Archive for ខែកញ្ញា, 2018

អាពូ នាឡិកា និង​ទឹកអប់

៣០ កញ្ញា ២០១៨ – រឿង​មាន​តាំង​ពី​យប់​ម៉ិញ​មក​ម្ល៉េះ​។ អាពូ​និយាយ​ពីរ​បី​ដង ថា​ក្លិន​ទឹក​អប់​ខ្ញុំ ជាប់​នៅ​នាឡិកា G-Shock ដែល​ខ្ញុំ​យក​ទៅ​ជួស​ជុល​នៅ​បាងកក​។ អាពូ​ថា ធុំ​ក្លិន​ទឹកអប់​ខ្ញុំ​ពីរ​ខែ​ហើយ ទើប​តែ​បាត់​ក្លិន​។ និង​ថា រាល់​ពេល​ដែល​លើក​​នាឡិកា​មើល​ម៉ោង មាន​អារម្មណ៍​ថា​ដូច​មិន​មែន​នាឡិកា​ខ្លួន​ឯង​ ជា​ពិសេស​ពេល​គេង (អាពូ​ទម្លាប់​មិន​ដោះ​នាឡិកា​ចេញ​ទេ​ពេល​គេង​)។ ពេល​គេង ដែល​ចេះ​តែ​ធុំ​ក្លិន​ទឹក​អប់​ខ្ញុំ​រហូត​។ ខ្ញុំ​ក៏​សួរ​ត្រឡប់​ទៅ​វិញ​ថា ចង់​ឲ្យ​បាញ់​ទឹក​អប់​ថែម​ឬ​អត់? ហាហាហា

អាពូ​ជូន​មក​ផ្ទះ​យប់​ម៉ិញ​។ ខ្ញុំ​ផ្ញើ​សារ​អរគុណ​ដែល​ជូន​មក​ផ្ទះ​ ហើយ​ប្រាប់​ថា ស្ដាយ​ដែល​អត់​បាន​ញ៉ាំ​ការ៉េម​។ អាពូ​ថា បើ​ចង់​ញ៉ាំ ចាំ​ពេល​ថ្ងៃ ថ្ងៃ​​អាទិត្យ​នេះ។ តែ​ខ្ញុំ​ត្រូវ​ធ្វើ​ព័ត៌មាន​ពេញ​មួយ​រសៀល​រហូត​ដល់​ម៉ោង​៨​​យប់​។

ព្រឹក​ថ្ងៃ​នេះ អាពូ​បើក​កាដូ​ដែល​ខ្ញុំ​ឲ្យ​ហើយ​អរគុណ​។ ខ្ញុំញ៉ោះ​​អាពូ​ថា បើ​មិន​ចូល​ចិត្ត​ទេ បោះ​ដាក់​នៅ​កន្លៀត​ជញ្ជាំង​ទៅ​។ និយាយ​លេង​សោះ ធ្វើ​មែន​ទែន​ ហើយ​ថត​រូប​ឲ្យ​មើល​ទៀត​! ខ្លាំង​ដៃដែរ​។ ហាហាហា!

ខែកញ្ញា 30, 2018 at 8:14 ល្ងាច បញ្ចេញមតិ

វេទនា

២៩ កញ្ញា ២០១៨ – ជា​សប្ដាហ៍​ដ៏​វេទនា​បំផុត​។ ខ្ញុំ​ព្យាយាម​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ឲ្យ​តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ព្យាបាល​ខ្លួន​។ ល្ងាច​ម៉ិញ​នេះ ខ្ញុំ​គ្រាន់​តែ​ណាត់​អាពូ​ដើម្បី​ឲ្យ​កាដូ​។ តែ​អាពូ​ហៅ​បាយ​ល្ងាច​។ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ថា ចាត់​ការ​អារម្មណ៍​ជាមួយ​មនុស្ស​ម្នាក់ ប្រហែល​ជា​មិន​អី​ទេ​មើល​ទៅ​។

