ខ្ញុំធ្លាប់គិតចង់បោះបង់ការសរសេរចោល.. វាជាការងារដ៏លំបាក ហើយវាបានក្លាយទៅជាការងារដ៏លំបាកបំផុតសម្រាប់ខ្ញុំដោយគ្មានមូលហេតុ។ ខ្ញុំទុកប៊ិចចោលជាយូរ.. តែខ្ញុំនៅតែត្រូវរើសវាមកវិញនៅពេលដែលលោកគ្រូវ៉ែន សុន ជ្រើសខ្ញុំឱ្យសរសេរកំណាព្យចូលរួមការប្រឡងនៅប្រទេសកូរ៉េ ដោយជ្រើសរើសយកអ្នកនិពន្ធ៦រូបឱ្យសរសេរ រួចជ្រើសយកកំណាព្យតែ២ប៉ុណ្ណោះដើម្បីចូលរួម។ ខ្ញុំបានជួបអ្នកនិពន្ធ៥រូបផ្សេងទៀត.. ហើយក៏ចេះតែគិតថា ហេតុអីមានខ្ញុំមកដែរ? ខ្ញុំជាស្អី? ..សួរខ្លួនឯងបែបនេះដោយសារអ្នកនិពន្ធទាំង៥រូបផ្សេងទៀតសុទ្ធតែល្បីៗ ពូកែៗ លោក ព ចាន់ពី.. សំ សុភារិន្ទ.. ចុងក្រោយ ខ្ញុំក៏សម្រេចចិត្តសរសេរទាំងដែលខ្ញុំខ្លួនឯងអស់ចិត្តលើការប្រកួតប្រជែងមកជាយូរ.. មិនមែនដោយសារវាជាការប្រកួតប្រជែងបែបអន្តរជាតិ តែដោយសារតែលោកគ្រូជ្រើសយកខ្ញុំនេះហើយ.. ជាការអគុណទោះខ្ញុំទទួលអារម្មណ៍ថាខ្ញុំមិនអាចធ្វើបានល្អជាងរៀមច្បងអ្នកនិពន្ធដទៃក៏ដោយ។ កំណាព្យខ្ញុំក៏ត្រូវបានសមាគមជ្រើសយក.. តែខ្ញុំក៏ត្រូវអស់សិទ្ធិព្រោះខ្ញុំជាប់បេសកកម្មនៅជប៉ុន។ សមាគមជ្រើសកំណាព្យអ្នកនិពន្ធផ្សេង.. ខ្ញុំក៏អូខេ។ យ៉ាងហោចណាស់ក៏ខ្ញុំដឹងថាខ្លួនឯងធ្វើបានល្អ! ^^
ក្រោយបន្តិចមក លោកគ្រូវ៉ា សំអាតក៏ទាក់ទងមកខ្ញុំ.. លោកគ្រូចង់ឱ្យខ្ញុំទៅធ្វើការជាមួយគាត់.. ទៅសម្រួលរឿងកុមារ។ ខ្ញុំគិតថា ការសរសេររឿងកុមារងាយជាងការសម្រួលរឿង តែគាត់ក៏ប្រាប់មកថា ត្បិតតែការសរសេររឿងងាយជាង រកប្រាក់បានច្រើនជាង ផ្ទុយពីការសម្រួលរឿង តែលោកគ្រូបានប្រាប់មកថា «អ្នកដែលសម្រួលរឿងអ្នកដទៃបានពិតជាមិនធម្មតាទេ.. ហើយខ្ញុំជឿថារចនាអាចធ្វើបាន!» អរគុណលោកគ្រូដែលជឿជាក់!
អូខេ! រឿងពីរក៏ចប់មកទៀត.. ថ្មីៗនេះ ខ្ញុំបានទទួលទូរស័ព្ទពីលោកគ្រូវ៉ា សំអាតដដែល ប្រាប់ថាមានការប្រកួតប្រជែងរឿងកុមារដោយមានអ្នកនិពន្ធក្មេងៗពីលាវ និងវៀតណាមចូលរួមផង។ ខ្ញុំចេះតែគិតក្នុងចិត្ត ម៉េចក៏ខ្ញុំទៀតហើយ? ហេហេ! ខ្ញុំមិនបានភ្លេចពីការងារដែលត្រូវធ្វើរាល់ថ្ងៃ ការប្រឡងចុងឆមាស ឬការរៀនហ្គីតាដែលត្រូវចំណាយពេលច្រើននោះទេ.. តែខ្ញុំក៏នៅតែឆ្លើយអូខេ! គាត់ទុកចិត្តយើង ហេតុអីត្រូវបដិសេធដែរ? ជាមនុស្សម្នាក់ដែលគ្រូតែងតែនឹកដល់ ហេតុអីត្រូវបដិសេធបំផ្លាញសេចក្ដីទុកចិត្តរបស់គាត់? ព្រឹកមិញនេះ ខ្ញុំបានទទួលទូរស័ព្ទពីគាត់.. យ៉ាងណាហើយរឿង? សរសេររួចក៏យកមកទម្លាក់នៅសមាគមចុះ ចាំគាត់ទៅយក.. អរគុណលោកគ្រូច្រើនមែនទែន.. ខ្ញុំនឹងខំប្រឹងឱ្យអស់លទ្ធភាព!
អំឡុងពេលខ្ញុំរៀននិពន្ធនៅសមាគម ខ្ញុំមិនមែនជាសិស្សពូកែ តែខ្ញុំក៏បានខំប្រឹងសម្រាប់អ្វីដែលខ្ញុំស្រឡាញ់.. ការសាងសេចក្ដីទុកចិត្ត និងការជឿជាក់របស់ខ្ញុំ គឺការខិតខំប្រឹងប្រែងរបស់ខ្ញុំនេះឯង ហើយខ្ញុំចង់ប្រាប់ថាវាមិនមែនរឿងងាយ។ មកទល់ពេលនេះ ការរក្សាសេចក្ដីទុកចិត្ត និងការជឿជាក់ដែលលោកគ្រូមានឱ្យខ្ញុំក៏កាន់តែពិបាកទៅទៀត.. ពេលខ្លះខ្ញុំអាចនឹងធ្វើបានល្អ.. តែពេលខ្លះវាក៏មិនបានដូចចិត្ត.. ខ្ញុំមានតែអរគុណ!



