Archive for ខែធ្នូ, 2018
២០១៨៖ ស្ងប់សុខជាអ្វី មិនដែលស្គាល់..
មិនធ្ងន់ធ្ងរដូចគ្រោះធម្មជាតិនៅឥណ្ឌូនេស៊ីទេ ប៉ុន្តែជីវិតឆ្នាំនេះដូចរលកសមុទ្រ.. ស្ងប់សុខជាអ្វី មិនដែលស្គាល់! ម្យ៉ាងដែរ.. មិនសូវស្ងប់ តែមានភ្លេងរលកសមុទ្រកំដរ!
អាជីព
មិនខុសពីរាល់ដងទេ ឆ្នាំបោះឆ្នោត សម្រាប់អាជីពកាសែត គឺតែងតែតឹងតែងជាងរាល់ដង។ វិទ្យុយើងសំណាងដែលថ្ងៃបោះឆ្នោត នៅអាចដំណើរការ។ មិនដោយរលូនល្អទេ តែយ៉ាងហោចណាស់ យើងមានឱកាស មានដង្ហើមដក ដើម្បីបន្តផ្ដល់ព័ត៌មានដល់អ្នកស្ដាប់ លុះដល់ចប់បោះឆ្នោត។
រហូតមកទល់ពេលនេះ អ្វីៗធូរច្រើនហើយ។ សង្ឃឹមថា ពីពេលនេះទៅមុខ អ្វីៗនឹងបន្តធូរស្រាលថែមទៀត.. សម្រាប់ទាំងអស់គ្នា!
ឆ្នាំនេះដែរ ខ្ញុំមានសំណាងបានក្លិបអ្នកកាសែតទុកចិត្តហៅទៅប្រើបានច្រើនជាងឆ្នាំមុនៗ។ ខ្ញុំដឹងគុណរៀមច្បងនៅក្លិប ដែលបណ្ដុះបណ្ដាល និងរាប់អាន ហើយមិនដែលបោះបង់ បើទោះបីជាស្ថានភាពខ្ញុំមិនសូវនឹងនរក្ដី។ ឆ្នាំក្រោយ មានរឿងអ្វីកើតឡើងក៏ដោយ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចបន្តជួយក្លិប រាប់តាំងពីការងារស្រាល ដល់ការងារធ្ងន់។ នោះជាអ្វីដែលខ្ញុំប៉ងចង់ធ្វើ និងនឹងធ្វើពេលឱកាសមកដល់…
ខ្ញុំទើបតែបានដឹងខ្លួនថា ខ្ញុំមានជំងឺ Bipolar (ដូចតួស្រីក្នុងរឿង វិប្បល្លាស រចនា) តែកម្រិតទី២ ដែលឡើងចុះយឺតមែនទែន.. កុំថាឡើយសង្គម តែខ្ញុំដែលជាអ្នកជំងឺក៏មិនយល់ពីជំងឺខ្លួនឯងដែរ។ ពេលដែលពេទ្យធ្វើតេស្តន៍ដំបូងៗ ខ្ញុំចាយពេលសឹងតែរាប់សិបម៉ោងសិក្សាពី Bipolar, សិក្សាពីជំងឺ, សិក្សាពីវិធីព្យាបាល, សិក្សាពីថ្នាំដែលខ្លួនឯងលេបរាល់ថ្ងៃអត់មិនបាន។
ខ្ញុំសំណាងដែលមានគ្រួសារ និងអ្នកជុំវិញខ្លួនយល់ពីខ្ញុំ។ ជាការពិត គេពិបាកនឹងយល់ពីជំងឺដែលសូម្បីតែខ្ញុំខ្លួនឯងក៏មិនយល់នុះណាស់, ប៉ុន្តែយ៉ាងហោចណាស់ ទាំងអស់គ្នាស្ដាប់ ផ្ដល់ឱកាស និងយោគយល់ដល់ខ្ញុំ។ ស្រមៃមើល មនុស្សម្នាក់ដែលមិនយល់ពីខ្លួនឯងផង តើគេនឹងរស់នៅពិបាកបែបណាបើគ្មានអ្នកយល់យោគពីខ្លួនគេទៀត? អ៊ីចឹងទើបខ្ញុំថា ខ្ញុំសំណាង!
ជំងឺខ្ញុំមិនទាន់ធូរស្រាលទេ នៅឡើងចុះដូចរលកសមុទ្រ និងដូចទម្ងន់របស់ខ្ញុំដែរ.. ថ្ងៃខ្លះខ្ញុំសប្បាយហក់លោត, ហើយថ្ងៃខ្លះខ្ញុំចង់ដេកក្រាបលើដី.. ចង់ឲ្យព្រះអាទិត្យលិចទៅជាមួយថ្ងៃចាស់, មិនចង់ឲ្យរះឡើងវិញជាមួយថ្ងៃថ្មី (បើអ្នកអាន អានយល់នូវអ្វីដែលខ្ញុំចង់និយាយ)។ ខ្ញុំនៅបន្តលេបថ្នាំ ទោះបីជាពេលខ្លះ ថ្នាំហាក់មិនជួយអ្វីខ្ញុំសោះក៏ដោយ…
រូងងងឹត កម្លាំងចិត្ត និងខ្លួនឯង
ខែកញ្ញា នៅពេលដែលខ្ញុំដឹងខ្លួនថា ខ្ញុំឈឺ, ខ្ញុំសម្រេចចិត្តដកថយពីសង្គមដើម្បីថែខ្លួន។ ខ្ញុំធ្វើការរួច ត្រឡប់ទៅផ្ទះ បិទម៉ាស មើលរឿង លេបថ្នាំ រួចគេង។ ខ្ញុំធ្វើបែបនេះរាប់សប្ដាហ៍.. ខ្ញុំចាយពេលនៅក្នុងបន្ទប់គេងដែលខ្ញុំហៅថារូងងងឹត ច្រើនជាងកន្លែងភ្លឺ។ ខ្ញុំនៅជាមួយខ្លួនឯង ច្រើនជាងអ្នកដទៃ។ ខ្ញុំមិនបានរៀនអ្វីថ្មីក្នុងអំឡុងពេលនុះទេ តែខ្ញុំគិតថា យល់ពីខ្លួនឯងច្រើនជាងមុន ជាការអភិវឌ្ឍខ្លួនឯងមួយដែរ។
មិត្ត
ដូចខ្ញុំលើកឡើងពីខាងដើមអ៊ីចឹង ថា មិត្តភក្តិនៅក្បែរខ្លួនខ្ញុំច្រើនដែលយល់ពីខ្ញុំ។ ប៉ុន្តែទន្ទឹមគ្នាហ្នឹង ក៏មានអ្នកដែលមិនយល់ពីខ្ញុំដែរ។ មិនមែនគេមិនយល់ថាខ្ញុំឈឺឡើយ ប៉ុន្តែដោយសារតែអត្តចរិតរបស់គេ ទម្លាប់របស់គេ ដែលមិនអនុញ្ញាតឲ្យគេយល់ពីខ្ញុំបាន។ ឧទាហរណ៍៖ មិត្តដែលប្រកាន់, និងមិត្តដែលមានះយកឈ្នះជាដើម។ ខ្ញុំគ្មានទម្លាប់រើសអើងទេ តែដើម្បីសុខភាពខ្លួនឯង អារម្មណ៍ខ្លួនឯង ពេលខ្លះខ្ញុំត្រូវបង្ខំចិត្តគេចពីមនុស្សខ្លះ ដើម្បីសេចក្ដីស្ងប់មួយពេលសម្រាប់ខ្លួនឯង និងកាត់បន្ថយអារម្មណ៍មិនល្អរបស់ខ្ញុំ ដែលអាចជះលើគេ។
មិត្តខ្ញុំខ្លះទំនងជាមិនយល់ពីរឿងនេះទេ។ តែមិនអីទេ គេនឹងយល់បើគេចង់។ តែបើគេមិនចង់ហើយ បើទោះបីជាខ្ញុំមានហេតុផលរាប់លានពន្យល់ទៀត គេគង់នៅតែមិនយល់ដដែល។
ខ្ញុំអាយុបាន ២៦ឆ្នាំ ៥ខែ ហើយ គិតត្រឹមថ្ងៃនេះ។ ខ្ញុំឲ្យតម្លៃមិត្តភាព និងខ្វល់ពីមិត្តច្រើនជាងខ្លួនឯង។ ពេលខ្លះអន់ចិត្ត ពេលគេប្រាប់កុំឲ្យខ្វល់ពីគេ.. ឬខ្ញុំពិតជាត្រូវធ្វើខ្លួនអាត្មានិយម ខ្វល់ពីខ្លួនឯងមុនអ្នកដទៃមែន? ខ្ញុំគិតថា ខ្ញុំអាចនឹងប្រើពេលមួយជីវិតកែទម្លាប់របស់ខ្ញុំឲ្យទៅជាបែបនោះ..
សួស្ដីឆ្នាំថ្មី!
Recent Comments