«Annihilation» កុន​វិទ្យាសាស្ត្រ​គីឡូ​ធ្ងន់

ខែ​មេសា 13, 2018 at 6:01 ល្ងាច បញ្ចេញមតិ

កុន​បែប​ណា​ដែល​អ្នក​វិនិច្ឆ័យ​ថា​ជា​កុន​ល្អ? សម្រាប់​ខ្ញុំ កុន​ល្អ​គឺ​ជា​កុន​ដែលធ្វើ​ឲ្យ​អ្នក​មើល​សួរ​សំណួរ​នៅ​ក្នុង​ខួរ​ក្បាល​ ជា​ជាង​ប្រឹង​ប្រែងពន្យល់​​ប្រាប់​ចម្លើយទាំង​អស់​ដល់​អ្នក​មើល​។ ហើយ Annihilation របស់ Paramount Pictures គឺ​ជា​កុន​ប្រភេទ​នោះ​។

annihilation-poster

Annihilation បើក​ឆាក​ដោយ​ឃើញ Lena ត្រូវ​គេ​សួរ​ចម្លើយ អំពី​ហេតុការណ៍​ដែល​នាង​បាន​ជួប​ប្រទះ​នៅ​ក្នុង​តំបន់​ដែល​គេ​ហៅ​ថា «The Shimmer»។ Lena ស្ម័គ្រ​ចិត្ត​ចូល​ទៅ​ក្នុង​តំបន់ Shimmer ជាមួយ​ទាហាន​ស្រី ៤​នាក់​ទៀត ប៉ុន្តែ​នាង​បែរ​ជា​រួច​ជីវិត​មក​វិញ​តែម្នាក់​ឯង ខណៈ​អ្នក​ដទៃ​ទៀត​ស្លាប់​បាត់​អស់​។

មែន​ទែន​ទៅ ក្រៅ​ពី Lena, មាន​មនុស្ស​ម្នាក់​ទៀត​ដែល​រួច​ជីវិត​ពី​តំបន់ Shimmer ដែរ​។ នោះ​គឺ Kane ជា​ស្វាមី​របស់​នាង​។ Kane ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​តំបន់ Shimmer មុន Lena។ បាត់​ខ្លួន​នៅ​ក្នុង​តំបន់ Shimmer អស់​ជាង​១​ឆ្នាំ លុះ​ត្រឡប់​មក​វិញ Kane មាន​អាការៈ​ចម្លែក ប្រៀប​បាន​ដូច​មនុស្ស​ថ្មី​ ហើយ​ស្រាប់​តែ​ធ្លាក់​ខ្លួន​ឈឺ​ស្ថិត​ក្នុង​សភាព Coma។ គឺ​នៅ​ពេល​​នោះ​ហើយ​ដែល Lena សម្រេច​ស្ម័គ្រ​ចិត្ត​ចូល​ទៅ​ក្នុង​តំបន់ Shimmer ដើម្បី​ស្វែង​យល់​ថា​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ស្វាមី​របស់​ខ្លួន? និង​ពិសេស ចង់​ជួយ​សង្គ្រោះ​ស្វាមី​ខ្លួន​ឲ្យ​ដឹង​ខ្លួន​វិញ។

annihilation-ed

Annihilation ជា​រឿង​វិទ្យាសាស្ត្រ និង​លើស​ពី​វិទ្យាសាស្ត្រ ព្រោះ​វា​មានបង្ហាញ​​នូវ​បញ្ហា​ផ្សេង​ៗ​ទៀត​ជា​ច្រើនដូច​ជា ទំនាក់ទំនង​គ្រួសារ, យេនឌ័រ, និង​បរិស្ថាន​ផង​ដែរ​​។ អ្នក​ខ្លះ​មើល​រឿង​នេះ​មិន​យល់។ មិត្ត​ខ្ញុំ​ខ្លះ​ថា រឿង​នេះ​ពន្យល់​ច្រើន​ពេក គ្មាន​ទុក​ចន្លោះ​ប្រហោង​ឲ្យ​អ្នក​មើល​គិត​ខ្លួន​ឯង ឬ​និយាយ​ម្យ៉ាង​ទៀត​ថា មើល​ងាយ​អ្នក​មើល​។ ខ្ញុំ​មិន​យល់​ទាស់​ទេ ព្រោះ​​រឿងនេះ​​ពិត​ជា​ប្រឹង​ប្រែង​ពន្យល់​អ្នក​មើល​មែន​។ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ពេញ​ចិត្ត​ចំពោះ​រឿង​នេះ គឺ​វា​បាន​បង្កើត​ជា​សំណួរ​ជា​ច្រើន​នៅ​ក្នុង​ខួរ​ក្បាល​ខ្ញុំ ទាំង​ពេល​កំពុង​មើល​រឿង និង​ពេល​មើល​រឿង​រួច​។

annihilation

ហេតុ​អ្វី​បាន​ជា​ប្ដី​ប្រពន្ធ Kane និង Lena សម្រេច​ស្ម័គ្រ​ចិត្ត​ចូល​ទៅ​តំបន់ Shimmer ហើយ​ហេតុ​អ្វី​អ្នក​ទាំង​ពីរ​រួច​ជីវិត​ត្រឡប់​មក​វិញ? តើហេតុអ្វី​​តំបន់ Shimmer អាច​ធ្វើ​ឲ្យ DNA របស់​ជីវិត​ប្រែ​ប្រួល មិន​ថា​រុក្ខជាតិ សត្វ ឬ​មនុស្ស? តើ​ការ​ប្រែ​ប្រួល DNA នោះ​ជា​ជំងឺ​ឬ? ហើយ​វា​គ្រោះ​ថ្នាក់​ដែរ​ឬ​ទេ? ហើយ​នៅ​ចុង​បញ្ចប់​បំផុត តើ Kane និង Lena ដែល​ចេញ​មក​ពី​តំបន់ Shimmer នោះ ជា​ពួក​គេ​ដដែល ឬ​ប្រែ​ប្រួល​ជា​អ្វី​ផ្សេងទៅ​ហើយ​? សំខាន់​ជាង​នេះ ថា​តើ​អា​តំបន់ Shimmer ស្អី​នេះ វាទំនង​ជា​មាន​មែនទេ ឬ​អាច​កើត​ឡើង​បាន​ពិត​មែន​ដែរ​ឬ​ក៏​អត់?

annihilation-plant-evolution-elements

Annihilation ធ្វើ​បាប​សតិ​អារម្មណ៍​អ្នក​មើល​ដូច​ខ្ញុំ​មិន​តិច​ទេ។

ទី​១៖ វា​បង្កើត​សំណួរ​ច្រើន​ហួស​ពេក។ ខ្ញុំ​ដល់​ថ្នាក់​ដេក​យល់​សប្តិ ក្រោយ​មើល​រឿង​នេះ​ចប់។

ទី​២៖ ទៅ​មើល​កុន​រឿង​នេះ ដូច​ទៅ​ឲ្យ​កុន​នេះ​ទះ​កំផ្លៀង ហើយ​ដៀល​ស្ដីឲ្យ​​ថា ល្ងង់​។  ជា​ការ​ពិត រឿង​វិទ្យាសាស្ត្រ​រាល់​ថ្ងៃ យើង​ធ្លាប់មើល​តែ​រឿង​គីឡូ​ស្រាល ទាក់ទង​នឹង ប្រាជ្ញា​សិប្បនិម្មិត (AI) ឬ​ទាក់ទង​នឹង​គន្លង​តារា​វិថី ឬ​ជីវិត​លើ​ភព​ផ្សេង​។ ដោយ​ឡែក Annihilation យក​រឿង​គីឡូស្រាល​អស់​ទាំង​នេះ​មក​ចាក់​បញ្ចូល​គ្នា ដាំ​ឲ្យ​ពុះ រួច​សូន​ជា​រឿង​ថ្មី​មួយ​ទៀត​​ដែល​មើល​មិន​យល់​ទេ បើ​យើង​ភ្ជាប់ Puzzles អស់​នោះ​ចូល​គ្នា​មិន​ទាន់​។

ខ្ញុំ​ហៅ​រឿង​នេះ​ថា «កុន​វិទ្យាសាស្ត្រ​គីឡូ​ធ្ងន់» មិន​មែន​ធ្វើ​លំ​ៗ តែ​ឆ្លង​កាត់​ការ​ស្រាវ​ជ្រាវ​យ៉ាង​ល្អិត​ល្អន់បំផុត​​។ ទៅ​ថ្ងៃមុខ យើង​ទំនង​អាច​មាន​កុន​ប្រភេទ​នេះ​មើល​ច្រើន​ទៀត បើ​ទោះ​បី​ជា​វា​មិន​សូវ​មាន​ប្រជាប្រិយភាព​នៅ​លើ​ទីផ្សារ​កុន​ក៏​ដោយ​។

នរណា​មិន​ទាន់​បាន​មើល ខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​មើល។ មើល​ចប់​មិនយល់​ក៏​មិន​អី ព្រោះ​រឿង​ខ្លះ​គេ​បង្កើត​មក​មិន​មែន​ដើម្បី​ឲ្យ​យល់​ទេ! មិន​ថា​អ៊ីចឹង!?

 

 

 

 

Entry filed under: ភាពយន្ដ.

NR Story ៥​ឆ្នាំ​នៅ​វិទ្យុ​បារាំង RFI

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Instagram

ខែ​មេសា 2018
អា ព្រ សុ
« មីនា   ឧសភា »
1234567
891011121314
15161718192021
22232425262728
2930  

បណ្ណសារ


%d bloggers like this: