ម្ភៃ​ប្រាំ​មួយ

ខែកក្កដា 22, 2018 at 6:09 ល្ងាច បញ្ចេញមតិ

2018_0720_17114800-4នៅ​សល់​តែ​៤​ថ្ងៃ​ទៀត ថ្ងៃ​កំណើត​គម្រប់​ម្ភៃ​ប្រាំមួយ​ឆ្នាំ​របស់​ខ្ញុំ​នឹង​រំកិល​មក​ដល់​។ អត្ថបទ​សម្រាប់​ថ្ងៃ​កំណើត​នា​ឆ្នាំ​នេះ ពិបាក​សរសេរ​បំផុត បើ​ធៀប​នឹង​ឆ្នាំ​មុន​ៗ​។ ពិបាក​មិន​មែន​ដោយសារ​គ្មាន​អ្វី​សរសេរ​ទេ តែ​វា​មាន​រឿង​ច្រើន​ពេក ច្រើន​រហូត​មិន​ដឹង​ចាប់​ផ្ដើម​សរសេរ​ពី​ត្រង់​ណា..

ព្រោះមាន​រាង និង​ភាព​ដូច​ពពក មាន​ពណ៌​ចម្រុះ​ដូច​ឥន្ទធនូ ហើយ​មាន​មាឌ​និង​កម្ពស់​​កម្ព​រ​​ប៉ុន​យក្សា។

សម្រេច​ចិត្ត​ខុស​មិន​មែន​ជា​ទី​បញ្ចប់​នៃ​អ្វី​ៗ​គ្រប់​យ៉ាង​ឡើយ

រហូត​មក​ទល់​អាយុ​ប៉ុន​ណេះ​ទៅ​ហើយ ខ្ញុំ​ទើប​តែ​សម្រេច​ចិត្ត​ខុស.. ទាំង​តាំង​ចិត្ត​និង​មិន​តាំង​ចិត្ត ជា​ច្រើន​ដង​។ មើល​មនុស្ស​ខុស ជួយ​មនុស្ស​ខុស។ មែន​ទែន​ទៅ ខ្ញុំ​មិន​ដែល​រំពឹង​ចង់​បាន​អ្វី​ត្រឡប់​មក​វិញ​នៅ​ពេល​ជួយ​នរណា​ម្នាក់​ឡើយ បើ​ទោះ​ជា​ជួយ​គេ ខ្ញុំ​ត្រូវ​ធ្វើ​បាប​ខ្លួន​ឯង​ខ្លះ​ក៏​ដោយ​។ មិន​បាច់​មាន​អារម្មណ៍​ថា​ជំពាក់​គុណ​ខ្ញុំ ហើយ​រឹត​តែ​មិន​ចាំ​បាច់​ដឹង​គុណ​ខ្ញុំ​ក៏​បាន​ កុំ​តែ​យក​កាំបិត​មក​ចាក់​ខ្ញុំ​ពី​ក្រោយ​វិញ ខ្ញុំ​អរគុណ​ពេក​ណាស់​ទៅ​ហើយ​។ ​ការ​សម្រេច​ចិត្ត​ខុស​លើក​នេះ, មេរៀន​ថ្មី​នេះ បង្រៀន​ឲ្យ​ខ្ញុំ​ដឹង​ថា ក្រពើ​មិន​ដែល​ចោល​សារជាតិ​របស់​វា​ឡើយ​។ ចាំ ហើយ ចៀស​។ ឈប់​ចាញ់​បោក​គេ​ទៀត​ទើប​ជា​ការ​ប្រសើរ​។

មិត្តភាព​ដែល​មិន​មែន​ដើម្បី​ប្រយោជន៍​មាន​ពិត​ប្រាកដ​

«មិត្តភាព​គ្មាន​ទេ មាន​តែ​ប្រយោជន៍»។ ខ្ញុំ​ប្រកាន់​ទ្រឹស្ដី​នេះ​ដប់​ឆ្នាំ​ហើយ តាំង​ពី​ខ្ញុំ​រៀន​នៅ​សាលា​និពន្ធ​។ ម្ល៉ោះ​ហើយ ជាង​ម្ភៃ​ឆ្នាំ​កន្លង​មក​នេះ ខ្ញុំ​ចំណាយ​ពេល​ជាមួយ​មិត្តភក្តិ​តិច​ណាស់ ព្រោះ​ខ្ញុំ​ចេះ​តែ​យល់​ថា គេ​រាប់​អាន​ខ្ញុំ​គឺ​ដើម្បី​តែ​ប្រយោជន៍​ម្យ៉ាង​គត់​។ បើ​ទោះ​បី​ជាមិន​មែន​​ពេល​នេះ ក៏​គង់​មាន​ពេល​ណាមួយ​ដែល​គេ​កេង​យក​ប្រយោជន៍​ពី​ខ្ញុំ​នៅ​ថ្ងៃ​មុខ​ដែរ​។

ចុង​ឆ្នាំ​មុន ក្រោយ​ពេល​​ខ្ញុំ​ចាប់​ផ្ដើម​ចំណាយ​ពេល​ច្រើន​ជាមួយ​មិត្តភក្តិ​ប៉ុន្មាន​នាក់ ទើប​ខ្ញុំយល់​ថា ការ​ពិត មិត្តភាព​ដែល​មិន​រំពឹង​ប្រយោជន៍ទាល់​តែ​សោះ មិន​មែនមាន​តែ​នៅ​ក្នុង​កុន​មនោសញ្ចេតនា​ទេ តែ​វា​មានពិត​នៅ​លើ​លោក​។ ខ្ញុំ​គ្រាន់​តែ​សំណាង​អាក្រក់​ដោយ​មិន​បាន​ស្គាល់​មិត្តភាព​នោះ​ឲ្យ​បាន​លឿន​ជាង​នេះ​ប៉ុនណោះ​។ មាន​មិត្តភក្តិ​ប៉ុន្មាន​នាក់ ដែល​នៅ​ក្បែរ​ខ្ញុំ​ពេល​ជីវិត​ខ្ញុំ​ស្គាល់​របត់​មួយ​សំខាន់…

សំណួរ​សួរ​ថា តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា មួយ​ណា​ជា​មិត្តភាព ហើយ​មួយ​ណា​ជា​ប្រយោជន៍​? ចម្លើយ​ងាយ​ទេ មិត្តពិត​ប្រាកដ​​ឋិតឋេរ តែ​អ្នក​ដែល​ចូល​មក​ក្នុង​ជីវិត​យើង​ដើម្បីប្រយោជន៍​ នឹង​ចាក​ចេញ​ទៅ​វិញ នៅ​ពេល​ដែល​គេ​បាន​អ្វី​ដែល​គេ​ចង់​បាន​ហើយ ឬ​មិន​បាន​អ្វី​ដែល​គេ​ចង់​បាន​សោះ​តែ​ម្ដង​.. គេ​នឹង​ដើរ​ចេញ​ទៅ​វិញ​។

ភាព​ឯកា​ជា​អារម្មណ៍​ដែល​មិន​អាច​គេច​ផុត

ធ្លាប់​ទេ ដែល​អង្គុយ​នៅ​ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន តែ​មាន​អារម្មណ៍​សែន​ឯកា​។ ជាង​កន្លះ​ឆ្នាំ​ចុង​ក្រោយ​នេះ ខ្ញុំ​ប្រឹង​គេច​កុំ​ឲ្យ​ឯកា ដោយ​ព្យាយាម​នៅ​ជាមួយ​មិត្តភក្តិឲ្យ​បាន​ច្រើន​។ តែ​ចម្លែក​ដែរ ដែល​​កាន់​តែ​ប្រឹង​គេច​ពី​ភាព​ឯកា​ពេល​ណា បែរ​ជា​កាន់​តែ​ឯកា​លើស​ដើម​។

អត់​មាន​នរណា​គេច​ពី​អារម្មណ៍​ឯកា​នេះ​ផុត​ទេ ប៉ុន្តែ​រឿង​ដែល​សំខាន់ តើ​យើង​ចេះ​រស់​ជាមួយ​អារម្មណ៍​នេះ​ឬ​អត់? អ្នក​ខ្លះ ទម្លាប់​ជាមួយ​ភាព​ឯកា រហូត​លែង​ចេះ​រស់​ជាមួយ​អ្នក​ដទៃ​។ ចំណែក​ខ្ញុំ ទម្លាប់​រស់​នៅ​ជាមួយ​អ្នក​ដទៃ ហើយ​លែង​ចេះ​រស់​នៅ​ជាមួយ​ភាព​ឯកា​។ ចម្លែក​ដែរ!

ក្ដី​សុបិន​អារាត់អារាយ

ឆ្នាំ​មុន នៅ​ពេល​ដែល​ខ្ញុំ​អាយុ​គ្រប់​ម្ភៃ​ប្រាំ​ឆ្នាំ ខ្ញុំ​បាន​ដើរ​ដល់​របត់​មួយ​សំខាន់ ដែល​ត្រូវ​រៀន​រស់​នៅ​ជីវិត​ខ្លួន​ឯង បន្ទាប់​ពី​រស់​នៅ​ដើម្បី​ក្ដី​សុបិន​របស់​អ្នក​ដទៃ​ជាង​៥​ឆ្នាំ​។ ដំបូង​ៗ ខ្ញុំ​មាន​អារម្មណ៍​ដូច​ខ្លួន​ឯង​ឈរ​ក្នុង​ព្រៃ​វង្វេង តែ​ខ្ញុំ​សំណាង​ល្អ​ដែល​មាន​គ្រូ​បង្វឹក​ល្អ​២​នាក់​ជួយ​នាំ​ផ្លូវ​។ មែន​ទែន​ទៅ ខ្ញុំ​នៅ​មិន​ទាន់​ដឹង​ថា​ខ្លួន​ឯង​កំពុង​ធ្វើ​អ្វី​ដើម្បី​អ្វី​នៅ​ឡើយ​។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ខ្ញុំ​ព្យាយាម​រើស​យក​ក្ដី​សុបិន​អារាត់អារាយ​ដែល​ខ្ញុំ​ធ្លាប់​មាន​ពី​មុន មក​ធ្វើ​ឡើង​វិញ ហើយ​វា​ក៏​បាន​សម្រេច​ចេញ​ជា​រូប​ជា​រាង​ខ្លះ​ដែរ​។

ក្ដី​សុបិន​អារាត់​អារាយ​របស់​ខ្ញុំ តូច​តាច​ណាស់​។ ប៉ុន្តែ​តាម​រយៈ​ការ​សម្រេច​ក្ដី​សុបិន​តូច​តាច​ទាំង​នេះ យ៉ាង​ហោច​ណាស់​ខ្ញុំ​មាន​កម្លាំង​ចិត្ត​បន្ត​ដំណើរ​ទៅ​មុខ ហើយ​ស្វែង​រក​ខ្លួន​ឯង​ត​ទៅ​ទៀត និង​ប្រហែល​ជា​នៅ​ទី​បំផុត ក្ដី​សុបិន​អារាត់​អារាយ​ល្អិត​ល្អោច​ទាំង​នេះហើយ​ដែល​នឹង​នាំ​ខ្ញុំ​ទៅ​កាន់​ក្ដី​សុបិន​ធំ​ធេង​មហិមា​ណាមួយ​នា​ពេល​ខាង​មុខ​ក៏​មិន​ដឹង​​។

ស្រឡាញ់​ខ្លួន​ឯង

នៅ​ពេល​អង្គុយ​គិត​ឡើង​វិញ រឿង​រ៉ាវមួយ​ចំនួន​ធំ​ក្នុង​ជីវិត​សព្វ​ថ្ងៃ គឺ​កើត​ឡើង​ដោយ​សារ​តែខ្ញុំ​មាន​ទម្លាប់​ខ្វល់​ពី​អ្នក​ដទៃ​ច្រើនពេក គិត​ពី​មនុស្ស​ជុំ​វិញ​ខ្លួន​ច្រើនពេក និង​ស្រឡាញ់​អ្នក​ដទៃ​ច្រើន​ពេក​។ ខ្ញុំ និង​សេចក្ដី​សុខ​សម្រាប់​ខ្លួន​ឯង​​មិន​មែន​ជា​អាទិភាព​នៅ​ក្នុង​ជីវិត​ឡើយ​។ ពួក​ម៉ាក​និង​អ្នក​ក្បែរ​ខ្លួន​របស់​ខ្ញុំ​បន្ទោស​ខ្ញុំ​ច្រើន​ដោយ​សារ​តែ​ទម្លាប់​អាក្រក់​នេះ​។ ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​នឹង​រៀន​ស្រឡាញ់​ខ្លួន​ឯង​ឲ្យ​ច្រើន បើ​ទោះ​បី​ជា សម្រាប់​ខ្ញុំ ​ការ​ស្រឡាញ់​ខ្លួន​ឯង ពិបាក​ជាង​ស្រឡាញ់​អ្នក​ដទៃ​ក៏​ដោយ​៕

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!.

Dinner: Too Romantic? ฝันหวานอายจูบ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Instagram

ខែកក្កដា 2018
អា ព្រ សុ
« ឧសភា   សីហា »
1234567
891011121314
15161718192021
22232425262728
293031  

បណ្ណសារ


%d bloggers like this: