ថ្មី​ៗ៖ លក្ខខណ្ឌ​ការងារ​របស់​អ្នកកាសែត​នៅមានកម្រិត មិនមាន​សន្ទុះ​ដូច​វិស័យ​នេះឡើយ

ខែ​ឧសភា 2, 2015 at 9:47 ព្រឹក បញ្ចេញមតិ

ភ្នំពេញ៖ បើទោះបីជា​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ហាក់​មាន​សន្ទុះ​ខ្លាំង​ក៏ដោយ​ ប៉ុន្តែ​អ្នកសារព័ត៌មាន​នៅតែ​លើកឡើងថា​លក្ខខណ្ឌ​ការងារ​នៅក្នុង​វិស័យ​មួយ​នេះ​នៅមានកម្រិត ហើយ​ប្រឈមមុខ​នឹង​បញ្ហា​ជាច្រើន​ដូចជា ការគំរាមកំហែង​ អំពើហិង្សា ​និង​ខ្វះ​ការយកចិត្តទុកដាក់​ពី​ស្ថាប័ន ​និង​ការគាំទ្រ​ពី​សង្គម។
លោក ធឿន បញ្ញា​ឬ​ទ្ធិ អ្នកសារព័ត៌មាន​រប​ស់​គេហទំព័រ​ព័ត៌មាន​អេ​ឡិ​ក​ត្រូ​និកថ្មីៗ បាន​បញ្ជាក់ថា៖«បញ្ហា​ប្រឈម​របស់​អ្នកសារព័ត៌មាន​នៅតែមាន​ដូចជា​ការផ្តល់​បៀវត្ស​ទាប តែ​ការងារ​ច្រើន រង​សម្ពាធ ឬ​អំពើហិង្សា​ពី​អាជ្ញាធរ»។ លោក​ធឿន បញ្ញា​ឬ​ទ្ធិ បាន​ពន្យល់ថា ​ស្ថាប័ន​ខ្លះ​ផ្តល់​បៀវត្ស​មិន​សមរម្យ ហើយ​សម្ពាធ​ការងារ​ច្រើន​។ ​លោកបន្តថា ពេល​ចុះ​ទៅយក​ព័ត៌មាន​ទាក់ទង​នឹង​ការធ្វើ​បាតុកម្ម ឬ​ការតវ៉ា​នានា​ វានៅមាន​ការរារាំង​ពី​អាជ្ញាធរ​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូលយកព័ត៌មាន។ «ហើយបើសិនជាមានការ​ប៉ះទង្គិច​រវាង​អ្នក​តវ៉ា​និង​អាជ្ញាធរ ​អ្នកសារព័ត៌មាន ក៏​អាចជា​ជនរងគ្រោះ​ម្នាក់​ផងដែរ​ ឧទាហរណ៍ ដូច​កាលពី​ខែឧសភា​ឆ្នាំ២០១៤កន្លងទៅ អ្នកសារព័ត៌មាន​ម្នាក់​ត្រូវបាន​អាជ្ញាធរ​វាយ​ដល់​សន្លប់​ជាដើម​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញថា​អ្នកសារព័ត៌មាន​នៅ​មិនទាន់មាន​ការគាំទ្រ​គោរព និង​ឲ្យ​តម្លៃ​ពី​សង្គម»។ នេះជាការ​កត់សម្គាល់របស់​លោក បញ្ញាឬទ្ធិ។

ចំណែក​កញ្ញា ​អ៊ឹម ​រចនា ដែល​បច្ចុប្បន្ន​ជា​សហ​និពន្ធ​នាយករង​នៅ​វិទ្យុ​បារាំង​អន្តរជាតិ​RFIវិញ កញ្ញាបានយល់ឃើញថា ​លក្ខខណ្ឌ​ការងារ​របស់​អ្នកកាសែត​ខ្មែរ​នៅមានកម្រិត​ទាំង​ម៉ោង​ពេល​នៃ​ការធ្វើការងារច្រើន​ ទាំង​ប្រាក់បៀវត្ស និង​ការធានារ៉ាប់រង​ជាដើម។

កញ្ញា​រចនា ដែល​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​សារព័ត៌​ប្រមាណ៤ឆ្នាំ​មកហើយ​នោះ​ក៏បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«ការងារ​អ្នកកាសែត គឺ​ខុសពី​ការងារ​ផ្សេង។ ​អ្នកកាសែត​ធ្វើការ​មិនមាន​ពេលវេលា​ច្បាស់ ​គួបផ្សំ​នឹង​ទំនួល​ខុសត្រូវ ​និង​កាតព្វកិច្ច​របស់ខ្លួន​ផង ​ពេលខ្លះ​ត្រូវ​ធ្វើការ​លើសពី៨ម៉ោង។ ​ដូច្នេះ​ស្ថាប័ន​កាសែត ក៏ត្រូវ​ផ្តល់ប្រាក់​បៀវត្ស​សមរម្យ​ដល់​បុគ្គលិក​ឲ្យ​សមាមាត្រ​នឹង​ទំហំ​ការងារ ​និង​ការទទួលខុសត្រូវ​ ​ខណៈ​បច្ចុប្បន្ន​ទីផ្សារការងារ​របស់​អ្នកកាសែត​មាន​ភាព​រីកចម្រើន។ ហើយ​ការធានារ៉ាប់រង​គឺជា​រឿង​ចាំបាច់​ ព្រោះ​អ្នកកាសែត​អាចប្រឈម​នឹង​ការគំរាមកំហែង​ ឬ​រងរបួស ពេល​ចុះ​ទៅយក​ព័ត៌មាន​ទាក់ទង​នឹង​បាតុកម្ម​ជាដើម»។

ក្នុងនាម​ជា​អ្នកសារព័ត៌មាន​មួយរូប​កញ្ញា​រចនា​ក៏​ទាមទារ​ឲ្យ​ក្លិប​អ្នកកាសែត​កម្ពុជា ពង្រឹង​​វិធាន​ការការពារអ្នកកាសែត ​ក្រៅតែពី​ការចេញ​សេចក្តីថ្លែងការណ៍​ ឬក៏​បង្កើត​ក្រុមអ្នកច្បាប់​ដើម្បី​ការពារ​អ្នកកាសែត​ណា​ម្នាក់​ដែល​រង​ការគំរាមកំហែង ​ឬ​រំលោភបំពាន។ សម្រាប់កញ្ញា ​ការចេញ​សេចក្តីថ្លែងការណ៍​មិនអាច​ជួយ​អ្វី​បាន​នោះទេ។

មិន​ខុសពី អ្នកសារព័ត៌មាន​ទាំង២រូប​ខាងលើ​ដែរ ​លោក​ តាំង ​វី​ដា ​អ្នកសារព័ត៌មាន​របស់​កាសែត​ភ្នំពេញ​បុ​ស្តិ៍​ក៏បាន​គូសបញ្ជាក់​ពី​លក្ខខណ្ឌ​ការងារមិនសមរម្យ​របស់អ្នកកាសែតខ្មែរដែរ។ លោក​ វី​តា​ បាន​ថ្លែងថា៖« អ្នកកាសែត​យើង​​ប្រឈម​ទី១ គឺ​សុវត្ថិភាព​ និង​ការរើសអើង។ ​ឧទាហរណ៍​ ​យើង​ចង់​គ្រាន់តែ​ប្រាប់ថា​យើង​មកពី​ស្ថាប័ន​ណាមួយ​ គេ​មិន​ផ្តល់​ការអត្ថាធិប្បាយ​ជាដើម។ ​ទី២ គឺ​ម៉ោង​ពេលធ្វើ​ការងារ​មិន​ទៀងទាត់ ​ហើយ​ប្រាក់បៀវត្ស​នៅមានកម្រិត​នៅតាម​ស្ថាប័ននីមួយៗ ហើយ​នេះ​ជាហេតុ​ផល​មួយ ដែល​ធ្វើ​ឲ្យ​មតិ​មួយចំនួន​​នៅតែ​រិះគន់ថា​ អ្នកកាសែត​ក៏​ជា​ចំណែក​មួយ​ដែល​នាំ​ឲ្យ​មាន​អំពើ​សូកប៉ាន់។ ​ព្រោះ​ពេល​គាត់​ទៅយក​ព័ត៌មាន​គាត់​មិន​យកតែ​ព័ត៌មាន ប៉ុន្តែ​គាត់​ទៅយក​ទាំង​ស្រោមសំបុត្រ​មកទៀត​ ហើយ​វា​ធ្វើ​ឲ្យ​អ្នកកាសែត​ធ្វើការ​ដោយ​មិនមាន​ភាព​ឯករាជ្យ»។

អ្នកកាសែត​រូបនេះ​ក៏​ជំរុញ​ឲ្យ​ស្ថាប័ន​កាសែត​​យកចិត្តទុកដាក់​ជាមួយ​បុគ្គលិក​របស់ខ្លួន​ច្រើនជាង​នេះ ​ពីព្រោះ​ពេលខ្លះ​ពេល​អ្នកកាសែត​ចុះ​ទៅយក​ព័ត៌មាន​ឬ​ជួបនឹង​បញ្ហា​អ្វីមួយ គឺ​មិនបាន​ប្រាប់​ទៅ​ថ្នាក់លើ​ឡើយ។ ហើយ​អ្វីដែល​សំខាន់​ថ្នាក់​លើក​ក៏​មិន​ដែរ​សួរនាំ​ពី​បញ្ហា​នេះ​ទៅទៀត​។ ដូច្នេះ​ ចំពោះ​លោក វីតា ប្រការនេះ​ធ្វើ​ឲ្យ​អ្នកកាសែត​ខ្លួនឯង​យល់​ថាបើ​ស្ថាប័ន​របស់ខ្លួន មិនសូវ​យកចិត្តទុកដាក់ និង​ឲ្យ​តម្លៃ​បុគ្គលិក​របស់ខ្លួន​ តើ​អ្នកណា​គេ​ឲ្យ​តម្លៃ និង​យល់​ពី​អាជីព​ជា​អ្នកកាសែត​នេះ?

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក ​ប៉ែន​ បូ​ណា ​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​មានប្រសាសន៍ថា​ បើទោះបីជា​បច្ចុប្បន្ន​ទីផ្សារ​ក្នុង​អាជីព​ជា​អ្នកសារព័ត៌មាន​នេះ​មាន​ភាព​រីកចម្រើន ប៉ុន្តែ​លក្ខខណ្ឌ​ការងារ​របស់​អ្នកកាសែត​គឺ​ស្ថិតនៅក្នុង​កម្រិត​មួយ​ទៅតាម​ស្ថាប័ននីមួយៗ​។ លោក ប៉ែន បូណា ពន្យល់​យ៉ាង​ដូច្នេះថា៖«ការងារ​អ្នកកាសែត​គ្មាន​ម៉ោង​ពេល​ច្បាស់លាស់​។​ពេល​បុណ្យទាន​ខ្លះ​មិនបាន​ឈប់ ​បៀវត្ស​និង​ការធានារ៉ាប់រង​ក៏​មិនទាន់​សមរម្យ​នៅក្នុង​ស្ថាប័ននីមួយៗ»។លោក​បាន​អត្ថាធិប្បាយបន្ថែម​ថា ជាទូទៅ​ម៉ោង​ការងារ​អ្នកកាសែត​មិន​ទៀងទាត់​ពេលខ្លះ​អ្នកកាសែត​ត្រូវ​រត់តាម​ព័ត៌មាន​មិនបាន​ឈប់សម្រាក​ពេញលេញពេល​បុណ្យទាន​ ហើយថា​ប្រាក់បៀវត្ស​នៅ​ទាប ​ដូច្នេះលោកចង់ឲ្យ​​ស្ថាប័ន​ព័ត៌មាន​ត្រូវតែ​គិតគូរ​ពី​បញ្ហា​នេះ​ឡើងវិញ​។ ប្រធាន​ក្លិបអ្នកកាសែត​ក៏បាន​អំពាវនាវដល់​​ស្ថាប័ន​កាសែតនីមួយៗឲ្យបណ្តុះ​ធនធានមនុស្ស​របស់ខ្លួន​ឲ្យ​មាន​សមត្ថភាព​ដែរ​និង​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ​ផងដែរ។

ដោយឡែក​ទាក់ទង​នឹង​ការទាមទារ​ចង់​ឲ្យ​បង្កើតជា​សហជីព​ក្នុង​គោលដៅ​ការពារ​សិទ្ធិសេរីភាព​របស់​អ្នកកាសែត​ពី​ការរំលោភបំពានផ្សេងៗ លោក​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​បញ្ជាក់ថា កន្លងមក​ក្លឹប​អ្នកកាសែត​កម្ពុជា​បានធ្វើ​ការងារ​ច្រើន​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​អ្នកកាសែត​ ហើយ​នៅ​អណ​ត្តិ​ថ្មី​នេះ​ក្លឹប​អ្នកកាសែត​កម្ពុជា​កំពុង​គិតគូរ​ពី​លទ្ធភាព​នៃ​ការបង្កើត​សហជីព​នេះ​ដើម្បី​ការពារ​ផលប្រយោជន៍​ភាគី​ទាំងសងខាង​គឺ​ទាំង​និយោជិត​និង​និយោជក។

បើតាម​របាយការណ៍រ​បស់​អង្គការ​អាដហុក ពី​ឆ្នាំ២០១២ដល់​ឆ្នាំ២០១៥មាន​អ្នកកាសែត​១៣នាក់​ត្រូវបាន​សម្លាប់​និង២៥នាក់​បាន​រង​នូវ​ការគំរាមកំហែង៕

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, ពី​កម្ពុជា, ព័ត៌មាន, RFI.

DDiary: Day#4 Testing New Toy: Fujifilm X-E1

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Instagram

ខែ​ឧសភា 2015
អា ព្រ សុ
« មេសា   មិថុនា »
 12
3456789
10111213141516
17181920212223
24252627282930
31  

បណ្ណសារ


%d bloggers like this: