«លោក ប៉ែន សុវណ្ណ» ជាតួអង្គសំខាន់នៅក្នុងប្រវត្តិសាស្ត្រខ្មែរសម័យទំនើប?

ខែតុលា 30, 2016 at 10:02 ល្ងាច បញ្ចេញមតិ

លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ដ្រីទី១ នៃសម័យសាធារដ្ឋប្រជាមានិតកម្ពុជា បានទទួលមរណភាពហើយ កាលពីវេលាម៉ោង៧និង១៧នាទី យប់ថ្ងៃសៅរ៍ទី២៩តុលា ក្នុងជន្មាយុ៨០ឆ្នាំ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា លោក ប៉ែន សុវណ្ណ បានចូលរួមក្នុងចលនារំដោះជាតិជាច្រើនសម័យ មុននឹងត្រូវបានលើកបន្តុបជានាយករដ្ឋមន្ដ្រីនៅឆ្នាំ១៩៨១។

នៅក្នុងសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា លោក ប៉ែន សុវណ្ណ កាន់តំណែងជានាយករដ្ឋមន្ដ្រីបានតែប្រមាណ៦ខែប៉ុណ្ណោះ ពោលគឺចាប់ពីថ្ងៃទី២៧មិថុនា ដល់ថ្ងៃទី២ធ្នូ១៩៨១។ លោកត្រូវបានចាប់ខ្លួនដោយជំនាញការវៀតណាម នៅថ្ងៃទី២ធ្នូឆ្នាំ១៩៨១ និងបញ្ជូនទៅឃុំខ្លួននៅប្រទេសវៀតណាមអស់រយៈពេល១០ឆ្នាំនិង៥២ថ្ងៃ។

ក្នុងសៀវភៅ សុបិននិងការពិត លោក វ៉ាន់ឌី កាអុន បានសរសេរថា ការដកហូតដំណែង លោក ប៉ែន សុវណ្ណ គឺបណ្ដាលមកពីលោកប្រមាថទីក្រុងហាណូយយ៉ាងខ្លាំង ដោយចង់មានទំនាក់ទំនងដោយផ្ទាល់ជាមួយទីក្រុងមូស្គូ រំលងទីក្រុងហាណូយ។ និងបណ្ដាលមកពី លោក ប៉ែន សុវណ្ណ ប៉ុនប៉ងរំដោះកម្ពុជាពីការគាបសង្កត់របស់វៀតណាម ហើយប្រឆាំងនឹងនយោបាយអន្តោប្រវេសន៍វៀតណាមនៅកម្ពុជា។ ប៉ុន្តែសំខាន់ជាងនេះ លោកប៉ែន សុវណ្ណ របូតពីតំណែង ហើយត្រូវគេចាប់ដាក់គុក ក៏ព្រោះតែលោកដែលជាអតីតខ្មែរវៀតមិញ ដណ្ដើមតួនាទីដឹកនាំរបស់ក្រុមខ្មែរក្រហមភូមិភាគបូព៌ាប្រឆាំងនឹងប៉ុលពត ដែលគេស្គាល់ថា ជាក្រុមលោក ជា ស៊ីម, ហេង សំរិន, និង ហ៊ុន សែន។ គឺទំនាស់ប្រជែងអំណាចរវាងចរន្តទាំងពីរនេះហើយដែលធ្វើឲ្យវៀតណាមបារម្ភ ហើយបង្ខំចិត្តកម្ចាត់ចោលមួយ។

p-sovann1

កើតនៅថ្ងៃទី១៥មេសា១៩៣៦ នៅក្នុងឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ លោក ប៉ែន សុវណ្ណ បានឆ្លងកាត់របបនយោបាយខ្មែរជាច្រើនជំនាន់ ហើយបានចូលរួមចំណែកជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រទាំងនោះ។

តាំងពីវ័យត្រឹមតែ១៥ឆ្នាំ កុមារា ប៉ែន សុវណ្ណ បានចូលប្រឡូកនៅក្នុងចលនាខ្មែរឥស្សរៈ ដើម្បីតស៊ូរំដោះជាតិចេញពីអាណានិគមបារាំង។ ក្រោយចលនាតស៊ូប្រឆាំងអាណានិគមបារាំងបញ្ចប់នៅឆ្នាំ១៩៥៤ ប៉ែន សុវណ្ណ ត្រូវគេបញ្ជូនទៅបន្តការសិក្សានៅប្រទេសវៀតណាម ផ្ដើមចេញពីវគ្គបណ្ដុះបណ្ដាលនាយទាហាន រហូតបានចូលសិក្សានៅវិទ្យាស្ថានជាន់ខ្ពស់ផ្នែកនយោបាយនិងសេដ្ឋកិច្ច។ នៅក្នុងអំឡុងពេលរស់នៅនិងរៀនសូត្រនៅប្រទេសវៀតណាមនោះហើយ លោក ប៉ែន សុវណ្ណ មានភរិយា និងមានបុត្រចំនួន៣នាក់ ស្រី២ ប្រុសមួយ។ មតិមួយចំនួនបញ្ជាក់ថា ភរិយារបស់លោក ប៉ែន សុវណ្ណ ជាក្មួយស្រីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ ប៉ុន្តែនៅក្នុងសៀវភៅនាយករដ្ឋមន្ដ្រីខ្មែរទាំង៣៦រូបរបស់លោក ឆាយ សុផល លោក ប៉ែន សុវណ្ណ បានអះអាងថា ភរិយារបស់លោកឈ្មោះកញ្ញា គឺជាជនជាតិខ្មែរកម្ពុជាក្រោម។

លោក ប៉ែន សុវណ្ណ បានត្រឡប់មកកម្ពុជាវិញ ក្រោយរដ្ឋប្រហារថ្ងៃទី១៨មីនា១៩៧០ ដើម្បីចូលរួមជាមួយអង្គការចាត់តាំងខ្មែរក្រហម ទទួលបន្ទុកការងារព័ត៌មានក្រោមបង្គាប់លោក អៀង សារី។ ប៉ុន្តែដោយសារតែដឹងពីគម្រោងអាក្រក់របស់ថ្នាក់ដឹកនាំមកលើខ្លួន លោក ប៉ែន សុវណ្ណ បានរត់ត្រឡប់ប្រទេសទៅវៀតណាមវិញនៅឆ្នាំ១៩៧៤។

លោក ប៉ែន សុវណ្ណ (រូបទី២ រាប់ពីឆ្វេង)

លោក ប៉ែន សុវណ្ណ (រូបទី២ រាប់ពីឆ្វេង)

ឆ្នាំ១៩៧៨ ជាព្រឹត្តិការណ៍សំខាន់មួយទៀតនៅក្នុងរបត់ជីវិតលោក ប៉ែន សុវណ្ណ និងនៅក្នុងរបត់ប្រវត្តិសាស្ត្រកម្ពុជា។ ជាពេលដែលលោកបានជួបជាមួយក្រុមខ្មែរក្រហមនៅភូមិភាគបូព៌ាដែលបះបោរប្រឆាំងនឹង ប៉ុល ពត ដឹកនាំដោយ ហេង សំរិន, ជា ស៊ីម, ហ៊ុន សែន។ លោកប៉ែន សុវណ្ណ និងក្រុមខ្មែរក្រហមភូមិភាគបូព៌ា បានបង្កើតរណសិរ្យមួយ ឈ្មោះថា រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។ ទីបំផុត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីវៀតណាម បានវាយរំលំរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧មករា១៩៧៩។ លោក ប៉ែន សុវណ្ណ ត្រូវបានតែងតាំងជានាយរដ្ឋមន្ដ្រីទី១ នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា នៅថ្ងៃទី២៧មិថុនា១៩៨១ ប៉ុន្តែលោកត្រូវគេដកហូតដំណែងនៅចុងឆ្នាំ១៩៨១ ហើយបញ្ជូនទៅឃុំឃាំងនៅប្រទេសវៀតណាម។

2_story_1_1

បន្ទាប់ពីជាប់គុកងងឹតនៅប្រទេសវៀតណាមអស់១០ឆ្នាំនិង៥២ថ្ងៃ លោក ប៉ែន សុវណ្ណ ត្រូវបានដោះលែងឲ្យត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៥មករាឆ្នាំ១៩៩២។ ដំបូងឡើយបានត្រឡប់ចូលមកបម្រើការនៅគណបក្សប្រជាជនកម្ពុជាវិញ មុននឹងងាកទៅចូលរួមជាមួយគណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ី។ ជាបន្តបន្ទាប់ លោក ប៉ែន សុវណ្ណ បានផ្លាស់ប្ដូរទ្រនំ បង្កើតគណបក្សទ្រទ្រង់ជាតិ ដើម្បីដឹកនាំខ្លួនឯង និងចូលរួមជាមួយគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា នៅឆ្នាំ២០០៧។ មុនពេលទទួលមរណភាព លោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំខេត្តកំពង់ស្ពឺ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង លោក ប៉ែន សុវណ្ណ ចាត់ទុកការជាប់ជាតំណាងរាស្ត្រនៅក្នុងអាណត្តិទី៥នេះ ថាជាពេលវេលាចុងក្រោយនៃជីវិតរបស់លោក ក្នុងការបម្រើជាតិមាតុភូមិ៕

Advertisements

Entry filed under: ពី​កម្ពុជា, ព័ត៌មាន, RFI.

បិសាច Friday Freak

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែតុលា 2016
អា ព្រ សុ
« កញ្ញា   វិច្ឆិកា »
 1
2345678
9101112131415
16171819202122
23242526272829
3031  

បណ្ណសារ


%d bloggers like this: