Posts filed under ‘ភាពយន្ដ’

ទំលុះ​វេហា​តាម​រក​ឈ្មោះ​អ្នក.. Your Name (2016)

យុវជនរស់នៅទីក្រុងតូក្យូឈ្មោះ ថាគិ នាល្ងាចថ្ងៃមួយ បានឈរសម្លឹងមើលផ្កាយដុះកន្ទុយខ្នាតធំមួយ ដែលហោះកាត់មេឃ បង្កើតជាពន្លឺភ្លឺចិញ្ចាច។ ជាហេតុការណ៍កម្រ មិនដឹងប៉ុន្មានរយឆ្នាំទើបបានឃើញម្ដង។ ថាគិ មើលផ្កាយដុះកន្ទុយនោះយ៉ាងជក់ចិត្ត ដោយមិនដឹងសោះឡើយថា វត្តមាននៃផ្កាយដុះកន្ទុយនាល្ងាចថ្ងៃនោះ ធ្វើឲ្យជីវិតរបស់គេ ត្រូវផ្លាស់ប្ដូរជារៀងរហូត។

title-1

ឆ្ងាយពីតូក្យូ នៅក្រុងជនបទដាច់ស្រយាលមួយកន្លែង ប្រជាជននៅទីនោះកំពុងតែរៀបចំពិធីបុណ្យភូមិ ដោយមានដាក់តាំងលក់នំចំណី និងការសម្ដែងសិល្បៈថែមទៀត។ នារីជំទង់ មិសឹហៈ គ្រងដោយឈុតប្រពៃណីជប៉ុន យ៉ូកៈតៈ មិនសូវសប្បាយចិត្តប៉ុន្មានទេ។ រំពេញនោះ នៅចំពោះមុខ មិសឹហៈ ផ្កាយដុះកន្ទុយស្រាប់តែហោះកាត់មេឃ។ មិសឹហៈ តាមសម្លឹងបន្ទាត់ផ្លូវលើអាកាសដែលផ្កាយមួយដួងនោះហោះកាត់ដោយមិនដាក់ខ្សែភ្នែក ដូចមានអ្វីសង្កត់វិញ្ញាណ។

តើផ្កាយដុះកន្ទុយនោះ មានអ្វីពិសេស? មិសឹហៈ ម៉េចនឹងដឹង? ទម្រាំតែដឹង ព្រលឹងនិងវិញ្ញាណរបស់នាង ស្រាប់តែសន្ធិតនៅក្នុងរាងកាយរបស់ ថាគិ រួចទៅហើយ!

66f51e76f1e145cf9f1185ae276037a2

អ្នកដឹកនាំរឿង

君の名は。Kimi no Na wa ឬ Your Name គឺជាភាពយន្តតុក្កតារបស់ជប៉ុន បែបវិទ្យាសាស្ត្រប្រឌិតនិងស្នេហា និពន្ធ និង ដឹកនាំដោយ Makoto Shinkai។ ប្រសិនបើអ្នកអានមិនធ្លាប់ស្គាល់ Makoto Shinkai ទេ គួរចាប់ផ្ដើមស្គាល់ពីពេលនេះតទៅ ព្រោះទៅថ្ងៃមុខ អ្នកដឹកនាំរឿងរូបនេះហើយដែលនឹងចូលមកស្នងតំណែងស្ថាបនិកស្ទូឌីយោ Ghibli – លោក Hayao Miyazaki។

9252064159_215c498050_o

Makoto Shinkai មែនទែនទៅ មិនមែនជាឈ្មោះថ្មីទេ សម្រាប់អ្នកនិយមមើលតុក្កតាជប៉ុន។ គ្រាន់តែថា រឿងមុនៗរបស់គាត់ មិនទាន់ល្បីល្បាញខ្លាំងក្នុងកម្រិតអន្ដរជាតិនៅឡើយ។ Makoto Shinkai ធ្លាប់ដឹកនាំរឿងកុនតុក្កតាខ្នាតវែងសរុបទាំងអស់៥រឿង៖ The Place Promised in Our Early Days, 5 Centimeters Per Second, Children Who Chase Lost Voices, The Garden of Words, និងចុងក្រោយគឺរឿង Your Name។

រឿងទាំង៥នេះ មានចំណុចរួមមួយចំនួន ដែលជាបច្ច័យធ្វើឲ្យ Makoto Shinkai ចាប់ផ្ដើមមានអ្នកគាំទ្របន្តិចម្ដងៗ នោះគឺ ហ្គ្រាហ្វិក និង Cinematography ដ៏ស្រស់ស្អាតប្លែកទាក់ភ្នែក។

ចំណែកសាច់រឿងវិញ តាមដែលខ្ញុំបានមើលកន្លងមក Makoto Shinkai អភិវឌ្ឍបន្តិចម្ដងៗ ជាពិសេសពីររឿងចុងក្រោយ។ ពីររឿងចុងក្រោយ ដែលខ្ញុំហ៊ាននិយាយថា គាត់រកឃើញអត្តសញ្ញាណរបស់កុនតុក្កតាជប៉ុន ដែលធ្វើឲ្យគ្រប់គ្នាទទួលស្គាល់ស្នាដៃរបស់គាត់ ទាំងក្នុងកម្រិតជាតិ និងកម្រិតអន្ដរជាតិ។

អត្តសញ្ញាណរបស់កុនតុក្កតាជប៉ុន ដែលជោគជ័យ ទោះជាប្រភេទរឿងអ្វីក៏ដោយ តែងតែដាក់បញ្ចូលនូវរបៀបរបបរស់នៅ វប្បធម៌ ប្រពៃណីរបស់សង្គមជប៉ុន។ រឿងដំបូងៗរបស់ Makoto មិនសូវមានធាតុនេះទេ ឧទាហរណ៍រឿង The Place Promised in Our Early Days និង រឿង 5 Centimeters Per Second ជាដើម។ តែក្រោយៗមក នៅក្នុងរឿង The Garden of Words, និងចុងក្រោយគឺរឿង Your Name គេឃើញមានការស្លចូលគ្នានូវសាច់រឿង ជាមួយនឹងប្រពៃណី ជំនឿ ឬការរស់នៅក្នុងសង្គមជប៉ុន។

kotonoha-no-niwa-full-1515916

ប្លង់មួយនៅក្នុងរឿង The Garden of Words

ហ្គ្រាហ្វិក និង Cinematography ដ៏ស្រស់ស្អាតប្លែកទាក់ភ្នែក និង ការរកឃើញអត្តសញ្ញាណរបស់កុនតុក្កតាជប៉ុនដូច្នេះ បានធ្វើឲ្យរឿង Your Name ដែលជារឿងចុងក្រោយបង្អស់ Makoto ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី រហូតត្រូវស្នើឈ្មោះទៅក្នុងពានរង្វាន់អូស្កាថែមទៀត។

Kimi no Na wa ឬ Your Name នឹងចាក់បញ្ចាំងក្នុងរោងកុនស្រុកខ្មែរឆាប់ៗនេះហើយ។ តែប្រសិនបើអ្នកអានអន្ទះសាដូចខ្ញុំ ហើយទ្រាំចាំរោងកុនចាក់បញ្ចាំងមិនបានទេ អាចចំណាយពេលស្វែងរកនៅតាមវេបសាយ Torrent បាន។ ពេលមើលរួច កុំភ្លេចមកខំមិនប្រាប់គ្នាផងថាយល់យ៉ាងណា!

Advertisements

ខែ​កុម្ភៈ 9, 2017 at 3:25 ល្ងាច បញ្ចេញមតិ

សង្គ្រាម​ព្រាន​ព្រៃ​និង​រាជនី​ទឹក​កក The Huntsman Winter’s War (2016)

នេះប្រហែលជាលើកទីមួយហើយ ដែលខ្ញុំវិភាគកុនដែលកំពុងតែបញ្ចាំងនៅក្នុងរោង។ ដូច្នេះ ប្រសិនបើអ្នកអានចាប់អារម្មណ៍ទៅមើលនៅរោងកុន អាចទៅមើលបាន។ ឬបើពុំដូច្នោះទេ អ្នកអាចរង់ចាំរហូតដល់រឿងនេះចាប់កំណើតនៅលើ Torrent ក៏បាន។ 😀

The+Huntsman+Winter's+War

អូខេ! ដូចរាល់ដង យើងនឹងចាប់ផ្ដើមពី Trailer និងការសង្ខេបរឿង!

តាមចំណងជើងរឿង The Huntsman Winter’s War នេះ ដំណាលពីសង្គ្រាមរវាងព្រានព្រៃ និងរាជនីដែនដីទឹកកក Freya។ Freya ដំបូង រស់នៅក្នុងនគរក្រោមការគ្រប់គ្រងរបស់បងស្រីនាង គឺ Ravenna។ ប៉ុន្តែបន្ទាប់ពីបានបាត់បង់កូនស្រីជាទីស្រឡាញ់ Freya បានចាកចេញពីនគររបស់បងស្រី ដើម្បីទៅបង្កើតនគរថ្មីដែលនាងគ្រប់គ្រងដោយខ្លួនឯង។ នៅទីនោះ នាងបញ្ជាឲ្យពលទាហានក្រោមបង្គាប់ ចាប់យកក្មេងតូចៗមកបង្ហាត់បង្រៀនវិជ្ជាតស៊ូ និងហៅពួកគេថា Huntsman។

12909620_1165604933480361_1757746067133448157_o

Huntsman ទាំងអស់ត្រូវរស់នៅក្រោមច្បាប់នៃនគរទឹកកក ដែលមានតែមួយគត់ គឺមិនត្រូវមានស្នេហាជាដាច់ខាត។ ប៉ុន្តែបញ្ហាធំបានកើតឡើងនៅពេលដែល Freya រកឃើញថា ព្រានព្រៃដែលមានថ្វីដៃឯកជាងគេរបស់នាងពីរនាក់ លួចលាក់មានស្នេហាជាមួយគ្នា។ ពេលដឹងរឿងនេះ Freya ក៏ចាប់បំបែកអ្នកទាំងពីរឲ្យឃ្លាតចាកឆ្ងាយពីគ្នា។ កុំភ្លេចឲ្យសោះថា នៅក្នុងនគររបស់រាជនីទឹកកក Freya នរណាក៏មិនអាចមានស្នេហាបានដែរ!

the-huntsman-winters-war-chris-hemsworth

សម្រាប់អ្នកខ្លះដែលធ្លាប់មើលរឿង Snow White & The Huntsman (2012) ប្រហែលជាគិតថា រឿង The Huntsman Winter’s War (2016) នេះ ជារឿងតភាគគ្នា។ ប៉ុន្តែមែនទែនទៅ នៅក្នុងសាច់រឿង បើទោះបីជាមានការរំលឹកពី Snow White ក៏ដោយ ក៏យើងយល់ច្បាស់ថា រឿងទាំងពីរ ផ្ដោតលើមុំផ្សេងគ្នា។ រឿងក្រោយនេះ ផ្តោតសំខាន់លើទំនាក់ទំនងបងប្អូនរវាង Freya និង Ravenna ការបង្កើតនគរថ្មីរបស់ Freya គំនុំនិងក្ដីសោកសង្រេងដែលកប់នៅក្នុងទ្រូងរបស់រាជនីទឹកកក ក៏ដូចជាដំណើរជីវិតរបស់គូស្នេហ៍ព្រានព្រៃ Eric និង Sara។

អ្នកដែលធ្លាប់ខកចិត្តជាមួយរឿង Snow White & The Huntsman កាលពីបួនឆ្នាំមុន (ដូចជាខ្ញុំ) ប្រហែលជាត្រូវប្រមូលភាពក្លាហានខ្លាំងគួរសម ទម្រាំហ៊ានហូតលុយពីហោប៉ៅទៅទិញសំបុត្រកុន (រឿង 3D ណ៎ា! មិនមែនថោកប៉ុន្មានឡើយ)។ ប៉ុន្តែប្រសិនបើបានមើល ខ្ញុំគិតថា អ្នកនឹងមិនខកចិត្តជាលើកទី២ឡើយ។

សម្រាប់ការយល់ឃើញផ្ទាល់ខ្លួនខ្ញុំ រឿងនេះមិនល្អឥតខ្ចោះទេ ព្រោះគីឡូខ្ញុំត្រឹមអ្នកនិពន្ធ អាចទាយដឹងសាច់រឿងរួចទៅហើយ។ ប៉ុន្តែ វាល្មមធ្វើឲ្យអ្នកមើលភ្លើតភ្លើនទៅតាមសាច់រឿងខ្លះដែរ (បើមិនរាប់កន្លែងខ្លះដែលសាំ ស៊ីម៉ោង)។ យ៉ាងហោច អ្នកមើលក៏នឹងសប្បាយភ្នែកជាមួយ CGI ដ៏ស្រស់ស្អាត ដែលអាចបន្លំបាននឹងធម្មជាតិមែនទែន! លើសពីនេះ ខ្ញុំសូមបង្ហើបប្រាប់យកបុណ្យទៅចុះថា សម្លៀកបំពាក់តួសម្ដែងស្អាតខ្លាំងណាស់! Costume Designer រឿងនេះ គឺ Colleen Atwood ធ្វើបានល្អមែនទែន!

កុនរឿងនេះ មិនអាចចប់បានទេ បើគ្មានវត្តមានកញ្ចក់ទិព្វ ដែលគ្រាន់តែឃើញវា គាថាក៏អណ្ដែតមកនៅនឹងមាត់ភ្លាមដែរ៖ Mirror Mirror on the wall, who is the fairest of them all…

maxresdefault.jpg

គឺកញ្ចក់ទិព្វនេះហើយដែលធ្វើឲ្យ Ravenna រស់ឡើងវិញ។ និងដោយសារតែកញ្ចក់ទិព្វនេះហើយ ដែលធ្វើឲ្យរាជនីទឹកកក Freya ដឹងថា អ្វីជាការពិត អ្វីជាការកុហកបោកប្រាស់។ រឿងចប់ ក៏ដោយសារតែកញ្ចក់នេះវិនាសបែកសាបសូន្យផងដែរ។ បើកញ្ចក់នេះ មិនបែកទេ សង្ស័យតែត្រូវអង្គុយក្នុងរោងកុនច្រើនជាង២ម៉ោងផងក៏មិនដឹង ហេហេ!

ខែ​មេសា 21, 2016 at 5:44 ល្ងាច បញ្ចេញមតិ

Once (2007) គ្រា​មួយ យើង​ធ្លាប់​ស្គាល់​គ្នា

មួយរយៈចុងក្រោយនេះ ខ្ញុំឆ្លៀតពេលទំនេរពីការងារសរសេរសាច់រឿងសម្រាប់ភាពយន្ត។ ដំបូង វារំភើបដូចយន្តហោះ ហោះឡើងលើមេឃ ប៉ុន្តែចុងក្រោយរកកន្លែងចុះចតមិនរួច។ ដើម្បីបញ្ចប់សាច់រឿង ខ្ញុំត្រូវការ Inspiration ទើបសម្រេចចិត្តបើក Hard Drive រកកុនមើល។ នៅក្នុង Hard Drive របស់ខ្ញុំមានកុនរាប់រយ ដែលដោនឡូតខ្លួនឯងខ្លះ និងសុំពីពួកម៉ាកខ្លះ។ រឿងខ្លះក៏ចាស់ រឿងខ្លះក៏ថ្មី ខ្លះខ្ញុំធ្លាប់មើល ហើយខ្លះទៀតមិនធ្លាប់មើលសោះតែម្ដង។ ថ្ងៃនោះ ខ្ញុំសម្រេចចិត្តជ្រើសមើលរឿងដែលមានចំណងជើងខ្លីៗថា Once (2007)។

រឿង Once នេះ ដំណើរទៅមុខដោយសារចម្រៀង ដែលគេហៅថា Musical Movie។ Musical Movies មានប្រវត្តិយូរអង្វែងនៅក្នុងវិស័យភាពយន្ត ហើយខ្ញុំជឿថាលោកអ្នកប្រាកដជាធ្លាប់បានទស្សនារឿងប្រភេទនេះ លើកឧទាហរណ៍ដូចជា High School Musical, Les Misérables, និង Mamma Mia ជាដើម។ រឿងទាំងប៉ុន្មានដែលលើកមកធ្វើជាឧទាហរណ៍នេះ ភាគច្រើននិយាយពីតួអង្គច្រើននាក់ នៅក្នុងរឿងតែមួយ។ ប៉ុន្តែរឿង Once ដែលយើងនឹងទៅស្គាល់នេះ ពេញមួយរឿង និយាយតែពីតួអង្គតែពីរនាក់គត់!

Once_(2006_film)poster

ម្នាក់ជាបុរសវ័យអ្នកតន្ត្រី តែធ្វើការនៅហាងជួសជុលម៉ាស៊ីនបូមធូលីរបស់ឪពុក។ ដោយសារជាអ្នកតន្ដ្រី ស្រឡាញ់តន្ត្រី បុរសម្នាក់នេះច្រើនតែចេញទៅលេងភ្លេងនៅតាមចិញ្ចើមផ្លូវនៅក្នុងក្រុងឌុយប្លាំង។ ម្នាក់ទៀតជានារីជនជាតិឆែក ដែលទើបតែផ្លាស់មកនៅទីក្រុងឌុយប្លាំង ប្រទេសអៀរឡង់។ នាងស្រឡាញ់តន្ត្រី ស្រឡាញ់ចម្រៀង ចូលចិត្តលេងព្យាណូ តែនាងគ្មានព្យាណូផ្ទាល់ខ្លួនទេ។ ពេលចង់លេងព្យាណូ នាងត្រូវទៅសុំលេងព្យាណូនៅក្នុងហាងលក់ឧបករណ៍តន្ត្រីមួយកន្លែង។

once

ទាំងពីរនាក់បានមកជួបគ្នាក្នុងថ្ងៃមួយ។ ជួបគ្នា ស្គាល់គ្នា ហើយជួយគ្នាឲ្យសម្រេចបាននូវក្ដីសុបិនរៀងៗខ្លួន។

Once 2006

សាច់រឿងរំភើបមធ្យម ងំគឺនៅត្រង់ចម្រៀងនេះតែម្ដង! ពិរោះណាស់លោកអ្នក! ជាពិសេសបទ Falling Slowly ដែលឈ្នះរង្វាន់អូស្ការ ផ្នែកចម្រៀងនិពន្ធថ្មីល្អបំផុត កាលពីឆ្នាំ២០០៨។ បទនេះច្រៀងដោយ តួសម្ដែងប្រុសនិងតួសម្ដែងស្រីក្នុងរឿង Once គឺ Glen Hansard និង Markéta Irglová។

សម្រាប់ខ្ញុំ បើទោះបី Once ជារឿងមនោសញ្ចេតនាស្នេហា ប៉ុន្តែវាមានលក្ខណៈខុសពីរឿងដទៃៗទៀតខ្លាំងគួរសមដែរ។ ខ្ញុំហៅកុននេះថាជារឿងសិល្បៈដែលឆ្លុះបញ្ចាំងពីជីវិតពិត។ ជីវិតដែលជាទូទៅ មិនសមបំណងគ្រប់ពេល។ មានគ្រាខកចិត្ត មានគ្រាខូចចិត្ត។ មានគ្រាដែលជីវិតត្រូវគេបោះបង់ និងមានគ្រាដែលមនុស្សដែលបោះបង់យើងនោះ ត្រឡប់មករកយើងវិញ។

Once គ្រាមួយ យើងធ្លាប់ស្គាល់គ្នា…

ខែ​មេសា 21, 2016 at 11:34 ព្រឹក បញ្ចេញមតិ

Our Little Sister (2015) រឿង​គ្រួសារ​ជា​រឿង​ល្អិត​ល្អន់

51411

សម្គាល់៖ អ្នកដែលរំពឹងថារឿងនេះពោរពេញទៅដោយមនោសញ្ចេតនាជោគជាំ និងទំនាស់រឿងធ្ងន់ធ្ងរដែលឡើងដល់កម្រិតកំពូល ប្រហែលជាត្រូវខកចិត្ត ព្រោះកុនរឿង ប្អូនស្រីតូចរបស់យើង នេះ គ្មានឲ្យអ្នកទេ។ កុននេះ ដំណើរទៅយ៉ាងរាបស្មើ។ អ្នកដែលមិនទម្លាប់មើលរឿងប្រភេទនេះ អាចនឹងដេកលក់បាន។

មែនទែនទៅ រឿង Our Little Sister នេះថតចេញពី ម៉ាំងហ្គា ប្រលោមលោកតុក្កតាលក់ដាក់បំផុតរបស់អ្នកនិពន្ធ Akimi Yoshida ដែលមានចំនងជើងថា Umimachi Diary។ សៀវភៅ ម៉ាំងហ្គា លក់ដាច់ហើយ នៅពេលផលិតជាភាពយន្តរួច ក៏ទទួលការគាំទ្រមិនធម្មតាដែរ។ រឿងនេះ ត្រូវបានជ្រើសយកទៅបញ្ចាំងនៅមហោស្រពភាពយន្តអន្ដរជាតិទីក្រុងកានឆ្នាំ២០១៥! Our Little Sister និងអ្នកសម្ដែងក្នុងរឿងនេះ បានឈ្នះរង្វាន់ច្រើនផងដែរ ពីមហោស្រពភាពយន្តនានា ទាំងនៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស។

tumblr_nochy2HtQk1turrb0o1_1280

ប្អូនស្រីតូចរបស់យើង និយាយពីទំនាក់ទំនងគ្រួសារ ជាពិសេសទំនាក់ទំនងរវាងបងប្អូនស្រី៤នាក់ ដែលមានឪពុកតែមួយ ម្ដាយទីទៃ។ ប្រសិនបើអ្នកជាបងស្រី តើអ្នកនឹងស្រឡាញ់ប្អូនស្រីចុងរបស់អ្នកបានកម្រិតណា?

UmimachiDiary_800d

សាឈិ យ៉ូស្ស៊ីណូ និងឈិកៈ ជាបងប្អូនស្រីតាមលំដាប់ រស់នៅបីនាក់បងប្អូននៅក្នុងផ្ទះកេរ្តិ៍ ដែលបន្សល់ទុកឲ្យដោយជីដូនរបស់ពួកគេ។ ថ្ងៃមួយនោះ ពួកគេបានទទួលដំណឹងថា ឪពុកខ្លួនស្លាប់។ ឪពុកដែលឃ្លាតចាកឆ្ងាយទៅជាង១៥ឆ្នាំ ព្រោះមានទំនាក់ទំនងជាមួយនារីដទៃ ហើយក្រោយមកសម្រេចចិត្តលែងលះជាមួយអ្នកម្ដាយ។ ទាំងបីនាក់បានទៅចូលរួមពិធីបុណ្យសពឪពុក ហើយបានជួបនឹងប្អូនស្រីចុងម្នាក់ទៀតរបស់ខ្លួន គឺ សឺស្ស៊ឹ។ សាឈិ ដែលជាបងស្រីច្បង បបួល សឺស្ស៊ឹ មកនៅជាមួយគ្នា។

មើលកុនរឿងនេះ ខ្ញុំយល់ពីអ្វីដែលគេហៅថា សម្ដែងដូចមិនមែនសម្ដែង។ អង្គុយមើលរឿងនេះ ដូចអង្គុយមើលកុនឯកសារនិយាយពីជីវិតគ្រួសារមួយដូច្នោះដែរ។ តួទាំងអស់ សម្ដែងដូចធម្មជាតិពិតៗ។ នេះជាលក្ខណៈសម្បត្តិរើសតួសម្ដែងរបស់អ្នកដឹកនាំរឿង គឺ លោក Hirokazu Koreeda រួចស្រេចទៅហើយ តាមរយៈស្នាដៃកន្លងមក ជាអាថិ៍៖ Nobody Knows និងរឿង Like Father Like Son ជាដើម។

Our-Little-Sister-Umimachi-Diary

បន្ថែមពីលើការសម្ដែងយ៉ាងធម្មជាតិ តួសម្ដែងនីមួយៗ មានអត្តចរិក និងការគិតផ្ទាល់ខ្លួន បែងចែកច្បាស់លាស់មែនទែន។ នេះជាចំណុចពិសេសមួយទៀត ដែលខ្ញុំពេញចិត្ត។

Umimachi-Diary-2

រឿងគ្រួសារជារឿងល្អិតល្អន់ អ៊ីចឹងហើយ កុនរឿងនេះត្បិតតែមិនមានទំនាស់ខ្ពស់បំផុត ប៉ុន្តែភាពល្អិតល្អន់ ឬ Details មានពេញប្រៀប។ មានកុនមិនច្រើនទេ ដែលមិនមានទំនាស់ខ្ពស់បំផុត ប៉ុន្តែអាចទាញចំណាប់អារម្មណ៍អ្នកមើលឲ្យយកចិត្តទុកដាក់ ហើយលង់ខ្លួនស្លុងទៅក្នុងសាច់រឿងដូចរឿងនេះ។ ប្រហែលមកពីវាជារឿង ឬអារម្មណ៍ដែលមនុស្សគ្រប់ៗគ្នាធ្លាប់ជួបប្រទះក៏មិនដឹង។ អ្នកខ្លះអាចមិនមានប្អូនស្រីចុង ប៉ុន្តែមនុស្សជាច្រើនមានបងប្អូនស្រី។ បើគ្មានបងប្អូនស្រីក៏មិនអី ព្រោះយើងគ្រប់គ្នាសុទ្ធតែមានម្ដាយ ហើយភាគច្រើនលើសលុប ធ្លាប់សម្ដីធំសម្ដីតូចដាក់គាត់។ ចុងក្រោយ នៅពេលនឹកឃើញថា គាត់ជាម្ដាយ អារម្មណ៍ខឹងសម្បារក៏រលត់ទៅអស់ នៅសល់តែការភ្ញាក់ខ្លួន។

ប្អូនស្រីតូចរបស់ខ្ញុំ ល្អមើលមិនមែនដោយសារតែមានអ្នកសម្ដែងល្អ អ្នកដឹកនាំល្អ និងសាច់រឿងល្អប៉ុណ្ណោះទេ ប៉ុន្តែទីកន្លែងថតក៏ស្រស់ស្អាត ប្លែកភ្នែកថែមទៀត។ ប្រពៃណី វប្បធម៌របស់ជប៉ុន ដែលជនបរទេសដូចយើងមិនធ្លាប់យល់ ឬមិនធ្លាប់ដឹង ក៏មានបង្ហាញច្រើនផងដែរនៅក្នុងរឿងនេះ៕

ខែ​មេសា 3, 2016 at 2:17 ល្ងាច មតិ ១

ស្នេហា​និង​ជំរើស​នៃ​ជីវិត នៅ​ក្នុង​រឿង The Danish Girl (2015)

tdg

The Danish Girl ជា​ភាពយន្ត​ដែល​ត្រូវ​បាន​កសាង​ឡើង​ផ្អែក​លើ​ជីវិត​ស្នេហា​ពិត​របស់​សិល្បករ​ជនជាតិ​ដាណឺម៉ាក​ពីរ​នាក់ ឈ្មោះ Einar Wegener និង Gerda Wegener។ ជីវិត​អាពាហ៍ពិពាហ៍ និង​ការងារ​ជា​សិល្បករ​របស់​ Einar និង Gerda ដំណើរ​ទៅ​ស្រប​ពេល​ដែល Einar រក​ឃើញ​ការ​ពិត​មួយ​ថា ខ្លួន​មាន​ចិត្ត​វិញ្ញាណ​ជា​មនុស្ស​ស្រីស្ថិត​នៅ​ក្នុង​រូបរាង​កាយ​បុរស​។ Einar ត្រូវ​បានប្ដូរ​ឈ្មោះ​មក​ជា Lili វិញ​។ Lili ជឿ​ថា​ខ្លួន​ជា​មនុស្ស​ស្រី​។ នាង​ចង់​ក្លាយ​ខ្លួន​ជា​ស្រី​ពិត​ប្រាកដ ហើយ Gerda ដែល​ជា​ភរិយា ក៏​ជឿ និង​គាំទ្រ​គំនិត​ដ៏​ចម្លែក​នេះ​ដែរ​។

 

ជា​ការ​ពិត នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩២០ គំនិត​ចង់​ក្លាយ​ខ្លួន​ជា​មនុស្ស​ស្រី​របស់​បុរស គឺ​ជា​រឿង​ចម្លែក​។ មិន​មែន​គ្មាន​ទេ មនុស្ស​ដែល​មាន​គំនិត ឬ​កើត​មក​ក្នុង​សភាព​បែប​ហ្នឹង​។ ប៉ុន្តែ​វា​កម្រ​ណាស់ ដែល​ពួក​គេ​ហ៊ាន​បង្ហាញ​ខ្លួន និង​ជ្រើស​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ នៅ​ក្រោម​សម្ពាធ​សង្គម​បែប​អភិរក្ស​និយម​ដ៏​រឹត​ត្បិត​។

eddie-redmayne-alicia-vikander-the-danish-girl

មនុស្ស​មួយ​ចំនួន​ដែល​បាន​មើល​រឿង The Danish Girl រួច​ហើយ តែង​តែ​កោត​សរសើ​មិន​ដាច់​ពីមាត់​ទេ សេចក្ដី​ក្លាហាន​របស់​ Einar Wegener។ នៅ​ពេល Einar ដឹង​ថា ខ្លួន​មាន​ចិត្ត​វិញ្ញាណ​ជា​មនុស្ស​ស្រី នាង​សម្រេច​ចិត្ត​ភ្លាម​ថា​ខ្លួន​ចង់​ធ្វើ​ជា​មនុស្ស​ស្រី​ពេញ​លេញ​។ នាង​ត្រូវ​ការ​វះកាត់​ផ្លាស់​ប្ដូរ​សរីរាង្គ​លើ​រាងកាយ​។ នាង​ត្រូវ​ការ​សម្លាប់ Einar Wegener ហើយ​ទទួល​យក​ជីវិត​ថ្មី​ជា Lili Elbe យ៉ាង​ពេញ​លេញ​។ Eddie Redmayne សម្ដែង​ជា Einar Wegener បាន​ល្អ​ឥត​ខ្ចោះ​ ទាំង​កាយ​វិការ និង​ជា​ពិសេស​ខ្សែ​ភ្នែក។ នេះ​បើ​និយាយ​ពី​មតិ​មួយ​ដោយ​ឡែក​។

einargerda3-xlarge

តែ​សម្រាប់​ខ្ញុំ តួ​អង្គ​​ដែល​សំខាន់​បំផុត​សម្រាប់​សាច់​រឿង​នេះ គឺ Gerda Wegener ភរិយា​របស់ Einar Wegener ដែល​ដើរ​តួ​ដោយ Alicia Vikander​។ Gerda Wegener សំខាន់​ព្រោះនាង​គឺ​ជា​បុគ្គល​ដែល​ធ្វើ​ឲ្យ Einar រក​ឃើញ​ខ្លួន​ឯង​។ ហើយ​គឺ Gerda នេះ​ឯង ដែល​បាន​គាំទ្រ​អស់​ម៉ា​ទំហឹង នៅ​ពេល Einar ធ្វើ​ខ្លួន​ជា​ស្រី និង​ចង់​វះកាត់​សរីរាង្គ ដើម្បី​ក្លាយ​ខ្លួន​ជា​ស្រី​ពេញ​លក្ខណៈ​។ វា​ជា​ជម្រើស​របស់ Einar ដែល​ចង់​ក្លាយ​ខ្លួន​ទៅ​ជា Lili ហើយ Gerda ស្រាប់​តែ​​គាំទ្រ​។

5263

Gerda ត្រូវ​ទ្រាំ​មើល​ស្វាមី​របស់​ខ្លួន​ធ្វើ​ខ្លួន​ជា​ស្រី​ ហើយ​ទៅ​មាន​ទំនាក់​ទំនង​ជាមួយ​មនុស្ស​ប្រុស​ដទៃ​។ Gerda ត្រូវ​ទ្រាំ​មើល​បុរស​ដែល​ខ្លួន​ស្រឡាញ់​បំផុត ឈឺ​ចាប់​នៅ​ពេល​វះកាត់​ផ្លាស់​ប្ដូរ​សរីរាង្គ ហើយ​ត្រូវ​តាម​មើល​ថែស្ទើរ​​គ្រប់​ពេល​ទាំង​អស់​។ ខ្ញុំ​ថា សេចក្ដី​ស្នេហា​របស់ Gerda ចំពោះ Einar ឬ Lili មាន​ទំហំ​ធំ​ធេង​ណាស់ ទើប​នាង​អាច​លះបង់​ដូច្នេះ​បាន​។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​លើ​លោកយើង​នេះ ដែល​អាច​ធ្វើ​រឿង​ដ៏​អស្ចារ្យ​បែប​នេះ​បាន? ខ្ញុំ​ថា​មាន​មិន​ច្រើន​ទេ!

The_Danish_Girl_trailer

The Danish Girl ​ជា​ភាពយន្ត​អំពី​ជម្រើស​នៃ​ជីវិត សេចក្ដី​ស្នេហា និង​ការ​លះបង់​ដ៏​មហិមា​។ ខ្ញុំ​សូម​ណែនាំ​រឿង​នេះ ប្រសិន​បើ​លោក​អ្នក​មាន​ពេល​៕

ខែ​កុម្ភៈ 28, 2016 at 12:19 ល្ងាច បញ្ចេញមតិ

«ដុំ​ហ្វីល​ចុង​ក្រោយ» ស្ដាយ​ក្រោយ​បើ​មិន​បាន​ទៅ​មើល!

បន្ទាប់​ពី​ខក​ខាន​មិន​បាន​ទៅ​មើល «ដុំ​ហ្វីល​ចុង​ក្រោយ The Last Reel» ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ឆ្នាំ​មុន ខ្ញុំ​បាន​ឆ្លៀត​ពេល​ទៅ​មើល​កុន​រឿង​ខ្មែរ ដែល​គេ​ល្បី​ថា​ល្អ​មើល​នេះ កាល​ពី​ថ្ងៃ​​សៅរ៍​អាទិត្យ​មុន​។ ជា​ការ​កត់​សម្គាល់ នៅ​រោង​ភាពយន្ត Major មិន​សូវ​មាន​អ្នក​ចូល​មើល​រឿង​នេះ​ប៉ុន្មាន​ទេ​។ ពេល​ល្ងាច​ដែល​ខ្ញុំ​ទៅ​មើល​នោះ មាន​មនុស្ស​មិន​ដល់​កន្លះ​រោង​ផង​ទេ​។ *គួរ​ឲ្យ​ស្ដាយ!

សាច់​រឿង (No Spoilers)

«ដុំ​ហ្វីល​ចុង​ក្រោយ ឬ The Last Reel» គឺ​ជា​រឿង​រ៉ាវ​ដំណាល​ពី​យុវតី​ម្នាក់ ដែលរក​ឃើញ​ថា ម្ដាយ​របស់​នាង​គឺ​ជា​អតីត​តារា​សម្ដែង តាម​រយៈ​រឿង​កុន ដែល​បាត់​ភាគ​បញ្ចប់​។ នាង​មាន​បំណង​ចង់​ធ្វើ​កុន ដើម្បី​បញ្ចប់​រឿងដែល​ម្ដាយ​នាង​សម្ដែង.. ហើយ​ដំណើរ​ការ​ធ្វើ​កុន​នោះ បាន​នាំ​នាង​ទៅ​រក​ការ​ពិត​ជា​ច្រើន របស់​ឪពុក​ម្ដាយ​របស់​នាង តាំង​ពី​សម័យ​មុនខ្មែរ​ក្រហម នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​ក្រោយ​ពី​នោះ​​។ ជា​ការ​ពិត ដែល​ដំបូង​ហាក់​ដូច​ជា​រឿង​ពិត តែ​ចុង​ក្រោយ វា​ប្រែ​ជា​មិន​ពិត​។

The_Last_Reel_Still

អ្នក​ដឹក​នាំ​រឿង «សុទ្ធោ គុល្លិការ»

«សុទ្ធោ គុល្លិការ» ជា​នរណា​? នេះ​ជា​សំណួរ ដែល​ខ្ញុំ​និង​មិត្ត​ភក្តិ​ ចោទ​សួរ​គ្នា នៅ​ពេល​មើល​រឿង «ដុំ​ហ្វីល​ចុង​ក្រោយ» ចប់​។ យើង​សួរ​គ្នា​ព្រោះ​​វា​ចម្លែក​ណាស់​ដែល​កុន​ដ៏​ល្អ​នេះ ប្រសូត្រ​ចេញ​ពី​ស្នាដៃ​ដឹក​នាំ​រឿង​របស់​ស្ដ្រី​ម្នាក់ ដែល​យើង​មិន​ធ្លាប់​ស្គាល់​សោះ​ពី​មុន​មក​។

Kulikar-2

លោក​ស្រី សុទ្ធោ គុល្លិការ ស្រាប់​តែ​ចេញ​ពី​ភាព​ងងឹត មក​ដឹក​នាំ​រឿង «ដុំ​ហ្វីល​ចុង​ក្រោយ» តាម​ស្គ្រីប​របស់ Ian Masters ហើយ​ដើរ​ប្រមូល​ពាន​រង្វាន់​លើ​ឆាក​អន្ដរជាតិ​បាន​យ៉ាង​ច្រើន​។ លោក​ស្រី សុទ្ធោ គុល្លិការ ឥឡូវ​នេះ​ស្ថិត​នៅ​ក្នុង​បញ្ជី​បុគ្គល​ដែល​ខ្ញុំ​គោរព​កោត​ស្ញប់ស្ញែង និង​ដែល​ខ្ញុំ​ត្រូវ​តាម​ជួប​សម្ភាស​ឲ្យ​បាន​ក្នុង​ថ្ងៃ​ណា​មួយ​!

ចំណាប់​អារម្មណ៍​ខ្ញុំ

មុន​នឹង​និយាយ​ពី​ចំណាប់​អារម្មណ៍​ ខ្ញុំ​ចង់​រំលឹក​ពី​អាការៈ​របស់​ខ្ញុំ​នៅ​ពេល​មើល​រឿង «ដុំហ្វីល​ចុង​ក្រោយ» នេះ​។ សើច​ផង យំ​ផង ខ្លាច​ផង ហើយ​ពេល​ខ្លះ ខ្ញុំ​ឱប​ទ្រូង ព្រោះ​សាច់​រឿង​តឹង​តែង​ខ្លាំង​ណាស់​។ ឈុត​នីមួយ​ៗ សុទ្ធ​តែ​សំខាន់ មិន​អាច​កាត់​អ្វី​ចោល​បាន​ឡើយ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ វា​នឹង​បាត់​ភាព​លម្អិត​នៃ​រឿង ពិបាក​នឹង​ភ្ជាប់​សាច់​រឿង​ពី​មួយ​ទៅ​មួយ ​ពិបាក​នឹង​ដោះ​ស្រាយ​បញ្ហា​របស់​រឿង ពិបាក​នឹង​បញ្ចប់​រឿង​​។ ពេល​មើល​រឿង​ចប់ អារម្មណ៍​ខ្ញុំ​នៅ​ដិត​នឹង​សាច់​រឿង​អស់​មួយ​យប់​ថែម​ទៀត​។

The_Last_Reel_Official_Cinema_Trailer

អ្នក​ដែល​ធ្លាប់​លឺ​ពី​រឿង​នេះ ប្រហែល​ជា​ដឹង​ហើយ​ថា វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ពី​មុំ​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ បើ​មើល​ឲ្យ​ទូលាយ ជា​ការ​ពិត​ហើយ​ថា រឿង​ដុំ​ហ្វីល​ចុង​ក្រោយ​នេះ និយាយ​ពី​ជីវិត​លំបាក​វេទនា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។ ប៉ុន្តែ​បើ​មើល​ឲ្យ​ជិត រឿង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​វិបត្តិ​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ ដែល​បាន​ឆ្លង​កាត់​របប​ដ៏​ខ្មៅ​ងងឹត​នោះ​។ គ្មាន​នរណា​ម្នាក់​បំភ្លេច​វា​បាន​ទេ ខុស​គ្នា​ត្រង់​ថា មាន​អ្នក​ខ្លះ​គ្រប់​គ្រង​វា​បាន ហើយ​ខ្លះ​ទៀត​គ្រប់​គ្រង​មិន​បាន​តែ​ប៉ុណ្ណឹង​។

imutshrga56mhhh3ajos

រឿង​មួយ​ទៀត ដែល​ខ្ញុំ​ឈ្លោះ​នឹង​ខ្លួន​ឯង រក​ការ​សរុប​មិន​ទាន់​បាន​រហូត​មក​ទល់​ពេល​នេះ​។ តើ​រឿង​នេះ ពិត​ជា​រឿង​ឆ្លុះ​បញ្ចាំង​ពី​របប​ខ្មែរ​ក្រហម ឬ​វា​គ្រាន់​តែ​ជា​រឿង​របស់​គ្រួសារ​មួយ ដែល​ជាប់​ជំពាក់​ជាមួយ​បុរស​ម្ចាស់​រោង​កុន​? ឬ​ថា វា​គឺ​ជា​រឿង​ស្ដី​ពី​ជីវិត​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​វាល​ពិឃាត​ផង និង​ជា​រឿង​របស់​គ្រួសារ​មួយ​ផង បើ​មើល​ក្នុង​មុំ​តូច​មួយ​?

cam-photo-movie

ក្រៅ​ពី​របប​ខ្មែរ​ក្រហម និង​រឿង​គ្រួសារ គេ​មិន​អាច​ភ្លេច​បាន​សោះ​តែ​ម្ដង​អំពី​វិស័យ​ភាពយន្ត​ខ្មែរ​។ វិស័យ​ភាពយន្ត​ខ្មែរ ដែល «ដុំ​ហ្វីល​ចុង​ក្រោយ» ផ្ដល់​ការ​គោរព និង​ឲ្យ​តម្លៃ​។ វិស័យ​ភាពយន្ត​ខ្មែរ ទាំង​រចនា​សម្ព័ន្ធ និង​ធនធាន​មនុស្ស ដែល​តាម​រយៈ «ដុំ​ហ្វីល​ចុង​ក្រោយ» គឺ​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​អស់​គ្មាន​សល់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ វិស័យ​ភាពយន្ត​ខ្មែរ ដែល «ដុំ​ហ្វីល​ចុង​ក្រោយ» ថា កំពុង​តែ​លូន​ទៅ​មុខ​យ៉ាង​លំបាក​និងយឺត​យ៉ាវ​ជា​ទី​បំផុត នៅ​ក្នុង​បរិបទ​សង្គម​ខ្មែរ​បច្ចុប្បន្ន​។

filmstill11_3

ការ​វាយ​តម្លៃ​ផ្ទាល់​ខ្លួន

ខ្ញុំ​ជា​មនុស្ស​ដែល​ស្រឡាញ់​កុន​ណាស់ បើ​ទោះ​បី​ជា​ពេល​ខ្លះ ខ្ញុំ​ខក​ខាន​មិន​បាន​ទៅ​មើល​កុន​ខ្មែរ​ល្អៗ ដែល​ផលិត​នា​ពេល​ក្រោយ​ៗ​នេះ​ក៏​ដោយ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ខ្ញុំ​បានទៅ​មើល «ដុំ​ហ្វីល​ចុង​ក្រោយ» ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា អ្នក​នឹង​ស្ដាយ​ក្រោយ ប្រសិន​បើ​មិន​បាន​ទៅ​មើល​កុន​ដ៏​មាន​ខ្លឹម​សារ​មួយ​នេះ​។ «ដុំ​ហ្វីល​ចុង​ក្រោយ» មិន​បាន​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​អ្វី​ទេ ក្រៅ​តែ​ពី​បញ្ហា​នៅ​ក្នុង​កុន​ខ្លួន​ឯង​។ ប៉ុន្តែ «ដុំ​ហ្វីល​ចុង​ក្រោយ» បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​របស់​តួ​អង្គ​ក្នុង​រឿង នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។ មើល​រឿង​នេះ​ចប់ អ្នក​មើល​នឹង​យល់​ពី​ការ​ពិត​មួយ​ផ្នែក ឬ​ច្រើន​ផ្នែក​ទៀត ដែល​ខ្លួន​មិន​ដែលដឹង ឬ​មិន​ដែល​យល់​ពីមុន​មក​។

08_The_Last_Reel

មក​ទល់​ពេល​នេះ ខ្ញុំ​អាច​និយាយ​បាន​ថា មាន​តែ​អ្នក​ដែល​ស្រឡាញ់​កុន​ខ្មែរ និង​អ្នក​ដែល​ធ្វើ​កុន​ប៉ុណ្ណោះ ​ដែលយល់​ថា​ «ដុំ​ហ្វីល​ចុង​ក្រោយ» មាន​គុណភាព​ខ្ពស់ ខណៈ​ដែល​អ្នក​ទៅ​មើល​មួយចំនួន​ទៀត​ថា គេ​មើល​មិន​យល់​។ បើ​អ្នក​មាន​ពេល បើ​អ្នក​មាន​លទ្ធភាព ខ្ញុំ​សូម​ណែនាំ​ឲ្យ​ទៅ​មើល​រឿង​នេះ… and brace yourself.. expect the unexpected!

ខ្ញុំ​សូម​ឧទ្ទិស​អត្ថបទ​នេះ​ចំពោះ​លោក​ស្រី សុទ្ធោ គុល្លិការ និង​លោក Ian Masters ដែល​ជា​អ្នក​ដឹក​នាំ និង​អ្នក​និពន្ធ​រឿង «ដុំ​ហ្វីល​ចុង​ក្រោយ»​។ សូម​អរគុណ​អ្នក​ទាំង​ពីរ និង​ក្រុម​ការងារ​ទាំង​អស់ ដែល​បាន​ផលិត​រឿង​ល្អ​ៗ​សម្រាប់​ខ្មែរ! អរគុណ​ដែល​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​មាន​មុខ​មាត់​លើ​ឆាក​អន្ដរជាតិ! ហើយ​ខ្ញុំ​សង្ឃឹម​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​រឿង​ «ដុំ​ហ្វីល​ចុង​ក្រោយ» នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ផលិត​កុនខ្មែរ​ផ្សេង​​ៗ​ទៀត​ មាន​កម្លាំង​ចិត្ត​ថត​កុន​ល្អ​ៗបន្ថែម​ទៀត​ដែរ​!

***រចនា***

ខែកញ្ញា 7, 2015 at 11:56 ព្រឹក មតិ 3

យីកេ​រឿង ម៉ាក់ថឺង

ល្ខោនយីកេរឿង ម៉ាក់ថឺង ត្រូវបានអង្គការសិល្បៈខ្មែរអមតៈ រៀបចំឲ្យមានការសម្ដែងនៅក្នុងបរិវេណសារមន្ទីរជាតិ ក្រោមគម្រោងឈ្មោះ ផ្លែផ្កា។ ខ្ញុំបានចិញ្ចឹមចិត្តទៅមើលការសម្ដែងនេះមួយរយៈមកហើយ ប៉ុន្តែពេលទំនេរ មិនត្រូវគ្នាជាមួយថ្ងៃសម្ដែងសោះតែម្ដង រហូតដល់ថ្ងៃទី៣មីនា ដែលជាទិវាវប្បធម៌ជាតិ។ ចៃដន្យឬសំណាង ដើម្បីអបអរទិវាវប្បធម៌ជាតិនេះ សំបុត្រចូលទស្សនាត្រូវបញ្ចុះតម្លៃ៥០ភាគរយ។ 😀

ទាំងតួស្រី តួប្រុស និងតួកាច សុទ្ធតែសម។ ខ្ញុំសរសើរបីនាក់នេះជាងគេ។ តួស្រីនោះ ស្អាតហួសពីស្អាត។ មុខមូលក្រឡង់ ចង្ការព្រែកទៀត។ ទាំងបីនាក់ សម្ដែងបានល្អខ្លាំងណាស់។ ប្រហែលជាអ្នកខ្លះបានដឹងហើយ ពីរឿងម៉ាក់ថឺង។ ម៉ាក់ថឺង ជាបុរសចំណាស់ ដែលមានប្រពន្ធក្មេង ឈ្មោះ ប៉េគីយ៉ា។ ដំណើររឿងនិទានពីដំណើរស្វែងរកយុត្តិធម៌ ក្រោយពីបុត្រា ព្យ៉ាណយ បានចាប់យកប៉េគីយ៉ា ទៅធ្វើជាប្រពន្ធទាំងកម្រោល។ ពីមួយឆាកទៅមួយឆាក ជាពិសេសបន្ទាប់ពីគេប្លន់ប្រពន្ធរួច តាម៉ាក់ថឺង មានទឹកភ្នែកដក់ក្នុងកែវភ្នែករហូតពេលនិយាយដល់ឈ្មោះប្រពន្ធខ្លួន និងទីបំផុត ទឹកភ្នែកនោះក៏ធ្លាយចេញនៅឆាកចុងក្រោយ។

នៅក្នុងរឿង តាម៉ាក់ថឺង បានលើកឡើងពីការដើរស្វែងរកប្រពន្ធរបស់ខ្លួន។ គាត់ថា គាត់ធ្វើអ្វីគ្រប់សព្វបែបយ៉ាង ដើម្បីចង់ដឹងថា តើយុត្តិធម៌លើលោកនេះមានឬទេ?

ឆ្លងកាត់ជីវិតជាអ្នកកាសែតពីរបីឆ្នាំមកហើយ ខ្ញុំបានឃើញរឿងរ៉ាវជាច្រើន។ ច្រើនរហូតទាល់តែធ្វើឲ្យខ្ញុំជឿថា យុត្តិធម៌ប្រហែលគ្មានទេលើលោកនេះ។ ប៉ុន្តែក្រោយពីបានមើលយីកេរឿងនេះ ខ្ញុំដឹងថា បើទោះបីជាយុត្តិធម៌គ្មាននៅក្នុងជីវិតពិតក៏ដោយ យ៉ាងហោចវាក៏មាននៅក្នុងល្ខោនយីកេ៕

 

ខែ​មីនា 6, 2015 at 9:44 ព្រឹក មតិ ១

អត្ថបទ​ចាស់​ជាង​នេះ​


ការបន្ទាន់សម័យ Twitter

Instagram

ខែតុលា 2017
អា ព្រ សុ
« កញ្ញា    
1234567
891011121314
15161718192021
22232425262728
293031  

បណ្ណសារ


%d bloggers like this: