ដើរចេញពីជីវិត?
ខែកញ្ញា 2, 2018 at 2:08 ល្ងាច មតិ ១
ខែសីហានិងខ្ញុំមិនដែលត្រូវគ្នាសោះ។ ពីរបីឆ្នាំហើយ ឲ្យតែបដិទិនសើយដល់ខែសីហានេះ ខ្ញុំនិងជីវិតលែងសូវត្រូវគ្នា។ មានរឿងមិនសូវលោះថ្ងៃ ហើយអារម្មណ៍ក៏រប៉ាត់រប៉ាយ វង្វេង ឆេវឆាវ បាត់អស់សមាធិក្នុងជីវភាពរស់នៅនិងការងារ។ ដូចទូរសព្ទអ៊ីចឹង។ ខ្ញុំគិតថា ខ្លួនឯងជិតអស់ថ្ម ជិតអស់ថាមពល លែងសូវមានកម្លាំងចិត្តកម្លាំងកាយធ្វើអ្វី ចាប់ពីម្ដុំខែសីហានេះ រហូតដល់ចុងឆ្នាំ។ នោះក៏ព្រោះតែ ខ្ញុំបានប្រើថាមពលសឹងអស់ពីខ្លួនហើយ តាំងពីដើមឆ្នាំមក។
ឆ្នាំនេះ ខុសពីឆ្នាំមុនៗ។ ជាជាងរង់ចាំដល់ពេលអស់ថ្មពីខ្លួននៅចុងឆ្នាំ ឆ្នាំនេះនៅពេលដឹងថាខ្លួនឯងជិតអស់ថ្មភ្លាម ខ្ញុំសម្រេចចិត្តឆ្លៀតពេលដើរចេញពីជីវិត ដើម្បីសាកថ្មខ្លួនឯងឡើងវិញ។
កាលពីដើមសប្ដាហ៍នេះ ខ្ញុំទៅបាត់ដំបងនិងពោធិ៍សាត់ ពីរយប់បីថ្ងៃ ដោយជិះម៉ូតូ។
ខ្ញុំព្យាយាមមិនរវីរវល់នឹងពិភពលោក ដោយបិទសេវាទូរសព្ទឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយចំណាយពេលនៅជាមួយខ្លួនឯង មិត្តភក្តិ មនុស្សប្លែកមុខដែលជួបតាមផ្លូវ និងធម្មជាតិ។ ការចំណាយពេលជាមួយខ្លួនឯង ជារឿងសំខាន់សម្រាប់ខ្ញុំ ពិសេសនៅពេលដែលខ្ញុំចាប់ផ្ដើមសង្ស័យ ឬចាប់ផ្ដើមវង្វេងលើវិថីជីវិត។ ជីវិតមនុស្សខ្លីណាស់។ ដូច្នេះ យើងមិនគួរបណ្ដោយឲ្យពេលវេលាកន្លងហួសទៅដោយរស់នៅទាំងគ្មានគោលដៅ ឬឋិតនៅក្នុងស្ថានភាពស្រពេចស្រពិលឡើយ.. មិនថាផ្លូវកាយឬផ្លូវចិត្ត។
ពេលខ្លះ ដើម្បីដំណើរជីវិត យើងចាំបាច់ត្រូវគេចចេញពីជីវិតមួយពេល ដើម្បីស្វែងរកខ្លួនឯង មុននឹងត្រឡប់មករកជីវិតវិញក្នុងស្មារតីនឹងនរជាងមុន។ បីថ្ងៃឆ្ងាយពីការងារ ឆ្ងាយពីមនុស្សម្នា និងបញ្ហារបស់អ្នកដទៃ ខ្ញុំត្រឡប់មកវិញភ្លឺស្វាងជាងមុន។ ភ្លឺស្វាងព្រោះក្នុងពេលបីថ្ងៃនោះ ខ្ញុំបានចំណាយពេលនៅជាមួយខ្លួនឯងច្រើន បានស្ដាប់សំឡេងខ្លួនឯង បានគិត បានស្វែងយល់ និងបានទទួលស្គាល់ពីរឿងរ៉ាវរបស់ខ្លួនឯង និងអ្នកជុំវិញខ្លួន។ បានយល់ជាថ្មីថា ខ្លួនឯងចង់បានអ្វី ត្រូវធ្វើអ្វី ដើម្បីទៅណា ហើយក្លាហាននិយាយពីអ្វីដែលខ្លួនគិត បើទោះបីជាវាអាចរំខានចិត្តអ្នកដទៃបន្តិចបន្តួចក៏ដោយ។ បីថ្ងៃ មិនបានដោះស្រាយបញ្ហាអ្វីដែលខ្ញុំមានទេ ប៉ុន្តែដូចធ្លាប់និយាយអ៊ីចឹង ពេលខ្លះ ការមិនដោះស្រាយអ្វីសោះ ក៏ជាដំណោះស្រាយមួយដែរ៕
Entry filed under: ខ្ញុំគឺអញ្ចឹង!, រូបភាព.
1.
reanbank | ខែកញ្ញា 7, 2018 ម៉ោង 3:13 ល្ងាច
អានរួចមានអារម្មណ៍ថា រំភើប