Posts filed under ‘DDiary’

DDiary: Day#4

បន្ទាប់ពីគេចមុខ មិននិយាយរកដុំគ្រួសអស់ពេលមួយខែ ម្សិលមិញគ្រាប់ពេជ្របានញញឹមដាក់ដុំគ្រួស។ ដុំគ្រួសដូចខ្ញុំ មិនដឹងថាវាជាការសើចសល់ពីណាមកទេ ប៉ុន្តែខ្ញុំរលីងរលោងទឹកភ្នែក រំភើបពេលបានទទួលស្នាមញញឹមនោះ។

ចាប់ពីស្អែកទៅ ខ្ញុំលែងបានឃើញដុំពេជ្រទៀតហើយ។ បើទោះជាខ្ញុំស្ដាយ ខ្ញុំមិនអស់ចិត្ត ក៏គាត់បានសម្រេចចិត្តទៅហើយ។ ដុំគ្រួសដូចខ្ញុំ គឺបានត្រឹមតែជូនពរគាត់ជោគជ័យនៅផ្ទះថ្មី​តែ​ប៉ុណ្ណោះ​។

ដុំពេជ្រជារៀមច្បងដ៏គួរឲ្យគោរព។ គាត់មិនត្រឹមតែជារៀមច្បង តែជាគ្រូ។ ដុំគ្រួសដូចខ្ញុំ ប្រហែលជានៅត្រឹមតែជាគ្រាប់ខ្សាច់ប៉ុណ្ណោះ បើគ្មានការណែនាំ ប្រៀនប្រដៅពីគាត់ និងរៀមច្បងផ្សេងទៀត។ ខ្ញុំ​នៅ​ចាំ​បាន​យ៉ាង​ច្បាស់ ថ្ងៃ​មួយ​ខ្ញុំ​ត្រូវ​សរសេរ​ព័ត៌មាន​ពី​សាលាក្ដី​ខ្មែរ​ក្រហម​។ ដុំ​គ្រួស​ដូច​ខ្ញុំ ដែល​ទើប​តែ​ត្រូវ​គេ​ទម្លាក់​មក​នៅ​ក្នុង​ពាង​ថ្មី ដឹង​ចេះ​តែ​ដឹង ប៉ុន្តែ​មិន​ស៊ី​ជម្រៅ​ទេ​នៅ​ក្នុង​រឿង​សាលាក្ដី​នេះ​។ ខ្ញុំ​ចាំ​បាន​ថា កាល​ណោះ ក្រោយ​ពី​បាន​មើល​ឯកសារ​អស់​មួយ​ព្រឹក​ធំ ខ្ញុំ​ក៏​បាន​បញ្ចប់​អត្ថបទ​។ ដោយ​ឃើញ​គ្រាប់​ពេជ្រ​នៅ​កន្លែង និង​ដោយ​គាត់​មិន​ឃើញ​រវល់​ណាស់​ណា ខ្ញុំ​ក៏​បាន​ចូល​ទៅ​សួរ​នាំ​គាត់.. សុំ​ឲ្យ​គាត់​ជួយ​ពិនិត្យ​មើល​អត្ថបទ​ដែល​ខ្ញុំ​សរសេរ​បន្តិច តើ​វា​មាន​ខុស ឬ​ខ្វះ​ចន្លោះ​ត្រង់​ណា​ដែរ​ទេ? គាត់​មិន​ត្រឹម​តែ​ជួយ​ពិនិត្យ​អត្ថបទ​ខ្ញុំ​ទេ ប៉ុន្តែ​ថែម​ទាំង​ពន្យល់​ប្រាប់​បន្ថែម​អំពី​ការងារ​សាលាក្ដី​ថែម​ទៀត​។

មាន​រឿង​ច្រើន​ទៀត ដែល​ដុំ​ពេជ្រ​បាន​ជះ​រស្មី​ចែង​ចាំង​មក​ដល់​ដុំ​គ្រួស​ដូច​ខ្ញុំ​។ បើ​ទោះ​បី​ជា​គាត់​ចាក​ចេញ មិន​និយាយ​រក​ខ្ញុំ មិន​ពេញ​ចិត្ត​ខ្ញុំ ក៏​សម្រាប់​ខ្ញុំ គាត់​នៅ​តែ​ជា​រៀម​ច្បង​ដែល​ខ្ញុំ​គោរព​ស្រឡាញ់​ត​រៀង​ទៅ​៕

Advertisements

ខែ​មេសា 29, 2015 at 3:22 ល្ងាច បញ្ចេញមតិ

DDiary: Day#3

ថ្ងៃនេះជាថ្ងៃសម្រាករបស់ដុំគ្រួស ទើបសម្រេចចិត្តជូនម៉ាក់យាយទៅស្រុក ដើម្បីបានឡើងស្ពាន ត្សឹបាសា ដែលទើបតែសម្ពោធឲ្យប្រើផង។

នៅស្រុកកំណើត កុំហៅខ្ញុំថា ដុំគ្រួស ព្រោះគ្មាននរណាជឿទេ។ ក្នុងពេលដែលក្មេងៗតំណាលគ្នាទើបតែរៀនវិទ្យាល័យ ខ្ញុំបានបញ្ចប់ជីវិតជាសិស្សដោយទទួលបានជ័យលាភីសិស្សពូកែទូទាំងប្រទេស និងបានហក់ចូលប្រឡូកក្នុងជីវភាពជានិស្សិតរួចហើយ។ ក្នុងពេលដែលក្មេងៗតំណាលគ្នានៅរៀនវិទ្យាល័យនិងនៅចាយលុយឪពុកម្ដាយ និស្សិតឆ្នាំទី១ដូចខ្ញុំមានការងារធ្វើ និងលែងលាដៃសុំលុយឪពុកម្ដាយចាយរួចទៅហើយ។

ក្នុងពេលដែលក្មេងៗស្របាលគ្នាទើបតែរៀនចប់សាកលវិទ្យាល័យ ខ្ញុំបានក្លាយទៅជានិពន្ធនាយកទស្សនាវដ្ដី រៀបចំបង្កើត ព្រមទាំងដឹកនាំក្រុមការងារដោយជោគជ័យ។ ហើយនៅពេលដែលក្មេងៗស្រករគ្នាទើបតែរកបានការងារធ្វើ ឬរកមិនទាន់បានធ្វើផង ខ្ញុំបានហក់ចូលធ្វើការក្នុងស្ថាប័នកម្រិតអន្ដរជាតិមួយរួចទៅហើយ។ ដូច្នេះ បើអ្នកទៅខ្សឹបប្រាប់គេថា ខ្ញុំជាដុំគ្រួស នោះគេមិនត្រឹមតែមិនជឿអ្នកប៉ុណ្ណោះទេ គេថែមទាំងអាចនឹងអួតសរសើរប្រាប់អ្នកទៀតផង ថាខ្ញុំជាដុំពេជ្រ។

យ៉ាងណាក៏ដោយ នៅក្នុងចំណោមដុំគ្រួស ខ្ញុំអាចជាដុំពេជ្រ។ តែនៅក្នុងចំណោមគំនរដែលលាយឡំទៅដោយដុំពេជ្រនិងដុំគ្រួស ខ្ញុំគ្រាន់តែជាដុំគ្រួសមួយប៉ុណ្ណោះ៕

ខែ​មេសា 9, 2015 at 10:37 ល្ងាច បញ្ចេញមតិ

DDiary: Day#2

អាកាសធាតុនៅតែត្រជាក់។ សឹងតែត្រជាក់ជាងពីម្សិលផង។

ថ្ងៃនេះ សំណួរដែលរដ្ឋាភិបាលសួរមកកាន់ដុំគ្រួសមុនគេគឺ «តើមានគេនិយាយរកឬអត់?» តាមពីក្រោយពាក្យលួងចិត្តដដែលៗថា​ «កុំបារម្ភ!»។

ខ្ញុំដើរអូសជើងដែលធ្ងន់ដូចភ្នំ Fuji ចេញពីវិមានរដ្ឋាភិបាល ហើយសួរខ្លួនឯងថា តើខ្ញុំបានត្រៀមខ្លួនហើយឬនៅសម្រាប់ទម្ងន់ជើងថ្ងៃនេះ? តើខ្ញុំត្រៀមខ្លួនហើយឬនៅសម្រាប់ទឹកមាត់ដែលនឹងធ្លាក់មកលើដុំគ្រួសនៅថ្ងៃនេះ? មេឃខ្មៅទាំងព្រឹក រកកលចង់ភ្លៀង តែខ្ញុំស្រែកប្រាប់មេឃខ្លាំងៗនៅក្នុងចិត្តថា កុំភ្លៀង! បើមេឃបាក់ក៏បាក់ចុះ ប៉ុន្តែមិនត្រូវភ្លៀងជាដាច់ខាត។

ពេលដែលមិនទាន់មានមនុស្សមកដល់ ខ្ញុំចេះតែលួងខ្លួនឯងថា វាមិនមែនជារឿងស្រួលនោះទេ។ ប៉ុន្តែខ្ញុំត្រូវចាំបាច់អត់ធន់ឱ្យដល់កំពូល។

គួរប្លែក ខ្ញុំគិតថា អត់មាននរណាស្ដោះទឹកមាត់ដាក់ដូចពីម្សិលទេ ហើយក៏អត់មាននរណាដើរជាន់ដូចពីម្សិលដែរ។ ប៉ុន្តែអាកាសធាតុនៅតែត្រជាក់។ ខ្ញុំមិនដឹងថា ស្ថានភាពបែបនេះនឹងបន្តរហូតដល់ពេលណាទេ។ ខ្ញុំគ្រាន់តែដឹងថា វាត្រូវការពេល។ ដុំគ្រួសត្រូវការពេល។ ហើយគ្រប់គ្នាក៏ត្រូវការពេលដូចគ្នា។ ប៉ុន្តែខ្ញុំបន់ស្រន់សូមកុំឲ្យវាយូរពេក៕

ខែ​មេសា 8, 2015 at 10:10 ល្ងាច បញ្ចេញមតិ

DDiary: Day#1

ខ្ញុំ​ប្រែ​ក្លាយ​ពី​មនុស្ស​ធម្មតា ទៅ​ជា​ដុំ​គ្រួស​នៅ​ក្នុង​ថ្ងៃ​ទី​១​។ អាកាសធាតុ​ក៏​ប្រែ​ជា​ត្រជាក់​ខ្លាំង​ជាង​សព្វ​មួយ​ដង ព្រោះ​ខ្វះ​ភាព​កក់​ក្ដៅ​។

ស្វាគមន៍​មក​កាន់​ការពិត​ដ៏​សាហាវ​ឃោរឃៅ​។ ពលរដ្ឋ​មិន​ពេញ​ចិត្ត​ជាមួយ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ទេ​។ ប៉ុន្តែ រដ្ឋាភិបាល​គ្មាន​រង​សម្ពាធ​អី​ទេ​។ មាន​តែ​ដុំ​គ្រួស​ដូច​ខ្ញុំ​ប៉ុណ្ណោះ​ដែល​ត្រូវ​អ្នក​ផង​ដើរ​ជាន់ និង​ស្ដោះ​ទឹក​មាត់​ពី​លើ​។ តើ​គេ​គួរ​តែ​គិត​ឡើង​វិញ​បន្តិច​ឬ​ទេ ថា​អ្វី​ទៅ​ដែល​គេ​មិន​ពេញ​ចិត្ត​? ដុំ​គ្រួស ឬ​រដ្ឋាភិបាល​? តើ​គេ​គួរ​តែ​គិត​ឡើង​វិញ​បន្តិច​ឬ​ទេ ថា​ប្រសិន​បើ​អ្នក​នោះ​មិន​មែន​ជា​ខ្ញុំ តែ​ជា​មនុស្ស​ក្មេង​ណា​ម្នាក់​ក្នុង​ចំណោម​យើង តើ​ប្រតិកម្ម​ទាំង​នេះ នឹង​កើត​មាន​ដូច្នេះ​ទេ?

ដុំ​គ្រួស​ដូច​ខ្ញុំ រង​សម្ពាធ​នៅ​ចំ​កណ្ដាល​។ តើ​រឿង​ដែល​កើត​ឡើង​អស់​ទាំង​នេះ វា​ជា​កំហុស​របស់​ខ្ញុំ​ឬ?

ថ្ងៃ​នេះ​ភ្លៀង​ធំ​ណាស់​។ តែ​ភ្លៀង​នឹង​ធ្លាក់​តែ​មួយ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​។ ស្អែក ខាន​ស្អែក និង​ត​ទៅ​ថ្ងៃ​មុខ គ្មាន​ទៀត​ឡើយ​ភ្លៀង មាន​តែ​អាកាសធាតុ​ត្រជាក់​ៗ​តែ​ប៉ុណ្ណោះ​។ អ្នក​ផ្សេង​គ្រាន់​តែ​ត្រជាក់ តែ​ដុំ​គ្រួស​ដូច​ខ្ញុំ រងា​រឹង​ថ្គាម​៕

ខែ​មេសា 7, 2015 at 8:32 ល្ងាច បញ្ចេញមតិ


ការបន្ទាន់សម័យ Twitter

Instagram

ខែតុលា 2017
អា ព្រ សុ
« កញ្ញា    
1234567
891011121314
15161718192021
22232425262728
293031  

បណ្ណសារ


%d bloggers like this: