អរគុណអ្នកនិពន្ធវ័យក្មេងវង្វេងនឹងជីវិតឥតន័យ ស៊ូ ខេមរិន្ទ សម្រាប់ចំណងជើងមួយនេះ! ^^*
ចុចលើរូបដើម្បីអាន
ថ្ងៃនេះជូនរឿងមួយ… រឿងនេះសរសេរមកយូរហើយ តែខ្ជិលដាក់ឱ្យអាន! ^^ ចាំបានថា រឿងនេះត្រូវបានលោកគ្រូវ៉ា សំអាតលើកយកទៅអាននៅក្នុងថ្នាក់និពន្ធ មានកិត្តិយសដែលលោកគ្រូអានដោយផ្ទាល់
ហើយក៏ត្រូវសិស្សក្នុងថ្នាក់រិះគន់យកស្លាប់យករស់! ^^ តែរិះគន់បានត្រឹមរិះគន់ មិនឃើញមានដំណោះស្រាយឱ្យបានល្អឡើងសោះ! ទ័លដូចតែគ្នា! lolz អូខេ! ឈប់និយាយច្រើនហើយ! អានចប់កុំភ្លេចខំមិនផង!
និពន្ធដោយ អ៊ឹម រចនា
ចង្រិតយំជ្រែកស្បៃរាត្រីដ៏ស្ងប់ស្ងាត់។ ហ្វូងផ្កាយរយពាន់កំពុងរះបង្អួតរាងគ្នានៅលើលំហមេឃដ៏ធំល្វឹងល្វើយ។ នៅឯនាយ យើងឃើញពន្លឺភ្លើងជះចេញពីក្នុងផ្ទះដែលមានហូរហែនៅតាមផ្លូវ ត្រង់នេះបន្តិចត្រង់នោះបន្តិច។ ក្នុងផ្ទះឈើមួយនៅដាច់ឆ្ងាយពីគេ ស្រីម្នាក់ក្នុងអាយុប្រមាណ ៧០ឆ្នាំកំពុងអង្គុយលើសាឡុងឈើមុខទូរទស្សន៍តូចមួយយ៉ាងស្ងៀមស្ងាត់។ ក្បែរនោះ នាឡិកាប៉ោលឈើដ៏ចាស់កំពុងធ្វើការយ៉ាងស្វាហាប់ បញ្ជាទ្រនិចឲ្យលោតមួយម្ដងៗដោយមិនហត់នឿយ។ យូរៗម្ដង ស្ត្រីចំណាស់បន្ធូរដង្ហើមធំ រួចងើយមើលទៅទ្រនិចនាឡិកាដែលចង្អុលត្រឹមម៉ោង ១១:២៥នាទី។
គាត់ងើបឈររួចដើរទៅយកអំបោសខ្លីមួយធ្វើឡើងពីស្លាបមាន់ មានរោមពណ៌ភ្លឺផ្លេកមកបោសវាសលើទូរទស្សន៍ សាឡុង ទូតាំង និងវត្ថុផ្សេងៗនៅក្នុងផ្ទះប្រកបដោយទឹកមុខសោកសៅហាក់បង្កប់នូវទុក្ខយ៉ាងចម្លែក។ គាត់ដើរចុះឡើងនៅក្នុងផ្ទះឈើដ៏តូច រួចតម្រង់ទៅឈរនៅមាត់ទ្វារផ្ទះរបស់គាត់ រីឯភ្នែកសម្លឹងមើលទៅផ្លូវជាតិដែលយូរៗម្ដងឃើញមានឡាន ម៉ូតូបើកកាត់មួយៗ។
ក្រោយពីឈរសម្លឹងអស់ចិត្ត ស្ត្រីចំណាស់នេះបែរខ្លួនចូលទៅក្នុងផ្ទះវិញ ហើយដើរចូលទៅអង្គុយលើសាឡុងឈើត្រង់កន្លែងដែលគាត់អង្គុយមុននោះ។ គាត់លូកដៃចូលទៅក្រោមតុឈើតូចនៅខាងមុខគាត់ រួចលើកឡើងនូវសៀវភៅរូបថតមួយដែលមានកម្រាស់ក្រាស់ ផ្ទុកទៅដោយរូបថតចាស់ថ្មីច្រើនបង្គួរ។ អ៊ំស្រីបើកមើលរូបថតមួយសន្លឹកម្ដងៗដោយមានទាំងស្នាមញញឹមភ្ជាប់ជាមួយផង។ ក្នុងនោះសុទ្ធសឹងជារូបរបស់បុរសម្នាក់ រូបរាងខ្ពស់ស្រឡះ ប្រកបដោយផ្ទៃមុខដ៏ស្រស់… អតីតក្នុងបច្ចុប្បន្ន… ស្ត្រីនេះស្រាប់តែនឹកដល់គ្រាដែលគាត់អញ្ជើញទៅចូលរួមពិធីប្រគល់បរិញ្ញាបត្ររបស់កូនប្រុសគាត់កាលពីប៉ុន្មានខែមុននេះ។ ទឹកភ្នែកស្រាប់តែរមៀលមកលើផែនថ្ពាល់ដ៏ជ្រីវជ្រួញរបស់ស្ត្រីចំណាស់… គាត់រំភើប ត្រេកអរនឹងជ័យជម្នះរបស់កូនប្រុសដែលរក្សានូវការតស៊ូលើវិថីជីវិតដ៏គ្រោះថ្នាក់រហូតរៀនបានចប់ និងបានក្លាយខ្លួនជាគ្រូបង្រៀនម្នាក់ស្របតាមគោលគំនិតរបស់លោកឪពុកដែលបានរំពឹងទុក។ អារម្មណ៍ក្ដុកក្ដួលពេលកូនប្រុសតែមួយរបស់គាត់ឱនក្បាលថ្វាយបង្គំគាត់ជាម្ដាយ វេលាដែលគាត់បំពាក់ផ្លាកដៃដែលមានឆ្លាក់ជាអក្សរ “វ” តំណាងឲ្យឈ្មោះ“វិចិត្រ” ដែលគាត់បានដាក់ឲ្យកូន… គាត់នឹកដល់សម្ដីកូនប្រុសដែលបានទូរស័ព្ទមកប្រាប់គាត់ថា គេនឹងមកដល់ផ្ទះកំណើតវិញនាវេលាម៉ោងប្រហែល ៨ ឬ ៩យប់នេះ… មកចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅស្រុកកំណើតតាមទម្លាប់… មកបណ្ដើរម្ដាយទៅវត្ត ធ្វើបុណ្យឧទ្ទិសកុសលជូនលោកពុកដូចរាល់ឆ្នាំ… ក្នុងនាមជាស្ត្រីមេម៉ាយ គ្មានអ្វីសប្បាយជាងឃើញកូនប្រុសក្លាយខ្លួនជាមនុស្សប្រកបទៅដោយកតវេទិតាធម៌ និងគុណធម៌ដ៏ប្រពៃនោះទេ… ប៉ុន្តែ… ចម្លែកណាស់! ម៉ោងជិត ១២អាធ្រាតទៅហើយ វិចិត្រនៅតែមិនទាន់មកដល់ផ្ទះដូចពាក្យដែលបានសន្យានឹងម្ដាយទៀត…
“…អ៊ំ! អត់ទោស! ខ្ញុំសុំចូលបន្ទប់ទឹកបន្តិចបានទេ?”
ស្ត្រីចំណាស់ដាច់អស់ការស្រមៃ។ គាត់យកដៃជូតទឹកភ្នែករួចបែរមកប្រភពសំឡេង។ នារីម្នាក់អាយុប្រមាណ ២៣ឆ្នាំ គ្រងសម្លៀកបំពាក់បែបអភិជន ឈររេរានៅមាត់ទ្វារក្នុងសភាពភ័យបារម្ភ។ ក្រោយពីបង្ហើរស្នាមញញឹមទៅកាន់នារីប្លែកមុខ ស្ត្រីចំណាស់យើងប្រញាប់ស្ដីតបដោយភាពរួសរាយរាក់ទាក់៖
“…ចូលមកចុះនាង! បន្ទប់ទឹកនៅខាងក្រោយ… តាមអ៊ំមក!”
ពោលរួច គាត់ដើរនាំមុខនារីក្មេងសំដៅទៅរកបន្ទប់ទឹកដែលសង់ឡើងនៅក្បែរចង្ក្រានបាយ បើកភ្លើងរួចងាកមកសន្ទនាជាមួយនារីយើងជាថ្មី៖
“អញ្ជើញចុះនាង!”
នារីញញឹមស្ទើរបន្តិចរួចនិយាយសាសព្ទត្រឡប់មកស្ត្រីចំណាស់យើង៖
“អរគុណច្រើនណាស់អ៊ំ! …ខ្ញុំមកពីភ្នំពេញ! អំមិញនេះ គូដណ្ដឹងខ្ញុំបើកឡានកិនឆ្មា… បើកឡានយប់ចំជាពិបាកមែនតែម្ដង!”
ឮបែបនេះ ស្ត្រីមេម៉ាយឧទានបែបភ្ញាក់ផ្អើល៖
“អ៊ីចឹងឬក្មួយ? …ធ្វើដំណើរផ្លូវឆ្ងាយ មិនថាយប់ថ្ងៃទេ ក្មួយគួរតែប្រយ័ត្នបន្តិចទើបមិនជួបគ្រោះ!”
“ចាសអ៊ំ!” នារីឆ្លើយរួចបន្ត “អ៊ំមានចានដែកទេអ៊ំ? ខ្ញុំចង់ដាក់ទឹកលាងកង់ឡានបន្តិច!”
ស្ត្រីម្ចាស់ផ្ទះដើរទៅផ្ទះបាយយកចានដែកធំមួយហុចឲ្យនារី។ នាងចាក់ទឹកបំពេញរួចលើកវាទៅលាងជម្រះកង់ឡានដែលមានប្រឡាក់ស្នាមឈាមដោយកន្លែង… បន្ទាប់ពីនោះ នាង និងគូដណ្ដឹងក៏សំពះអរគុណ រួចលាម្ចាស់ផ្ទះចេញមក បន្សល់តែភាពឯកា និងការរង់ចាំ… នៅតែចាំ… ចាំដំណើរមកដល់នៃកូនប្រុសគាត់…
នៅក្នុងឡាន នារីវ័យក្មេងនិយាយបន្ទោសគូដណ្ដឹងដែលកំពុងបញ្ជាយានយន្ត៖
“បងធីបើកឡានកុំលឿនពេក… ហើយក៏ប្រយ័ត្នផងទៅ! សំណាងហើយដែលអំមិញនេះអត់មាននរណាឃើញ… ខ្ញុំឯណេះ ភ័យឡើងអស់ព្រលឹងពីខ្លួនទៅហើយ…”
“បងប្រយ័ត្នហើយ ប៉ុន្តែផ្លូវតូច… បើបងចៀសមានតែធ្លាក់ផ្លូវ!”
“យើងត្រឡប់ទៅភ្នំពេញវិញទៅល្អជាង! មកជួបរឿងអ៊ីចឹងៗ អូនគ្មានអារម្មណ៍ធ្វើបុណ្យធ្វើទានអីទៀតទេ…”
វុទ្ធីសួរបញ្ជាក់៖
“អូនច្បាស់ហើយហ្អេះ?”
“ហ្នឹងហើយ… បកទៅវិញទៅ!”
រថយន្តលុច្សសីសរបស់វុទ្ធីបកត្រឡប់ក្រោយតាមផ្លូវជាតិដ៏ងងឹត តម្រង់មកទីក្រុងភ្នំពេញវិញទាំងយប់។ ហួសពីនោះកន្លះម៉ោង ឡានបានបរមកដល់ត្រង់ទីតាំងមួយដែលមានប៉ូលីសធ្វើចរាចរណ៍ និងមនុស្សចោមរោមមើលអ្វីមួយនៅម្ខាងផ្លូវ។ វុទ្ធីបន្ថយល្បឿនរួចក្រឡេកភ្នែកមើល… ម៉ូតូវីវ៉ាមួយដួលលើផ្លូវ… ឥវ៉ាន់កញ្ចិបកញ្ចប់ជាច្រើននៅរាយប៉ាយ… ក្បែរនោះមានបុរសវ័យក្មេងម្នាក់ដេកស្លាប់… ក្បាល ព្រមទាំងខ្លួនប្រាណស្រោចស្រពទៅដោយឈាមក្រហមច្រាល… ជើងរបស់គេដាច់រលាត់ជាច្រើនកន្លែង… ភ្លើងឡានរបស់វុទ្ធីចាំងបំភ្លឺទៅលើហ្វូងមនុស្ស និង… ដៃជនរងគ្រោះ ឲ្យឃើញផ្លាកដៃដែលមានឆ្លាក់អក្សរ “វ”…
វុទ្ធីបើកឡានហួសទៅ រួចបន្ធូរដង្ហើមធំ៖
“…នីកា! គាត់… ប្រហែលជាមិនរស់ទេ!”
កែវភ្នែកនីការលីងរលោងដោយទឹកភ្នែក… នាងលើកដៃប្រណម្យឡើង រួចខ្សិបតិចៗដោយសំឡេងញ័រ៖
“…សូមអហោសិកម្មឲ្យយើងខ្ញុំផង… យើងគ្មានបំណងនឹងបុកពូទេ…”
វុទ្ធីឧទានឡើងតិចៗបញ្ចប់ប្រយោគ៖
“សូមវិញ្ញាណក្ខន្ធពូទៅកាន់សុគតិភព…”
ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០០៩
ម៉ោង ១១:៤៣ នាទីយប់
អានរឿង ឱកាសទឹកភ្នែក និពន្ធដោយព្រះភិក្ខុ ជំនិត វិជិតភក្ដី
