រឿងរ៉ាវនៅលើឡានក្រុង ១

ខែ​កុម្ភៈ 3, 2016 at 12:13 ព្រឹក បញ្ចេញមតិ

បើកប្រាក់ខែកាលពីអាទិត្យមុន​ ហើយអ្វីដែលខ្ញុំនឹកដល់មុនគេគឺជិះឡានក្រុងទៅសៀមរាប​ ដើរមើលប្រាសាទ​ សម្រាកមួយយប់នៅទីនោះ​ ទើបជិះឡានក្រុងត្រឡប់មកភ្នំពេញធ្វើការវិញ។ នេះគឺជាទម្លាប់និងចំណង់របស់ខ្ញុំ នៅពេលដែលខ្ញុំគ្មានអ្វីត្រូវខ្វាយខ្វល់។ ធ្វើការមួយអាទិត្យៗឲ្យល្អ យកថ្ងៃសម្រាកដើម្បីដើរលេងនៅខេត្តនេះ ខេត្តនោះ​ ចាយប្រាក់ខែ ដែលកាលណោះមានមិនប៉ុន្មានផង។

សៀមរាប គឺជាខេត្តដែលខ្ញុំចូលចិត្តទៅសម្រាកជាងគេ។​ ទៅរាប់សិបដងហើយ ក៏ដើរមិនទាន់សព្វ។ ខ្ញុំចូលចិត្តខេត្តសៀមរាប ដល់ថ្នាក់ប្ដេជ្ញាចិត្តថា ពេលចាស់ទៅ​ ខ្ញុំនឹងទៅរស់នៅទីនោះ។

ថ្ងៃទី៧ ខែសីហា​ ឆ្នាំ២០១៤ ខ្ញុំឡើងឡានក្រុង មេគង្គអ៊ិចប្រេស ទៅសៀមរាប។ ចេញពីភ្នំពេញទៅ ខ្ញុំដោតកាសស្ដាប់ចម្រៀង ហើយធ្មេចភ្នែកដេករហូត។ មិនមែនងងុយដេកអីទេ! ខ្ញុំគ្រាន់តែសន្សំកម្លាំងដើម្បីដើររាតត្បាតនៅសៀមរាបតែប៉ុណ្ណោះ។ ឡានក្រុងឈប់សំចតនៅកំពង់ធំ ដើម្បីឲ្យអ្នកដំណើរបានបត់ដៃបត់ជើង និងពិសារអាហារសម្រន់តាមត្រូវការ។ ខ្ញុំចុះពីឡាន ដើរតម្រង់មុនគេទៅរកបន្ទប់ទឹក។ នេះជាទម្លាប់។ លុបមុខលាងដៃរួចរាល់ ខ្ញុំដើរមករកតុអាហារ កុម្ម៉ង់បាយឆាឡុកឡាក់ ព្រោះគិតថា ឆាឡុកឡាក់ប្រហែលជាលឿន។ ប៉ុន្តែខុសពីការគិត ខ្ញុំត្រូវរង់ចាំប្រហែលដប់ប្រាំនាទី​ ទម្រាំអ្នករត់តុ ដាក់បាយឆាឡុកឡាក់នៅមុខខ្ញុំ។ បាយឆ្អែត ឡានក្រុងធ្វើដំណើរបន្តទៀត ប៉ុន្តែលើកនេះ ខ្ញុំដេកលែងលក់ព្រោះហល់។

នៅពេលដេកលែងលក់ ខ្ញុំគ្មានអ្វីធ្វើក្រៅតែពីស្ដាប់ចម្រៀង មើលទេសភាពសងខាងផ្លូវ និងយូរៗម្ដង ងាកមកសម្លឹងមិត្តរួមដំណើរ ដែលអង្គុយកៅអីជាប់ខ្ញុំ។ មិត្តរួមដំណើរម្នាក់នេះ ត្រូវខ្ញុំបំភ្លេចចោលតាំងពីឡើងឡាននៅភ្នំពេញមកម្ល៉េះ។

ឃើញខ្ញុំមិនដេក មិត្តរួមដំណើរខ្ញុំ ដែលជាបុរសវ័យពាក់កណ្ដាលមនុស្សម្នាក់ ចាប់ផ្ដើមនាំជជែក។ ខ្ញុំដកកាសជាប់ត្រចៀកចេញ ហើយងាកមកចាប់អារម្មណ៍ពូអង្គុយកៅអីជាប់ខ្ញុំ។ បន្ទាប់ពីជជែកគ្នាមួយសន្ទុះ ខ្ញុំបានដឹងថា ពូជាបុគ្គលិកអង្គការមួយ ដែលផ្ដល់ទុនសម្រាប់ពង្រីកមុខរបរកសិកម្មសម្រាប់ជនក្រីក្រ។ ពូទៅសៀមរាប ដើម្បីធ្វើការ។

ពូនិយាយច្រើនពីការងាររបស់គាត់។ ពូថា ការងារពូល្អណាស់។ ពូជួយជនក្រីក្របានច្រើន ហើយពូក៏មានគេស្រឡាញ់រាប់អានច្រើនដែរ។ ប៉ុន្តែពូអភ័ព្វ ព្រោះគ្រួសារមិនសមបំណង។ គ្រួសារពូ មានប្រពន្ធ និងកូនប្រុស៣នាក់ នៅភ្នំពេញ។​ មានទឹកមុខស្រពោនពេលនិយាយពីគ្រួសារ ពូប្រាប់ខ្ញុំថា ដោយសារតែការងារពូត្រូវចុះខេត្តញឹកញាប់ ពូត្រូវឃ្លាតឆ្ងាយពីគ្រួសារ។ យូរៗជួបគ្នាម្ដង តែពូសង្កេតឃើញពីការលូតលាស់របស់កូនប្រុសទាំង៣ ដែលកូនច្បងរៀបការហើយ តែនៅមិនទាន់ចេះគិតគូរគ្រួសារ គិតតែពីបំផ្លាញ ផឹកស្រា សេពគ្រឿងញៀន។ ចំណែកកូនប្រុសពីរនាក់ទៀត មិនរៀនមិនសូត្រ ចូលចិត្តគេចសាលាទៅដើរលេង និងចូលកន្លែងហ្គេម។ ពូបន្ទោសប្រពន្ធ ដែលមិនចេះអប់រំកូនប្រុសឲ្យដើរតាមគន្លងធម៌ តែពូបន្ទោសខ្លួនដែរ ដែលមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារ ជាពិសេសសម្រាប់កូន។

ពូប្រាប់ថា ខ្ញុំនៅក្មេង អ៊ីចឹងហើយទើបពូចែករំលែកឲ្យខ្ញុំស្គាល់ពីជីវិតគាត់។ សម្រាប់ពូ ការងារសំខាន់ តែការងារមិនមែនជាអ្វីទាំងអស់ឡើយ។ ប៉ុន្តែទម្រាំពូដឹង វាហួសពេលទៅហើយ។ ពូប្រាប់ខ្ញុំឲ្យខំធ្វើការ តែសូមកុំភ្លេចគិតពីគ្រួសារ។ ខ្ញុំអរគុណពូ។

នៅពេលស្ដាប់ពូនិទានពីជីវិតគាត់ប្រាប់ខ្ញុំ​ ក្រៅតែពីរំជួលចិត្តអំពីជីវិតគាត់ហើយ ខ្ញុំចោទសួរខ្លួន​ឯងថា ហេតុអ្វីទើបពូប្រាប់រឿងនេះដល់ខ្ញុំ? ពិតដូចពាក្យពូទេ​ ដែលថា ជាការចែករំលែកបទពិសោធជីវិត? អាចដែរ! តែសម្រាប់ខ្ញុំ ប្រហែលដោយសារតែយើងមិនធ្លាប់ស្គាល់គ្នា។ បើកចិត្តសម្រាប់មនុស្សមិនធ្លាប់ស្គាល់គ្នា វាងាយជាងបើកចិត្តចំពោះមនុស្សដែលស្គាល់គ្នារួចហើយ។

ខ្ញុំមិនដឹងថារឿងដែលពូនិទានប្រាប់ខ្ញុំ ជារឿងពិតឬអត់ទេ។ ថាមិនត្រូវ វាគ្រាន់តែជារឿងដែលពូតែងឡើង​ ដើម្បីមានលេសជជែកលេងជាមួយមិត្តរួមដំណើរដ៏ក្មេងខ្ចីម្នាក់ដូចខ្ញុំប៉ុណ្ណោះ។ ប៉ុន្តែ បើទោះបីជារឿងរ៉ាវនោះ​ពិតក៏ដោយ មិនពិតក៏ដោយ ខ្ញុំពិតជារៀនបានមេរៀនល្អៗច្រើនយ៉ាងពីអ្វីដែលពូនិទានប្រាប់។ ជីវិតគ្រួសារ គឺជារឿងមួយលំបាក និងស្មុគស្មាញ។ នៅពេលដែលមនុស្សគ្រប់គ្នាត្រូវបំពេញការងារ ដើម្បីទ្រទ្រង់គ្រួសារ និងត្រូវមើលថែគ្រួសារនោះឲ្យល្អផង វាពិតជារឿងមួយដ៏ពិបាក។ ពិបាកព្រោះមនុស្សត្រូវថ្លឹងថ្លែងរវាងភារកិច្ចទាំងពីរនេះឲ្យបានល្អ។ គ្មាននរណាអាចកំណត់បានទេថា ត្រូវថ្លឹងថ្លែងបែបណាទើប «ល្អ» ព្រោះវាប្លែកគ្នាទៅតាមគ្រួសារនីមួយៗ។​ គេគ្រាន់តែដឹងថា ប្រសិនបើថ្លឹងថ្លែងមិនបានល្អទេ គេនឹងបាត់បង់មួយ នៅក្នុងចំណោមរបស់ពីរយ៉ាងនេះ ជាក់ជាពុំខាន៕

 

 

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, Travel.

ស្នេហា​និង​ជំរើស​នៃ​ជីវិត នៅ​ក្នុង​រឿង The Danish Girl (2015)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែ​កុម្ភៈ 2016
អា ព្រ សុ
« មករា   មីនា »
 123456
78910111213
14151617181920
21222324252627
2829  

បណ្ណសារ


%d bloggers like this: