Posts filed under ‘ផ្សេងៗ’

«លោក ប៉ែន សុវណ្ណ» ជាតួអង្គសំខាន់នៅក្នុងប្រវត្តិសាស្ត្រខ្មែរសម័យទំនើប?

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ដ្រីទី១ នៃសម័យសាធារដ្ឋប្រជាមានិតកម្ពុជា បានទទួលមរណភាពហើយ កាលពីវេលាម៉ោង៧និង១៧នាទី យប់ថ្ងៃសៅរ៍ទី២៩តុលា ក្នុងជន្មាយុ៨០ឆ្នាំ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា លោក ប៉ែន សុវណ្ណ បានចូលរួមក្នុងចលនារំដោះជាតិជាច្រើនសម័យ មុននឹងត្រូវបានលើកបន្តុបជានាយករដ្ឋមន្ដ្រីនៅឆ្នាំ១៩៨១។

នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ កាន់តំណែងជានាយករដ្ឋមន្ដ្រីបានតែប្រមាណ៦ខែប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៧មិថុនា ដល់ថ្ងៃទី២ធ្នូ១៩៨១។ លោកត្រូវបានចាប់ខ្លួនដោយជំនាញការវៀតណាម នៅថ្ងៃទី២ធ្នូឆ្នាំ១៩៨១ និងបញ្ជូនទៅឃុំខ្លួននៅប្រទេសវៀតណាមអស់រយៈពេល១០ឆ្នាំនិង៥២ថ្ងៃ។

ក្នុងសៀវភៅ សុបិននិងការពិត លោក វ៉ាន់ឌី កាអុន បានសរសេរថា ការដកហូតដំណែង លោក ប៉ែន សុវណ្ណ គឺបណ្ដាលមកពីលោកប្រមាថទីក្រុងហាណូយយ៉ាងខ្លាំង ដោយចង់មានទំនាក់ទំនងដោយផ្ទាល់ជាមួយទីក្រុងមូស្គូ រំលងទីក្រុងហាណូយ។ និងបណ្ដាលមកពី លោក ប៉ែន សុវណ្ណ ប៉ុនប៉ងរំដោះកម្ពុជាពីការគាបសង្កត់របស់វៀតណាម ហើយប្រឆាំងនឹងនយោបាយអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។ ប៉ុន្តែសំខាន់ជាងនេះ លោកប៉ែន សុវណ្ណ របូតពីតំណែង ហើយត្រូវគេចាប់ដាក់គុក ក៏ព្រោះតែលោកដែលជាអតីតខ្មែរវៀតមិញ ដណ្ដើមតួនាទីដឹកនាំរបស់ក្រុមខ្មែរក្រហមភូមិភាគបូព៌ាប្រឆាំងនឹងប៉ុលពត ដែលគេស្គាល់ថា ជាក្រុមលោក ជា ស៊ីម, ហេង សំរិន, និង ហ៊ុន សែន។ គឺទំនាស់ប្រជែងអំណាចរវាងចរន្តទាំងពីរនេះហើយដែលធ្វើឲ្យវៀតណាមបារម្ភ ហើយបង្ខំចិត្តកម្ចាត់ចោលមួយ។

p-sovann1

កើតនៅថ្ងៃទី១៥មេសា១៩៣៦ នៅក្នុងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ លោក ប៉ែន សុវណ្ណ បានឆ្លងកាត់របបនយោបាយខ្មែរជាច្រើនជំនាន់ ហើយបានចូលរួមចំណែកជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងនោះ។

តាំងពីវ័យត្រឹមតែ១៥ឆ្នាំ កុមារា ប៉ែន សុវណ្ណ បានចូលប្រឡូកនៅក្នុងចលនាខ្មែរឥស្សរៈ ដើម្បីតស៊ូរំដោះជាតិចេញពីអាណានិគមបារាំង។ ក្រោយចលនាតស៊ូប្រឆាំងអាណានិគមបារាំងបញ្ចប់នៅឆ្នាំ១៩៥៤ ប៉ែន សុវណ្ណ ត្រូវគេបញ្ជូនទៅបន្តការសិក្សានៅប្រទេសវៀតណាម ផ្ដើមចេញពីវគ្គបណ្ដុះបណ្ដាលនាយទាហាន រហូតបានចូលសិក្សានៅវិទ្យាស្ថានជាន់ខ្ពស់ផ្នែកនយោបាយនិងសេដ្ឋកិច្ច។ នៅក្នុងអំឡុងពេលរស់នៅនិងរៀនសូត្រនៅប្រទេសវៀតណាមនោះហើយ លោក ប៉ែន សុវណ្ណ មានភរិយា និងមានបុត្រចំនួន៣នាក់ ស្រី២ ប្រុសមួយ។ មតិមួយចំនួនបញ្ជាក់ថា ភរិយារបស់លោក ប៉ែន សុវណ្ណ ជាក្មួយស្រីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ ប៉ុន្តែនៅក្នុងសៀវភៅនាយករដ្ឋមន្ដ្រីខ្មែរទាំង៣៦រូបរបស់លោក ឆាយ សុផល លោក ប៉ែន សុវណ្ណ បានអះអាងថា ភរិយារបស់លោកឈ្មោះកញ្ញា គឺជាជនជាតិខ្មែរកម្ពុជាក្រោម។

លោក ប៉ែន សុវណ្ណ បានត្រឡប់មកកម្ពុជាវិញ ក្រោយរដ្ឋប្រហារថ្ងៃទី១៨មីនា១៩៧០ ដើម្បីចូលរួមជាមួយអង្គការចាត់តាំងខ្មែរក្រហម ទទួលបន្ទុកការងារព័ត៌មានក្រោមបង្គាប់លោក អៀង សារី។ ប៉ុន្តែដោយសារតែដឹងពីគម្រោងអាក្រក់របស់ថ្នាក់ដឹកនាំមកលើខ្លួន លោក ប៉ែន សុវណ្ណ បានរត់ត្រឡប់ប្រទេសទៅវៀតណាមវិញនៅឆ្នាំ១៩៧៤។

លោក ប៉ែន សុវណ្ណ (រូបទី២ រាប់ពីឆ្វេង)

លោក ប៉ែន សុវណ្ណ (រូបទី២ រាប់ពីឆ្វេង)

ឆ្នាំ១៩៧៨ ជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងរបត់ជីវិតលោក ប៉ែន សុវណ្ណ និងនៅក្នុងរបត់ប្រវត្តិសាស្ត្រកម្ពុជា។ ជាពេលដែលលោកបានជួបជាមួយក្រុមខ្មែរក្រហមនៅភូមិភាគបូព៌ាដែលបះបោរប្រឆាំងនឹង ប៉ុល ពត ដឹកនាំដោយ ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន។ លោកប៉ែន សុវណ្ណ និងក្រុមខ្មែរក្រហមភូមិភាគបូព៌ា បានបង្កើតរណសិរ្យមួយ ឈ្មោះថា រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ទីបំផុត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីវៀតណាម បានវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧មករា១៩៧៩។ លោក ប៉ែន សុវណ្ណ ត្រូវបានតែងតាំងជានាយរដ្ឋមន្ដ្រីទី១ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅថ្ងៃទី២៧មិថុនា១៩៨១ ប៉ុន្តែលោកត្រូវគេដកហូតដំណែងនៅចុងឆ្នាំ១៩៨១ ហើយបញ្ជូនទៅឃុំឃាំងនៅប្រទេសវៀតណាម។

2_story_1_1

បន្ទាប់ពីជាប់គុកងងឹតនៅប្រទេសវៀតណាមអស់១០ឆ្នាំនិង៥២ថ្ងៃ លោក ប៉ែន សុវណ្ណ ត្រូវបានដោះលែងឲ្យត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៥មករាឆ្នាំ១៩៩២។ ដំបូងឡើយបានត្រឡប់ចូលមកបម្រើការនៅគណបក្សប្រជាជនកម្ពុជាវិញ មុននឹងងាកទៅចូលរួមជាមួយគណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ី។ ជាបន្តបន្ទាប់ លោក ប៉ែន សុវណ្ណ បានផ្លាស់ប្ដូរទ្រនំ បង្កើតគណបក្សទ្រទ្រង់ជាតិ ដើម្បីដឹកនាំខ្លួនឯង និងចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា នៅឆ្នាំ២០០៧។ មុនពេលទទួលមរណភាព លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក ប៉ែន សុវណ្ណ ចាត់ទុកការជាប់ជាតំណាងរាស្ត្រនៅក្នុងអាណត្តិទី៥នេះ ថាជាពេលវេលាចុងក្រោយនៃជីវិតរបស់លោក ក្នុងការបម្រើជាតិមាតុភូមិ៕

Advertisements

ខែតុលា 30, 2016 at 10:02 ល្ងាច បញ្ចេញមតិ

RFI 2016

dscf9128

ខែតុលា 14, 2016 at 11:52 ល្ងាច បញ្ចេញមតិ

បីសាច – សេនីយ៍ សោវពង្ស

លោកនេះមានបីសាចឬទេ? ចម្លើយងាយស្រួលណាស់ ព្រោះយើងមិនមែនរស់នៅក្នុងយុគសម័យងងឹតនៃវិទ្យាសាស្ត្រទៀតឡើយ។ វិទ្យាសាស្ត្រប្រកបដោយហេតុផលប្រាប់យើងថា ពពួកខ្មោចព្រាយបីសាចនោះ គ្មានឡើយលើលោក។ បើដូច្នោះ ហេតុអ្វីខ្ញុំសរសេររឿងបីសាច ដែលជារឿងរវើរវាយ? ជាការពិត ព្រោះនៅលើលោកយើងនេះ សម្រាប់មនុស្សខ្លះ និងក្រុមមនុស្សខ្លះ បីសាចជាវត្ថុដែលមានពិតប្រាកដ និងកំពុងតែលងបន្លាចពួកគេគ្រប់ខែថ្ងៃ។ វាមិនមែនជាបីសាចដែលកើតពីមនុស្សស្លាប់ទៅហើយ ដែលមកលងបន្លាចមនុស្សរស់ឡើយ។ វាមិនមែនបីសាចដែលធ្វើខ្លួនគួរឲ្យខ្លាចដូច Count Dracula ឬ Frankenstein ឡើយ។ វាជាបីសាចនៃពេលវេលា ហើយបីសាចរស់នេះឯង ដែលកំពុងតែលងបន្លាចមនុស្សរស់ដូចគ្នា។

– បីសាច  ដោយ សេនីយ៍ សោវពង្ស

ខែតុលា 11, 2016 at 2:28 ព្រឹក បញ្ចេញមតិ

ពូ-ក្មួយ

untitled-1

ខែតុលា 6, 2016 at 2:14 ល្ងាច បញ្ចេញមតិ

អណ្ដើក​ហ្លួង សត្វ​ល្មូន​តំណាង​ឲ្យ​កម្ពុជា

អណ្ដើកហ្លួង? ហេតុអ្វីបានជាគេជ្រើសសត្វល្មូននេះតំណាងឲ្យកម្ពុជា? ចុះវាខុសប្លែកពីសត្វអណ្ដើកផ្សេងយ៉ាងម៉េចខ្លះ? ខ្ញុំក៏មិនដឹងដែរ! ហេហេ ខ្ញុំទើបតែបានស្គាល់អណ្ដើកហ្លួងនេះកាលពីដើមសប្ដាហ៍ នៅពេលអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia អញ្ជើញឲ្យទៅស្វែងយល់ពីសត្វអណ្ដើកហ្លួងនៅខេត្តកោះកុង។

dscf7933

អណ្ដើកហ្លួងគឺជាអណ្ដើកមួយប្រភេទដែលកំពុងរងគ្រោះជិតផុតពូជបំផុតនៅលើសកលលោក។ សត្វអណ្ដើកហ្លួងមានវត្តមានតែនៅក្នុងប្រទេសចំនួន៤ប៉ុណ្ណោះ គឺកម្ពុជា ឥណ្ឌា បង់ក្លាដែស និងឥណ្ឌូនេស៊ី។ ក្នុងនោះសត្វអណ្ដើកហ្លួងនៅកម្ពុជា មានចំនួនច្រើនជាងគេ។ (ហ្នឹងហើយ! សរសេរមិនខុសទេ! នៅកម្ពុជាមានសត្វអណ្ដើកហ្លួងច្រើនជាងគេ! ពិសេសទេ?)

អណ្ដើកហ្លួង ឬអណ្ដើកសរសៃ ដែលជាសត្វល្មូនតំណាងឲ្យប្រទេសកម្ពុជា ត្រូវបានបញ្ជូលទៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN និងអនុក្រឹត្យលេខ ១២៣ អនក្រ បក ចុះថ្ងៃទី១២សីហា ឆ្នាំ២០១៤ ថាជាប្រភេទសត្វជិតផុតពូជនៅកម្ពុជា។

ហេតុអ្វីបានជាសត្វនេះជិតផុតពូជ? ព្រោះតែវាត្រូវការរយៈពេលយូរដើម្បីបង្កកំណើត។ ទម្រាំតែអាចបន្តពូជបាន អណ្ដើកហ្លួងត្រូវមានអាយុ២៥ឆ្នាំសិន! សត្វអណ្ដើកហ្លួង រងការគម្រាមកំហែងពីការបំផ្លាញទីជម្រក តាមរយៈការបូមខ្សាច់ ការកាប់ឆ្ការព្រៃលិចទឹក និងការនេសាទខុសច្បាប់ជាដើម។

dscf7950

អង្គការ WCS សហការជាមួយរដ្ឋបាលជលផលកម្ពុជា បានសហការគ្នាអភិរក្សសត្វអណ្ដើកហ្លួងនេះ បន្ទាប់ពីរកឃើញថា ពួកវានៅសេសសល់តិចតួចក្នុងខេត្តកោះកុង នៅឆ្នាំ២០០០។ ក្នុងនោះ ស្ថាប័ននេះបានបង្កើតមជ្ឈមណ្ឌលថែរក្សា ក៏ដូចជាកម្មវិធីការពារសំបុក ដោយមានការចូលរួមពីប្រជាសហគមន៍នៅក្នុងស្រុកស្រែអំបិល។ អ្នកដែលធ្លាប់ប្រមូលពង និងកូនអណ្ដើកទៅលក់ ត្រូវបានជ្រើសរើសឲ្យធ្វើជាបុគ្គលិកគម្រោងដើម្បីស្វែងរក និងការពារសំបុកសត្វអណ្ដើកហ្លួងជំនួសវិញ។ ដោយឡែក កូនអណ្ដើកដែលកើតចេញពីសំបុកការពារនោះ ត្រូវបានយកទៅកាន់មណ្ឌលអភិរក្សដើម្បីចិញ្ចឹមនិងថែរក្សា មុនពេលព្រលែងទៅកាន់ធម្មជាតិវិញ។

dscf7965

ការព្រលែងទៅកាន់ធម្មជាតិនោះទៀតសោត មុននឹងព្រលែង គេបានដាក់ Transmitter ភ្ជាប់ជាមួយសត្វអណ្ដើក ដើម្បីតាមដានវា។ កាលពីឆ្នាំ២០១៥ អង្គការ WCS និង រដ្ឋបាលជលផល បានព្រលែងសត្វអណ្ដើកហ្លួង២១ក្បាលទៅកាន់ធម្មជាតិវិញ ហើយក្នុងនោះ សត្វអណ្ដើកចំនួន៣ក្បាលត្រូវគេរកឃើញថា បានធ្វើដំណើរទៅផ្នែកខាងក្រោមនៃព្រែកស្រែអំបិល កាត់តាមតំបន់ឆ្នេរដល់ទន្លេមួយទៀត មានចម្ងាយជាង៩៧គីឡូម៉ែត្រ ពីកន្លែងលែង។

នៅកម្ពុជា អណ្ដើកហ្លួងត្រូវបានគេរកឃើញថា មានតែនៅក្នុងខេត្តកោះកុងប៉ុណ្ណោះ ពិសេសនៅក្នុងស្រុកស្រែអំបិល តំបន់ទឹកភ្លាវ។ តំបន់ទឹកភ្លាវ មិនមែនដោយសារដាក់ប៊ីចេងជ្រុលទេ ហេហេហេ! តំបន់ទឹកភ្លាវ គឺជាកន្លែងប្រជុំរវាងទឹកសាបនិងទឹកប្រៃ។ ទឹកនៅទីនោះ មិនប្រៃ មិនសាប តែប្រៃឡមៗ។ (ធ្លាប់ភ្លក់ឬទើបដឹង? ហេហេ! មិនបានភ្លក់ទេ! ថាតាមគេប្រាប់ប៉ុណ្ណោះ!)

dscf7945

កាលពីដើម អណ្ដើកហ្លួងត្រូវបានចិញ្ចឹមនិងថែរក្សានៅមជ្ឈមណ្ឌលតូចមួយ។ ប៉ុន្តែឥឡូវនេះ រដ្ឋបាលជលផល និងអង្គការសមាគមអភិរក្សសត្វព្រៃ បានសហការគ្នារៀបចំមណ្ឌលថ្មី ធំជាងមុន ដើម្បីសម្រួលការងារអភិរក្សសត្វអណ្ដើកហ្លួង។ មណ្ឌលថ្មីនោះ គេដាក់ឈ្មោះថា មជ្ឈមណ្ឌលអភរិក្សប្រភេទសត្វល្មូនខេត្តកោះកុង មានទំហំជិត១០ហិកតាឯណោះ។

dscf8060

មជ្ឈមណ្ឌលថ្មី មានកន្លែងថែរក្សាកូនអណ្ដើកហ្លួង មានស្រះទឹកសម្រាប់សត្វអណ្ដើកហ្លួងធំៗ។ សត្វធំៗនៅមណ្ឌលនេះ មានទម្ងន់ដល់ទៅ១០គីឡូក្រាមឯណោះ។

dscf8174-2

ក្រៅពីអណ្ដើក មណ្ឌលនេះក៏មានសត្វក្រពើត្រីផងដែរ!

dscf8144-3

មជ្ឈមណ្ឌលអភិរក្សប្រភេទសត្វល្មូន ដែលនៅមិនឆ្ងាយប៉ុន្មានឡើយពីទីរួមខេត្តកោះកុង។ នាពេលដ៏ឆាប់ខាងមុខ មួយផ្នែកនៃមជ្ឈមណ្ឌលនេះ នឹងត្រូវប្រែក្លាយឲ្យទៅជាមជ្ឈមណ្ឌលទេសចរណ៍ ដើម្បីទាក់ទាញសាធារណៈជនឲ្យចូលទស្សនាស្វែងយល់ពីសត្វអណ្ដើកហ្លួង។ ថវិកាបានពីការលក់សំបុត្រចូលទស្សនាមជ្ឈមណ្ឌលនេះ នឹងត្រូវបង្វិលទាំងស្រុងចូលទៅក្នុងមូលនិធិសម្រាប់ការអភិរក្ស និងថែរក្សាសត្វអណ្ដើកហ្លួង។ កុំភ្លេចទៅលេងទាំងអស់គ្នាណ៎ា! :* :* :*

ខែកញ្ញា 15, 2016 at 11:02 ព្រឹក បញ្ចេញមតិ

ស្ដ្រី​ខ្មែរ​និង​ទិដ្ឋាការ​ទៅ​ប្រទេស​ចិន

ការ​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​ប្រទេស​ចិន សម្រាប់​ស្ដ្រី​ខ្មែរ មាន​លក្ខណៈ​តឹង​រ៉ឹង​ណាស់​។ ខ្ញុំ​បាន​ទៅ​ធ្វើ​ទិដ្ឋាការ​នៅ​ស្ថានទូត​​ចិន​កាល​ពី​អាទិត្យ​មុន​។ គិត​ថា ដំណើរការ​នឹង​ដូច​គ្នា​ទៅ​នឹង​ការ​ស្នើ​សុំ​ទិដ្ឋាការ​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​ដែរ។ ប៉ុន្តែ សម្រាប់​ស្ដ្រី​ខ្មែរ​ដែល​មាន​អាយុ​ពី​១៨​ឆ្នាំ​ទៅ​ដល់​៣០​ឆ្នាំ និង​ដែល​មិន​ធ្លាប់​ទៅ​កាន់​ប្រទេស​ចិន ស្ថានទូត​តម្រូវ​ឲ្យ​នារី​នោះ ទៅ​កាន់​ស្ថានទូត​ដោយ​ខ្លួន​ឯង ដើម្បី​ស្នើ​សុំ​ទិដ្ឋាការ​។

ក្រៅ​តែ​ពី​ការ​បង្ហាញ​វត្តមាន​របស់​ខ្លួន​ហើយ នារី​ខ្មែរ​ត្រូវ​បាន​ខាង​ស្ថានទូត​សម្ភាស និង​តម្រូវ​ឲ្យ​សរសេរ​លិខិត​ធានា​ពី​ការ​វិល​ត្រឡប់​របស់​ខ្លួន មក​កាន់​កម្ពុជា​វិញ​​ថែម​ទៀត​ផង​។

វា​មិន​មែន​ជា​រឿង​ចម្លែក​ទេ ដែល​ស្ថានទូត​ចិន រឹត​បន្តឹង​ចំពោះ​ការ​សុំ​ទិដ្ឋាការ​របស់​នារី​ខ្មែរ ទៅ​កាន់​ប្រទេស​ចិន​។ ព្រោះ​ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ជា​រៀង​រាល់​ឆ្នាំ ស្ដ្រី​ខ្មែរ​ច្រើន​ណាស់ ដែល​បាន​ចាញ់​បោក​ការ​បញ្ឆោត​ឲ្យ​ទៅ​រៀបការ​នៅ​ប្រទេស​ចិន​។ វា​ធ្វើ​ឲ្យ​អន្ដរជាតិ​មើល​ឃើញ​ប្រទេស​ចិន​ក្នុង​រូបភាព​មិន​ល្អ ហើយ​ខ្មែរ​ខ្លួន​ឯង បាន​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​អំពើ​ខុស​ច្បាប់​ដោយ​អតនោម័ត។

បើ​ទោះ​បី​ជា​ដំណើរការ​​តឹងរ៉ឹង​បន្តិចក៏​ដោយ ប៉ុន្តែ​ចុង​ក្រោយ ខ្ញុំ​បាន​ទទួល​ហើយ ទិដ្ឋាការ​ទៅ​កាន់​ប្រទេស​ចិន​។

VisatoChina

ខ្ញុំ​នឹង​ទៅ​ទីក្រុង​ក្វាងចូវ ប្រទេស​ចិន នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា​នេះ តាម​ជើង​ហោះហើរ​ China Southern Airlines។ នេះ​ជា​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន លើក​ទី​១​របស់​ខ្ញុំ​៕

ខែ​មីនា 3, 2016 at 10:25 ព្រឹក បញ្ចេញមតិ

DSCF6402

ខែតុលា 23, 2015 at 10:12 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


ការបន្ទាន់សម័យ Twitter

Instagram

ខែតុលា 2017
អា ព្រ សុ
« កញ្ញា    
1234567
891011121314
15161718192021
22232425262728
293031  

បណ្ណសារ


%d bloggers like this: