បណ្ណសារ សំរាប់ ចំណាត់ក្រុម 'កំណាព្យ'

17
កញ្ញា
09

នឹក​ស្រុក

នឹក​ស្រុក​កំណើត នៅ​តាំង​ពី​កើត រហូត​កុមារ ជា​ស្រុក​ដែល​កប់ នូវ​អនុស្សាហ៍ រឿង​រ៉ាវ​ពិត​ការណ៍ ចិន្តា​រឮក…

10
កញ្ញា
09

អ៊ំ​ចាស់

អ៊ំ​ចាស់

បទ​ពាក្យ ៧


អ៊ំ​ចាស់​ទន់​កាយ​ខ្សោយ​កម្លាំង

ដៃ​ម្ខាង​លើក​បាំង​ធូលី​ដី

លើ​ក្បាល​មាន​ទូល​ថាស​ចំណី

ជីវភាព​ក្រក្រី​ឥត​ពំនឹង។


អ៊ំ​ដើរ​តាម​សួន​ល្ងាច​ត្រជាក់

ពេល​ខ្លះ​ទម្លាក់​ថាស​នំ​វឹង

ញញឹម​ញញែម​ចិត្ត​រំពឹង

អរ​អស់​ព្រលឹង​ពេល​គេ​ហៅ។


បាន​គេ​ជួយ​ទិញ​អ៊ំ​សប្បាយ

អ៊ំ​កំព្រា​កាយ​គ្មាន​ញាតិ​ផៅ

បាន​ប្រាក់​ក្អាកក្អាយ​ចិញ្ចឹម​ចៅ

តម្រង់​គោលដៅ​ជីវិត​ខ្សត់។


ល្ងាច​ខ្លះ​អ៊ំ​ដើរ​កាត់​ទឹក​ភ្លៀង

ឥត​ហ៊ាន​ដើរ​វាង​ព្រោះ​ខ្លួន​អត់

តស៊ូ​លើ​ផ្លូវ​ច្រើន​របត់

ដើរ​ទាំង​អំណត់​ផ្លូវ​ជីវិត។៚

ថ្ងៃ​​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០០៩

និពន្ធ​ដោយ អ៊ឹម រចនា

19
សីហា
09

ខ្ញុំ​តាម​មិន​ទាន់

សម័យ​ឥឡូវ ឃើញ​គេ​តាម​ផ្លូវ ហ៊ឺហា​ហ៊ឹកហ៊ាក់

ក្មេង​ៗ​ស្រី​ប្រុស រាំ​ច្រៀង​រលាក់ ខ្ញុំ​មើល​មិន​ជាក់

មិន​ហ៊ាន​ស្ដី​ថា។

សក់​បី​បួន​ពណ៌ បែប​យល់​ថា​ល្អ គិត​ថា​អស្ចារ្យ

លឿង ក្រហម ខៀវ ចម្លែក​ក្រៃ​ណា សត្វ ឬ​មនុស្សា

ពិបាក​ប្រាប់​ចំ។

មួយ​វិញ​ទៀត​នោះ ទាំង​ស្រី​ទាំង​ប្រុស ឱ្យ​រៀន​មិន​ខំ

គិត​រឿង​ស៊ី​ផឹក ដើរ​លេង​ជា​ធំ ម៉ែ​ពុក​ស្រែក​យំ

មិន​ដឹង​ប៉ុណ្ណា។

ពី​មុន​ក្មេង​ខ្មែរ គេ​ចេះ​ជក់​ដែរ បារី​កញ្ឆា

ពេល​នេះ​គេ​ប្ដូរ ជ្រើស​យក​យ៉ាម៉ា ញៀន​ខ្លាំង​មហា

តែ​ទាន់​សម័យ។

ខ្ញុំ​តាម​មិន​ទាន់ ស្រាវ​ជ្រាវ​មិន​គ្រាន់ ទៅ​រៀន​រាល់​ថ្ងៃ

នៅ​តែ​មិន​យល់ មិន​ទាន់​សម័យ មិន​ដឹង​ហៅ​អ្វី

សម័យ​បែប​នោះ?

ដោយ រចនា (ខ្ញុំ :D )

20
កក្កដា
09

អាសូរ​មនុស្ស

ខ្ញុំ​ខាន​សរសេរ​កំណាព្យ​យូរ​មក​ហើយ… ចាំ​បាន​ថា ខ្ញុំ​វក់​នឹង​កំណាព្យ​ដំបូង​ដោយ​សារ​ប្លក់​នេះ​ឯង! :) ថ្ងៃ​នេះ សូម​នាំ​មក​ជូន​នូវ​អត្ថបទ​កំណាព្យ​មួយ ដែល​ជា​ស្នាដៃ​របស់​មិត្ត​សម្លាញ់​ខ្ញុំ សិរីរចនា ;) (ឈ្មោះ​ដូច​គ្នា​ទៀត! ^^)

អាសូរ​មនុស្ស

អាសូរ​ដល់​មនុស្ស​សម័យ​ថ្មី

ខិត​ខំ​លក​លៃ​ស្វែង​រក​ទ្រព្យ

អ្នក​ខ្លះ​សង្ឃឹម​ក្រែង​មាន​ភព្វ

ស្វែង​ទ្រព្យ​ឲ្យ​គាប់​នឹង​ចិន្តា។

ព្រោះ​ទ្រព្យ ព្រោះ​លុយ ព្រោះ​លោភៈ

គេ​ហ៊ាន​ជំនះ​គ្រប់​បញ្ហា

ហ៊ាន​ល្មើស​នឹង​ច្បាប់​ឥត​ពិចារ

ឥត​មាន​មេត្តា ករុណា​ឡើយ។

ពី​មុន​មនុស្ស​លោក​ជា​ម្ចាស់​លុយ

ទុក​វា​ជា​នុយ​ឲ្យ​ប្រឹងប្រែង

ឥឡូវ​ប្រែ​ប្ដូរ​លុយ​ខែងរែង

តាំង​ខ្លួន​ឥត​ក្រែង​ក្លែង​ជា​ម្ចាស់។

ឯ​មនុស្ស​ទៀត​សោត​ក៏​ឆោត​ល្ងង់

ប្រទាញ​ប្រទង់​ឥត​មាន​ខ្មាស

រស់​ឈ្លោះ​ព្រោះ​លុយ​គួរ​អាម៉ាស់

ឈ្មោះ​ជា​កញ្ជែះ ទាសករ​ប្រាក់។

និពន្ធ​ដោយ កញ្ញា ម៉េង សិរី​រចនា

និស្សិត​សាកល​វិទ្យាល័យ​កម្ពុជា

24
ធ្នូ
08

ប្រាសាទ​សំខាន់​ៗ​របស់​ខ្មែរ

ខាន​សរសេរ​កំណាព្យ​យូរ​សែន​យូរ​មក​ហើយ! នេះ​បើ​គ្មាន​តម្រូវ​ការ​ទេ ខ្ញុំ​ក៏​មិន​សរសេរ​ដែរ​ព្រោះ​ខ្ជិល! :D

ខាង​ក្រោម​នេះ​ជា​កំណាព្យ​ដែល​ខ្ញុំ​តែង​នា​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ​២០០៨ តាម​សំណូម​ពរ​របស់ “សុវណ្ណរចនា” ដែល​ចង់​បាន​ស្នាដៃ​កាព្យ​របស់​ខ្ញុំ​យក​ទៅ​ដាក់​ក្នុង assignment ផ្នែក​ទេសចរណ៍​របស់​គេ។

“ប្រាសាទ​សំខាន់​ៗ​របស់​ខ្មែរ”

មោទនភាព​ខ្ញុំ​កើត​ជា​ខ្មែរ
រស់​នៅ​ថ្នម​ថែ​កេរ​ដូនតា
សម្បត្តិ​មត៌ក​ច្រើន​ក្រៃ​ណា
ពាសពេញ​សីមា​ដែន​កម្ពុជា។

អង្គរ បាយ័ន បន្ទាយ​ស្រី
ប្រាង្គ​បន្ទាយ​ក្ដី​ល្បី​ខ្ទរខ្ទារ
បាពួន បាគង ព្រះវិហារ
បាក់ខែង សោភា​​ពេក​កន្លង។

ភ្នំ​ដា​កំណើត​សំណង់​ខ្មែរ
តា​ព្រហ្ម​ស្រស់​ដែរ​ថែ​ទុក​ផង
ភិមាន​អាកាស​ខ្ពស់​ផុត​ហ្មង
បុរាណ​សង់​ស្នង​ចង​សាសនា។

ប្រាសាទ​បុរាណ​ច្រើន​អនេក
វប្បធម៌​ល្អ​ឯក​ប្លែក​នេត្រា
ខ្មែរ​មាន​អរិយធម៌​ដ៏​ថ្លៃថ្លា
ខ្មែរ​ត្រូវ​រក្សា​ការពារ​ទុក។៚




កម្ពុជា-CAMBODIA

header1

web stats

ផ្ដល់​តម្លៃ​ឱ្យ​ប្លក់​នេះ

អរគុណ!

deedee

ឌីឌី^^

Monthly Post

Flickr Photos

acceptance

Cardiac

310/365 November 6, 2009

More Photos

Blog Stats

  • 50,373 hits