ខ្ញុំ​ជា​អ្នក​សម្រេច​រើស​កន្លែង​ញ៉ាំ គឺ​សាច់​អាំង​កូរ៉េ នៅ​ម្ដុំ​បឹង​ត្របែក​​ដែល​ឧស្សាហ៍​ទៅ​ជាមួយ​សាយ​។ ញ៉ាំ​បាន​មួយ​សន្ទុះ ព្រះ​ជា​ម្ចាស់ ដា​ក៏​មក​ដល់ ជាមួយ​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​ភាពយន្ត​ដែល​ខ្ញុំ​ស្គាល់​ជាង​១០​នាក់ ក្នុង​នោះ​មាន​ ជុំ សុធា ទៀត​។ ក្រោយ​មក​ទៀត សាយ ក៏​មក, បង​ឌែន​ក៏​មក​។ ចេញ​ពី​ញ៉ាំ​បាយ យើង​ទៅ​អង្គុយ​បន្ត​នៅ​ផាប់​ម្ដុំ​នោះ ឈ្មោះ Long After Dark។ អង្គុយ​រហូត​គេ​បិទ​ហាង​នៅ​ម៉ោង​១​យប់​។ ខ្ញុំ​ផឹក​មិន​បាន​ច្រើន ងងុយ​ផង ​គ្មាន​សោរ​ចូល​ផ្ទះ​ ហើយ​ត្រូវ​ស្ដាប់​រឿង​ស្ដ្រេស​របស់​អ្នក​ផ្សេង​ទៀត​។

អាពូ ថ្ងៃ​នេះ​ចម្លែក​។ ព្យាយាម​ពន្យល់​ពី​ការងារ​ដែល​កំពុង​ធ្វើ និង​រឿង Stress។ សាយ​ក៏​ស្ដ្រេស។ បង​ឌែន​ក៏​ស្ត្រេស​។ ដា​ក៏​ស្ដ្រេស​។ ខ្ញុំ​ក៏​​ស្ដ្រេស​ លុះ​ដល់​ស្ដាប់​រឿង​ស្ដ្រេស​របស់​អ្នក​ផ្សេង ខួរ​ក្បាល​ខ្ញុំ​ក៏​ឈប់​ធ្វើ​ការ​តែម្ដង​។

ខ្ញុំ​គិត​ថា បន្ត​ស្ថិត​នៅ​ក្នុង​រូង​ជា​មុន​​សិន មុន​នឹង​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​សង្គម​មនុស្ស​ម្នា​វិញ​៕

 

ខែកញ្ញា 30, 2018 at 7:57 ល្ងាច បញ្ចេញមតិ

ប្រាប់​ម៉ាក់

២៨ កញ្ញា ២០១៨ – ខ្ញុំ​ប្រហែល​ជា​បារម្ភ​ជ្រុល​ពេក នៅ​ពេល​គិត​ថា ម៉ាក់​អាច​មិន​យល់​ពី​ជំងឺ​របស់​ខ្ញុំ​។ មុន​នេះ ម៉ាក់ខ្ចប់​បបរ​ស​មក​ផ្ទះ ព្រោះ​នី​ចង់​ញ៉ាំ​។ នៅ​ពេល​អង្គុយ​ញ៉ាំ​បបរ​ជាមួយ​នី យើង​ជជែក​គ្នា​ពី​រឿង​កាត់​ខោ​អាវ​សម្រាប់​ការ​នី ហើយ​ខ្ញុំ​ក៏​ប្រាប់​ម៉ាក់​ថា ខ្ញុំ​ប្រហែល​ជា​ត្រូវ​សារ៉េ​ខោ​អាវ​ឡើង​វិញ ព្រោះ​ស្រក​គីឡូ​ច្រើន​ដោយ​សារ​លេប​ថ្នាំ​ពេទ្យ​។

ខ្ញុំ​សួរ​ម៉ាក់​ថា បាន​សង្កេត​ពី​អារម្មណ៍​និង​អាកប្បកិរិយា​របស់​ខ្ញុំ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ទេ? ម៉ាក់​ប្រាប់​ថា ខ្ញុំ​ចិត្ត​ត្រជាក់​ជាង​មុន ទន់​ភ្លន់​ជាង​មុន​។ ក្រោយ​ពី​នោះ ការ​ពន្យល់​ម៉ាក់​​អំពី​ជំងឺ​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​ឡើង​។ ពេល​ពន្យល់​ម៉ាក់​ចប់ ខ្ញុំ​គ្រាន់​តែ​ជម្រាប​គាត់​ថា ជំងឺ​ខ្ញុំ​អាច​ពិបាក​យល់​បន្តិច តែ​ខ្ញុំ​មិន​ចង់​បាន​អ្វី​ក្រៅតែ​ពី​ការ​ទទួល​ដឹង​របស់​ម៉ាក់​ថា «ខ្ញុំ​ឈឺ» នោះ​ទេ៕

ខែកញ្ញា 28, 2018 at 9:35 ល្ងាច បញ្ចេញមតិ

YES. THIS. WEEK. IS. CRUEL.

Despite all the mess and everything people trying to do to reach me from Monday, now guess what? I MET “HIM” WHEN I WENT TO PACK MY COFFEE TODAY!

SCREW ME.
I AM DESTROYED, emotionally.

ខែកញ្ញា 28, 2018 at 12:08 ល្ងាច បញ្ចេញមតិ

Emotionally Abused?

In my condition, what happened to me since Monday is “Emotionally Abused”, but for good. So, I’ve mentioned I suspend my activities on social medias. I cut connection with friends to focus on my Bipolar treatment. It’s been two weeks. Then, from Monday this week, I start receiving texts asking about my whereabouts and what I’ve been up to lately. This is seriously unexpected. It feels good to know people care. Yet, it’s hurting me.

I’ve been away. I miss everyone and I miss them even more when they care. It’s torturing me. The fact that I disappear is not because of anything else. I disappear because I cannot confront everything else besides my pills right now. Medication is hard enough. Not to mention day-to-day basis work.

I’m getting better, though. I will be back soon enough. But for now, I have one wish, and only one: please make this emotional abuse stops.

Thank you.

ខែកញ្ញា 27, 2018 at 4:22 ល្ងាច បញ្ចេញមតិ

ជម្រាប​ពូ

២៦ កញ្ញា ២០១៨ – ពូ​ទើប​ត្រឡប់​ពី​ប៉ារីស​វិញ។ យើង​គ្រោង​ប្រជុំ​រឿង​កម្មវិធី​ថ្មី តែ​មុន​ពេល​ប្រជុំ​នោះ ខ្ញុំ​សម្រេច​ចិត្ត​ប្រមូល​ភាព​ក្លាហាន​ដើរ​ទៅ​បន្ទប់​ពូ ដើម្បី​ជម្រាប​គាត់​ពី​ជំងឺ​របស់​ខ្ញុំ ព្រោះ​តិច​ឬ​ច្រើន វា​ប៉ះពាល់​ដល់​ការងារ​។

ពូ​យល់។ ខ្ញុំ​ធូរ​ស្រាល​ចិត្ត​ដូច​គេ​​ដក​ភ្នំ​ចេញ​ពី​ទ្រូង​។ ប៉ុន្តែ​កម្មវិធី​ថ្មី​ដែល​យើង​គ្រោង​តាំង​ពី​យូរ​ថា​នឹង​ចាប់​ផ្ដើម​នៅ​ដើម​ខែ​តុលា​នេះ ត្រូវ​ពន្យារ​ពេល​វិញ។ ចំណែក​ប្រជុំ​ក៏​ត្រូវ​រំសាយ​ចោល​ដែរ​។

ខ្ញុំ​ពី​មុន (មុន​ពេល​ព្យាបាល) ប្រហែល​ជា​អង្គុយ​សោក​សៅ ឬ​ហៀរ​ទឹក​ភ្នែក​ទឹក​សម្បោរ នៅ​ពេល​ខ្លួន​ឯង​ក្លាយជា​ដើម​ហេតុ​នៃ​ការ​រលំរលាយ​នៃ​ការងារ​ដែល​គ្រប់​គ្នា​គ្រោង​ទុក។ មិន​មែន​ត្រឹម​គ្រោង តែ​ថែម​​ទាំង​ចាប់​ផ្ដើម​ធ្វើ​ខ្លះ​ហើយ​ទៀត​ផង​។ ​ផ្ទុយ​មក​វិញ ពេលនេះ ខ្ញុំ​មាន​អារម្មណ៍​ដឹង​គុណ​ពូ អរគុណ​ពូ​ដែល​យល់ ព្រោះ​ខ្ញុំ​ច្បាស់​ណាស់​ថា បើ​ខ្ញុំ​ត្រូវ​ធ្វើ​ការងារ​នោះ​នៅ​ខែ​តុលា​ប៉ុន្មាន​ថ្ងៃ​ទៀត​ មិន​ត្រឹម​តែ​ការងារ​ទេ​ដែល​ខ្ចាត់​ខ្ចាយ​មិន​កើត​ការ សូម្បី​តែ​មុខ​មាត់​វិទ្យុ​ក៏​ទំនង​ជា​ត្រូវ​ស្ថិត​លើ​បន្ទាត់​ក្រហម​ដែរ ព្រោះ​អារម្មណ៍​មិន​ទាន់​ទៀង​ទាត់​របស់​ខ្ញុំ​ ប្រឈម​នឹង​ភ្ញៀវ​ដែល​ចូល​រួម​កម្មវិធី និង​ប្រធាន​បទ​ដែល​ត្រូវ​ជជែក​ពិភាក្សា​។

អរគុណ​ពូ!

ខែកញ្ញា 26, 2018 at 12:15 ល្ងាច បញ្ចេញមតិ

ត្រឡប់​ទៅ​ជួប​ពេទ្យ

២៥ កញ្ញា ២០១៨ – ខ្ញុំ​ត្រឡប់​ទៅ​ជួប​ពេទ្យ​។ កាល​ជួប​លើក​មុន មាន​អ្នក​ជំងឺ​ច្រើន ខ្ញុំ​មិន​បាន​ជជែក​យូរ​ជាមួយ​ពេទ្យ​ទេ​។ ដ្បិត​តែ​មិន​បាន​ជជែក​យូរ តែ​ពេទ្យ​បាន​សន្មត់​ «ជា​បឋម» ថា​ខ្ញុំ​មាន​ជំងឺ Bipolar។ ទៅ​លើក​នេះ ខ្ញុំ​ត្រូវ​ធ្វើ​តេស្តន៍​ម្ដង​ទៀត ហើយ​លទ្ធផល​ច្បាស់​តែ​ម្ដង គឺ Bipolar ប្រភេទ​ទី​២ ឬ Bipolar 2។

លោក​គ្រូ​ពេទ្យ​ប្រាប់​ខ្ញុំ​ថា តាំង​ពី​​ចេញ​ព្យាបាល​មក គាត់​ធ្លាប់​ជួប​អ្នក​ជំងឺ Bipolar ប្រមាណ​៤​ទៅ​៥​នាក់​ប៉ុណ្ណោះ​។ តែ​គាត់​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​ព្រួយ «អត់​អី​ទេ» ព្រោះ​ឥឡូវ​មាន​ថ្នាំ​​ល្អ​ៗ​ច្រើន​។ លោក​គ្រូ​ពេទ្យ​ថា ខ្ញុំ​សំណាង​ហើយ​ដែល​ឈឺ​ចំ​ពេល​មាន​ថ្នាំ​ព្យាបាល​។ កាល​ពី ២-៣ ឆ្នាំ​មុន មិន​ទាន់​មាន​ឡើយ នៅ​ស្រុក​ខ្មែរ ថ្នាំ​ព្យាបាល​ជំងឺ​នេះ​។ ពេទ្យ​ថា ជា​ការ​ល្អ​ដែល​ខ្ញុំ​តស៊ូ​នឹង​ថ្នាំ​។ អ្នក​ជំងឺ​គាត់​ពី​មុន បោះ​បង់​ការ​ព្យាបាល​ចោល​ដោយ​សារ​ទ្រាំ​នឹង​ថ្នាំមិន​រួច​។

ឆ្លើយ​នឹង​សំណួរ​ខ្ញុំ​ថា តើ​ត្រូវ​លេប​ថ្នាំ​ដល់​ពេល​ណា? ពេទ្យ​ថា ដំណាក់​កាល​បច្ចុប្បន្ន គាត់​កំពុង​ដាក់​ថ្នាំ​ស្ទាប​ស្ទង់​នៅ​ឡើយ ហើយ​ត្រូវ​ព្យាបាល Depression ដែល​រ៉ាំរ៉ៃ​មុន​សិន​។ បើ​តាម​យោបល់​ពេទ្យ ខ្ញុំ​ត្រូវ​លេប​ថ្នាំ​ជាប់​ពី​២​ទៅ​៣​ឆ្នាំ​ ឬ​រហូត​។

ជីវិត!

ខែកញ្ញា 25, 2018 at 9:52 ល្ងាច បញ្ចេញមតិ

អត្ថបទ​ចាស់​ជាង​នេះ​


ការបន្ទាន់សម័យ Twitter

Instagram

ខែកញ្ញា 2018
អា ព្រ សុ
« សីហា   តុលា »
 1
2345678
9101112131415
16171819202122
23242526272829
30  

បណ្ណសារ


%d bloggers like this: