Posts filed under ‘នយោបាយ​ខ្មែរ’

តើ​ការ​ផ្ញើ​កំណត់​ទូត​គ្រប់​គ្រាន់​ហើយ​ឬ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​?

ដោយ៖ អ៊ឹម រចនា

ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ផ្ញើ​កំណត់​ទូត​មួយ​ថ្មី​ទៀត ទៅ​កាន់​ប្រទេស​វៀតណាម​។ ​កំណត់​ទូត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​រក​ឃើញ​ថា វៀតណាម​បាន​ជីក​ស្រះទឹក​ចំនួន​៣​បន្ថែម​ទៀត កំបាំង​ក្នុង​ព្រៃ នៅ​ក្នុង​តំបន់​ហាម​ឃាត់​ ស្ថិត​ក្នុង​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​។ ការ​ផ្ញើ​កំណត់​ទូត​ពី​សំណាក់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​នៅ​ពេល​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង​។ ប៉ុន្តែ​សួរ​ថា​តើ​​វា​គ្រប់​គ្រាន់​ហើយ​ឬ ដើម្បី​បញ្ឈប់​ភាព​គគ្លើន​របស់​វៀតណាម មិន​ឲ្យ​​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា​?

បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម បាន​ចាប់​ផ្ដើម​រង្គ្រោះ​រង្គើ​ឡើង​វិញ ក្រោយ​ពេល​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ទៅ​កាន់​មូលដ្ឋាន និង​បានអះអាង​​ថា វៀតណាម​បាន​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា​ជា​ច្រើន​កន្លែង​។ ក្នុង​នោះ​មាន​ជា​អាថិ៍​៖ នៅ​ស្រុក​អូយ៉ាដាវ​ខេត្ត​រតនគិរី នៅ​ស្រុក​រំដួល​និង​ស្រុក​ចន្ទ្រា​ខេត្ត​ស្វាយ​រៀង នៅ​ច្រក​ដាក់​ដាំ​ខេត្ត​មណ្ឌល​គិរី ស្រុក​កំពង់ត្រាច​ខេត្ត​កំពត និង​ស្រុក​មេមត់​​ខេត្ត​ត្បូង​ឃ្មុំ​ជា​ដើម​។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដឹក​នាំ​ប្រជាពលរដ្ឋ ចុះ​ពិនិត្យ​ព្រំដែន​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៥

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ដឹក​នាំ​ប្រជាពលរដ្ឋ ចុះ​ពិនិត្យ​ព្រំដែន​នៅ​ស្រុក​រំដួល ខេត្ត​ស្វាយ​រៀង ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៥

តប​ទៅ​នឹង​ការ​រកឃើញ​របស់​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​នេះ រដ្ឋាភិបាល​កម្ពុជាបាន​​​បដិសេធ និង​បាន​អះអាង​ថា ដី​ទាំង​អស់​នោះ ស្ថិត​នៅ​ក្នុង​បូរណភាព​ដែនដី​វៀតណាម លើក​លែង​តែ​នៅ​ច្រក​ដាក់ដាំ ខេត្ត​មណ្ឌល​គិរី និង​នៅ​ត្រង់​ចំណុច​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​ប៉ុណ្ណោះ ដែល​វៀតណាម​រំលោភ​ចូល​ទឹកដី​កម្ពុជា​។

ចំពោះ​ករណី​នៅ​ច្រក​ដាក់ដាំ ខេត្ត​រតនគិរី​។ រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​ថា វៀតណាម​ពិត​ជា​បាន​កសាង​ផ្លូវ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ពិត​មែន​ និង​បាន​ស្នើ​ឲ្យ​វៀតណាម​បញ្ឈប់​ការ​សាង​សង់​នោះ ប៉ុន្តែ​វៀតណាម​មិន​ស្ដាប់​។ នៅ​ត្រង់​ចំណុច​ច្រក​ដាក់ដាំ​នេះ កម្ពុជា​និង​វៀតណាម មាន​គំនិត​ខ្វែង​គ្នា ព្រោះ​ថា ប្រទេស​ទាំង​ពីរ​ប្រកាន់​ឯកសារ​សំអាង​ពីរ​ផ្សេង​គ្នា​។ កម្ពុជា​សំអាង​លើ​សេចក្ដី សម្រេច​របស់​អគ្គ​ទេសាភិបាល​បារាំង ឆ្នាំ​១៩១៤ ថា ចំណុច​ដាក់ដាំ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​។ ប៉ុន្តែ​ប្រទេស​វៀតណាមសំអាង​លើ​គំនូស​ផែនទី​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន​ទៅ​វិញ​។

ដោយ​ឡែក សម្រាប់​ចំណុច​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​វិញ​។ ​ក្រសួង​ការបរទេស​កម្ពុជា​ផ្ញើ​កំណត់​ទូត​ផ្លូវ​ការ​ទៅ​កាន់​ស្ថាន​ទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​ថា ​វៀតណាម​ជីក​ស្រះ​ទឹក​៥​កន្លែង​ចូល​ក្នុង​ទឹក​ដី​ខ្មែរ​។ កំណត់​ទូត​ចុះ​ថ្ងៃទី ១២ មិថុនា បាន​គូស​បញ្ជាក់​​ថា ស្រះ​ទឹក​ទាំង​៥​កន្លែង ត្រូវ​បាន​ភាគី​វៀតណាម​ជីក​ចូល​ក្នុង​ដី​ខ្មែរ​ពី​ចន្លោះ​ជាង ៣០០ ម៉ែត្រ ទៅជាង ៥០០ម៉ែត្រ នៅ​ក្នុង​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​។ ពីរ​ថ្ងៃ​បន្ទាប់​ពី​ផ្ញើ​កំណត់​ទូត​ទី​១ គឺ​នៅ​ថ្ងៃ​ទី​១៤​ខែ​មិថុនា កម្ពុជា​បាន​ផ្ញើ​​កំណត់​ទូត​ទី​២​ទៅ​វៀតណាម​​។ កំណត់​ទូត​ទី​២​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​រក​ឃើញ​ថា វៀតណាម​បាន​ជីក​ស្រះទឹក​ចំនួន​៣​បន្ថែម​ទៀត កំបាំង​ក្នុង​ព្រៃ នៅ​ក្នុង​តំបន់​ហាម​ឃាត់​ ស្ថិត​ក្នុង​ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​។

តាម​រយៈ​កំណត់​ទូត រដ្ឋា​ភិបាល​កម្ពុជា​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ផែនទី បោន ខ្នាត​១​លើ​១​រយ​ពាន់ ដែល​ជា​មូលដ្ឋាន​នៃ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ និង​​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥  ដែល​កម្ពុជា​និង​​វៀត​តាម​បាន​ទទួល​ស្គាល់​រួមគ្នា​​កន្លង​មក​។ នៅ​ក្នុង​សំណុំ​រឿង​នេះ​ដែរ លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន ក៏​បានស្នើ​​នៅ​ចំពោះ​មុខ​លោក ឡេ ហុងអាញ់ ដែល​ជា​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុម្មុយនីស្ត​វៀតណាម ថា ឲ្យ​វៀតណាម​រក្សា​ភាព​ស្ងប់ស្ងាត់​នៅ​តាម​តំបន់​ព្រំដែន ជា​ពិសេស​ព្រំដែន​ខេត្ត​រតនគិរី​។

1-1

លោក​នាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន ជួប​ជាមួយ​លោក ឡេ ហុងអាញ់ សមាជិក​ការិយាល័យ​នយោបាយ បក្ស​កុំម្មុយនីស្ត​វៀតណាម

ការ​ផ្ញើ​កំណត់​ទូត​ក៏​ដូច​ជា​សំណើ​ផ្ទាល់​មាត់ ​ពី​សំណាក់​កម្ពុជា​ទៅ​ប្រទេស​វៀតណាម​នៅ​ពេល​នេះ បាន​ទទួល​ការ​គាំទ្រ​ពី​គណបក្ស​ប្រឆាំង​។ នៅ​ក្នុង​ជំនួប​ជាមួយ​សកម្មជន​នៅ​ខេត្ត​ព្រះសីហនុ លោក សម រង្ស៊ី បាន​ប្រកាស​គាំទ្រ​ចំពោះ​ចំណាត់ការ​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា ទាក់ទងទៅ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម ត្រង់​ចំណុច​​ភូមិ​ឡំ ស្រុក​ប៉ក់ញ៉ៃ ស្រុក​អូយ៉ាដាវ ខេត្ត​រតនគិរី​​នេះ​។

ជា​ការ​ពិត ការ​ដោះ​ស្រាយ​បញ្ហា​រវាង​ប្រទេស​ដោយ​ចំណាត់ការ​ការទូត គឺ​ជា​ដំណោះ​ស្រាយ​ដ៏​ត្រឹមត្រូវ​មួយ​។ ប៉ុន្តែសួរ​ថា​តើ​វា​មាន​ប្រសិទ្ធិភាព​គ្រប់​គ្រាន់​ហើយ​ឬ​នៅ ដើម្បី​បញ្ឈប់​ភាព​គគ្លើន​របស់​វៀតណាម មិន​ឲ្យ​​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា​?

នៅ​ក្នុង​បណ្ដា​ប្រទេស​ជឿនលឿន​លើ​លោក​យើង​នេះ គេ​បាន​ឲ្យ​តម្លៃ​យ៉ាង​ខ្ពស់ ទៅ​លើ​បូរណភាព​ទឹក​ដី​របស់​គេ​។ កាល​ពី​ចុង​ខែ​ឧសភា​កន្លង​ទៅ​ថ្មី​ៗ​នេះ នៅ​ពេល​ប្រធានាធិបតី​ហ្វីលីពីន​បង្ហាញ​ពី​គំនិត​ទាមទារ​យក​កោះ Sabah ពី​ប្រទេស​ម៉ាឡេស៊ី​​មក​វិញ រដ្ឋ​មន្ដ្រី​ការបរទេស​ម៉ាឡេស៊ី​មិន​ត្រឹម​តែ​ចេញ​សេចក្ដី​ព្រមាន​ចំពោះ​បំណង​នេះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​កោះ​ហៅ​ភារៈធារី​ហ្វីលីពីន​មក​សាកសួរ​ទៀត​ផង​។ ចំណែក​ប្រទេស​វៀតណាម និង​ហ្វីលីពីន ក្រៅ​ពី​ប្រើ​ប្រាស់​វិធានការ​ការទូត​ជាមួយ​ចិន​ហើយ នៅ​ក្នុង​សំណុំ​រឿង​ជម្លោះ​ដែន​ទឹក​ជាមួយ​ចិន​ហើយ ថែម​ទាំង​បាន​លើក​យក​បញ្ហា​នេះ ដាក់​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​ថ្នាក់​តំបន់ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ថែម​ទៀត​។

ចំណែក​ប្រទេស​កម្ពុជា​វិញ បាន​ត្រឹម​តែ​ធ្វើ​កំណត់​ទូត​តវ៉ា ដែល​ហាក់​ដូច​ជា​គ្មាន​ឥទ្ធិពល​អ្វី​ទាំង​អស់​ទៅ​លើ​ប្រទេស​វៀតណាម​។ ប្រឈម​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ខ្វះ​ភាព​ម៉ឺងម៉ាត់ ក្នុង​ការ​ការពារ​បូរណភាព​ដែនដី​របស់​ខ្លួន​។ នៅ​ក្នុង​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម ដែល​កំពុង​តែ​ពុះ​កញ្ជ្រោល​ឡើង​វិញ​នៅ​ពេល​នេះ កម្ពុជា​គួរ​តែ​រិះ​រក​មធ្យោបាយ​ប្រកប​ដោយ​ប្រសិទ្ធិភាព ដើម្បី​ដោះ​ស្រាយ​បញ្ហា​ជា​បន្ទាន់​។ ការ​លើក​យក​បញ្ហា​នេះ ទៅ​ពិភាក្សា​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ព្រំដែន​រួម​រវាង​កម្ពុជា​វៀតណាម ត្រូវ​បាន​លើក​ទឹក​ចិត្ត​។ ហើយ​ប្រសិន​បើ​អាច​ធ្វើ​ទៅ​បាន​មែន​នោះ វា​នឹង​បង្ហាញ​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ការពារ​ដែន​អធិបតេយ្យ​របស់​ខ្លួន​។

បញ្ហា​ព្រំដែន​នៅ​តែ​ជា​ក្ដី​កង្វល់​នៅ​ឡើយ សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ ជា​ពិសេស​សម្រាប់​គណបក្ស​ប្រឆាំង​។ គណបក្ស​ប្រឆាំង ដែល​តែង​តែ​​យក​បញ្ហា​ព្រំដែន​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​​វាយ​ប្រហារ​គណបក្ស​កាន់​អំណាច​។ ហេតុ​ដូច្នេះ រដ្ឋាភិបាល​ត្រូវ​តែ​ពន្យល់​បង្ហាញ​ពី​គោលការណ៍ និង​នីតិវិធី​នៃ​ការ​កំណត់​បង្គោល​ព្រំដែន​ឲ្យ​បាន​ច្បាស់​លាស់ ប្រសិន​បើ​មាន​ការ​ចាំ​បាច់​។ ការ​សង្ស័យ មិន​ទុក​ចិត្ត និង​ការ​ចោទ​ប្រកាន់​នានា ច្បាស់​ណាស់​ថា​នឹង​នៅ​តែ​បន្ត​មាន​ ប្រសិន​បើ​គ្មាន​ការ​ដោះ​ស្រាយ​ប្រកប​ដោយប្រសិទ្ធិភាព និង​​តម្លាភាព​ទេ​នោះ​៕

ខែមិថុនា 17, 2015 at 8:07 ព្រឹក បញ្ចេញមតិ

ដំណើរនៃការសាបរលាបឥទ្ធិពលរបស់លោក ជា ស៊ីម

ដោយ៖ អ៊ឹម រចនា

លោក ជា ស៊ីម គឺ​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់ ដែល​បាន​តស៊ូ​រំដោះ​ជាតិ​កម្ពុជា ជាមួយ​មិត្ត​រួម​អាវុធ​ផ្សេង​ទៀត តាំង​ពីឆ្នាំ​១៩៤៧ ​​មក​ម្ល៉េះ​។ បើ​ទោះ​បី​ជា​លោក​បាន​ចំណាយ​ពេល​ជិត​៧០​ឆ្នាំ​ ដើម្បី​ជាតិ​និង​ប្រជាជន​ខ្មែរ ក៏​​ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​បុរស​រូប​នេះ ហាក់​មិន​មាន​ភាព​លេច​ធ្លោ​ជា​សាធារណៈ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ​។ មិន​លេច​ធ្លោ​ជា​សាធារណៈ ក៏​ប៉ុន្តែ​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម គឺ​ជា​ប្រធាន ដែល​ធ្លាប់​មាន​ឥទ្ធិពល​។ ប៉ុន្តែ​ឥទ្ធិពល​នោះ​បាន​សាប​រលាប​ទៅ​វិញ នា​ពេល​ក្រោយ​ៗ​មក​។

កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៣២ នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង លោក ជា ស៊ីម បានលះ​បង់​យុវភាព​របស់​ខ្លួន​ស្ទើរ​តែ​ទាំង​ស្រុង ដើម្បី​​ចូល​រួម​នៅ​ក្នុង​ចលនា​តស៊ូ​ខ្មែរ​ឥស្សរៈ​ ដើម្បី​ឯករាជ្យ​ជាតិ ចាប់​តាំង​ពី​ឆ្នាំ​១៩៤៧​ដល់​ឆ្នាំ​១៩៥៤​​។ សកម្មភាព​តស៊ូ​របស់​លោក មាន​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥​។ ក្នុង​អំឡុង​ពេល​នោះ លោក ជា ស៊ីម បាន​ចូល​រួម​ជាមួយ​កង​ទ័ព​ខ្មែរ​ក្រហម ដើម្បី​ផ្ដួល​រំលំ​របប លន់ នល់​។ ហើយ​ក្រោយ​មក លោក​បាន​ឡើង​តំណែង​ជា​បន្ត​បន្ទាប់ ក្លាយ​ជា​ប្រធាន​ឃុំ ប្រធាន​ស្រុក នៅ​ភូមិភាគ​បូព៌ា​។

នៅ​ពេល​ខ្មែរ​ក្រហម​ធ្វើ​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង នៅ​ភូមិភាគ​បូព៌ា ក្នុង​​ឆ្នាំ​១៩៧៨ ខ្មែរ​ក្រហម​ដែល​បះបោរ​ប្រឆាំង​នឹង ប៉ុល ពត បាន​មក​ជួប​ជុំ​គ្នា​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ មហា​សន្និបាត​មួយ​បាន​រៀបចំ​ឡើង នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ និង​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ បង្កើត​រណសិរ្ស​មាន​ឈ្មោះ​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។ រណសិរ្យ​នេះ មាន​លោក ហេង សំរិន ជា​ប្រធាន និង​មាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​ដែល​​មាន​ទាំង​លោក ជា ស៊ីម លោក ប៉ែន សុវណ្ណ និង​លោក ហ៊ុន សែន ជា​សមាជិក​នៅ​ក្នុង​នោះ​ផង​។ 1606970_555393167888826_315470590_n ​​ទី​បំផុត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​វៀតណាម ​បាន​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩​។ ក្រោយ​ការវាយ​រំលំ​របប ប៉ុល ពត មាន​បញ្ហា​ជា​ច្រើន​បាន​ចោទ​ឡើង​។ ក្នុង​នោះ​​ក៏​មាន​ផង​ដែរ ការ​ប្រជែង​កម្លាំង​គ្នា​រវាង​ក្រុម​លោក ប៉ែន សុវណ្ណ មក​ពីហាណូយ និង​ក្រុម លោក ជា ស៊ីម ហេង សំរិន ដែល​ជា​អតីត​ខ្មែរ​ក្រហម​នៅ​ក្នុង​ស្រុក ​​ប្រឆាំង​នឹង ប៉ុល ពត។

នៅ​ក្នុង​រដ្ឋាភិបាល លោក ហេង សំរិន ដែល​តែង​តាំង​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​១៩៧៩ លោក ជា ស៊ីម ទទួល​បន្ទុក​ខាង​មហាផ្ទៃ​។ ប៉ុន្តែតំណែង​នេះ ត្រូវ​បាន​​​រដ្ឋាភិបាល​លោក ប៉ែន សុវណ្ណ ដែល​ឡើង​កាន់​កាប់​នា​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​១៩៨១ ដក​ចេញ​ពី​លោក ជា ស៊ីម ដោយ​សារ​តែ​ក្ដី បារម្ភ​របស់​វៀតណាម និង​ដោយ​សារ​តែ​ទំនាស់​ប្រជែង​អំណាច​​​។ ជំនួស​មក​វិញ លោក ជា ស៊ីម បាន​ទទួល​មុខ​តំណែង​ជា​ប្រធាន​រដ្ឋសភា​​​​។ CG-C4EhUgAEVKAw ​ក្នុង​សៀវភៅ សុបិន​និង​ការពិត លោក វ៉ាន់ឌី កាអុន បាន​សរសេរ​ថា នៅ​ឆ្នាំ​១៩៩០ ពេល​ដែល​លោក ហ៊ុន សែន កំពុង​មាន​មុខមាត់ នៅ​ក្នុង​ការចរចា​ជាមួយ​សម្ដេច នរោត្តម សីហនុ លោក ជា ស៊ីម ក៏​គ្មាន​តួនាទី​អ្វី​សំខាន់​ដែរ ក្រៅ​ពី​មាន​ឈ្មោះ​ថា ជា អ្នក​តា​ចាំ​ស្រុក​ម្នាក់ ដែល​មាន​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​បក្ស​ប្រជាជន និង​លោក ហ៊ុន សែន​។ ​

លុះ​ពេល​មាន​​កិច្ច​​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ លោក ជា ស៊ីម បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជំនួស​លោក ហេង សំរិន​​។ ប៉ុន្តែ​តំណែង​នេះ គ្មាន​តួនាទី​អ្វី​សំខាន់​សោះ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​ការ​រៀបរាប់​របស់​លោក វ៉ាន់ឌី កាអុន លោក ជា ស៊ីម នៅ​តែ​បន្ត​ក្ដាប់​កម្លាំង​ផ្ទៃ​ក្នុង​មួយ​ភាគ​ធំ​ដដែល​ ហើយ​ការ​ប្រជែង​ដណ្ដើម​ឥទ្ធិពល​គ្នា​ដោយ​មិន​ចេញ​មុខ រវាង​លោក ហ៊ុន សែន និង​លោក ជា ស៊ីម នៅ​តែ​មាន​បន្ត​មក​ទៀត​។

cam-photo-chea-sim-inside1-reuters
ប្រវត្តិ​វិទូ លោក Evan Gottesman ក៏​បាន​លើក​ឡើង​ពី​ការ​ប្រជែង​អំណាច​រវាង​លោក ហ៊ុន សែន និង​លោក ជា ស៊ីម នៅ​ក្នុង​សៀវភៅ​របស់​ខ្លួន​ដែរ​។ លោក Gottesman បាន​អះអាង​ថា លោក ជា ស៊ីម ​ទទួល​បាន​ភក្ដីភាព​ខ្លាំង​ពី​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ បើ​តាម​លោក Gottesman នៅ​ក្នុង​ចំណោម​អតីត​​មន្ដ្រី​ខ្មែរ​ក្រហម​ដែល​បាន​តស៊ូ​រំដោះ​កម្ពុជា គឺ​មាន​តែ​លោក ជា ស៊ីម ម្នាក់​គត់ ដែល​បាន​កសាង​គ្រឹះ​និង​ឥទ្ធិពល​មូលដ្ឋាន​យ៉ាង​រឹង​មាំ  នៅ​ក្នុង​ជួរ​គណបក្ស​។

យ៉ាង​ណា​ក៏​ដោយ លោក Gottesman បាន​កត់​សម្គាល់​ឃើញ​ថា ឥទ្ធិពល​និង​បណ្ដាញ​របស់​លោក ជា ស៊ីម ដែល​ជា​ក្រុម​និយម​កណ្ដាល ចាប់​ផ្ដើម​ថម​ថយ នៅ​ឆ្នាំ​១៩៩៤​ ប៉ុន្តែ​បើ​ទោះ​បី​ជាថយ​ចុះ​ខ្លះ ប៉ុន្តែ​មិន​បាន​បាត់​បង់​ទាំង​ស្រុង​ទេ​​។ 5447393E-6FC3-4AC4-9FB1-9D0212CAD3D8_w640_r1_s_cx0_cy2_cw0 ព័ត៌មាន​ស្ដី​ពី​ការ​ប្រជែង​អំណាច​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ប្រវត្តិវិទូ និង​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ជា​យូរ​មក​ហើយ ប៉ុន្តែ​មន្ដ្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ មិន​ដែល​ទទួល​ស្គាល់​ទេ​។ នៅ​ ​ពេល​ដែល លោក ជា ស៊ីម ទទួល​មរណភាព មន្ដ្រី​នៃ​គណបក្ស​នេះ​​បាន​អះអាង​ពី​ភាព​រឹង​មាំ​នៃ​គណបក្ស​ខ្លួន តាំង​ពី​ថ្នាក់​មូលដ្ឋាន ដល់​ថ្នាក់​កំពូល​ទៀត​ផង​​។

សម្រាប់​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មួយ​ចំនួន​វិញ​ មរណភាព​នៃ​លោក ជា ស៊ីម នឹង​មិន​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​រង្គោះ​រង្គើ​ទេ​។ ព្រោះ​បើ​តាម​ក្រុម​អ្នក​វិភាគ​នេះ ការ​ប្រជែង​ដណ្ដើម​អំណាច​គ្នា​សម្រាប់​បុរស​ខ្លាំង​នៃ​បក្ស​ប្រជាជន ហាក់​ដូច​ជា​កន្លង​ទៅ​ឆ្ងាយ​ហើយ​។ នៅ​ពេល​ដែល​មាន​វ័យ​កាន់​តែ​ចាស់ អ្នក​ជំនាន់មុន​​នៃ​បក្ស​នេះ​ទាំង​អស់​ គ្រាន់​តែ​ព្យាយាម​ជួយ​ជ្រោមជ្រែង​គ្នា ដើម្បី​ជាតិ និង​ជា​ពិសេស ដើម្បី​​អ្នក​ជំនាន់​ក្រោយ​របស់​គណបក្ស​ខ្លួន​៕​

ខែមិថុនា 10, 2015 at 12:05 ល្ងាច បញ្ចេញមតិ

ឆន្ទៈ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​របស់​រាជរដ្ឋាភិបាល​កម្ពុជា

រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ​នៅ​តែ​បន្ត​អូស​បន្លាយ​ពេល​យ៉ាង​យូរ​ដោយ​ពុំ​ឃើញ​មាន​លទ្ធផល​ណា​មួយ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​រក្សា​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​សន្តិវិធី បើ​ទោះ​បី​ជា​ភាគី​ប្រទេស​ថៃ​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​នយោបាយ​ហើយ​ព្យាយាម​គេច​វេស​ពី​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ក្ដី។

ទាក់ទិន​នឹង​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​យ៉ាង​ប្រត្យក្ស​ថា “ព្រះរាជាណាចក្រ​កម្ពុជា​មិន​ឈ្លានពាន​ប្រទេស​ណា​ដាច់​ខាត មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ទោះ​បី​ក្រោម​រូបភាព​ណា​ក៏​ដោយ ដោះ​ស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅ​វិញ​ទៅ​មក។” សួរ​ថា​តើ​ឆន្ទះ​នៃ​ការ​ដោះ​ស្រាយ​នេះ​ពិត​ជា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដែរ​ឬ​ទេ ខណៈ​​ពេល​ដែល​វាក្យខណ្ឌ​ទី​៤ នៃ​មាត្រា​ដដែល​នេះ​បាន​កំណត់​ថា “ព្រះ​រាជាណាចក្រ​​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹក​ដី​ខ្លួន ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ លើក​លែង​តែ​ក្នុង​ក្របខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ។”

គោល​ជំហរ​ដោះ​ស្រាយ​បញ្ហា​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ធ្វើ​យ៉ាង​ណា​រក្សា​ឱ្យ​បាន​នូវ​សន្តិភាព​ក្នុង​តំបន់។sic. ប្រសិន​បើ​ភាគី​កម្ពុជា​នៅ​តែ​ប្រកាន់​គោលការណ៍​របៀប​នេះ លទ្ធផល​ជា​ដុំ​កំភួន​ដែល​ប្រជាពលរដ្ឋ​រំពឹង​ចង់​បាន ប្រហែល​ជា​ស្ថិត​នៅ​ឆ្ងាយ​ទៀត៕

ខែធ្នូ 12, 2008 at 10:22 ព្រឹក មតិ 2

នាយក​រដ្ឋមន្ត្រី​នឹង​មិន​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា លោក​នៅសល់​រយៈពេល​១២​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ក្នុង​ការបង្ហាញ​ខ្លួន​និង​ធ្វើ​សុន្ទរកថា​តាម​ទី​សាធារណៈ ។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ ក្នុង​ពិធី​សម្ពោធ​និង​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​បាគង ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ដោយ​បញ្ជាក់​ទៀត​ថា លោក​នឹង​មិន​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ឡើយ ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អវត្តមាន​ របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ គឺ​នឹង​ចាប់ផ្ដើម​នៅ​ប្រហែល​ជា​ថ្ងៃ ២៣ (មិថុនា) គឺ​បន្ទាប់​ពី​ការសម្ពោធ​សមិទ្ធផល​នៅ​ខេត្ត​ពោធិ៍សាត់​ហើយ​នោះ ខ្ញុំ​ព្រះករុណា​ខ្ញុំ​នឹង​មិន​បាន​និយាយ​សុន្ទរកថា​ដូច​សព្វថ្ងៃ​ទៀតទេ ដោយសារ​ខ្ញុំ​មិន​មិន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទេ សូម្បី​តែ​ពិធី​លែង​កូនត្រី​នៅ​ឆ្នាំ​នេះ គេហៅ​ថា ទិវា​មច្ឆា​ជាតិ ក៏​ខ្ញុំ​មិន​ចូលរួម​ដែរ ដើម្បី​ជៀសវាង​ការធ្វើ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​គេ​វាយ​ប្រហារ ឥឡូវ​នេះ វាយ​ប្រហារ​ច្រើន​ណាស់​ទៅ​ហើយ ។ អ៊ីចឹង សភាពការណ៍​កាន់​តែ​ជិត​ដល់ ការវាយ​ប្រហារ​និង​ភាព​ពិសពុល​របស់​ពួក​អគតិ​នឹង​កាន់តែ​ធ្ងន់ធ្ងរ»

លោក ហ៊ុន សែន ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​មាន​ប្រសាសន៍​បង្ហាញ​ថា តើ​បន្ទាប់ពី​ថ្ងៃទី​២៣ មិថុនា​នោះ​ទៅ លោក​នឹង​ជាប់​រវល់​ធ្វើ​សកម្មភាព​អ្វី​ជា​ឯកជន​នោះ​ទេ ។

អតីត​នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម លោកស្រី ជា វណ្ណាត ដែល​ជា​អ្នកវិភាគ​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា ការប្រកាស​ឈប់​បង្ហាញ​ខ្លួន និង​ធ្វើ​សុន្ទរកថា តាម​ទីសាធារណៈ​របស់​លោក​នាយករដ្ឋមន្រ្តី ត្រូវ​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​ទម្លាប់​ទៅហើយ នៅមុន​ការដែល​កម្ពុជា តែង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ ។

សូម​បញ្ជាក់​ផងដែរ​ថា យុទ្ធនាការ​ឃោសនា​សម្រាប់​ការបោះឆ្នោត​តំណាងរាស្រ្ដ​អាណត្តិ​ទី​៤ គឺ​នឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​ទី​២៦ ខែ​មិថុនា ហើយ​នឹង​បញ្ចប់​ទៅវិញ​នៅថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០០៨ ខាង​មុខ​នេះ ៕

ដោយ៖ មុំ សុផុន (RFA)

អាន​អត្ថបទ​ដើម

ខែមិថុនា 11, 2008 at 1:50 ល្ងាច មតិ 17

សម រង្ស៊ី ជួប​សួរ​សុខ​ទុក្ខ ដាំ សិទ្ធិ នៅ​ពន្ធនាគារ​ព្រៃស

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ល្ងាច​ថៃ្ង​ពុធ​នេះ​បាន​ជួប​សួរ​សុខទុក្ខ​លោក ដាំ សិទ្ធិ ជា​និពន្ធ​នាយក​របស់​កាសែត​មនសិការ​ខែ្មរ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​គុក​ព្រៃ​ស ដោយ​លោក​បាន​អះអាង​ថា លោក ដាំ សិទ្ធិ មាន​សុខភាព​មាំមួន​និង​ស្មារតី​នៅ​រឹងប៉ឹង​ដដែល ។

លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​គុក​ព្រៃ​ស​ដូច្នេះ​ថា ៖ «ទី ​១ លោក ដាំ សិទ្ធិ មាន​សុខភាព​ល្អ មាន​កម្លាំង​ចិត្ត មិន​បាក់​ស្បាត​ទេ ឃើញ​ថា​គាត់​មាន​ភាព​អង់អាច​ក្លាហាន ។ …គេ (អាជ្ញាធរ) សម្រួល​ឲ្យ​ខ្ញុំ​បាន​ជួប​ត្រឹមត្រូវ​សមរម្យ គេ​គួរសម ។ ទោះ​ជា​បន្ទប់​ធំ​ក៏ដោយ ប៉ុន្តែ​ចង្អៀត​ហើយ​អត់​មាន​របប​ពិសេស​សម្រាប់​អ្នក​ទោស​នយោបាយ សម្រាប់​អ្នកទោស​មនសិការ គឺ​ឲ្យ​នៅ​លាយឡំ​ជាមួយនឹង​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត ។ ចង់​បង្ហាញ​ថា ខ្ញុំ​សុខចិត្ត​ជាប់​គុក​ជំនួស​លោក ដាំ សិទ្ធិ ប៉ុន្តែ​គេ​មិន​ព្រម គេ​មិន​ព្រម​យក​ខ្ញុំ ។ (សង្ឃឹម​ថា​នឹង​អាច​ដោះលែង​នៅ​ពេល​ណា ?) ក្នុង​ពេល​ដ៏​ឆាប់​រហ័ស​ជាទីបំផុត ពីព្រោះ​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ទទួល ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួយនឹង​មជ្ឈដ្ឋាន​ទូត មជ្ឈដ្ឋាន​សិទ្ធិមនុស្ស បាន​ប្រាប់​ខ្ញុំ​ថា​មិន​យូរ​ទេ អាច​ដោះលែង​ថ្ងៃ​នេះ អាច​ដោះលែង​ស្អែក ពីព្រោះ​រឿង​នេះ​ជា​រឿង​ធំ​ណាស់»

នៅ​ក្នុង​ការ​ចូល​សួរ​សុខទុក្ខ​លោក ដាំ សិទ្ធិ នោះ គេ​ឃើញ​មាន​លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី និង​តំណាង​របស់​ការិយាកាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក ដាំ សិទ្ធិ បាន​ចូល​ជួប​សួរ​សុខទុក្ខ​លោក ដាំ សិទ្ធិ នៅ​ថៃ្ង​ជាមួយ​គ្នា​ជា​ថ្ងៃ​ដំបូង​នៅ​ថ្ងៃ​ពុធ​នេះ ។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា នេះ​ជា​សញ្ញា​ល្អ ៖ «ខាង​នេះ​គឺ​គេ​គោរព​សិទ្ធិ​របស់​លោក ដាំ សិទ្ធិ ដែរ អ៊ីចឹង​បើ​គោរព​ច្បាប់​អ៊ីចឹង​ខ្ញុំ​មាន​ការ​ពេញចិត្ត ។ ខ្ញុំ​សង្ឃឹម​ថា ស្អែក​ខ្ញុំ​នឹង​ទៅ ហើយ​គេ​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ជួប​ដែរ»

សូម​រំឮក​ថា លោក ដាំ សិទ្ធិ ជា​និពន្ធ​នាយក​របស់​កាសែត​មនសិការ​ខែ្មរ​គាំទ្រ​ខាង​គណបក្ស​ប្រឆាំង និង​ជា​បេក្ខជន​តំណាងរាស្រ្ត​របស់​គណបក្ស​សមរង្ស៊ី លំដាប់​លេខ​៦ នៅ​មណ្ឌល​ក្រុង​ភំ្នពេញ​នោះ ត្រូវ​បាន​អាជ្ញាធរ​ប៉េអឹម​បាន​ចាប់​ខ្លួន​កាលពី​ថៃ្ង​អាទិត្យ​ចុង​សប្តាហ៍​ កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ខណៈពេល​ដែល​លោក​កំពុងតែ​លាង​ទ្បាន ។

ក្រោយ​ពី​ការ​ចាប់​ខ្លួន​នោះ​មក​តុលាការ​ក្រុង​ភ្នំពេញ​បាន​ធ្វើការ​ចោទ​ ប្រកាន់ លោក ដាំ សិទ្ធិ ក្រោម​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ក្រោយពី​មាន​ពាក្យ​បណ្តឹង​របស់​លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ។

លោក ដាំ សិទ្ធិ បាន​ចុះ​ផ្សាយ​លើ​កាសែត​មនសិការ​ខែ្មរ​របស់​លោក​ជាមួយ​នឹង​ការ​ដកស្រង់​ ប្រសាសន៍​របស់​លោក សម រង្ស៊ី បាន​ថែ្លង​កាលពី​ថៃ្ង​ទី​១៧ ខែ​មេសា​កន្លង​ទៅ នៅ​ឯ​វាល​ពិឃាត​ខែ្មរ​ក្រហម​បឹង​ជើងឯក ជាយ​ទីក្រុង​ភ្នំពេញ ដោយ​លោក​បាន​ថ្លែង​មិន​ចំៗ​ឈ្មោះ​ថា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា គឺ​ជា​អតីត​មេ​គុក​បឹង​ត្របែក​ក្នុង​របប​ខែ្មរ​ក្រហម ។

ការ​ចាប់​ឃុំ​ខ្លួន​លោក ដាំ សិទ្ធិ​នោះ បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​ទាមទារ​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន និង​ប្រតិកម្ម​នានា​ពី​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល និង​សមាគម​ការពារ​អ្នក​កាសែត​ដែល​បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​លោក ដាំ សិទ្ធិ​នោះ ថា​ជា​រឿង​ខុស​ច្បាប់ ៕

ដោយ៖ សុខ សេរី (RFA)

អាន​អត្ថបទ​ដើម

ខែមិថុនា 11, 2008 at 1:41 ល្ងាច បញ្ចេញមតិ

សម រង្ស៊ី៖ ឲ្យ​តែ​ដោះលែង ដាំ សិទ្ធិ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​ចាប់​ខ្ញុំ

សហគមន៍​អន្តរជាតិ​ចាប់​ផ្តើម​ថ្កោលទោស​ជា​ថ្មី​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពី​តុលាការ​បញ្ជា​ឲ្យ​ចាប់​ឃុំ​ខ្លួន​លោក ដាំ សិទ្ធិ និពន្ធនាយក​នៃ​កាសែត មនសិការខ្មែរ ដែល​និយម​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

អ្នកសង្កេតការណ៍​មើល​ឃើញ​ថា ការចាប់​ខ្លួន​ពី​រឿងថា សរសេរ​អត្ថបទ​ផ្សាយ​ប្រាសចាក​ការពិត​បែប​បរិហារកេរ្តិ៍​រដ្ឋមន្រ្តី​ ការបរទេស ហោ ណាំហុង នោះ ព្រោះ​លោក ដាំ សិទ្ធិ មាន​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី ក្នុង​សម័យ​បោះឆ្នោត​ជាតិ ថ្ងៃ​២៧ ខែ​កក្កដា ខាងមុខ​នេះ ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​អង្គារ​ថា បើ​គ្រាន់តែ​និយាយ​តាម​អ្នកដទៃ ហើយ​ត្រូវ​មានទោស​នោះ លោក​ក៏​សុខចិត្ត​តុលាការ​ធ្វើ​តាម​ច្បាប់​ចំពោះ​រូបលោក​ដែរ ៖ «ខ្ញុំ​ថា បើ​ចង់​ចាប់​អ្នកណា មក​ចាប់​ខ្ញុំ​មក ឲ្យ​តែ​ដោះលែង​លោក ដាំ សិទ្ធិ ខ្ញុំ​ក៏​សុខចិត្ត​ឲ្យ​គេ​ចាប់​ខ្ញុំ ឲ្យ​គេ​ឃុំ​ឃាំង​ខ្ញុំ​ជំនួស​លោក​ដាំ សិទ្ធិ ពីព្រោះ​ការចាប់​លោក ដាំ សិទ្ធិ នេះ គឺ​ជា​ការខុស​ច្បាប់​ទាំង​ស្រុង ខុស​ទាំង​នីតិ​វិធី​តុលាការ​ខ្លួន​ឯង ខុស​ច្បាប់​ធ្ងន់ធ្ងរ​ជាទី​បំផុត ។ គេ​ចង់​បង្វែរ​អារម្មណ៍​ប្រជាពលរដ្ឋ គេ​ចង់​បង្កើត​រឿង ដូចជា​រឿង​អ្នកចុះចូល​គណបក្ស​ប្រជាជន រឿង​បន្តិច​បន្តួច​កំប៉ិក​កំប៉ុក គេ​យក​ទៅ​បំប៉ោង គេ​យក​ទៅ​បំពង​សំឡេង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ឬ​មួយ​រលក​ធាតុ​អាកាស​របស់​គណបក្ស​ប្រជាជន ដោយ​គេ​គ្រប់គ្រង​មធ្យោបាយ​ឃោសនា​ទាំង​អស់​នោះ»

សមាគម​អ្នកកាសែត​គ្មានព្រំដែន ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ឲ្យ​អ្នកកាសែត​យក​ព័ត៌មាន​រាយការណ៍​ទាំង​រឿង​បោះឆ្នោត ទាំង​រឿង​តុលាការ​វិនិច្ឆ័យ​កំហុស​អតីត​មេដឹកនាំ​ខ្មែរក្រហម ដោយ​ឥត​មាន​ការរារាំង ។

សមាគម​នេះ បន្ត​ទៀត​ថា គេ​មិនទាន់​បញ្ចេញ​ឲ្យ​ឃើញ​ពន្លឺ​នៅឡើយ​ទេ លើ​ការជំពាក់​ជំពិន​របស់​អ្នកនយោបាយ​បច្ចុប្បន្ន​នេះ​មួយ​ចំនួន ក្នុង​របប​ខ្មែរ​ក្រហម ៕

ដោយ៖ ហាស់ សាន (RFA)

អាន​អត្ថបទ​ដើម

ខែមិថុនា 11, 2008 at 5:53 ព្រឹក មតិ 6

ភ្ញាក់​ចំពោះ​កាសែត​ព្រឹក​មិញ

ព្រឹក​មិញ ខ្ញុំ​បាន​ទៅ​ទិញ​ប៊ិច​ពីរ​ដើម​មុន​នឹង​ចូល​រៀន ស្រាប់​តែភ្ញាក់​ព្រើត​ចំពោះ​រូប​ភាព​ធំ​ៗ​នៅ​ទំព័រ​មុខ​របស់​កាសែត សំណេរ​ថ្មី ដែល​ដាក់​ចំណង​ជើង​ធំ​ៗ​ថា «មេបក្ស​បី​ជួប​គ្នា​ជា​សញ្ញា​នៃ​ស្ថេរភាព​ត្រៀម​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត»។ ខ្ញុំ​មិន​និយាយ​អ្វី​ច្រើន​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​មាន​ពេល​អាន​កាសែត​នោះ​នៅ​ឡើយ, បើ​ចង់​អាន សូម​ទៅ​សួរ​រក​ជាវ កាសែត​សំណេរ​ថ្មី ចេញ​ផ្សាយ​ថ្ងៃ​ចន្ទ ទី០៣-ថ្ងៃ​អាទិត្យ ទី០៩ ខែ​ធ្នូ ឆ្នាំ​ ២០០៧។

ខែធ្នូ 8, 2007 at 4:03 ព្រឹក មតិ 13


ការបន្ទាន់សម័យ Twitter

Instagram

ខែសីហា 2017
អា ព្រ សុ
« កក្កដា    
 12345
6789101112
13141516171819
20212223242526
2728293031  

បណ្ណសារ


%d bloggers like this: