប្រចាំ​នៅ​កម្ពុជា។ លោក ជាង សុ​ផេង គឺជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​អាមេរិក AP ប្រចាំ​នៅ​កម្ពុជា។

លោក ឆាយ សុផល សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា គឺជា​សាស្ត្រាចារ្យ​សារព័ត៌​មាននៅ​សកល​វិទ្យាល័យ​ភ្នំពេញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ D M C។

ក្នុងខណៈពេល​ដែលមាន​ការតែងតាំង​មេដឹកនាំ​ថ្មី​នៃ​ស្ថាប័ន​សារព័ត៌មាន​នោះ គេ​ក៏​សង្កេតឃើញ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ បានសម្រេច​ចិត្ត​ចាក​ចេញពី​ស្ថាប័ន​ព័ត៌មាន​មួយ​ទៅ​ស្ថាប័ន​ព័ត៌មាន​មួយ​ផ្សេងទៀត ក្រោម​ហេតុផលផ្សេងៗគ្នា ក្នុងនោះ​មាន៖ បរិយាកាស​ការងារ បញ្ហា​ប្រាក់ខែ និង​លទ្ធភាព​នៃ​ការទទួលបាន​បទពិសោធ​ន៍​ពី​ការងារ​ថ្មី៕

ខែ​មេសា 11, 2015 at 9:15 ព្រឹក បញ្ចេញមតិ

យោបល់​មេ

រឿង​រ៉ាវ​កើត​ចេញ​ពី​ការ​រៀប​ព័ត៌មាន​ដាក់​កម្មវិធី។ ពី​មុន​ដែល​ខ្ញុំ​ដាក់​ព័ត៌មាន​ដែល​ខ្ញុំ និង​អ្នក​ផង​យល់​ថា​សំខាន់ ដាក់​ពី​លើ បើ​ទោះ​បីជា​ពេល​ខ្លះ​វា​មិន​ថ្មី​ក៏​ដោយ។ ហើយ​ក្រោយ​ពី​នោះ ខ្ញុំ​ក៏​បាន​ទទួល​យោបល់៖

*មេ​តូច៖ [សង្ខេប​ខ្លី] អ្វី​ដែល​ថ្មី​ដាក់​មុន ដាក់​លើ។

ក្រោយ​ពី​នោះ ខ្ញុំ​ក៏​គោរព​តាម​យោបល់ ដោយ​យល់​ថា​ខ្លួន​ខ្ចី.. ការ​គោរព​យោបល់​រៀម​ច្បង​ជា​ប្រការ​ដែល​គួរ​ធ្វើ។ ធ្វើ​បែប​នេះ​មិន​បាន​ប៉ុន្មាន ខ្ញុំ​ស្រាប់​តែ​បាន​ទទួល​យោបល់​មេធំ ដែល​ផ្ទុយ​ស្រឡះ​ពី​យោបល់​មេ​តូច៖

*មេ​ធំ៖ [សង្ខេប​ខ្លី] អ្វី​ដែល​សំខាន់​ដាក់​មុន បើ​ទោះ​បី​ជា​វា​ចាស់ ឬ​ធ្លាប់ចាក់​ផ្សាយ​ម្ដង​រួច​ក៏​ដោយ។

ចុង​ក្រោយ ខ្ញុំ​វង្វេង.. ចុង​ក្រោយ តើ​អ្វី​ដែល​គួរ​ធ្វើ​បន្ត​ទៀត? តើ​ខ្ញុំ​រស់​បាន​រហូត​ដល់​ពេល​ណា? =.=

ខែសីហា 5, 2013 at 8:55 ល្ងាច បញ្ចេញមតិ

Another Successful Task of Today xD

ទស្សនៈ​សារព័ត៌មាន​ខ្មែរ

ប្រចាំ​ថ្ងៃ​ទី​០ ខែ​មេសាឆ្នាំ​២០១២

កាសែត​ខ្មែរ​ចេញ​ផ្សាយ​នា​ថ្ងៃ​សុក្រ​នេះ​ចាប់​អារម្មណ៍​លើ​ប្រធាន​បទ​ផ្សេង​ៗ​គ្នា។ កាសែត​កម្ពុជា​ថ្មី​​ដ៏​ល្បី​ល្បាញបាន​ផ្ដោត​សំខាន់​លើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​សែន។ កាសែត​បាន​ដាក់​ចំណង​ជើង​អត្ថបទ​ថា «សម្ដេច​តេជោ​ហ៊ុន​សែន​នឹង​ចុះ​ហត្ថលេខា​លើ​គម្រោង​ចំនួន​៨»។ គម្រោង​អភិវឌ្ឍ​ចំនួន​៨​នោះ​សរុប​ជា​ទឹក​ប្រាក់​រាប់​ពាន់​លាន​យ័ន នឹង​ត្រូវ​ចុះ​ហត្ថលេខា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​រូប​នេះ ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ប្រទេស​ចិន។

ចំណែក​កាសែត​កោះ​សន្តិភាព​វិញ​ងាក​ទៅ​ផ្ដល់​ភាព​សំខាន់​ទៅ​លើ​ការ​បញ្ជូន​កង​កម្លាំង​កម្ពុជា​ទៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង។ រូប​ថត​របស់​លោក​ទៀ​បាញ់​មួយ​សន្លឹក​ដាក់​នៅ​ពី​ក្រោម​ចំណង​ជើង​មួយ​បន្ទាត់​ថា «កង​កម្លាំង​កម្ពុជា​១៥២​នាក់​ទៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង»។ កាសែត​បាន​ឲ្យ​ដឹង​ថា កាល​ពី​ព្រឹក​ម្សិលមិញ​នេះ កង​រាជ​អាវុធ​ហត្ថ​​និង​ពេទ្យ​នៃ​កង​កម្លាំង​កម្ពុជា​ចំនួន​១៥២​នាក់ ក្នុង​នោះ​មាន​ស្ត្រី​១០​នាក់ បាន​ចេញ​ដំណើរ​ទៅ​ចូល​រួម​បំពេញ​បេសកកម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​នៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង។  នេះ​ជា​កង​កម្លាំង​ទី​២ ដែល​ត្រូវ​ទៅ​ជំនួស​កង​កម្លាំង​កម្ពុជា​មួយ​ក្រុម​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​អន្តរជាតិ​ដ៏​ឧត្តុង្គ​ឧត្តម នៅ​ប្រទេស​ស៊ូដង់​ប្រកប​ដោយ​ភាព​ជោគជ័យ ហើយ​នឹង​ធ្វើ​មាតុ​និវត្តន៍​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៦ ខែ​មេសា តាម​ប្រពៃណី «ទៅ​គ្រប់​មក​គ្រប់»។

រី​ឯ​កាសែត​រស្មី​កម្ពុជា​លើក​យក​សារ​លិខិត​ដើម្បី​ចូល​រួម​ទិវា​អន្តរជាតិ​យល់​ដឹង​អំពី​មីន ហើយ​ដាក់​ចំណង​ជើង​អត្ថបទ​ខ្លួន​ថា «ប្រមុខ​អង្គការ​សហប្រជាជាតិ​អះអាង​ថា​នឹង​បន្ត​គាំទ្រ​កម្ពុជា​ដើម្បី​បោស​សម្អាត​គ្រាប់​មីន»។ លោក​បាន​គីមូន អគ្គលេខា​ធិការ​នៃ​អង្គការ​សហ- ប្រជាជាតិ​នឹង​បន្ត​ជួយ​គាំទ្រ​ជា​ជំនួយ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ការ​បោស​សម្អាត​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ។ កាសែត​​បញ្ចាក់​ផង​ដែរ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ដល់​ឆ្នាំ​២០១២ គ្រាប់​មីន​សម្លាប់​ ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជិត​២​ម៉ឺន​នាក់ និង​របួស​ប្រមាណ​ជា​៣ម៉ឺន​៥ពាន់​នាក់ ព្រម​ទាំង​ធ្លាក់​ខ្លួន​ពិការ​ប្រហែល​ជា​៩ពាន់​នាក់។ ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​អះអាង​ថា នៅ​សល់​ផ្ទៃ​ដី​គ្រប​ដណ្ដប់​ដោយ​គ្រាប់​មីន​ប្រមាណ​ជា​១៧០០​គីឡូម៉ែត្រ​ការ៉េ។ នៅ​ក្នុង​ឆ្នាំ​២០២០​ខាង​មុខ​នេះ កម្ពុជា​គ្រោង​នឹង​បោស​សម្អាត​មីន​ឲ្យ​អស់ ដែល​បេសកកម្ម​នេះ​ត្រូវ​ការ​ថវិកា​ប្រមាណ​ជា​៣០​លាន​ដុល្លារ។

បើ​ក្រឡេក​មក​មើល​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ឯណេះ​វិញ កាសែត​មិន​បាន​ចាប់​អារម្មណ៍​លើ​ព័ត៌មាន​ក្នុង​ស្រុក​ដូច​កាសែត​ទាំង​បី​ខាង​លើ​នោះ​ទេ តែ​បែរ​ជា​បែរ​ទៅ​មើល​ព្រឹត្តិការណ៍​អន្តរជាតិ ស្ថានភាព​តានតឹង​បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​ព្រមាន​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អាមេរិក។ កាសែត​ដាក់​ចំណង​ជើង​ធំ​ៗ​នៅ​លើ​ទំព័រ​មុខ​របស់​ខ្លួន​ថា «អាមេរិក​ពង្រឹង​ប្រព័ន្ធ​ការពារ​មីស៊ីល ខណៈ​កូរ៉េ​ខាង​ជើង​ព្រមាន​វាយ​ប្រហារ»។ កាសែត​បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ប្រញាប់​ប្រញាល់​បន្ថែម​ប្រព័ន្ធ​ការពារ​មីស៊ីល​ទៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​របស់​ខ្លួន ដោយ​ត្រៀម​បញ្ជូន​ប្រព័ន្ធ​ចាប់​មីស៊ីល​លើ​ដី​ទៅ​កាន់​មូលដ្ឋាន​ទ័ព​នៅ​កោះ​ហ្គួម ខណៈ​កូរ៉េ​ខាង​ជើង​បាន​និយាយ​ពី​ថ្ងៃ​ព្រហស្បត្តិ៍​ថា ខ្លួន​បាន​អនុម័ត​ផែនការ​សម្រាប់​ការ​វាយ​ប្រហារ​ទៅ​លើ​គោលដៅ​អាមេរិក​ហើយ។ នៅ​ក្នុង​ពេល​ដែល​វិបត្តិ​នេះ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​ឡើង​ៗ រដ្ឋាភិបាល​ថៃ​កំពុង​រៀប​ចំ​ផែនការ​ជម្លៀស​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​ធ្វើ​ការ​នៅ​កូរ៉េខាង​ត្បូង​ចំនួន​៤​ម៉ឺន​នាក់​ត្រឡប់​មក​ស្រុក​វិញ ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​ក្នុង​ករណី​សង្គ្រាម​ផ្ទុះ​ឡើង។ ដោយ​ឡែក នៅ​កម្ពុជា លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន​សែន​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា កម្ពុជា​នៅ​មិន​ទាន់​មាន​ផែនការ​ជាក់លាក់​ក្នុង​ការ​ជម្លៀស​ពលករ​ខ្លួន​ប្រមាណ​ជា​២​ម៉ឺន​នាក់​ចេញ​ពី​កូរ៉េ​ខាង​ត្បូង​នៅ​ឡើយ​ទេ ដោយ​សារ​តែ​កម្ពុជា​ជឿ​ថា កូរ៉េ​ទាំង​ពីរ​ជា​បង​ប្អូន​នឹង​គ្នា។ ដូច្នេះ គេ​ទំនង​ជា​មិន​វាយ​ប្រហារ​គ្នា​ដូច​សង្គ្រាម​ពាក្យ​សម្ដី​នោះ​ទេ៕

ខែ​មេសា 6, 2013 at 10:26 ព្រឹក បញ្ចេញមតិ

My Very First {official} Voice Record

«លោក​ទៀ បាញ់ រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កម្ពុជា​​មាន​ប្រសាសន៍​ថា​ ការ​បាញ់​គ្រាប់ពិត​ប្រភេទ​កាំភ្លើង​ធំ​ប្រតិកម្ម​រហ័សB21 នៅ​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២​មេសា​កន្លង​ទៅ មិន​មែន​ជា​ការ​បង្ហាញ​សាច់​ដុំ​ទេ»

ស្ដាប់​សំឡេង

លោក​ទៀ បាញ់ ថ្លែង​កាល​ពី​ម្សិលមិញ​ថា ការ​បាញ់​គ្រាប់​ពិត​ប្រភេទ​កាំភ្លើង​ធំ​ប្រតិកម្ម​រហ័ស​ប្រភេទBM21 និង​កាំភ្លើង​ធំ​ធុន​១៣០មិល្លីម៉ែត្រ​របស់​កង​យោធពល​ខេមរភូមិន្ទ​ បាន​បង្ហាញ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថា​បាន​បាញ់​ចំ​គោលដៅ​ល្អ​១០០​ភាគរយ។ ការ​បាញ់​សាក​ល្បង​នេះ​គឺជាការ​ហ្វឹកហ្វឺន​ពង្រឹង​សមត្ថភាពនិង​គុណភាព​ពេល​ប្រតិបត្តិ​របស់​កង​ទ័ព​ មិន​មែន​ជា​ការ​បង្ហាញ​សាច់​ដុំ​ទេ។

បន្ទាប់​ពី​ពិធី​បាញ់​សាកល្បង​កាំភ្លើង​ធំ​ប្រតិកម្ម​រហ័ស​ធុនBM21 និង​កាំភ្លើង​ធំ​ធុន​១៣០​មិល្លីម៉ែត្រ​នៅ​តំបន់​ភ្នំ​ម្រះ​ព្រៅ ស្ថិត​នៅ​ក្នុង​ស្រុក​ភ្នំ​ស្រួច​ខេត្ត​កំពង់ស្ពឺ​នា​ព្រឹក​ថ្ងៃ​ទី​២​មេសា​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​បាន​ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​ថា ការ​បាញ់​សាក​ល្បង​នេះ​ធ្វើ​ឡើង​ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​ និង​បច្ចេកទេស​ប្រើ​ប្រាស់​បច្ចេកវិទ្យា​របស់​កង​ទ័ព​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង។ ការ​បាញ់​គ្រាប់​ពិត​នេះ​បាន​បង្ហាញ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ថា​បាន​បាញ់​ចំ​គោលដៅ​ល្អ​១០០ភាគ​រយ ទាំងBM21និង​កាំភ្លើង​ធុន​១៣០​មិល្លីម៉ែត្រ។ ហេតុ​នេះ ប្រសិន​បើ​មាន​ហេតុការណ៍​កើត​ឡើង អាវុធ​គាំទ្រ​ដែល​មាន​នឹង​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ប្រើ​ប្រាស់​បាន​យ៉ាង​ពេញ​លេញ។

លោក​ទៀ បាញ់​បាន​គូស​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​បាញ់​សាក​ល្បង​គ្រាប់​ពិត​នេះ​គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បក​ស្រាយ​សាលក្រម​តុលាការ​ទីក្រុង​ឡាអេ​ទេ។ ហេតុផល​បក​ស្រាយ​របស់​តុលាការ​ជា​រឿង​តុលាការ ចំណែក​ការ​បាញ់​សាកល្បង​នេះ​សរ​បញ្ជាក់​ពី​បច្ចេកវិទ្យា​និង​អានុភាព​របស់​អាវុធ​ដែល​ទើប​បំពាក់​ថ្មី។ ការ​ហ្វឹកហ្វឺន​មេរៀន​ចប់ វា​តែង​តែ​តាម​ដោយ​ការ​សាកល្បង​អនុវត្ត​ជាក់​ស្ដែង​។ ហេតុ​នេះ ការ​លើក​ឡើង​ថា​ការ​បាញ់​គ្រាប់​ពិត​នេះ​ជា​ការ​បង្ហាញ​សាច់​ដុំ​នោះ​វា​មិន​ត្រឹម​ត្រូវ​ទេ ប៉ុន្តែ​នេះ​ជា​ការ​ពិនិត្យ​ប្រសិទ្ធភាព​នៃ​ការ​ការពារ​អធិបតេយ្យ​បូរណភាព​ទឹក​ដី។

ដើម្បី​បញ្ជាក់​ពី​ភាព​រឹង​មាំ​ក្នុង​ពេល​ដែល​មាន​អាសនុ្ន​អន់​ក្រ​កើត​ឡើង​ចំពោះ​មាតុភូមិ​ ការ​បាញ់​សាក​ល្បង​នេះ​ត្រូវ​តែ​ធ្វើ​ឡើង បើ​ទោះ​ជា​ការ​ចំណាយ​មាន​លក្ខណៈ​ខ្ពស់​ក្ដី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី​ទៀ បាញ់។

គួរ​រំលឹក​ផង​ដែរ​ថា ក្នុង​អំឡុង​ខែ​មេសា​ឆ្នាំ​២០១០​កន្លង​ទៅ កង​យោធពល​ខេមរភូមិន្ទ​ធ្លាប់​បាន​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិតBM21 ជា​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​កំពង់​ឆ្នាំង​ម្ដង​រួច​មក​ហើយ៕

ខែ​មេសា 3, 2013 at 11:47 ព្រឹក បញ្ចេញមតិ

Mummy’s on Dap-News

ខែមិថុនា 22, 2011 at 3:58 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


ការបន្ទាន់សម័យ Twitter

Instagram

ខែតុលា 2017
អា ព្រ សុ
« កញ្ញា    
1234567
891011121314
15161718192021
22232425262728
293031  

បណ្ណសារ


%d bloggers like this: