«ដុំ​ហ្វីល​ចុង​ក្រោយ» ស្ដាយ​ក្រោយ​បើ​មិន​បាន​ទៅ​មើល!

ខែកញ្ញា 7, 2015 at 11:56 ព្រឹក មតិ 3

បន្ទាប់​ពី​ខក​ខាន​មិន​បាន​ទៅ​មើល «ដុំ​ហ្វីល​ចុង​ក្រោយ The Last Reel» ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​មហោស្រព​ភាពយន្ត​ឆ្នាំ​មុន ខ្ញុំ​បាន​ឆ្លៀត​ពេល​ទៅ​មើល​កុន​រឿង​ខ្មែរ ដែល​គេ​ល្បី​ថា​ល្អ​មើល​នេះ កាល​ពី​ថ្ងៃ​​សៅរ៍​អាទិត្យ​មុន​។ ជា​ការ​កត់​សម្គាល់ នៅ​រោង​ភាពយន្ត Major មិន​សូវ​មាន​អ្នក​ចូល​មើល​រឿង​នេះ​ប៉ុន្មាន​ទេ​។ ពេល​ល្ងាច​ដែល​ខ្ញុំ​ទៅ​មើល​នោះ មាន​មនុស្ស​មិន​ដល់​កន្លះ​រោង​ផង​ទេ​។ *គួរ​ឲ្យ​ស្ដាយ!

សាច់​រឿង (No Spoilers)

«ដុំ​ហ្វីល​ចុង​ក្រោយ ឬ The Last Reel» គឺ​ជា​រឿង​រ៉ាវ​ដំណាល​ពី​យុវតី​ម្នាក់ ដែលរក​ឃើញ​ថា ម្ដាយ​របស់​នាង​គឺ​ជា​អតីត​តារា​សម្ដែង តាម​រយៈ​រឿង​កុន ដែល​បាត់​ភាគ​បញ្ចប់​។ នាង​មាន​បំណង​ចង់​ធ្វើ​កុន ដើម្បី​បញ្ចប់​រឿងដែល​ម្ដាយ​នាង​សម្ដែង.. ហើយ​ដំណើរ​ការ​ធ្វើ​កុន​នោះ បាន​នាំ​នាង​ទៅ​រក​ការ​ពិត​ជា​ច្រើន របស់​ឪពុក​ម្ដាយ​របស់​នាង តាំង​ពី​សម័យ​មុនខ្មែរ​ក្រហម នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​ក្រោយ​ពី​នោះ​​។ ជា​ការ​ពិត ដែល​ដំបូង​ហាក់​ដូច​ជា​រឿង​ពិត តែ​ចុង​ក្រោយ វា​ប្រែ​ជា​មិន​ពិត​។

The_Last_Reel_Still

អ្នក​ដឹក​នាំ​រឿង «សុទ្ធោ គុល្លិការ»

«សុទ្ធោ គុល្លិការ» ជា​នរណា​? នេះ​ជា​សំណួរ ដែល​ខ្ញុំ​និង​មិត្ត​ភក្តិ​ ចោទ​សួរ​គ្នា នៅ​ពេល​មើល​រឿង «ដុំ​ហ្វីល​ចុង​ក្រោយ» ចប់​។ យើង​សួរ​គ្នា​ព្រោះ​​វា​ចម្លែក​ណាស់​ដែល​កុន​ដ៏​ល្អ​នេះ ប្រសូត្រ​ចេញ​ពី​ស្នាដៃ​ដឹក​នាំ​រឿង​របស់​ស្ដ្រី​ម្នាក់ ដែល​យើង​មិន​ធ្លាប់​ស្គាល់​សោះ​ពី​មុន​មក​។

Kulikar-2

លោក​ស្រី សុទ្ធោ គុល្លិការ ស្រាប់​តែ​ចេញ​ពី​ភាព​ងងឹត មក​ដឹក​នាំ​រឿង «ដុំ​ហ្វីល​ចុង​ក្រោយ» តាម​ស្គ្រីប​របស់ Ian Masters ហើយ​ដើរ​ប្រមូល​ពាន​រង្វាន់​លើ​ឆាក​អន្ដរជាតិ​បាន​យ៉ាង​ច្រើន​។ លោក​ស្រី សុទ្ធោ គុល្លិការ ឥឡូវ​នេះ​ស្ថិត​នៅ​ក្នុង​បញ្ជី​បុគ្គល​ដែល​ខ្ញុំ​គោរព​កោត​ស្ញប់ស្ញែង និង​ដែល​ខ្ញុំ​ត្រូវ​តាម​ជួប​សម្ភាស​ឲ្យ​បាន​ក្នុង​ថ្ងៃ​ណា​មួយ​!

ចំណាប់​អារម្មណ៍​ខ្ញុំ

មុន​នឹង​និយាយ​ពី​ចំណាប់​អារម្មណ៍​ ខ្ញុំ​ចង់​រំលឹក​ពី​អាការៈ​របស់​ខ្ញុំ​នៅ​ពេល​មើល​រឿង «ដុំហ្វីល​ចុង​ក្រោយ» នេះ​។ សើច​ផង យំ​ផង ខ្លាច​ផង ហើយ​ពេល​ខ្លះ ខ្ញុំ​ឱប​ទ្រូង ព្រោះ​សាច់​រឿង​តឹង​តែង​ខ្លាំង​ណាស់​។ ឈុត​នីមួយ​ៗ សុទ្ធ​តែ​សំខាន់ មិន​អាច​កាត់​អ្វី​ចោល​បាន​ឡើយ ព្រោះ​បើ​ពុំ​ដូច្នោះ​ទេ វា​នឹង​បាត់​ភាព​លម្អិត​នៃ​រឿង ពិបាក​នឹង​ភ្ជាប់​សាច់​រឿង​ពី​មួយ​ទៅ​មួយ ​ពិបាក​នឹង​ដោះ​ស្រាយ​បញ្ហា​របស់​រឿង ពិបាក​នឹង​បញ្ចប់​រឿង​​។ ពេល​មើល​រឿង​ចប់ អារម្មណ៍​ខ្ញុំ​នៅ​ដិត​នឹង​សាច់​រឿង​អស់​មួយ​យប់​ថែម​ទៀត​។

The_Last_Reel_Official_Cinema_Trailer

អ្នក​ដែល​ធ្លាប់​លឺ​ពី​រឿង​នេះ ប្រហែល​ជា​ដឹង​ហើយ​ថា វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ពី​មុំ​ផ្សេង​ៗ​គ្នា​នៅ​ក្នុង​សម័យ​ខ្មែរ​ក្រហម​។ បើ​មើល​ឲ្យ​ទូលាយ ជា​ការ​ពិត​ហើយ​ថា រឿង​ដុំ​ហ្វីល​ចុង​ក្រោយ​នេះ និយាយ​ពី​ជីវិត​លំបាក​វេទនា​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។ ប៉ុន្តែ​បើ​មើល​ឲ្យ​ជិត រឿង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​វិបត្តិ​ផ្លូវ​ចិត្ត​របស់​ពលរដ្ឋ​ខ្មែរ ដែល​បាន​ឆ្លង​កាត់​របប​ដ៏​ខ្មៅ​ងងឹត​នោះ​។ គ្មាន​នរណា​ម្នាក់​បំភ្លេច​វា​បាន​ទេ ខុស​គ្នា​ត្រង់​ថា មាន​អ្នក​ខ្លះ​គ្រប់​គ្រង​វា​បាន ហើយ​ខ្លះ​ទៀត​គ្រប់​គ្រង​មិន​បាន​តែ​ប៉ុណ្ណឹង​។

imutshrga56mhhh3ajos

រឿង​មួយ​ទៀត ដែល​ខ្ញុំ​ឈ្លោះ​នឹង​ខ្លួន​ឯង រក​ការ​សរុប​មិន​ទាន់​បាន​រហូត​មក​ទល់​ពេល​នេះ​។ តើ​រឿង​នេះ ពិត​ជា​រឿង​ឆ្លុះ​បញ្ចាំង​ពី​របប​ខ្មែរ​ក្រហម ឬ​វា​គ្រាន់​តែ​ជា​រឿង​របស់​គ្រួសារ​មួយ ដែល​ជាប់​ជំពាក់​ជាមួយ​បុរស​ម្ចាស់​រោង​កុន​? ឬ​ថា វា​គឺ​ជា​រឿង​ស្ដី​ពី​ជីវិត​ពលរដ្ឋ​ខ្មែរ​ក្នុង​របប​វាល​ពិឃាត​ផង និង​ជា​រឿង​របស់​គ្រួសារ​មួយ​ផង បើ​មើល​ក្នុង​មុំ​តូច​មួយ​?

cam-photo-movie

ក្រៅ​ពី​របប​ខ្មែរ​ក្រហម និង​រឿង​គ្រួសារ គេ​មិន​អាច​ភ្លេច​បាន​សោះ​តែ​ម្ដង​អំពី​វិស័យ​ភាពយន្ត​ខ្មែរ​។ វិស័យ​ភាពយន្ត​ខ្មែរ ដែល «ដុំ​ហ្វីល​ចុង​ក្រោយ» ផ្ដល់​ការ​គោរព និង​ឲ្យ​តម្លៃ​។ វិស័យ​ភាពយន្ត​ខ្មែរ ទាំង​រចនា​សម្ព័ន្ធ និង​ធនធាន​មនុស្ស ដែល​តាម​រយៈ «ដុំ​ហ្វីល​ចុង​ក្រោយ» គឺ​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​តែ​អស់​គ្មាន​សល់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ វិស័យ​ភាពយន្ត​ខ្មែរ ដែល «ដុំ​ហ្វីល​ចុង​ក្រោយ» ថា កំពុង​តែ​លូន​ទៅ​មុខ​យ៉ាង​លំបាក​និងយឺត​យ៉ាវ​ជា​ទី​បំផុត នៅ​ក្នុង​បរិបទ​សង្គម​ខ្មែរ​បច្ចុប្បន្ន​។

filmstill11_3

ការ​វាយ​តម្លៃ​ផ្ទាល់​ខ្លួន

ខ្ញុំ​ជា​មនុស្ស​ដែល​ស្រឡាញ់​កុន​ណាស់ បើ​ទោះ​បី​ជា​ពេល​ខ្លះ ខ្ញុំ​ខក​ខាន​មិន​បាន​ទៅ​មើល​កុន​ខ្មែរ​ល្អៗ ដែល​ផលិត​នា​ពេល​ក្រោយ​ៗ​នេះ​ក៏​ដោយ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ពេល​ខ្ញុំ​បានទៅ​មើល «ដុំ​ហ្វីល​ចុង​ក្រោយ» ហើយ​ខ្ញុំ​អាច​និយាយ​បាន​ថា អ្នក​នឹង​ស្ដាយ​ក្រោយ ប្រសិន​បើ​មិន​បាន​ទៅ​មើល​កុន​ដ៏​មាន​ខ្លឹម​សារ​មួយ​នេះ​។ «ដុំ​ហ្វីល​ចុង​ក្រោយ» មិន​បាន​រួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​អ្វី​ទេ ក្រៅ​តែ​ពី​បញ្ហា​នៅ​ក្នុង​កុន​ខ្លួន​ឯង​។ ប៉ុន្តែ «ដុំ​ហ្វីល​ចុង​ក្រោយ» បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​របស់​តួ​អង្គ​ក្នុង​រឿង នៅ​ក្នុង​របប​ខ្មែរ​ក្រហម​។ មើល​រឿង​នេះ​ចប់ អ្នក​មើល​នឹង​យល់​ពី​ការ​ពិត​មួយ​ផ្នែក ឬ​ច្រើន​ផ្នែក​ទៀត ដែល​ខ្លួន​មិន​ដែលដឹង ឬ​មិន​ដែល​យល់​ពីមុន​មក​។

08_The_Last_Reel

មក​ទល់​ពេល​នេះ ខ្ញុំ​អាច​និយាយ​បាន​ថា មាន​តែ​អ្នក​ដែល​ស្រឡាញ់​កុន​ខ្មែរ និង​អ្នក​ដែល​ធ្វើ​កុន​ប៉ុណ្ណោះ ​ដែលយល់​ថា​ «ដុំ​ហ្វីល​ចុង​ក្រោយ» មាន​គុណភាព​ខ្ពស់ ខណៈ​ដែល​អ្នក​ទៅ​មើល​មួយចំនួន​ទៀត​ថា គេ​មើល​មិន​យល់​។ បើ​អ្នក​មាន​ពេល បើ​អ្នក​មាន​លទ្ធភាព ខ្ញុំ​សូម​ណែនាំ​ឲ្យ​ទៅ​មើល​រឿង​នេះ… and brace yourself.. expect the unexpected!

ខ្ញុំ​សូម​ឧទ្ទិស​អត្ថបទ​នេះ​ចំពោះ​លោក​ស្រី សុទ្ធោ គុល្លិការ និង​លោក Ian Masters ដែល​ជា​អ្នក​ដឹក​នាំ និង​អ្នក​និពន្ធ​រឿង «ដុំ​ហ្វីល​ចុង​ក្រោយ»​។ សូម​អរគុណ​អ្នក​ទាំង​ពីរ និង​ក្រុម​ការងារ​ទាំង​អស់ ដែល​បាន​ផលិត​រឿង​ល្អ​ៗ​សម្រាប់​ខ្មែរ! អរគុណ​ដែល​ធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្មែរ​មាន​មុខ​មាត់​លើ​ឆាក​អន្ដរជាតិ! ហើយ​ខ្ញុំ​សង្ឃឹម​ថា ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​រឿង​ «ដុំ​ហ្វីល​ចុង​ក្រោយ» នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ផលិត​កុនខ្មែរ​ផ្សេង​​ៗ​ទៀត​ មាន​កម្លាំង​ចិត្ត​ថត​កុន​ល្អ​ៗបន្ថែម​ទៀត​ដែរ​!

***រចនា***

Advertisements

Entry filed under: កម្សាន្ត, ខ្ញុំ​គឺ​អញ្ចឹង!, ភាពយន្ដ. Tags: , , , .

តុមូល RFI៖ «ទស្សនៈជ្រុលនិយមក្នុងសំណុំរឿងព្រំដែនខ្មែរ»

3 មតិ Add your own

  • 1. ផ្កាយ NoVeLs  |  ខែកញ្ញា 7, 2015 ម៉ោង 12:51 ល្ងាច

    សរសេរវិភាគ​បាន​ល្អ បើ​ទោះ​នេះ​ជាលើក​ទី១? ឡុលល… បើ​មាន​ពេល​បង​សំណូម​ពរ​ឱ្យ​ទៅ​មើល​ម្តង​ទៀត ក្រែង​អាច​រក​ចំណុច​សរុប​នៃ​រឿង​នេះ​បាន​។ រឿង​នេះបង​មើល​ចប់​៣​ដង​ហើយ អស់​៩ដុល្លារ អត់​ស្តាយ​លុយ​ទេ ព្រោះ​បើ​មាន​លុយ​ចង់​ប៉ាវ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ឲ្យ​មើល​ទៀត​ផង! 😉

  • 2. Huoy Eang Khy  |  ខែកញ្ញា 7, 2015 ម៉ោង 4:49 ល្ងាច

    ខ្ញុំពិតជាពេញចិត្តរឿងនេះខ្លាំងណាស់ ហើយក៏គិតថាចង់មើលកុននេះ ជាលើកទីពីរដែរ បើសិនជាមានពេលវេលាគ្រប់គ្រាន់ ^^ ខ្ញុំសង្ឃឹមថា កុនខ្មែរនឹងផលិតឡើងប្រកបដោយគុណភាព ជាងការផលិតដើម្បីរកចំណូល តែជាក់ស្ដែងផលិតករនានា តែងតែរំពឹងទុកនូវចំណូលក្នុងការផលិតកុនរបស់គាត់ ហើយគាត់តែងតែគិតថា អតិថិជនគោលដៅរបស់រឿងគាត់នៅស្រុក ខ្មែរភាគច្រើន ចូលចិត្តរឿងប្រភេទកំប្លែង និងរឿងបរទេស។ បើសិនជាខ្មែរ អាចផលិតរឿងបានដូច ឬប្រហែលរឿងនេះបានកាន់តែច្រើន ប្រទេសជិត ខាងនឹងចាប់អារម្មណ៍ពីខ្សែភាពយន្តខ្មែរ ជាក់ជាមិនខាន។
    ខ្ញុំស្រលាញ់រឿងនេះ ^^

  • 3. Dorn  |  ខែកញ្ញា 7, 2015 ម៉ោង 6:48 ល្ងាច

    Good movie

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែកញ្ញា 2015
អា ព្រ សុ
« សីហា   តុលា »
 12345
6789101112
13141516171819
20212223242526
27282930  

បណ្ណសារ


%d bloggers like this: