ឆន្ទៈ​នៃ​ការ​ដោះ​ស្រាយ​បញ្ហា​របស់​រាជរដ្ឋាភិបាល​កម្ពុជា

រឿង​រ៉ាវ​ប្រាសាទ​ព្រះវិហារ​នៅ​តែ​បន្ត​អូស​បន្លាយ​ពេល​យ៉ាង​យូរ​ដោយ​ពុំ​ឃើញ​មាន​លទ្ធផល​ណា​មួយ​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ទេ។ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​រក្សា​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​ទាំង​នេះ​ដោយ​សន្តិវិធី បើ​ទោះ​បី​ជា​ភាគី​ប្រទេស​ថៃ​កំពុង​ជួប​ប្រទះ​នឹង​វិបត្តិ​នយោបាយ​ហើយ​ព្យាយាម​គេច​វេស​ពី​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ក្ដី។

ទាក់ទិន​នឹង​គោល​នយោបាយ​ដោះ​ស្រាយ​បញ្ហា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ មាត្រា​៥៣ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចែង​យ៉ាង​ប្រត្យក្ស​ថា “ព្រះរាជាណាចក្រ​កម្ពុជា​មិន​ឈ្លានពាន​ប្រទេស​ណា​ដាច់​ខាត មិន​ជ្រៀតជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​ប្រទេស​ដទៃ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល ទោះ​បី​ក្រោម​រូបភាព​ណា​ក៏​ដោយ ដោះ​ស្រាយ​រាល់​បញ្ហា​ដោយ​សន្តិវិធី និង​គោរព​ផលប្រយោជន៍​ផង​គ្នា​ទៅ​វិញ​ទៅ​មក។” សួរ​ថា​តើ​ឆន្ទះ​នៃ​ការ​ដោះ​ស្រាយ​នេះ​ពិត​ជា​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដែរ​ឬ​ទេ ខណៈ​​ពេល​ដែល​វាក្យខណ្ឌ​ទី​៤ នៃ​មាត្រា​ដដែល​នេះ​បាន​កំណត់​ថា “ព្រះ​រាជាណាចក្រ​​កម្ពុជា មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹក​ដី​ខ្លួន ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បរទេស​ដែរ លើក​លែង​តែ​ក្នុង​ក្របខណ្ឌ​នៃ​សំណូមពរ​របស់​អង្គការ​សហប្រជាជាតិ។”

គោល​ជំហរ​ដោះ​ស្រាយ​បញ្ហា​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ធ្វើ​យ៉ាង​ណា​រក្សា​ឱ្យ​បាន​នូវ​សន្តិភាព​ក្នុង​តំបន់។sic. ប្រសិន​បើ​ភាគី​កម្ពុជា​នៅ​តែ​ប្រកាន់​គោលការណ៍​របៀប​នេះ លទ្ធផល​ជា​ដុំ​កំភួន​ដែល​ប្រជាពលរដ្ឋ​រំពឹង​ចង់​បាន ប្រហែល​ជា​ស្ថិត​នៅ​ឆ្ងាយ​ទៀត៕

នាយក​រដ្ឋមន្ត្រី​នឹង​មិន​បង្ហាញ​ខ្លួន​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​ទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​ថា លោក​នៅសល់​រយៈពេល​១២​ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ក្នុង​ការបង្ហាញ​ខ្លួន​និង​ធ្វើ​សុន្ទរកថា​តាម​ទី​សាធារណៈ ។

លោក​នាយករដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​បញ្ជាក់​យ៉ាង​នេះ ក្នុង​ពិធី​សម្ពោធ​និង​បញ្ចុះ​ខណ្ឌសីមា​ព្រះវិហារ វត្ត​បាគង ក្នុង​ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មិថុនា ដោយ​បញ្ជាក់​ទៀត​ថា លោក​នឹង​មិន​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ឡើយ ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «អវត្តមាន​ របស់​ខ្ញុំ​ព្រះករុណា​ខ្ញុំ គឺ​នឹង​ចាប់ផ្ដើម​នៅ​ប្រហែល​ជា​ថ្ងៃ ២៣ (មិថុនា) គឺ​បន្ទាប់​ពី​ការសម្ពោធ​សមិទ្ធផល​នៅ​ខេត្ត​ពោធិ៍សាត់​ហើយ​នោះ ខ្ញុំ​ព្រះករុណា​ខ្ញុំ​នឹង​មិន​បាន​និយាយ​សុន្ទរកថា​ដូច​សព្វថ្ងៃ​ទៀតទេ ដោយសារ​ខ្ញុំ​មិន​មិន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ទេ សូម្បី​តែ​ពិធី​លែង​កូនត្រី​នៅ​ឆ្នាំ​នេះ គេហៅ​ថា ទិវា​មច្ឆា​ជាតិ ក៏​ខ្ញុំ​មិន​ចូលរួម​ដែរ ដើម្បី​ជៀសវាង​ការធ្វើ​សេចក្ដី​ថ្លែងការណ៍​មួយ​ដែល​គេ​វាយ​ប្រហារ ឥឡូវ​នេះ វាយ​ប្រហារ​ច្រើន​ណាស់​ទៅ​ហើយ ។ អ៊ីចឹង សភាពការណ៍​កាន់​តែ​ជិត​ដល់ ការវាយ​ប្រហារ​និង​ភាព​ពិសពុល​របស់​ពួក​អគតិ​នឹង​កាន់តែ​ធ្ងន់ធ្ងរ»

លោក ហ៊ុន សែន ដែល​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​មាន​ប្រសាសន៍​បង្ហាញ​ថា តើ​បន្ទាប់ពី​ថ្ងៃទី​២៣ មិថុនា​នោះ​ទៅ លោក​នឹង​ជាប់​រវល់​ធ្វើ​សកម្មភាព​អ្វី​ជា​ឯកជន​នោះ​ទេ ។

អតីត​នាយិកា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម លោកស្រី ជា វណ្ណាត ដែល​ជា​អ្នកវិភាគ​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា ការប្រកាស​ឈប់​បង្ហាញ​ខ្លួន និង​ធ្វើ​សុន្ទរកថា តាម​ទីសាធារណៈ​របស់​លោក​នាយករដ្ឋមន្រ្តី ត្រូវ​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​ទម្លាប់​ទៅហើយ នៅមុន​ការដែល​កម្ពុជា តែង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​រដ្ឋាភិបាល​ថ្មី​នេះ ។

សូម​បញ្ជាក់​ផងដែរ​ថា យុទ្ធនាការ​ឃោសនា​សម្រាប់​ការបោះឆ្នោត​តំណាងរាស្រ្ដ​អាណត្តិ​ទី​៤ គឺ​នឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​ទី​២៦ ខែ​មិថុនា ហើយ​នឹង​បញ្ចប់​ទៅវិញ​នៅថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០០៨ ខាង​មុខ​នេះ ៕

ដោយ៖ មុំ សុផុន (RFA)

អាន​អត្ថបទ​ដើម

សម រង្ស៊ី ជួប​សួរ​សុខ​ទុក្ខ ដាំ សិទ្ធិ នៅ​ពន្ធនាគារ​ព្រៃស

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី នៅ​ល្ងាច​ថៃ្ង​ពុធ​នេះ​បាន​ជួប​សួរ​សុខទុក្ខ​លោក ដាំ សិទ្ធិ ជា​និពន្ធ​នាយក​របស់​កាសែត​មនសិការ​ខែ្មរ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​គុក​ព្រៃ​ស ដោយ​លោក​បាន​អះអាង​ថា លោក ដាំ សិទ្ធិ មាន​សុខភាព​មាំមួន​និង​ស្មារតី​នៅ​រឹងប៉ឹង​ដដែល ។

លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​គុក​ព្រៃ​ស​ដូច្នេះ​ថា ៖ «ទី ​១ លោក ដាំ សិទ្ធិ មាន​សុខភាព​ល្អ មាន​កម្លាំង​ចិត្ត មិន​បាក់​ស្បាត​ទេ ឃើញ​ថា​គាត់​មាន​ភាព​អង់អាច​ក្លាហាន ។ …គេ (អាជ្ញាធរ) សម្រួល​ឲ្យ​ខ្ញុំ​បាន​ជួប​ត្រឹមត្រូវ​សមរម្យ គេ​គួរសម ។ ទោះ​ជា​បន្ទប់​ធំ​ក៏ដោយ ប៉ុន្តែ​ចង្អៀត​ហើយ​អត់​មាន​របប​ពិសេស​សម្រាប់​អ្នក​ទោស​នយោបាយ សម្រាប់​អ្នកទោស​មនសិការ គឺ​ឲ្យ​នៅ​លាយឡំ​ជាមួយនឹង​អ្នក​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត ។ ចង់​បង្ហាញ​ថា ខ្ញុំ​សុខចិត្ត​ជាប់​គុក​ជំនួស​លោក ដាំ សិទ្ធិ ប៉ុន្តែ​គេ​មិន​ព្រម គេ​មិន​ព្រម​យក​ខ្ញុំ ។ (សង្ឃឹម​ថា​នឹង​អាច​ដោះលែង​នៅ​ពេល​ណា ?) ក្នុង​ពេល​ដ៏​ឆាប់​រហ័ស​ជាទីបំផុត ពីព្រោះ​ព័ត៌មាន​ដែល​ខ្ញុំ​បាន​ទទួល ទំនាក់​ទំនង​ដែល​ខ្ញុំ​មាន​ជាមួយនឹង​មជ្ឈដ្ឋាន​ទូត មជ្ឈដ្ឋាន​សិទ្ធិមនុស្ស បាន​ប្រាប់​ខ្ញុំ​ថា​មិន​យូរ​ទេ អាច​ដោះលែង​ថ្ងៃ​នេះ អាច​ដោះលែង​ស្អែក ពីព្រោះ​រឿង​នេះ​ជា​រឿង​ធំ​ណាស់»

នៅ​ក្នុង​ការ​ចូល​សួរ​សុខទុក្ខ​លោក ដាំ សិទ្ធិ នោះ គេ​ឃើញ​មាន​លោក យឹម សុវណ្ណ តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី និង​តំណាង​របស់​ការិយាកាល័យ​នៃ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​ក្នុង​ប្រទេស​កម្ពុជា ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​លោក ដាំ សិទ្ធិ បាន​ចូល​ជួប​សួរ​សុខទុក្ខ​លោក ដាំ សិទ្ធិ នៅ​ថៃ្ង​ជាមួយ​គ្នា​ជា​ថ្ងៃ​ដំបូង​នៅ​ថ្ងៃ​ពុធ​នេះ ។

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ​លោកស្រី ពុង ឈីវកេក ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​មាន​ប្រសាសន៍​ប្រតិកម្ម​ថា នេះ​ជា​សញ្ញា​ល្អ ៖ «ខាង​នេះ​គឺ​គេ​គោរព​សិទ្ធិ​របស់​លោក ដាំ សិទ្ធិ ដែរ អ៊ីចឹង​បើ​គោរព​ច្បាប់​អ៊ីចឹង​ខ្ញុំ​មាន​ការ​ពេញចិត្ត ។ ខ្ញុំ​សង្ឃឹម​ថា ស្អែក​ខ្ញុំ​នឹង​ទៅ ហើយ​គេ​នឹង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ចូល​ជួប​ដែរ»

សូម​រំឮក​ថា លោក ដាំ សិទ្ធិ ជា​និពន្ធ​នាយក​របស់​កាសែត​មនសិការ​ខែ្មរ​គាំទ្រ​ខាង​គណបក្ស​ប្រឆាំង និង​ជា​បេក្ខជន​តំណាងរាស្រ្ត​របស់​គណបក្ស​សមរង្ស៊ី លំដាប់​លេខ​៦ នៅ​មណ្ឌល​ក្រុង​ភំ្នពេញ​នោះ ត្រូវ​បាន​អាជ្ញាធរ​ប៉េអឹម​បាន​ចាប់​ខ្លួន​កាលពី​ថៃ្ង​អាទិត្យ​ចុង​សប្តាហ៍​ កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ខណៈពេល​ដែល​លោក​កំពុងតែ​លាង​ទ្បាន ។

ក្រោយ​ពី​ការ​ចាប់​ខ្លួន​នោះ​មក​តុលាការ​ក្រុង​ភ្នំពេញ​បាន​ធ្វើការ​ចោទ​ ប្រកាន់ លោក ដាំ សិទ្ធិ ក្រោម​បទ​បរិហារកេរ្តិ៍ និង​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បាន​ចេញ​ដីកា​ឃុំ​ខ្លួន​ក្រោយពី​មាន​ពាក្យ​បណ្តឹង​របស់​លោក ហោ ណាំហុង ជា​ឧប​នាយក​រដ្ឋមន្រ្តី​និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា ។

លោក ដាំ សិទ្ធិ បាន​ចុះ​ផ្សាយ​លើ​កាសែត​មនសិការ​ខែ្មរ​របស់​លោក​ជាមួយ​នឹង​ការ​ដកស្រង់​ ប្រសាសន៍​របស់​លោក សម រង្ស៊ី បាន​ថែ្លង​កាលពី​ថៃ្ង​ទី​១៧ ខែ​មេសា​កន្លង​ទៅ នៅ​ឯ​វាល​ពិឃាត​ខែ្មរ​ក្រហម​បឹង​ជើងឯក ជាយ​ទីក្រុង​ភ្នំពេញ ដោយ​លោក​បាន​ថ្លែង​មិន​ចំៗ​ឈ្មោះ​ថា រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា គឺ​ជា​អតីត​មេ​គុក​បឹង​ត្របែក​ក្នុង​របប​ខែ្មរ​ក្រហម ។

ការ​ចាប់​ឃុំ​ខ្លួន​លោក ដាំ សិទ្ធិ​នោះ បាន​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ពី​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ បាន​ទាមទារ​ឲ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន និង​ប្រតិកម្ម​នានា​ពី​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល និង​សមាគម​ការពារ​អ្នក​កាសែត​ដែល​បាន​ថ្កោលទោស​ចំពោះ​ការ​ចាប់​ខ្លួន​លោក ដាំ សិទ្ធិ​នោះ ថា​ជា​រឿង​ខុស​ច្បាប់ ៕

ដោយ៖ សុខ សេរី (RFA)

អាន​អត្ថបទ​ដើម

សម រង្ស៊ី៖ ឲ្យ​តែ​ដោះលែង ដាំ សិទ្ធិ ខ្ញុំ​សុខ​ចិត្ត​ឲ្យ​គេ​ចាប់​ខ្ញុំ

សហគមន៍​អន្តរជាតិ​ចាប់​ផ្តើម​ថ្កោលទោស​ជា​ថ្មី​ទៀត​ដល់​រដ្ឋាភិបាល​កម្ពុជា​ ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ទាប់ពី​តុលាការ​បញ្ជា​ឲ្យ​ចាប់​ឃុំ​ខ្លួន​លោក ដាំ សិទ្ធិ និពន្ធនាយក​នៃ​កាសែត មនសិការខ្មែរ ដែល​និយម​គណបក្ស​ប្រឆាំង​ដឹកនាំ​ដោយ​លោក សម រង្ស៊ី កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ។

អ្នកសង្កេតការណ៍​មើល​ឃើញ​ថា ការចាប់​ខ្លួន​ពី​រឿងថា សរសេរ​អត្ថបទ​ផ្សាយ​ប្រាសចាក​ការពិត​បែប​បរិហារកេរ្តិ៍​រដ្ឋមន្រ្តី​ ការបរទេស ហោ ណាំហុង នោះ ព្រោះ​លោក ដាំ សិទ្ធិ មាន​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ត​ខាង​គណបក្ស​សមរង្ស៊ី ក្នុង​សម័យ​បោះឆ្នោត​ជាតិ ថ្ងៃ​២៧ ខែ​កក្កដា ខាងមុខ​នេះ ។

លោក សម រង្ស៊ី បាន​បញ្ជាក់​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​រាត្រី​ថ្ងៃ​អង្គារ​ថា បើ​គ្រាន់តែ​និយាយ​តាម​អ្នកដទៃ ហើយ​ត្រូវ​មានទោស​នោះ លោក​ក៏​សុខចិត្ត​តុលាការ​ធ្វើ​តាម​ច្បាប់​ចំពោះ​រូបលោក​ដែរ ៖ «ខ្ញុំ​ថា បើ​ចង់​ចាប់​អ្នកណា មក​ចាប់​ខ្ញុំ​មក ឲ្យ​តែ​ដោះលែង​លោក ដាំ សិទ្ធិ ខ្ញុំ​ក៏​សុខចិត្ត​ឲ្យ​គេ​ចាប់​ខ្ញុំ ឲ្យ​គេ​ឃុំ​ឃាំង​ខ្ញុំ​ជំនួស​លោក​ដាំ សិទ្ធិ ពីព្រោះ​ការចាប់​លោក ដាំ សិទ្ធិ នេះ គឺ​ជា​ការខុស​ច្បាប់​ទាំង​ស្រុង ខុស​ទាំង​នីតិ​វិធី​តុលាការ​ខ្លួន​ឯង ខុស​ច្បាប់​ធ្ងន់ធ្ងរ​ជាទី​បំផុត ។ គេ​ចង់​បង្វែរ​អារម្មណ៍​ប្រជាពលរដ្ឋ គេ​ចង់​បង្កើត​រឿង ដូចជា​រឿង​អ្នកចុះចូល​គណបក្ស​ប្រជាជន រឿង​បន្តិច​បន្តួច​កំប៉ិក​កំប៉ុក គេ​យក​ទៅ​បំប៉ោង គេ​យក​ទៅ​បំពង​សំឡេង​នៅ​តាម​កញ្ចក់​ទូរទស្សន៍ ឬ​មួយ​រលក​ធាតុ​អាកាស​របស់​គណបក្ស​ប្រជាជន ដោយ​គេ​គ្រប់គ្រង​មធ្យោបាយ​ឃោសនា​ទាំង​អស់​នោះ»

សមាគម​អ្នកកាសែត​គ្មានព្រំដែន ចេញ​សេចក្តី​ថ្លែងការណ៍​មួយ កាលពី​ថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​ត្រូវ​តែ​ឲ្យ​អ្នកកាសែត​យក​ព័ត៌មាន​រាយការណ៍​ទាំង​រឿង​បោះឆ្នោត ទាំង​រឿង​តុលាការ​វិនិច្ឆ័យ​កំហុស​អតីត​មេដឹកនាំ​ខ្មែរក្រហម ដោយ​ឥត​មាន​ការរារាំង ។

សមាគម​នេះ បន្ត​ទៀត​ថា គេ​មិនទាន់​បញ្ចេញ​ឲ្យ​ឃើញ​ពន្លឺ​នៅឡើយ​ទេ លើ​ការជំពាក់​ជំពិន​របស់​អ្នកនយោបាយ​បច្ចុប្បន្ន​នេះ​មួយ​ចំនួន ក្នុង​របប​ខ្មែរ​ក្រហម ៕

ដោយ៖ ហាស់ សាន (RFA)

អាន​អត្ថបទ​ដើម

ភ្ញាក់​ចំពោះ​កាសែត​ព្រឹក​មិញ

ព្រឹក​មិញ ខ្ញុំ​បាន​ទៅ​ទិញ​ប៊ិច​ពីរ​ដើម​មុន​នឹង​ចូល​រៀន ស្រាប់​តែភ្ញាក់​ព្រើត​ចំពោះ​រូប​ភាព​ធំ​ៗ​នៅ​ទំព័រ​មុខ​របស់​កាសែត សំណេរ​ថ្មី ដែល​ដាក់​ចំណង​ជើង​ធំ​ៗ​ថា «មេបក្ស​បី​ជួប​គ្នា​ជា​សញ្ញា​នៃ​ស្ថេរភាព​ត្រៀម​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត»។ ខ្ញុំ​មិន​និយាយ​អ្វី​ច្រើន​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​មាន​ពេល​អាន​កាសែត​នោះ​នៅ​ឡើយ, បើ​ចង់​អាន សូម​ទៅ​សួរ​រក​ជាវ កាសែត​សំណេរ​ថ្មី ចេញ​ផ្សាយ​ថ្ងៃ​ចន្ទ ទី០៣-ថ្ងៃ​អាទិត្យ ទី០៩ ខែ​ធ្នូ ឆ្នាំ​ ២០០៧។