29.08.08 (Bac II Result Day)

ក្រោម​កំដៅ​ថ្ងៃ​ដ៏​សែន​ក្ដៅ​ហួត​ហែង, ខ្ញុំ និង នី​បាន​ទៅ​ដល់​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នា​វេលា​ម៉ោង​ជិត​ពីរ​រសៀល​ក្នុង​បំណង​ដើម្បី​ចាំ​ស្ដាប់​លទ្ធផល​នៃ​ការ​ប្រឡង​បាក់​ឌុប​របស់​យើង។

ចុះ​ពី​លើ​ម៉ូតូ ខ្ញុំ​ដើរ​តម្រង់​កន្លែង​លក់​ទឹក​ដែល​មាន​ដាក់​តាំងភេសជ្ជៈ​ជា​ច្រើន​តម្រៀប​គ្នា… ទិញ​ទឹក​រួច ខ្ញុំ​ក៏​បន្ត​ដំណើរ​ចូល​ក្នុង​បរិវេណ​វិទ្យាល័យ​ជាមួយ​នឹង​ដប​ទឹក… បេក្ខជន​ជាច្រើន​កុះ​ករ​ក៏​បាន​មក​ដល់​ជា​បន្ត​បន្ទាប់… ក្នុង​នោះ​ដែរ​ក៏​មាន​និស្សិត​នៃសាកល​វិទ្យាល័យ​មួយ​ចំនួន​ចូល​រួម​ចែក​លិខិត​ផ្សព្វផ្សាយ​សាកលវិទ្យាល័យ​របស់​ខ្លួន និង លិខិត​ប្រកាស​ពី​ដំណឹង​ប្រឡង​អាហារូបករណ៍​នានា​ដល់​សិស្សានុសិស្ស​ផង​ដែរ។ រំពេច​នោះ និស្សិត​សាកលវិទ្យាល័យ ស៊ីតិច (សាលា​ក្នុង​ក្ដី​សុបិន្ត​របស់​នី ដែល​នឹង​ក្លាយ​ជា​ការ​ពិត​ក្នុង​រយៈ​ពេល​បន្តិច​ទៀត​នេះ ដោយ​គ្មាន​ឧបសគ្គ​មក​រារាំង) ម្នាក់​ហុច​កាបូប​មួយ​មក​ឱ្យ​ខ្ញុំ (តែ​ម្នាក់ ខណៈ​ដែល​ពេល​នោះ​មាន​សិស្ស​ជា​ច្រើន​ដើរ​ចូល​ព្រម​គ្នា​ដែរ!!! ^^ មុខ​មាន​ប្រជាប្រិយ​ដល់​ម្ល៉ឹង… មិន​ដែល​ដឹង​សោះ! :D ) ដែល​ក្នុង​នោះ​មាន​ព័ត៌មាន​ទាក់​ទង​នឹង​សាលា​ស៊ីតិច ព្រម​ជាមួយ​ប៊ិក​ពីរ​ផង​ដែរ។

ចូល​ដល់​ក្នុង​សាលា ខ្ញុំ​បាន​ជួប​មិត្ត​ចាស់​ជា​ច្រើន​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា​កាល​ពី​ថ្នាក់​ទី ៧, ៨… ពួក​យើង​និយាយ​គ្នា​ច្រើន! មួយ​ស្របក់​ក្រោយ​មក ដំរី (សុវណ្ណរចនា) ក៏មក​ដល់, ហើយ​ក៏​បាត់​ខ្លួន​ទៅ​ភ្លាម​ៗ​ជាមួយ​នី ដោយ​ទុក​ឱ្យ​ខ្ញុំនៅនិយាយ​គ្នា​ជាមួយ​បង​ធម៌​របស់​ខ្ញុំ​ប៊ិះ​តែ​ខះ​ទឹក​មាត់…

ម៉ោង ៣, ការ​ប្រកាស​លទ្ធផល​ចាប់​ផ្ដើម… សិស្ស​ទាំង​អស់​ប្រមូល​គ្នា​នៅ​មុខ​ទី​ចាត់​ការ, ក្នុង​នោះ​ក៏​មាន​ខ្ញុំ​ផង​ដែរ! ទឹក​មុខ​រីករាយ​របស់​អ្នក​ប្រឡង​ជាប់, ទឹក​ភ្នែក​របស់​អ្នក​ធ្លាក់ ធ្វើ​ឱ្យ​ខ្ញុំ​​ភ័យ​ជា​ថ្មី…

[...បន្ទប់​លេខ ៣៥ ជាប់​ទាំង​អស់... បន្ទប់​លេខ ៣៦ ជាប់​ទាំង​អស់... បន្ទប់​លេខ ៣៧ ធ្លាក់​ម្នាក់...] បន្ទប់​លេខ ៣៧ ជា​បន្ទប់​របស់​ខ្ញុំ! តើ​នរណា​នឹង​ធ្លាក់? តើ​នរណា​នឹង​ធ្លាក់… ខ្ញុំ​ក្ដាប់​ដៃ​យ៉ាង​ណែន… តើ​នរណា​នឹង​ធ្លាក់???

[...លេខ​តុ ៩១៤...] :) មិន​មែន​ជា​ខ្ញុំ ហើយ​ក៏​មិន​មែន​ជា​នី​ដែរ!

«អូន​ឯង​ជាប់​ហើយ​មែន​អត់?» បង​ធម៌​ខ្ញុំ​ងាក​មក​សួរ​ខ្ញុំ ក្នុង​ទឹក​មុខ​សង្ឃឹម​ថា ចម្លើយ​របស់​ខ្ញុំគឺ​ «ចាស៎»… ខ្ញុំ​គ្រាន់​តែ​ងក់​ក្បាល និង ញញឹម​ទៅ​កាន់​គាត់​បន្តិច​ជំនួស​ចម្លើយ​ដែល​គាត់​ចង់​បាន!

បង​ប្រុស​របស់​ខ្ញុំ​សម្លឹង​ខ្ញុំ​ឡើង​ភ្លឹក រួច​បន្ទោស​តិច​ៗ «ប្រឡង​ជាប់​ទាំង​មូល អត់​មាន​រំភើប​អី​បន្តិច​ទេ​ហ្អី?»… ខ្ញុំ​មិន​ឆ្លើយ​តែ​បែរ​ជា​ញញឹម​ដាក់​គាត់​ទៀត, ទី​បំផុត អ្វី​ដែល​ទទួល​បាន​គឺ (ស៊ី​ម៉ា​ក្រញ៉​ទៅ! :P )។

ទោះ​បី​ជា​ខ្ញុំ​ជាប់​ក៏​ដោយ, តែ​ក្នុង​ចិត្ត​ខ្ញុំ​នៅ​មិន​ទាន់​ស្រឡះ​ល្អ​នៅ​ឡើយ ព្រោះ​ខ្ញុំ​នៅ​បារម្ភ​ពី ដំរី, គេ​ត្អូញ​ថា​ធ្វើ​មិន​សូវ​បាន… អញ្ចឹង​ហើយ​ទើប​ខ្ញុំ​ប្រញាប់​រត់​រក​មើល​គេ​ភ្លាម…

«…រចនា​យំ​មួយ​ហើយ!» មិត្ត​ម្នាក់​ប្រាប់​ខ្ញុំ! ពេល​នោះ ខ្ញុំ​ស្ទើរ​តែ​យំ​ចេញ​មក​ដែរ​ហើយ តែ​ខ្ញុំ​នៅ​តែ​សួរ​បញ្ជាក់​ម្ដង​ទៀត ព្រោះ​ហាក់​មិន​ទុក​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​ឯង​គិត… «រចនា… ជាប់​ហើយ, មែន​ទេ?» មិត្ត​របស់​ខ្ញុំ​ងក់​ក្បាល… ហ្អើយ!!! ជាប់​ក៏​យំ​ដែរ! ធ្វើ​ឱ្យ​ឯង​ភ័យ​សន្ធឹក… ហៅ​ថា​តារា​ទឹក​ភ្នែក​មិន​ខុសមែន!!!

លទ្ធផល​របស់​ខ្ញុំ​គឺ៖

ពិន្ទុ​ប្រចាំ​ឆ្នាំ C
គណិតវិទ្យា E
រូបវិទ្យា B
គីមីវិទ្យា D
ជីវវិទ្យា F (ធ្លាក់)
ភាសា​ខ្មែរ C
ភូមិវិទ្យា F (ធ្លាក់)
ប្រវត្តិវិទ្យា B
សីលធម៌ A
ផែនដី​វិទ្យា C
ភាសាបរទេស B
លំដាប់​ពិន្ទុ 96,656 (ជាប់)
និទ្ទេស​រួម C

»»»​ នី D
»»» សុវណ្ណរចនា C

បន្ទប់​របស់​ខ្ញុំ​មានធ្លាក់​ម្នាក់, ​និទ្ទេស B ម្នាក់, C ពីរ​នាក់, D បួន​នាក់ (អ្នក​ដែល​នៅ​សល់​គឺ E)

រហូត​មក​ដល់​ពេល​នេះ គ្មាន​របាយការណ៍​ជាក់​លាក់​ណា​មួយ​បង្ហាញ​ឱ្យ​ដឹង​ពី​អត្រា​និទ្ទេស​របស់​សិស្ស​ឱ្យបាន​ជាក់​លាក់​នៅ​ឡើយ​ទេ៕

»»»មើល​រូប​នៅ​ទី​នេះ

21 វិចារ

  1. អាចម៍ផ្កាយ បាននិយាយ,

    ខែ សីហា 31, 2008 ម៉ោង 9:01 ព្រឹក

    បាក់ឌុបចឹងៗអរម៉េចបាន បើជាប់សិស្ស​ពូកែ​ទាំង​មូល នៅមិនទាន់ថា​អរ​ផង​ហ្នស់! ;-)

  2. santepheaplim បាននិយាយ,

    ខែ កញ្ញា 1, 2008 ម៉ោង 4:11 ព្រឹក

    Congratulation!

  3. saronweb បាននិយាយ,

    ខែ កញ្ញា 1, 2008 ម៉ោង 11:58 ព្រឹក

    សួស្តីរចនា! ហាស់ហា…មើល​ទៅ​ដូច​ជា​សប្បាយ​ណាស់​ហ្ន បាន​ប្រ​លង​ជាប់​។ ចូល​រួម​ត្រេក​អរផង​ណា!​​

  4. naraths បាននិយាយ,

    ខែ កញ្ញា 2, 2008 ម៉ោង 3:10 ព្រឹក

    ហាហា បាន​ F ច្រើន​ម៉្លេះ​ពៅពន្លក​!! និយាយ​មិន​អួត​ទេ​កាល​នោះ បាន​ F ពីរ​ដែរ​គឺ​ផែនដី និងពិន្ទុ​ប្រចាំ​ឆ្នាំ :( សរុប D បាត​តារាង ។

  5. រចនា បាននិយាយ,

    ខែ កញ្ញា 2, 2008 ម៉ោង 4:24 ព្រឹក

    បង​អាចម៍ផ្កាយ៖ ហ្នឹង​ហើយ! ;)

    បង​ភាព៖ អរគុណ​ច្រើន!

    Saronweb: អរគុណ​ច្រើន!

    បង​រដ្ឋ៖ បាន​តែ​ពីរ​មុខ​សោះ ថា​ច្រើន​ដែរ!

  6. Boeun បាននិយាយ,

    ខែ កញ្ញា 2, 2008 ម៉ោង 5:39 ព្រឹក

    ចូលរួម​រំភើប​ផង

  7. Chanroeun Pa បាននិយាយ,

    ខែ កញ្ញា 2, 2008 ម៉ោង 8:43 ព្រឹក

    Hi Dear,

    I am very delighted to share with you that I just founded another web blog, CAMBOSASTRA. Please go to http://cambosastra.wordpress.com and download some ebooks about Cambodia. Please let me know if you want to contribute any ebooks about Cambodia to CAMBOSASTRA.

    Cheers,

    Chanroeun

  8. Phnom Penh បាននិយាយ,

    ខែ កញ្ញា 2, 2008 ម៉ោង 12:13 ល្ងាច

    Can’t read any word in your site, mate! ????

  9. Cambodia news បាននិយាយ,

    ខែ កញ្ញា 3, 2008 ម៉ោង 9:15 ព្រឹក

    u cannot read khmer Unicode it is because that your PC has not been installed Khmer Unicode font.

  10. sophonrith em បាននិយាយ,

    ខែ កញ្ញា 6, 2008 ម៉ោង 3:00 ព្រឹក

    ពិត​ជា​កំណាព្យ​ដ៏​មាន​អត្ថន័យ​មែន​….ជា​អ្នក​ក្លាហាន​ទិស​ខាង​ជើង​……

  11. បញ្ញា បាននិយាយ,

    ខែ កញ្ញា 9, 2008 ម៉ោង 12:58 ល្ងាច

    សូមចូលរួមរីករាយផងដែល ពួកមាក់បាន និទេ្ទសល្អ ណារ៎!!!! ហើយឆ្នាំក្រោយ ខ្ញុំប្រលងម៉ាដង់មិនមិចទេ :( …..!!!

  12. បញ្ញា បាននិយាយ,

    ខែ កញ្ញា 9, 2008 ម៉ោង 1:02 ល្ងាច

    ភ័យពេកសរសេរខុស….(មិនដឹងមិចទេ) មិនមិចទេ

  13. វេហាស័ បាននិយាយ,

    ខែ កញ្ញា 12, 2008 ម៉ោង 9:53 ព្រឹក

    រចនា​ និយាយដល់ឈ្មោះ វិទ្យាល័យ ព្រះស៊ីសុវត្ថិ ខ្ញុំពិតជានឹកអនុស្សាវរីយ៍ចាស់ៗរបស់ខ្ញុំណាស់។ អរគុណ!

  14. khmerpoemboy បាននិយាយ,

    ខែ កញ្ញា 13, 2008 ម៉ោង 12:11 ល្ងាច

    Congradulation!!

  15. ការីម បាននិយាយ,

    ខែ កញ្ញា 16, 2008 ម៉ោង 4:03 ព្រឹក

    សួស្តីប្អូនស្រី! បងជួយអបអរសាទរចំពោះលទ្ធផលដែលប្អូនសំរេចបាន។ យូរខែថ្ងែហើយដែលបងមិនបានចូលមកដល់ប្លក់នេះ មិនដឹងជាមានសភាព​ប្រែប្រួលយ៉ាងណាទេនៅក្នុងប្លក់?​ព្រោះជាប់ដែបន្តិចនៅក្នុងការសិក្សា។​ អោយបងចូលរួម​រីករាយជាមួយ​ម្នាក់ផង…! សូមលើកកែវមួយឡើងដើម្បី​ជោគជ័យ​ និងអនាគតរបស់ប្អូន!…

  16. Khmer Emperor បាននិយាយ,

    ខែ តុលា 3, 2008 ម៉ោង 5:43 ព្រឹក

    ឃើញប្អូនៗរៀនបានពិន្ទុខ្សោយយ៉ាងនេះបងមានការបារម្ភពីអនាគតប្អូនៗ
    និងអនាគតប្រទេសខ្មែរយើងណាស់។

  17. ចន្ត្រា បាននិយាយ,

    ខែ តុលា 9, 2008 ម៉ោង 1:04 ព្រឹក

    សូមអបអរប្អូន​ទាំង២​ដែល​ប្រឡងជាប់ ហើយ​បន្ដ​ការ​ផ្សព្វផ្សាយ​ការបង្កើត​ប្លក់ផ្ទាល់ខ្លួន​ជាភាសាខ្មែរ…

    ហើយ​មេច​បាន​ជា ស៊ីតិច ជា​សាលាក្នុងក្ដី​ស្រមៃ​របស់ នី ? តើ​នី​ចង់រៀន​ខាងអី ហើយ​ចុះ​រចនាវិញចង់ខាងអីដែរ?

  18. រចនា បាននិយាយ,

    ខែ តុលា 12, 2008 ម៉ោង 10:31 ព្រឹក

    នី​ចង់​រៀន Design ហើយ​គេ​ក៏​បាន​រៀន! ចំណែក​ខ្ញុំ ចង់​រៀន អក្សរសាស្ត្រ​ខ្មែរ, តែ​ដោយ​សារ​លក្ខខណ្ឌ​គ្រួសារ តម្រូវ​ឱ្យ​ខ្ញុំ​ជ្រើស​យក ច្បាប់ ទៅ​វិញ! គួរ​ឱ្យ​អាណិត​ណាស់​មែន​ទេ? :cry: តែ​មិន​អី​ទេ! ជ្រុល​ជា​រើស​រៀន​ទៅ​ហើយ, ខ្ញុំ​នឹង​ខំ​រៀន​ឱ្យ​អស់​ពី​លទ្ធភាព! មិន​ចុះ​ចាញ់​ងាយ​ៗ​ទេ!!! :D

  19. naraths បាននិយាយ,

    ខែ តុលា 14, 2008 ម៉ោង 1:13 ល្ងាច

    បើ​ស្រឡាញ់ អក្សរ​សាស្ត្រ​ខ្មែរនឹង​នៅ​ក្នុង​ចិត្ត​យើង​ជានិច្ច ។ រៀន​ច្បាប់ គឺ​មាន​ន័យ​ថា​ស្និទ្ធ​នឹង​អក្សរ​សាស្ត្រ​ខ្មែរ​ដែរ​តើ!! រចនា​នឹង​បាន​ចូល​ក្នុង​បណ្ណាល័យ​ច្បាប់​នៅ​ទី​នោះ ហើយ​នឹង​ចាប់​អារម្មណ៍​ថា​ការ​ប្រើ​ពាក្យ​ខ្មែរ​នៅ​ទីនោះ​វា​យ៉ាង​ណា​ហើយ ។ សាលា​នោះ​ពី​មុន​មាន​រៀន​ច្បាប់​ជា​ភាសាខ្មែរ​+បារាំង+អង់គ្លេស តែ​ឥឡូវ ជំនាន់​នេះ​គេ​បង្កើត​ថ្នាក់​រៀន​ច្បាប់​ជា​ភាសាខ្មែរ+ជប៉ុន+អង់គ្លេស ហើយ ។ មិន​ប្រូម៉ូសិន​ទេ តែ​ខ្ញុំ​រៀន​នៅ​ហ្នឹង​ដឹង​ខ្លះ​ៗ​ដែរ ខឹខឹខឹ

  20. ហង្សមាស MP3 Blog បាននិយាយ,

    ខែ តុលា 21, 2008 ម៉ោង 9:37 ព្រឹក

    សរសេរច្រើនពេកអញ្ចឹង មិនដឹងអានចាប់ពិកន្លែងណាមុនទេ ខ្ជិលអានណាស់។

    មុខចឹងសោះ មិនគួរអោយជឿថាបាននិទ្ទេស C សោះ សុំសរសើរ។

  21. សំណាង បាននិយាយ,

    ខែ តុលា 27, 2008 ម៉ោង 6:20 ព្រឹក

    អុញ!​ខំ​តែ​ចាំ​មើល​ប្លក​មួយ​ទៀត​ឯណោះ អត់​ដឹង​ថា​មក​នៅ​ផ្ទះចាស់​សោះ…. ស្មាន​តែ​ទៅណា​បាត់​ហើយ ទៅ​អើត​មើល​ផ្ទះ​មួយ​ទៀត អត់​ឃើញអ្នក​ណា មិន​ទ្រាំ​តែ​គោះ​ទ្វារ​ទេ ធាក់​ទ្វារ​ជិត​របើក​ទៅ​ហើយ​ក៏​អត់​ឃើញ​អ្នកណា​ចេញ​មក​ស្វគមន៍។
    ថ្ងៃ​នេះ​ សំណាថ​ល្អ​វង្វេង​ផ្លូវ​បាន​មក​ដល់​ផ្ទះ​របស់​អូន…. យ៉ាប់​ម៉ង
    តែ​ជា​យ៉ាងណាក៏​អបអរ​ចំពោះ​លទ្ឋផល​Bac II របស់អូន។


ដាក់មួយវិចារ