ថ្មី​ៗ៖ នរណា​ខ្លះ ជា​មេដឹកនាំ​បណ្តាញ​ព័ត៌មាន​ដែលមាន​ឥទ្ធិពល​នៅ​កម្ពុជា​នៅ​ឆ្នាំ២០១៥ ?

ខែ​មេសា 11, 2015 at 9:15 ព្រឹក បញ្ចេញមតិ

ភ្នំពេញ៖ ការងារ​នៅក្នុង​ពិភព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​នៅ​ឆ្នាំ២០១៥នេះ។ មេដឹកនាំ​ស្ថាប័ន​សារព័ត៌មាន និង​អ្នកសារព័ត៌មាន​មួយចំនួន​បានធ្វើការ​ផ្លាស់ប្តូរ​តួនាទី ឬ​បានធ្វើការ​ផ្លាស់ប្តូរ​ស្ថាប័ន​ការងារ​តែម្តង។ តើនរ​ណាខ្លះ​ជា​មេដឹកនាំ​បណ្តាញ​ព័ត៌មាន​កម្ពុជា​នៅ​ឆ្នាំ២០១៥?

ការប្រែប្រួល​នៅក្នុង​វិស័យ​សារព័ត៌មាន​ខ្មែរ​នៅពេលនេះ គឺ​ដោយសារ​តម្រូវការ​រប​ស់​អ្នកអាន អ្នក​ស្តាប់ និង​អ្នកទស្សនា​មាន​ការវិវត្ត។ ដូច្នេះ​ចង់ ឬ​មិន​ចង់ អ្នក​ផលិត​ព័ត៌មាន​ត្រូវតែ​ធ្វើការ​កែទម្រង់។ ការប្រែប្រួល​មួយទៀត គឺ​ទាក់ទង​នឹង​កា​ផ្លាស់ប្តូរ​តំណែង ឬ​ផ្លាស់ប្តូរ​ស្ថាប័ន​របស់​អ្នកសារព័ត៌មាន​នាពេល​ចុង​ក្រោយនេះ។ ក្រោយ​មរណៈភាព​លោក ប៉ែន សមិទ្ធិ និពន្ធ​នាយក​រស្មី​កម្ពុជា និង​ជា​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង​ស្របពេល​នៃ​ការបង្កើត​ទូរទស្សន៍​ថ្មី PNN ថ្នាក់ដឹកនាំ​កាសែត និង​អ្នកកាសែត​មួយចំនួនធំ​ត្រូវ​ផ្លាស់ប្តូរ​តំណែង ឬ​ផ្លាស់ប្តូរ​ស្ថាប័ន​សារព័ត៌មាន​ជា​បន្តបន្ទាប់​គ្នា ដោយ​ចំហ និង​ដោយ​សម្ងាត់។

ក្រោយ​មរណៈភាព​លោក ប៉ែន សមិទ្ធិ ក្លិប​អ្នកកាសែត​គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី និង​គណៈកម្មាធិការ​នា​យក​ថ្មី​នៅ​ចុងខែ​មេសា​ឆ្នាំ២០១៥នេះ។ នៅឯ​កាសែត​រស្មី​កម្ពុជា​ឯណោះ​វិញ លោក ទាវ សារៈ​មុន្នី ដែល​ធ្លាប់ជា​និពន្ធ​នាយករង​នៃ​កាសែត​រស្មី​កម្ពុជា ត្រូវបានតែងតាំង​ជា​ផ្លូវការ ជា​និពន្ធ​នាយក​កាសែត​រស្មី​កម្ពុជា​ចាប់ពីពេលនេះ​តទៅ។
កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ជា​ភាសា​ខ្មែរ​គ្រប់គ្រង​ដោយ​លោក កៃ គឹម​សុង។

លោក ប៉ែន បូ​ណា ដែល​បាន​ចាក​ចេញពី​វិទ្យុ​បារាំង RFI នៅ​ឆ្នាំ២០១៥នេះ ត្រូវបានតែងតាំង​ជា​ប្រធានស្តីទី​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា​ដោយ​រង់ចាំ​ការបោះឆ្នោត​ថ្មី​នៅ​ចុងខែ​មេសា២០១៥នេះ។ ស្របពេល​ជាមួយគ្នា លោក ប៉ែន បូ​ណា ដែល​គេ​ធ្លាប់​ស្គាល់​ថា ជា​អ្នកវិភាគ​ឯករាជ្យ​នោះ ត្រូវបានតែងតាំង​ជា​និពន្ធ​នាយក​ព័ត៌មាន​នៃ​ទូរទស្សន៍​ថ្មី«PNN»។
នៅឯ​វិទ្យុ​បារាំង​ឯណោះ​វិញ កញ្ញា អ៊ឹម រចនា និង​លោក ញឹម សុផល អតីត​អ្នកយកព័ត៌មាន​វិទ្យុ​បារាំង ត្រូវបាន​ក្រុមហ៊ុន​តែងតាំង​ជា​និពន្ធ​នាយករង​នៃ​វិទ្យុ​អន្តរជាតិ​មួយ​នេះ។ នេះ​បើ​យោងតាម​ប្រភពពី​បុគ្គលិក​វិទ្យុ​បារាំង​នៅ​ទីក្រុង​ភ្នំពេញ។ ប្រភព​ដដែល​បាន​អោយដឹងទៀតថា លោក ហ្ស​ង់ ហ្វ្រ​ង់​ស័​រ​តាន់ អ្នកវិភាគ​ព្រឹត្តិការណ៍​អន្តរជាតិ​ដ៏​ល្បីល្បាញ​នោះ នឹង​បន្ត​ដឹកនាំ​វិទ្យុ​បារាំង​ក្នុងនាម​ជា​និពន្ធ​នាយក​ក្នុងពេល​បច្ចុប្បន្ននេះ។

នៅ​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក​ឯណោះ​វិញ លោក គង់ សុ​ឋាន​រិ​ទ្ធ អតីត​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​របស់​វិទ្យុ​បារាំង កំពុងកាន់​តួនាទី​ជា​អ្នកសម្របសម្រួល​នៃ​វិទ្យុ​មួយ​នេះ រហូតដល់​ចុងខែ​មេសា​នេះ។ លោក គង់ សុ​ឋាន​រិ​ទ្ធ គ្រោង​ឈប់​ពី​ការងារ​ជា​អ្នកកាសែត។ វិទ្យុ​ដែល​គាំទ្រ​ហិរញ្ញវត្ថុ​ដោយ​សហរដ្ឋអាមេរិក​មួ​យ​ទៀត គឺ​វិទ្យុ​អាស៊ីសេរី​ប្រចាំ​ប្រទេស​កម្ពុជា កំពុង​ត្រូវ​ដឹកនាំ​ដោយ​លោក ជុន ចាន់​បុត្រ។ វិទ្យុសំឡេង​ប្រជាធិបតេយ្យ VOD គ្រប់គ្រង​ដោយ​លោក ណុប វី។ នៅឯ​វិទ្យុ​ស្ត្រី ១០២ ឯណេះ​វិញ លោក ទួន សុផល ដែល​ធ្លាប់ជា​អ្នកកាសែត​ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុម​ព័ត៌មាន​នៃ​វិទ្យុ FM ១០២ ។

នៅឯ​ទូរទស្សន៍ CNC លោក ហ៊ុយ វណ្ណៈ មាន​តួនាទី​ជា​អគ្គនាយករង ទទួលបន្ទុក​ព័ត៌មាន​នៃ​ទូរទស្សន៍​ដ៏​ល្បី​មួយ​នេះ។ លោក នៅ សុ​ភ័ស្ស ជា​និពន្ធ​នាយក​ព័ត៌មាន​នៃ​ទូរទស្សន៍ CTN។ លោក មាស ឫទ្ធី ដែល​បាន​ចូលរួម​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈពេល​ជិត២០ឆ្នាំ​មកហើយ​នោះ ទទួលបាន​តំណែង​អគ្គនាយករង​ទទួលបន្ទុក​ផ្នែក​ព័ត៌មាន​នៃ​ទូរទស្សន៍ ហង្ស​មាស នាពេល​បច្ចុប្បន្ននេះ។

ងាក​មក​និយាយ​ពី​សារព័ត៌មាន​អេឡិចត្រូនិក​វិញ។ លោក សយ សុភាព ដែល​មហាជន​ភាគច្រើន​ស្គាល់​នោះ គឺជា​ម្ចាស់ និង​ជា​អគ្គនាយក​នៃ​មជ្ឈមណ្ឌល​សារព័ត៌មាន​ដើមអម្ពិល។ លោក លាង ដឺ​លុច អតីត​និពន្ធ​នាយករង​វិទ្យុ​បារាំង​អន្តរជាតិ កំពុងកាន់​តំណែង​ជា​និពន្ធ​នាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ។ សារព័ត៌មាន​ថ្មី​នាពេល​បច្ចុប្បន្ននេះ មាន​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​ជប៉ុន។ ប៉ុន្តែ​នៅពេលឆាប់ៗខាងមុខនេះ សារព័ត៌មានថ្មីៗនឹង​បង្កើតជា​ភាសា​អង់គ្លេស និង​ភាសា​បារាំង​បន្ថែមទៀត។

ងាក​មក​និយាយ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​នៅ​កម្ពុជា​វិញ លោក ពុ​យ គា សមាជិក​គណៈកម្មាធិកា​រ​នាយក​ក្លិប​អ្នកកាសែត​កម្ពុជា គឺជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​ជប៉ុន Kyodo ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា។ លោក ប្រាក់ ចាន់ធុល គឺជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​អង់គ្លេស Reuters។ លោក ស៊ុយ សែ គឺជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ប្រចាំ​នៅ​កម្ពុជា។ លោក ជាង សុ​ផេង គឺជា​អ្នក​ឆ្លងឆ្លើយ​ព័ត៌មាន​នៃ​ទីភ្នាក់ងារ​អាមេរិក AP ប្រចាំ​នៅ​កម្ពុជា។

លោក ឆាយ សុផល សមាជិក​គណៈកម្មាធិកា​រ​នាយក​នៃ​ក្លិប​អ្នកកាសែត​កម្ពុជា គឺជា​សាស្ត្រាចារ្យ​សារព័ត៌​មាននៅ​សកល​វិទ្យាល័យ​ភ្នំពេញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ D M C។

ក្នុងខណៈពេល​ដែលមាន​ការតែងតាំង​មេដឹកនាំ​ថ្មី​នៃ​ស្ថាប័ន​សារព័ត៌មាន​នោះ គេ​ក៏​សង្កេតឃើញ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​នាក់ បានសម្រេច​ចិត្ត​ចាក​ចេញពី​ស្ថាប័ន​ព័ត៌មាន​មួយ​ទៅ​ស្ថាប័ន​ព័ត៌មាន​មួយ​ផ្សេងទៀត ក្រោម​ហេតុផលផ្សេងៗគ្នា ក្នុងនោះ​មាន៖ បរិយាកាស​ការងារ បញ្ហា​ប្រាក់ខែ និង​លទ្ធភាព​នៃ​ការទទួលបាន​បទពិសោធ​ន៍​ពី​ការងារ​ថ្មី៕

Advertisements

Entry filed under: ខ្ញុំ​គឺ​អញ្ចឹង!, ពី​កម្ពុជា, ព័ត៌មាន, RFI.

DDiary: Day#3 DDiary: Day#4

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Instagram

ខែ​មេសា 2015
អា ព្រ សុ
« មីនា   ឧសភា »
 1234
567891011
12131415161718
19202122232425
2627282930  

បណ្ណសារ


%d bloggers like this: