ដំណើរនៃការសាបរលាបឥទ្ធិពលរបស់លោក ជា ស៊ីម

ខែមិថុនា 10, 2015 at 12:05 ល្ងាច បញ្ចេញមតិ

ដោយ៖ អ៊ឹម រចនា

លោក ជា ស៊ីម គឺ​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់ ដែល​បាន​តស៊ូ​រំដោះ​ជាតិ​កម្ពុជា ជាមួយ​មិត្ត​រួម​អាវុធ​ផ្សេង​ទៀត តាំង​ពីឆ្នាំ​១៩៤៧ ​​មក​ម្ល៉េះ​។ បើ​ទោះ​បី​ជា​លោក​បាន​ចំណាយ​ពេល​ជិត​៧០​ឆ្នាំ​ ដើម្បី​ជាតិ​និង​ប្រជាជន​ខ្មែរ ក៏​​ប៉ុន្តែ​កេរ្តិ៍​ឈ្មោះ​របស់​បុរស​រូប​នេះ ហាក់​មិន​មាន​ភាព​លេច​ធ្លោ​ជា​សាធារណៈ​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ​។ មិន​លេច​ធ្លោ​ជា​សាធារណៈ ក៏​ប៉ុន្តែ​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម គឺ​ជា​ប្រធាន ដែល​ធ្លាប់​មាន​ឥទ្ធិពល​។ ប៉ុន្តែ​ឥទ្ធិពល​នោះ​បាន​សាប​រលាប​ទៅ​វិញ នា​ពេល​ក្រោយ​ៗ​មក​។

កើត​នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៣២ នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង លោក ជា ស៊ីម បានលះ​បង់​យុវភាព​របស់​ខ្លួន​ស្ទើរ​តែ​ទាំង​ស្រុង ដើម្បី​​ចូល​រួម​នៅ​ក្នុង​ចលនា​តស៊ូ​ខ្មែរ​ឥស្សរៈ​ ដើម្បី​ឯករាជ្យ​ជាតិ ចាប់​តាំង​ពី​ឆ្នាំ​១៩៤៧​ដល់​ឆ្នាំ​១៩៥៤​​។ សកម្មភាព​តស៊ូ​របស់​លោក មាន​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ចាប់​តាំង​ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥​។ ក្នុង​អំឡុង​ពេល​នោះ លោក ជា ស៊ីម បាន​ចូល​រួម​ជាមួយ​កង​ទ័ព​ខ្មែរ​ក្រហម ដើម្បី​ផ្ដួល​រំលំ​របប លន់ នល់​។ ហើយ​ក្រោយ​មក លោក​បាន​ឡើង​តំណែង​ជា​បន្ត​បន្ទាប់ ក្លាយ​ជា​ប្រធាន​ឃុំ ប្រធាន​ស្រុក នៅ​ភូមិភាគ​បូព៌ា​។

នៅ​ពេល​ខ្មែរ​ក្រហម​ធ្វើ​ការ​បោស​សម្អាត​ផ្ទៃ​ក្នុង នៅ​ភូមិភាគ​បូព៌ា ក្នុង​​ឆ្នាំ​១៩៧៨ ខ្មែរ​ក្រហម​ដែល​បះបោរ​ប្រឆាំង​នឹង ប៉ុល ពត បាន​មក​ជួប​ជុំ​គ្នា​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ មហា​សន្និបាត​មួយ​បាន​រៀបចំ​ឡើង នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​១៩៧៨ និង​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ បង្កើត​រណសិរ្ស​មាន​ឈ្មោះ​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​។ រណសិរ្យ​នេះ មាន​លោក ហេង សំរិន ជា​ប្រធាន និង​មាន​គណៈកម្មាធិការ​មជ្ឈឹម​រណសិរ្ស​ដែល​​មាន​ទាំង​លោក ជា ស៊ីម លោក ប៉ែន សុវណ្ណ និង​លោក ហ៊ុន សែន ជា​សមាជិក​នៅ​ក្នុង​នោះ​ផង​។ 1606970_555393167888826_315470590_n ​​ទី​បំផុត រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​ពី​វៀតណាម ​បាន​វាយ​រំលំ​របប​កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩​។ ក្រោយ​ការវាយ​រំលំ​របប ប៉ុល ពត មាន​បញ្ហា​ជា​ច្រើន​បាន​ចោទ​ឡើង​។ ក្នុង​នោះ​​ក៏​មាន​ផង​ដែរ ការ​ប្រជែង​កម្លាំង​គ្នា​រវាង​ក្រុម​លោក ប៉ែន សុវណ្ណ មក​ពីហាណូយ និង​ក្រុម លោក ជា ស៊ីម ហេង សំរិន ដែល​ជា​អតីត​ខ្មែរ​ក្រហម​នៅ​ក្នុង​ស្រុក ​​ប្រឆាំង​នឹង ប៉ុល ពត។

នៅ​ក្នុង​រដ្ឋាភិបាល លោក ហេង សំរិន ដែល​តែង​តាំង​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​១៩៧៩ លោក ជា ស៊ីម ទទួល​បន្ទុក​ខាង​មហាផ្ទៃ​។ ប៉ុន្តែតំណែង​នេះ ត្រូវ​បាន​​​រដ្ឋាភិបាល​លោក ប៉ែន សុវណ្ណ ដែល​ឡើង​កាន់​កាប់​នា​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​១៩៨១ ដក​ចេញ​ពី​លោក ជា ស៊ីម ដោយ​សារ​តែ​ក្ដី បារម្ភ​របស់​វៀតណាម និង​ដោយ​សារ​តែ​ទំនាស់​ប្រជែង​អំណាច​​​។ ជំនួស​មក​វិញ លោក ជា ស៊ីម បាន​ទទួល​មុខ​តំណែង​ជា​ប្រធាន​រដ្ឋសភា​​​​។ CG-C4EhUgAEVKAw ​ក្នុង​សៀវភៅ សុបិន​និង​ការពិត លោក វ៉ាន់ឌី កាអុន បាន​សរសេរ​ថា នៅ​ឆ្នាំ​១៩៩០ ពេល​ដែល​លោក ហ៊ុន សែន កំពុង​មាន​មុខមាត់ នៅ​ក្នុង​ការចរចា​ជាមួយ​សម្ដេច នរោត្តម សីហនុ លោក ជា ស៊ីម ក៏​គ្មាន​តួនាទី​អ្វី​សំខាន់​ដែរ ក្រៅ​ពី​មាន​ឈ្មោះ​ថា ជា អ្នក​តា​ចាំ​ស្រុក​ម្នាក់ ដែល​មាន​ការ​គោរព​ដ៏​ខ្ពង់​ខ្ពស់​ពី​សំណាក់​បក្ស​ប្រជាជន និង​លោក ហ៊ុន សែន​។ ​

លុះ​ពេល​មាន​​កិច្ច​​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ លោក ជា ស៊ីម បាន​ក្លាយ​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ជំនួស​លោក ហេង សំរិន​​។ ប៉ុន្តែ​តំណែង​នេះ គ្មាន​តួនាទី​អ្វី​សំខាន់​សោះ​។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បើ​តាម​ការ​រៀបរាប់​របស់​លោក វ៉ាន់ឌី កាអុន លោក ជា ស៊ីម នៅ​តែ​បន្ត​ក្ដាប់​កម្លាំង​ផ្ទៃ​ក្នុង​មួយ​ភាគ​ធំ​ដដែល​ ហើយ​ការ​ប្រជែង​ដណ្ដើម​ឥទ្ធិពល​គ្នា​ដោយ​មិន​ចេញ​មុខ រវាង​លោក ហ៊ុន សែន និង​លោក ជា ស៊ីម នៅ​តែ​មាន​បន្ត​មក​ទៀត​។

cam-photo-chea-sim-inside1-reuters
ប្រវត្តិ​វិទូ លោក Evan Gottesman ក៏​បាន​លើក​ឡើង​ពី​ការ​ប្រជែង​អំណាច​រវាង​លោក ហ៊ុន សែន និង​លោក ជា ស៊ីម នៅ​ក្នុង​សៀវភៅ​របស់​ខ្លួន​ដែរ​។ លោក Gottesman បាន​អះអាង​ថា លោក ជា ស៊ីម ​ទទួល​បាន​ភក្ដីភាព​ខ្លាំង​ពី​សមាជិក​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។ បើ​តាម​លោក Gottesman នៅ​ក្នុង​ចំណោម​អតីត​​មន្ដ្រី​ខ្មែរ​ក្រហម​ដែល​បាន​តស៊ូ​រំដោះ​កម្ពុជា គឺ​មាន​តែ​លោក ជា ស៊ីម ម្នាក់​គត់ ដែល​បាន​កសាង​គ្រឹះ​និង​ឥទ្ធិពល​មូលដ្ឋាន​យ៉ាង​រឹង​មាំ  នៅ​ក្នុង​ជួរ​គណបក្ស​។

យ៉ាង​ណា​ក៏​ដោយ លោក Gottesman បាន​កត់​សម្គាល់​ឃើញ​ថា ឥទ្ធិពល​និង​បណ្ដាញ​របស់​លោក ជា ស៊ីម ដែល​ជា​ក្រុម​និយម​កណ្ដាល ចាប់​ផ្ដើម​ថម​ថយ នៅ​ឆ្នាំ​១៩៩៤​ ប៉ុន្តែ​បើ​ទោះ​បី​ជាថយ​ចុះ​ខ្លះ ប៉ុន្តែ​មិន​បាន​បាត់​បង់​ទាំង​ស្រុង​ទេ​​។ 5447393E-6FC3-4AC4-9FB1-9D0212CAD3D8_w640_r1_s_cx0_cy2_cw0 ព័ត៌មាន​ស្ដី​ពី​ការ​ប្រជែង​អំណាច​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ប្រវត្តិវិទូ និង​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ជា​យូរ​មក​ហើយ ប៉ុន្តែ​មន្ដ្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​នេះ មិន​ដែល​ទទួល​ស្គាល់​ទេ​។ នៅ​ ​ពេល​ដែល លោក ជា ស៊ីម ទទួល​មរណភាព មន្ដ្រី​នៃ​គណបក្ស​នេះ​​បាន​អះអាង​ពី​ភាព​រឹង​មាំ​នៃ​គណបក្ស​ខ្លួន តាំង​ពី​ថ្នាក់​មូលដ្ឋាន ដល់​ថ្នាក់​កំពូល​ទៀត​ផង​​។

សម្រាប់​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មួយ​ចំនួន​វិញ​ មរណភាព​នៃ​លោក ជា ស៊ីម នឹង​មិន​ធ្វើ​ឲ្យ​បក្ស​ប្រជាជន​រង្គោះ​រង្គើ​ទេ​។ ព្រោះ​បើ​តាម​ក្រុម​អ្នក​វិភាគ​នេះ ការ​ប្រជែង​ដណ្ដើម​អំណាច​គ្នា​សម្រាប់​បុរស​ខ្លាំង​នៃ​បក្ស​ប្រជាជន ហាក់​ដូច​ជា​កន្លង​ទៅ​ឆ្ងាយ​ហើយ​។ នៅ​ពេល​ដែល​មាន​វ័យ​កាន់​តែ​ចាស់ អ្នក​ជំនាន់មុន​​នៃ​បក្ស​នេះ​ទាំង​អស់​ គ្រាន់​តែ​ព្យាយាម​ជួយ​ជ្រោមជ្រែង​គ្នា ដើម្បី​ជាតិ និង​ជា​ពិសេស ដើម្បី​​អ្នក​ជំនាន់​ក្រោយ​របស់​គណបក្ស​ខ្លួន​៕​

Advertisements

Entry filed under: នយោបាយ​ខ្មែរ, ពី​កម្ពុជា, RFI.

Me love Green <3 តើ​ការ​ផ្ញើ​កំណត់​ទូត​គ្រប់​គ្រាន់​ហើយ​ឬ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា វៀតណាម​?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


ការបន្ទាន់សម័យ Twitter

Instagram

ខែមិថុនា 2015
អា ព្រ សុ
« ឧសភា   កក្កដា »
 123456
78910111213
14151617181920
21222324252627
282930  

បណ្ណសារ


%d bloggers like this: