ប្រវត្តិ​ទិវា​អន្តរជាតិ​នារី ៨ មិនា

ខែ​មីនា 7, 2009 at 4:39 ល្ងាច បញ្ចេញមតិ

អត្ថបទ៖ ក្រសួង​កិច្ចការ​នារី

នៅ​ចុង​សតវត្ស​ទី ១៩ បច្ចេកវិជ្ជា​បាន​រីក​ចម្រើន​យ៉ាង​ខ្លាំងក្លា​នៅ​លើ​សកល​លោក ជា​ពិសេស​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​ដែល​មាន​ខឿន​ឧស្សាហកម្ម​រីក​ចម្រើន។ នារី និង​កុមារ​ក្រីក្រ​រាប់​លាន​នាក់​ត្រូវ​បាន​ទាក់ទាញ​ឱ្យ​ចូល​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​សហគ្រាស​ឯកជន​នានា​ទាំង​ឡាយ។ ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​មួយ​ចំនួន​មាន​គំនិត​លោភលន់ កេង​ប្រវ័ញ្ច​មិន​ស្កប់ស្កល់​លើ​កម្លាំង​របស់​នារី កុមារ និង​កម្មករ​បាន​បង្ខំ​ឱ្យ​ពួក​គេ​ធ្វើ​ការ​ជា​ទម្ងន់ក្នុង​មួយ​ថ្ងៃ​ពី ១២​ម៉ោង ទៅ​១៦​ម៉ោង ហើយ​ផ្ដល់​ប្រាក់​បៀវត្ស​យ៉ាង​តិច​តួច​បំផុត ដោយ​មិន​គិត​ពី​សុខភាព​របស់​កម្មករ​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​នារី និង​កុមារ​ទាំង​នោះ​ត្រូវ​រស់​នៅ​ក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា។

ដោយ​ការ​ឈឺ​ចាប់​យ៉ាង​ពុះពារ​ជាប់​ជានិច្ច​ចំពោះ​អំពើ​កៀប​សង្កត់​កេង​ប្រវ័ញ្ច​ហួស​ប្រមាណ​នោះ នៅ​ថ្ងៃ​ទី ៨ មិនា ឆ្នាំ ១៨៩៩ កម្មការិនី​ផ្នែក​តម្បាញ និង​កាត់​ដេរ​នៅ​ទី​ក្រុង​ស៊ីកាហ្គោ និង​ញ៉ីវយ៉ក សហរដ្ឋអាមេរិក បាន​សាមគ្គី​ឯកភាព​គ្នា​ក្រោក​ឈរ​ឡើង​តស៊ូ​យ៉ាង​ប្ដូរ​ផ្ដាច់​ទាមទារ​ឱ្យ​បន្ថយ​ម៉ោង​ធ្វើ​ការ និង​ដំឡើង​ប្រាក់​បៀវត្ស។ ប៉ុន្តែ​ជា​លទ្ធផល កម្មការិនី​ទាំង​នោះ​ត្រូវ​បាន​ទទួល​ការ​កៀបសង្កត់​យ៉ាង​ពេញ​ទំហឹង ត្រូវ​គេ​ចាប់​ចង​ធ្វើ​ទារុណកម្ម និង​ត្រូវ​បណ្ដេញ​ចេញ​ពី​រោងចក្រ។ ទោះ​បី​ត្រូវ​ទទួល​ការ​ឈឺ​ចាប់ និង​គ្រោះ​ថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ​ក៏​ដោយ កម្មការិនី​នៅ​តែ​សាមគ្គី​គ្នា​យ៉ាង​ជិត​ស្និទ្ធ តស៊ូ​ស្វិតស្វាញ ងើប​ឈរ​ឡើង​តវ៉ា​ប្រឆាំង​ជា​សាធារណៈ​ម្ដង​ហើយ​ម្ដង​ទៀត បង្ខំ​ឱ្យ​ពួក​ម្ចាស់​រោងចក្រ​សហគ្រាស​ត្រូវ​តែ​ទទួល​យល់​ស្រប​តាម។ ដំណើរ​តស៊ូ​នៃ​កម្មការិនី​ទាំង​នោះ​បាន​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំងក្លា​ចំពោះ​ចលនា​នារី​ពលករ​លើ​សកលលោក​ទាំង​មូល។

ចលនា​ដ៏​ស្វិតស្វាញ​នេះ បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​នារី​ពលករ​នៅ​ប្រទេស​អាឡឺម៉ង់​ដែល​ជា​ប្រទេស​ឧស្សាហកម្ម​ធំ​មួយ​នា​សម័យ​នោះ។ នៅ​ប្រទេស​អាឡឺម៉ង់​ក្នុង​ពេល​នោះ​បាន​លេច​ឡើង​នូវ​យុវនារី ៣​រូប​ដ៏​ល្បីល្បាញ​គឺ អ្នក​ស្រី ក្លារ៉ាស្ជេគគិន ជនជាតិ​អាឡឺម៉ង់ និង រ៉ូស្កាលុមស្ព័របួរ ជនជាតិ​ប៉ូឡូញ ដែល​បាន​ចូល​រួម​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អ្នក​ស្រី គ្រូបស្កាយ៉ា (ភរិយា​លោក​ឡេនីន) បំផុស​ចលនា​បង្ខិត​បាន​ជា​គណៈ​លេខា​អន្តរជាតិ​ដើម្បី​ដឹក​នាំ​ចលនា​នារី។

ឆ្នាំ ១៩១០ សន្និបាត​អន្តរជាតិ​នារី​ដែល​មាន​ប្រទេស ១៧​ចូល​រួម​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​កូប៉ែនហាក រដ្ឋធានី​នៃ​ប្រទេស​ដាណឺម៉ាក បាន​សម្រេច​យក​ថ្ងៃ ៨ មិនា “ទិវា​នារី​អន្តរ​ជាតិ” ថ្ងៃ​មហា​សាមគ្គី​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សាកលលោក ដើម្បី​សិទ្ធិ​សេរីភាព​ប្រជាធិបតេយ្យ​ដោយ​ភ្ជាប់​ជាមួយ​នឹង​ពាក្យ​ស្លោក​ថា «មួយ​ថ្ងៃ​ធ្វើ​ការ​ប្រាំបី​ម៉ោង», «ធ្វើ​ការ​ស្មើ​គ្នា បៀវត្ស​ស្មើ​គ្នា», «ការពារ​សុខភាព​មាតា និង​ទារក»។

ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ថ្ងៃ ៨ មិនា​បាន​ក្លាយ​ទៅ​ជា​ថ្ងៃ​បុណ្យ​អន្តរជាតិ​នារី ដែល​រំឮក​អំពី​ការ​តស៊ូ​របស់​នារី​ពលករ​ទូទាំង​សកលលោក ដែល​ប្រឹងប្រែង​ដើម្បី​រំដោះ​នារី ដោយ​ទាមទារ​ឱ្យ​អនុវត្ត​សិទ្ធិ​ស្មើ​ភាព​រវាង​បុរស និង​នារី។

គឺ​ដោយ​សារ​តែ​មាន​កិច្ច​ប្រឹង​ប្រែង​ដោយ​អំណត់ និង​ពុះពារ​នឹង​ការ​លំបាក​គ្រប់​បែប​យ៉ាង​ពី ១០០​ឆ្នាំ​មុន​នេះ​ហើយ​ទើប​បច្ចុប្បន្ន​នេះ​នារី​ក្នុង​ពិភព​លោក​មាន​ឱកាស​ទទួល​បាន​នូវ​សិទ្ធិ​ស្មើភាព​ក្នុង​ការ​បន្តុះ​បង្អាប់​ខ្លះ​ៗ​ក៏​ដោយ។ លទ្ធផល​ដ៏​ត្រចះត្រចង់​នេះ​បាន​កាត់​បន្ថយ​អស់​ជា​ច្រើន​នូវ​អំពើ​ហឹង្សា និង​ការ​រើស​អើង​ចំពោះ​នារី​ភេទ​ដែល​គេ​តែង​ចាត់​ទុក​ជា​ភេទ​ទន់​ខ្សោយ​នោះ។

ជា​បន្ទាប់ ចលនា​នារី​អន្តរជាតិ​បាន​ខិត​ខំ​ដោះ​ស្រាយ​បញ្ហា​នារី​ដែល​នៅ​សេស​សល់​តាម​រយៈ​ការ​ស្នើរ​ឡើង​ទៅ​អង្គការ​សហប្រជាជាតិ​ដោយ​សន្និសីទ​នារី​ជា​ច្រើន​លើក​ច្រើន​សារ។

នៅ​ឆ្នាំ ១៩៧៥ សន្និសីទ​ពិភព​លោក​របស់​នារី​លើក​ទី​១ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ម៉ិចស៊ិចកូ ប្រទេស​ម៉ិចស៊ិច ក្រោម​ប្រធាន​បទ «សមភាព វឌ្ឍនភាព និង​សន្តិភាព»។ ផែនការ​សកម្មភាព​ដែល​បាន​សម្រេច​នៅ​ពេល​នោះ គេ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ និង​រៀប​ចំ​ទម្រង់​ការ​ដ៏​មាន​ប្រសិទ្ធិ​ភាព​សម្រាប់​អនុម័ត​អនុសញ្ញា​នេះ។

ខែ​តុលា ឆ្នាំ​១៩៧៥​ដដែល អង្គការ​សហប្រជាជាតិ​បាន​ប្រកាស​ថា​ពី​ឆ្នាំ ១៩៧៦ ដល់ ១៩៨៥ ជា​សតវត្ស​សម្រាប់​នារី។

នៅ​ឆ្នាំ ១៩៨០ សន្និសីទ​ពិភព​លោក​លើក​ទី​២ របស់​នារី​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​កូប៉េនហាក ប្រទេស​ដាណឺម៉ាក ដើម្បី​ពិនិត្យ​មើល​ការ​រីក​ចម្រើន និង​ការ​អនុវត្ត​ផែនការ​សកម្មភាព​ដែល​កំណត់​ក្នុង​សន្និសីទ​លើក​ទី​១ និង​គ្រោង​ទុក​នូវ​ខ្សែ​លើក​យក​មក​ពិភាក្សា គឺ​ការ​អប់រំ​ការងារ និង​សុខភាព។

ឆ្នាំ ១៩៨៥ ចុង​បញ្ចប់​នៃ​ទស្សវត្ស​នារី គេ​បាន​រៀប​ចំ​សន្និសីទ​លើក​ទី​៣​ម្ដង​ទៀត នៅ​ទី​ក្រុង​ណៃរ៉ូប៊ី ប្រទេស​ខេនញ៉ា ដើម្បី​ពិនិត្យ និង​វាយ​តម្លៃ​លើ​លទ្ធផល​សម្រេច​របស់​ទស្សវត្ស​នារី​ព្រម​ទាំង​ធ្វើ​ការ​អនុម័ត​លើ​យុទ្ធវិធី​ចម្រើន​ទៅ​មុខ​សម្រាប់​ភាព​លូត​លាស់​របស់​នារី​ក្នុង​ឆ្នាំ ២០០០។

ចុង​ក្រោយ​នេះ​គឺ​ឆ្នាំ ១៩៩៥ ពី​ថ្ងៃ​ទី ៤ ដល់​ថ្ងៃ​ទី ១៥ កញ្ញា អង្គការ​សហប្រជាជាតិ​បាន​រៀប​ចំ​សន្និសីទ​នារី​ពិភពលោក​លើក​ទី​៤ នៅ​ទី​ក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ប្រធាន​បទ​ជា​គោល​គឺ «សមភាព វឌ្ឍនភាព និង​សន្តិភាព» ដដែល​តែ​នៅ​បាន​បន្ថែម​ក្នុង​កិច្ច​ពិភាក្សានូវ​កង្វល់ ១២​យ៉ាង​របស់​នារី​ថែម​ទៀត​គឺ «ភាព​ក្រីក្រ, ការ​អប់រំ, អំពើ​ហឹង្សា, ផល​វិបាក​នៃ​ជំលោះ, អាវុធ, នារី​ក្នុង​រចនា​សម្ព័ន្ធ​នយោបាយ និង​សេដ្ឋកិច្ច, តួនាទី​នារី​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត, យន្តការ​លើក​កម្ពស់​ការ​រីក​ចម្រើន​របស់​នារី, សិទ្ធិ​នារី​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ, បរិស្ថាន និង​បញ្ហា​កុមារី។

ទាំង​នេះ​គឺ​ជា​យុទ្ធសាស្ត្រ និង​របៀប​ដោះ​ស្រាយ​របស់​នារី​ដែល​តែង​តែ​អនុវត្ត​តាម​បែប​សន្តិវិធី តាម​ការ​បញ្ចេញ​មតិ​តែ​ប៉ុណ្ណោះ។ ឯ​លទ្ធផល​ដែល​នារី​ទទួល​បាន គឺ​ការ​ផ្ដល់​នូវ​សិទ្ធិ​ស្មើ​ភាព​ឱ្យ​បាន​គ្រប់​គ្រាន់ និង​តម្លៃ​ជា​មនុស្ស ពោល​គឺ​ពុំ​មាន​ទាមទារ​អ្វី​ឱ្យ​លើស​ពី​នេះ​ឡើយ។

បើ​យើង​ប្រៀបធៀប​ប្រវត្តិ​ទិវា​អន្តរជាតិ​នារី ៨ មិនា ទៅ​នឹង​កំណើត​នៃ​អង្គការ​សហប្រជាជាតិ ឃើញ​ថា​ប្រវត្តិ​ទិវា​អន្តរជាតិ ៨ មិនា​មាន​កំណើត​មុន​អង្គការ​សហប្រជាជាតិ​ទៅ​ទៀត ហើយ​ក៏​មាន​កំណើត​មុន​សិទ្ធិ​មនុស្ស​ទៀត​ផង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ សព្វ​ថ្ងៃ​នៅ​កម្ពុជា​ពិត​មែន​តែ​មាន​ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ ដូច​ជា​សេចក្ដី​ប្រកាស​ជា​សកល​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​សិទ្ធិ​មនុស្ស អនុសញ្ញា​ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ និង​រដ្ឋធម្មនុញ្ញ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រង់​ជំពូក ៣ ដែល​ស្ដី​ពី​សិទ្ធិ​នោះ​ហើយ​ក៏​ដោយ​ក៏​វិសមភាព​រវាង​បុរស និង​ស្ដ្រី ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ ការ​រំលោភ​សិទ្ធិ​ស្ត្រី ហិង្សា​ក្នុង​គ្រួសារ នៅ​តែ​កើត​មាន​ជា​បញ្ហា។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រាជរដ្ឋាភិបាល​យើង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ធំ ខំ​ប្រឹង​ខ្នះខ្នែង​យក​បញ្ហា​ទាំង​អស់​នេះ​មក​ផ្សព្វផ្សាយ​ដល់​មនុស្ស​គ្រប់​រូប​ទាំង​បុរស ទាំង​ស្ត្រី​ដើម្បី​ជួយ​ស្ដ្រី​ឱ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​ការ​ទទួល​សិទ្ធិ និង​ប្រើ​សិទ្ធិ និង​ដើម្បី​ជួយ​កាត់​បន្ថយ ទប់​ស្កាត់ លុប​បំ​បាត់​ចោល​នូវ​បញ្ហា​ទាំង​ឡាយ​ខាង​លើ​ដែល​មាន​ចំពោះ​ស្ត្រី​ភេទ៕

Entry filed under: ផ្សេងៗ, អត្ថបទ.

Pic:Rachna @VOD

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

Trackback this post  |  Subscribe to the comments via RSS Feed


Instagram

ខែ​មីនា 2009
អា ព្រ សុ
« កុម្ភៈ   មេសា »
1234567
891011121314
15161718192021
22232425262728
293031  

បណ្ណសារ


%d bloggers like this: