អ៊ំចាស់
បទពាក្យ ៧
អ៊ំចាស់ទន់កាយខ្សោយកម្លាំង
ដៃម្ខាងលើកបាំងធូលីដី
លើក្បាលមានទូលថាសចំណី
ជីវភាពក្រក្រីឥតពំនឹង។
អ៊ំដើរតាមសួនល្ងាចត្រជាក់
ពេលខ្លះទម្លាក់ថាសនំវឹង
ញញឹមញញែមចិត្តរំពឹង
អរអស់ព្រលឹងពេលគេហៅ។
បានគេជួយទិញអ៊ំសប្បាយ
អ៊ំកំព្រាកាយគ្មានញាតិផៅ
បានប្រាក់ក្អាកក្អាយចិញ្ចឹមចៅ
តម្រង់គោលដៅជីវិតខ្សត់។
ល្ងាចខ្លះអ៊ំដើរកាត់ទឹកភ្លៀង
ឥតហ៊ានដើរវាងព្រោះខ្លួនអត់
តស៊ូលើផ្លូវច្រើនរបត់
ដើរទាំងអំណត់ផ្លូវជីវិត។៚
ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០០៩
និពន្ធដោយ អ៊ឹម រចនា








សុំសួរតាមត្រង់, ចូលចិត្តកំណាព្យខ្លាំងណាស់ឬ ?
តែទោះយ៉ាងណាខ្ញុំសូមសសើរដោយសុទ្ធចិត្ត
ខ្ញុំខាងកំណាព្យមិនចេះតែងទាល់តែសោះ! ពិបាកណាស់! ហេតុអ្វីបានជាយករឿងនេះមកតែង?
នឹកឃើញអាណិតម៉ែខ្ញុំដែរ
សេរីបណ្ឌិត៖ អេហ៍កូននេះ! ទាល់តែចូលចិត្តកំណាព្យខ្លាំងបានតែងកំណាព្យបានឬយ៉ាងម៉េចហ្នឹង?
ខ្ញុំចេះតែសរសេរៗទៅព្រោះរឿងរ៉ាវនេះទាក់ចិត្តខ្ញុំ!
សុឃាង៖ ហេតុអ្វីបានជាយករឿងនេះមកតែងហ៎? អឺ… រឿងវាអ៊ីចេះ, ខ្ញុំឧស្សាហ៍ទៅអង្គុយសួនមុខវត្តបុទុម មុនពេលចូលរៀននិពន្ធនៅសមាគមអ្នកនិពន្ធខ្មែរ… ជារឿយៗខ្ញុំតែងតែឃើញអ៊ំចាស់ៗទូលនំលក់… នៅលើក្បាលគាត់មានទូលថាសនំ ហើយនៅមានស្ពាយថង់យ៉ាងធំពីក្រោយខ្នង.. ឱ្យតែឃើញពួកគាត់ ខ្ញុំកើតអារម្មណ៍សង្វេគ.. មិនចង់ឃើញរឿងបែបហ្នឹងតែក៏ត្រូវតែរៀនទទួលយកព្រោះវាជាជីវិត! ខ្ញុំជាមនុស្សមានបេះដូងទន់ខ្សោយ ឆាប់អាណិត ឆាប់យំ ឆាប់តូចចិត្ត ហើយចូលចិត្តឆ្ងល់តែរហូតហ្នឹង! ^^
បងសុភា៖ បើដឹងថានឹងធ្វើឱ្យបងសោកសៅបែបនេះ មិនផ្សាយកំណាព្យហ្នឹងទេ! សុំទោសណា៎!
មិនជាអ្វីទេ។
នៅផ្ទះខ្ញុំលក់នំដែរ គឺម៉ែខ្ញុំគាត់វេចនំលក់នៅស្រុក។ តែអត់បានទូលលក់ទេ គឺលក់នៅផ្សារ។ តែកាលខ្ញុំនៅផ្ទះ ខ្ញុំជាអ្នកដឹកនំអោយម៉ួយ។ ខ្ញុំដឹកទៅទោះភ្លៀងក៏ដោយ។ តែរយៈពេល៦ឆ្នាំដែលខ្ញុំមករៀននៅភ្នំពេញ អត់មានអ្នកណាដឹកនំអោយម៉ូយទេ ហើយក៏អត់មានអ្នកណាជួយគាត់ រឺ ក៏នៅអោយគាត់រអ៊ួព្រឹកល្ងាចដែរ
ព្រោះខ្ញុំមកសោយសុខនៅភ្នំពេញ អង្គុយចាំតែសុំលុយគាត់ចាយ។
វាមិនមានជារឿងសោកសៅអ្វីទេ តែវាបានប្រាប់ខ្ញុំថា អ្វីដែលខ្ញុំគួរធ្វើនៅថ្ងៃខាងមុខ។
ស្ដាប់ទៅសោកសៅ…
សូមសរសើរដោយស្មោះណារចនា។ ខ្ញុំមិនចេះជាងគេគឺតែងកំណាព្យហ្នឹងឯង… =)
មានធីតែងបានល្អតើ មានអត្ថន័យ បរិបូរណ៍ អានគួរឲ្យជក់ចិត្ត ! ខ្ញុំ ឲ្យពិន្ទុ ១០ ល្អប្រសើរ គ្រាន់បើ Good job !
ប្បស្សិនី៖ មិនហ៊ានទទួលទេៗ! lolz
បងហនុមាន៖ ពីមុនគិតថាខ្លួនឯងតែងអត់សូវបានល្អទេ តែពេលនេះចេះប្រយ័ត្នច្រើនជាងមុន!
អរគុណបង!
សង្ឃឹមថាបងៗនឹងមិនប្រកាន់ទេ បើសិនជាខ្ញុំចង់តែងតពីបង
អ៊ំកំពុងតែដើរលក់នំ
នៅក្រោមភ្លៀងធំទាំងរិះគិត
ដល់ចៅកម្សត់ទាំងអាណិត
ស្រាប់តែងងឹតមួយរំពេច ។
អ៊ំចាស់ដួលដេកទៅលើថ្នល់
អ៊ំចាស់កង្វល់ប្រឹងកែគេច
តែគ្មានកម្លាំងនឹងបំភ្លេច
ជម្ងឺចាស់លេចសារជាថ្មី ។
ហេតុតែខ្លួនចាស់គ្មានទីពឹង
ខិតខំប្រឹតប្រឹងព្រោះចៅថ្លៃ
ដល់ឈឺស្គមស្គាំងខ្សោយស្មារតី
ទោះឈឺម្តេចក្តីក៏ទ្រាំបាន ។
ប្រហែលពេលនេះដល់ពេលហើយ
អ៊ំកម្សត់អ្ហើយមិននឹកស្មាន
កម្លាំងចេះតែខ្សោយពីប្រាណ
ហេតុអ្វីបានត្រូវជាពេលនេះ ។
ទឹកភ្នែកអ៊ំស្រក់ជោគផែនថ្ពាល់
ព្រោះគិតដល់ចៅស្តាយអ្វីម្ល៉េះ
បើអ៊ំស្លាប់ទៅតើគេចេះ
រកលុយចូលផ្ទះដូចម្តេចទៅ ។
បើសិនជាញុមតាសេទៅមានការប៉ះពាល់ដល់អារម្មណ៍ពួកបងៗ សូមអធ្យាស្រ័យផង
ហើយការដែលតាសេនេះ មិនមែនចង់អួតអាងអីទេ
គ្រាន់តែចង់បង្ហាញពីជីវិតដូនកម្សត់…..
អ៊ិចាស់ផ្លាស់គំនិត
ប្រែមកជាគិតទៅលក់នំ
មួយថ្ងៃៗខំសំងំ
រាប់លុយពេញធុង
រកបានប្រាក់ច្រើន។
ប្រឹងរកស៊ីថ្ងៃ
បែរមករាត្រី
ខំប្រឹងរកទៀត
រកបាន……….
ខ្ញុំអត់មាជំនាញអីទេ សូមទោសផង។