បណ្ណសារចំណាត់ក្រុម៖ ព័ត៌មាន
ខ្មែរថ្កោលទោសក្រុមហ៊ុនមួយយកទង់ជាតិខ្មែរទៅធ្វើស្បែកជើងកីឡា
អានទីនេះ
រដ្ឋាភិបាលច្រានចោលព័ត៌មានអំពីការដាប់ថ្មអង្គរដើម្បីដាក់អំពូល
ដោយ សាវយុត (RFA)
2009-05-28
មន្ត្រី រដ្ឋាភិបាលកម្ពុជាបានប្រកាន់ជំហរជាថ្មីម្តងទៀតច្រានចោលព័ត៌មាន ដែលនិយាយថា មានការដាប់ថ្មថែវប្រាសាទអង្គរវត្តដើម្បីដាក់អំពូលភ្លើងហ្វា អគ្គិសនីបំភ្លឺរូបចម្លាក់នាពេលយប់នោះគឺជាការអះអាងមួយគ្មានការ ពិតទេ។
មន្ត្រី អាជ្ញាធរអប្សរាបង្ហាញរូបថតនៃអំពូលភ្លើងដែលដាក់នៅជាប់នឹង ជញ្ជាំងប្រាសាទអង្គរវត្ត នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃ២៨ ឧសភា ២០០៩។
លោក ង៉ោ ហុងលី គណៈប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រីទទួលបន្ទុកអាជ្ញាធរអប្សរាបាន ថ្លែងទៅកាន់ក្រុមអ្នកកាសែតដែលនៅតែបន្តតាមដានបញ្ហានេះកាលពី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា នៅក្នុងប្រាសាទអង្គរវត្តថា មិនមានការដាប់ថ្មជញ្ជាំងប្រាសាទអង្គរវត្តនៅត្រង់ឆាករាមកេរ្តិ៍ នោះដើម្បីវាយឈើបញ្ចូលចាប់ជើងអំពូលហ្វាទេ ហើយក៏មិនមានប្រើប្រាស់ស៊ីម៉ង់ត៍ដើម្បីបិទផ្ជិតរន្ធថ្មប្រាសាទណា មួយទេ។
លោក ង៉ោ ហុងលី បានឲ្យដឹងថា ៖ «អត់មានធ្វើរន្ធថែមទេ ហើយក៏អត់មានបិទស៊ីម៉ង់ត៍ដែរ។ ទៅសួរមគ្គុទ្ទេសក៍ យកសម្ដីមគ្គុទេ្ទសក៍ សំខាន់ជាងសម្ដីអ្នកដែលទទួលខុសត្រូវ។ អ្នកមគ្គុទ្ទេសក៍ចេះតែថាហើយដើរទៅបាត់ ចចាមអារ៉ាមក៏ចេះតែថាដែរ»។
អ្នកស្រី ម៉ៅ ល្អ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបូរាណវិទ្យា បង្ការបានថ្លែងដោយបង្ហាញជាផ្ទាំងរូបថតថា យោងតាមឯកសាររបស់សាលាបារាំងចុងបូព៌ាបានឲ្យដឹងថា ប្រហោងថ្មជាច្រើននៅអង្គរវត្តត្រូវបានគេដាប់កាលពីអំឡុងឆ្នាំ ១៩៤៧-១៩៤៨ នៅពេលដែលមានការចាប់ផ្តើមជួសជុលអង្គរនិងសម្ភារៈជាងមិនសូវទំនើប ដែលការដាប់ប្រហោងនោះសម្រាប់ដាក់ឈើរន្ទាសម្រាប់ជាន់ធ្វើការ។
អ្នកស្រី ម៉ៅ ល្អ បានមានប្រសាសន៍ថា ៖ «ជំនាន់នៅឆ្នាំ១៩៤៧ហ្នឹង ការជួសជុលប្រាសាទ សម្ភារៈដែលគេប្រើប្រាស់ហ្នឹងមិនទាន់មានការរីកចម្រើន។ ដូច្នេះនៅក្នុងរូបភាពហ្នឹងយើងឃើញហើយ គឺយើងប្រើកំណាត់ឈើ»។
មន្ត្រីដដែលបានអះអាងថា ប្រហោងដាប់ថ្មចាប់ពីជំនាន់នោះបានបន្សល់ទុកមកដល់បច្ចុប្បន្ន ប្រមាណ២០០០នៅតាមប្រាសាទអង្គរវត្តដោយពុំមានការដាប់ថ្មីៗទេ។ ការព្យាយាមថ្លែងអះអាងរបស់មន្ត្រីរដ្ឋាភិបាលនេះធ្វើឡើងជំទាស់ទៅ នឹងក្រុមមគ្គុទ្ទេសក៍អង្គរខ្លះដែលនៅតែជឿថា ពិតជាមានការដាប់ថ្មប្រាសាទដើម្បីដាក់ស្នៀតឈើតបណ្តាញភ្លើង អគ្គិសនីនោះ។
ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ដែលបានមកពិនិត្យផ្ទាល់ភ្នែកបានទទួលស្គាល់ថា ពុំមានការដាប់ថ្មប្រាសាទដើម្បីតបណ្តាញភ្លើងហ្វាអគ្គិសនីនោះទេ ប៉ុន្តែលោកនៅតែរិះគន់ការតបណ្តាញភ្លើងនោះមានការដាក់រាយខ្សែភ្លើង គ្មានសណ្តាប់ធ្នាប់និងសម្ភារៈដែលគ្មានគុណភាពត្រូវបានគេយកមក ដាក់លើអច្ឆរិយវត្ថុដ៏មានតម្លៃនោះ ហើយលោកក៏មិនទាន់ប្រាកដទេថា តើអំពូលភ្លើងទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់ប្រាសាទបូរាណឬយ៉ាង ណា?
លោក មឿង សុន បានបញ្ជាក់ថា ៖ «ខ្ញុំឡើងទៅវាស់អំពូលដែលគេបើក ពន្លឺមកហើយវាមានកម្ដៅ តែខ្ញុំមិនអាចឲ្យជាបច្ចេកទេសបានទេ គឺខ្ញុំទុកឲ្យអង្គការយូណេស្កូដែលលោកមានអ្នកបច្ចេកទេសចុះ»។
សូមរំឭកថា ប្រតិកម្មពីក្រុមមគ្គុទ្ទេសក៏និងអ្នកទេសចរណ៍បរទេសមួយចំនួនបាន ផ្ទុះឡើងកាលពីថ្ងៃទី២៣ ខែឧសភាកន្លងមក ខណៈដែលគេបានប្រទះឃើញមានអំពូលភ្លើងហ្វាជាច្រើនត្រូវបានគេមូល ភ្ជាប់កំណាត់ឈើដាក់ក្នុងប្រហោងជញ្ជាំងថ្មប្រាសាទអង្គរវត្តនៅប៉ែក ខាងលិចឆៀងខាងជើងដោយគេជឿថាមានការដាប់ថ្មប្រាសាទដើម្បីវាយ កំណាត់ឈើបញ្ចូលក្នុងនោះ៕
ការសិក្សាអំពីការប្រព្រឹត្តរបស់យុវវ័យខ្មែរក្នុងថ្ងៃបុណ្យសង្សារ
ពិធី បុណ្យមួយថ្មីដែលខ្មែរប្រុសស្រីខ្លះ នៅមិនទាន់ស្គាល់ ព្រោះជាបុណ្យប្រពៃណីរបស់បស្ចឹមប្រទេសគឺថ្ងៃបុណ្យនៃក្តីស្រឡាញ់។
យុវវ័យ នាំគ្នាទិញផ្កាជាកាដូជូនមិត្តសម្លាញ់ ឬគូសង្សារនៅថ្ងៃបុណ្យសង្សារ នៅមុខវិទ្យាល័យមួយកន្លែងក្នុងក្រុងភ្នំពេញ នាថ្ងៃទី១៤ កុម្ភៈ ២០០៩។
ខណៈនេះមានការសិក្សាស្រាវជ្រាវមួយស្តីពីទំនាក់ទំនងស្នេហានិង ផ្ល្វវភេទក្នុងចំណោមគូសង្សារនៅក្នុងថ្ងៃបុណ្យនេះ ដោយទីប្រឹក្សាឯករាជ្យ អនុបណ្ឌិត តុង សុប្រាជ្ញ។
«ខ្ញុំជាប់បាក់ឌុប ឆ្នាំ១៩៩២ ខ្ញុំរៀននៅវិទ្យាល័យ ខ្ញុំអត់ដែលឮពាក្យថា បុណ្យសង្សារ ឬបុណ្យនៃក្ដីស្រលាញ់នេះទេ ហើយខ្ញុំរៀនចប់នៅមហាវិទ្យាល័យភូមិន្ទភ្នំពេញហ្នឹង ចប់ឆ្នាំ ១៩៩៧ ក៏ខ្ញុំមិនដែលឮថ្ងៃបុណ្យសង្សារដែរ ប៉ុន្តែទើបតែដឹងប្រហែលជា ៦-៧ឆ្នាំចុងក្រោយហ្នឹងទេ ដែលយុវវ័យចាប់ផ្ដើមចេញក្រៅនៅថ្ងៃនោះ ហើយគេបានជូនកាដូ ផ្កា ឲ្យគ្នា ខ្ញុំក៏បានចាប់អារម្មណ៍ទៅលើថ្ងៃបុណ្យសង្សារហ្នឹងដែរ»។
នេះគឺសម្ដីរបស់លោក តុង សុប្រាជ្ញ អាយុ ៣៣ឆ្នាំ ដែលបានធ្វើការសិក្សាស្រាវជ្រាវអំពីថ្ងៃបុណ្យនៃក្តីស្រលាញ់ ឬ Valentine’s Day ដែលយុវជនយុវនារីខ្មែរនិយមហៅថាថ្ងៃបុណ្យសង្សារនោះ។
ក្នុងមូលន័យនៃការសិក្សារបស់លោក តុង សុប្រាជ្ញ ទីប្រឹក្សាឯករាជ្យ និងជាអនុបណ្ឌិតពីសកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកសុខភាពសាធារណៈ មានសរសេរអំពីគោលបំណងរបស់លោកក្នុងការស្រាវជ្រាវនេះ គឺស្វែងរកហេតុផលពិតជាក់ស្តែងទាក់ទងនឹងសេចក្តីស្នេហានិងទំនាក់ ទំនងផ្លូវភេទក្នុងចំណោមគូសង្សារមួយចំនួននៅថ្ងៃបុណ្យសង្សារ និងដើម្បីដឹងឲ្យច្បាស់ពីទស្សនវិស័យរបស់យុវវ័យចំពោះឥរិយាបថឪពុក ម្តាយពួកគេនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ។
ប្រជាប្រិយភាពនៃថ្ងៃបុណ្យដែលមិនមែនជាបុណ្យជាតិ តែក៏កំពុងបានទទួលការនិយមច្រើនក្នុងចំណោមប្រុសស្រីវ័យជំទង់និង ពេញការនៅកម្ពុជានាពេលបច្ចុប្បន្ន លោក តុង សុប្រាជ្ញ ពន្យល់ថាកើតមកពីជំនោរសេដ្ឋកិច្ចដែលឡើងខ្ពស់។
លោក តុង សុប្រាជ្ញ មានប្រសាសន៍ដូច្នេះថា ៖ «សេដ្ឋកិច្ចប៉ុន្មាន ឆ្នាំចុងក្រោយនេះគឺមានការរីកចម្រើនខ្លាំង ហើយជួនជាការរកស៊ីហ្នឹងគឺកើនខ្លាំងកាលពីប៉ុន្មានឆ្នាំកន្លងទៅ ហ្នឹង ហើយការផ្សព្វផ្សាយក៏ចេញខ្លាំងណាស់ដែរ អ៊ីចឹងធ្វើឲ្យយុវវ័យមានឱកាសក្នុងការចូលរួមក្នុងសកម្មភាព ក៏ដូចជាសេចក្ដីស្រាលាញ់របស់គេ ទើបពេលខ្លះក៏អាចឈានទៅដល់ការរួមភេទដែរ»។
ចំណុចដែលគួរឲ្យព្រួយបារម្ភ គឺការរកឃើញថា នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះមានការសង្កត់ធ្ងន់ ជាពិសេសទៅលើការរួមភេទរវាងយុវជនយុវនារី ច្រើនជាងស្រឡាញ់គ្នាជាទូទៅរវាងបុត្រធីតានិងមាតាបិតា រវាងសិស្សនិងគ្រូ រវាងបងប្អូន។ល។
ការស្រាវជ្រាវរបស់លោក តុង សុប្រាជ្ញ បង្ហាញថា ជាងពាក់កណ្តាលនៃយុវវ័យ សប្បាយចិត្តនឹងការមានទំនាក់ទំនងផ្លូវភេទនៅថ្ងៃបុណ្យសង្សារ ហើយមួយចំនួនបានបាត់បង់ភាពបរិសុទ្ធ ៖ «សម្រាប់មនុស្សប្រុស គាត់មានឱកាសក្នុងការជួបជាមួយនឹងមិត្តនារី ដែលគាត់អាចស្រលាញ់ និងអាចមានទំនោរផ្នែកខាងមនោសញ្ចេតនា ក៏ដូចជាទំនាក់ទំនងផ្លូវភេទដែរ ក្នុងពេលចុងក្រោយនេះ។ សម្រាប់យុវវ័យជាក្មេងៗវិញ គឺគាត់ពិបាកក្នុងការឆ្លើយប្រាប់យើងចេញពីបេះដូងដូចយុវជនណាស់ អ៊ីចឹងទេនៅពេលដែលយើងធ្វើការស្រាវជ្រាវស៊ីជម្រៅជាមួយមិត្តភក្ដិ គាត់ហ្នឹង គឺគាត់បានឆ្លើយថាបានទៅលេងជាមួយសង្សារគាត់ សង្សារគាត់បានឲ្យអីគាត់ ហើយគាត់បានទៅលេងនៅកន្លែងដូចជាបាក់ខែង ដូចជានៅខារ៉ាអូខេ ដូចជានៅកន្លែងក្លឹបកម្សាន្តផ្សេងៗទៀត ជាមួយនឹងសង្សាររបស់គាត់ ហើយគាត់ក៏បានចូលរួមរួមភេទ ហើយពេលខ្លះគាត់ប្រាប់ថា គាត់រួមភេទលើកទី១ដែរនៅថ្ងៃហ្នុង»។
ទោះជាយ៉ាងនេះក្តី លោក សុប្រាជ្ញ បញ្ជាក់ថា យុវនារីនៅមានចំនួនតិចតួចបំផុតដែលត្រៀមខ្លួនថា នឹងរួមភេទជាមួយសង្សារក្នុងឱកាសបុណ្យនេះ ៖ «សម្រាប់យុវនារីដែល គ្មានគូសង្សារហ្នឹង គឺគាត់ឆ្លើយថា គាត់មិនអាចរួមភេទនៅថ្ងៃហ្នឹងទេ ចំណែកឯយុវនារីដែលមានគូសង្សារ មានតិចតួចបំផុតដែលគាត់នឹងអាចរួមភេទនៅថ្ងៃហ្នុង មានក្នុងចំណោមការសិក្សាហ្នឹង។ ហើយសម្រាប់យុវជនគឺឃើញមានភាគរយខ្ពស់បន្តិចដែរ»។
ដែលលោក តុង សុប្រាជ្ញ បារម្ភក្នុងបញ្ហានេះ គឺសុខភាពរបស់សមាជិកយុវវ័យ ដែលរួមមាន ការប្រថុយប្រថាននឹងជំងឺអេដស៍ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
ក្នុងការស្រាវជ្រាវរបស់លោកមានកត់សម្គាល់ថា ទោះបីជាក្នុងបទសម្ភាសន៍ ភាគច្រើនបាននិយាយថា ពួកគេប្រើប្រាស់ស្រោមអនាម័យដែលអាចបញ្ជាក់ថា ពួកគេមានការយល់ដឹងអំពីបញ្ហាសុខភាពផ្លូវភេទនិងសុខភាពបន្តពូជ ក៏ដោយ ក៏មានករណីបង្ខំខ្លះដែរ។ ទាំងនេះព្រោះថា ថ្វីបើនៅក្នុងសង្គមខ្មែរ ឪពុកម្តាយនៅក្បិតក្បៀតខ្លះៗនៅឡើយ តែខ្លះក៏នៅមានឱកាស។
លោក តុង សុប្រាជ្ញ មានប្រសាសន៍បន្ថែមដូច្នេះទៀតថា ៖ «ជាពិសេស យុវនារី ឪពុកម្ដាយខ្មែរយើងមានលក្ខណៈក្បិតក្បៀតបន្តិចដែរ ប៉ុន្តែនៅថ្ងៃហ្នឹង គឺគាត់មានឱកាស គាត់ឆក់យកឱកាសថ្ងៃនោះ ដែលគាត់អាចចេញក្រៅបាន ហើយគាត់មានជួបជាមួយយុវជនដែលគាត់មានទំនោរខាងផ្លូវភេទ ឬមួយក៏អាចទាក់ទងតាមរយៈផ្ដល់ជាកាដូមានតម្លៃ ដូចជាចិញ្ចៀន ខ្សែកអីអ៊ីចឹងទៅ គាត់អាចទាក់ទាញបាន ហើយគាត់ឆ្លៀតឱកាសហ្នឹងគាត់អាចរួមភេទបាន»។
លោកអនុបណ្ឌិតផ្នែកសុខភាពសាធារណៈ តឿនអំពីចំណុចដែលមិនគួរប្រតិបត្តិយ៉ាងដូច្នេះ ៖ «យុវជន ជាច្រើនដែលគាត់គេងនៅផ្ទះសំណាក់ ហើយពេលខ្លះគាត់បើកទូរទស្សន៍ ហើយគាត់បង្ខំមិត្តស្រីរបស់គាត់ឲ្យមើលដើម្បីស្រើបស្រាលក្នុងការ រួមភេទ អ៊ីចឹងទេអាហ្នឹងជាចំណុចដែលមិនល្អ ដែលគាត់ប្រើ គេហៅថា ទំនាក់ទំនងផ្លូវភេទដែលមិនមានការយល់ព្រម។ ទី២ទៀត ឧទាហរណ៍ដូចថាគាត់ប្រើប្រាស់មិនបានរក្សាភាពស្មោះត្រង់មិត្តសង្សារ ដែលជាក់ច្បាស់ថា សង្សារគាត់មិនអីទេ ស្អាត កូនអ្នកមាន ឬក៏នៅក្មេងអ៊ីចឹងប្រហែលជាអត់អីទេ មើលទៅរួមភេទទៅមិនបាច់ប្រើស្រោមអនាម័យ នេះជាចំណុចដែលមិនល្អ ដែលប្រសិនបើគាត់ធ្លាក់ខ្លួនទៅក្នុងការរួមភេទ»។
តាមការស្រាវជ្រាវ បញ្ហាបណ្តែតបណ្តោយកូនស្រីនៅរាត្រីបុណ្យ វ៉ាឡិនថាញន៍ ដែលអាចបណ្តាលឲ្យបាត់បង់ភាពបរិសុទ្ធរហូតដល់មានករណីខ្លះមានផ្ទៃ ពោះនិងមានបញ្ហាស្មុគស្មាញតាមមក កត្តាមួយសំខាន់ គឺបញ្ហាសេដ្ឋកិច្ច។
លោក តុង សុប្រាជ្ញា ថ្លែងដូច្នេះថា ៖ «តាមអង្កេតគឺឃើញថា ដោយសារភាពរីកចម្រើននៃសេដ្ឋកិច្ចនៅក្នុងស្រុកខ្មែរយើង ជាពិសេសអ្នកនៅក្រុងភ្នំពេញយើងមានការរីកចម្រើន អ្នកមានមួយចំនួនគឺផ្ដោតទៅលើការរកស៊ីខ្លាំង ដូច្នេះគាត់ចាកឆ្ងាយពីកូនចៅរបស់គាត់ កន្លែងចំណុចហ្នឹងមួយជាចំណុចសំខាន់ដែរ កូនគាត់ដែលធូរធារ អ៊ីចឹងទេជាឱកាសរបស់កូនដែលគាត់មិនបាននៅកៀកកូនគាត់ ដូចកាលពីជំនាន់ដើម ដូចកាលពីគាត់មិនទាន់ធូរធារ គាត់ផ្ដោតទៅលើកូនចៅ នៅពេលដែលគាត់ធូរធារទំនោរគាត់ហាក់បីដូចជាគាត់ទៅរកការរកស៊ី ឬមួយក៏ការសប្បាយរបស់គាត់ ឃ្លាតឆ្ងាយពីអ្វីដែលកូនគាត់ប្រព្រឹត្តបាន»។
លោក តុង សុប្រាជ្ញ ឲ្យដឹងថា ក្នុងការសាកសួរសមាជិកយុវវ័យដែលលោកសម្ភាសក្នុងកិច្ចសិក្សានេះ ស្ទើរតែ ១០០% មិនបានទទួលការអប់រំឬព័ត៌មានពីមាតាបិតាលើឱកាសនេះឡើយ ៖ «អ៊ីចឹង ទេ ក្នុងការស្រាវជ្រាវនេះ ក៏ខ្ញុំផ្ដល់ជាអនុសាសន៍ដល់ឪពុកម្ដាយដែលគាត់ជួយមើលថែទាំកូន ជាពិសេសផ្ដល់ព័ត៌មានទាក់ទងទៅនឹងសុខភាពផ្លូវភេទ»។
លោក តុង សុប្រាជ្ញ មានប្រសាសន៍បញ្ចប់ថា ការស្រាវជ្រាវរបស់លោក ពុំមែនជាការទម្លាក់កំហុសទៅលើនរណាទាំងអស់ ៖ «គឺ គ្រាន់តែអ្វីដែលជារបកគំហើញ ដែលអាចកើតមានឡើង ហើយយើងជួយទប់ស្កាត់ ឬមួយក៏យើងផ្ដល់ជាចំណេះដឹងទៅលើគាត់ ឲ្យគាត់មានសុវត្ថិភាព ហើយនិងមានការទទួលខុសត្រូវផ្នែកផ្លូវភេទរបស់យុវជន ក៏ដូចជាយុវនារីដែរ»៕
___________________________________
ដោយ៖ សាន សុវិទ្យ (RFA)
Interesting Web Page
This is an interesting web page i juz found. Check it out if you wanna know about Asia Counties Culture!
