25
កញ្ញា
07

អតីតកាលដែលពោរពេញដោយសំនើច!

រឿងរ៉ាវជាច្រើនដែលខ្ញុំចងចាំ ហើយព្យាយាមរក្សាវាអោយបានយូរបំផុតតាមដែលអាចធ្វើបាន!

តាមដែលអាចចាំបាន ខ្ញុំជាក្មេងម្នាក់ដែលរពឹសបំផុត។ ខ្ញុំជាមនុស្សដូចគេដែរ​ វាគ្រាន់តែខុសគេបន្តិចប៉ុណ្ណោះ។ ខ្ញុំកើតមក ប្រាំពីរខែ ត្រូវគេចិញ្ចឹមនៅក្នុងកែវ។ បងស្រីភ្លោះរបស់ខ្ញុំក៏ដូចគ្នាដែរ។
ខ្ញុំចង់សំដៅលើ ការកើតមកជាមួយគ្នា កើតប្រាំពីរខែ​ ហើយក៏ត្រូវគេចិញ្ចឹមនៅក្នុងកែវដូចគ្នាដែរ។ មានអ្នកខ្លះថា កូនភ្លោះច្រើនតែមានចិត្តដូចគ្នា តែខ្ញុំមិនដែលគិតអញ្ចឹងទេ ព្រោះខ្ញុំ និង បងស្រីរបស់ខ្ញុំខុសគ្នាស្រលះ គឺដូចមេឃ និង ដឺអញ្ចឹង!

កំឡុងពេលដែលខ្ញុំកើតរហូតមកដល់ពេលនេះ ជីវិតរបស់ខ្ញុំមួយភាគធំ បានចំនាយនៅជិតលោកយាយរបស់ខ្ញុំ។​ គេកំរឃើញខ្ញុំនៅក្បែរ ប៉ា ម៉ាក់ណាស់។​ មានតែបងស្រី និង ប្អូនប្រុស ប៉ុណ្ណោះដែលបាន នៅជិត ប៉ា និង​ ម៉ាក់។ ពេលខ្លះក៏មានអារម្មណ៍ ច្រណែនខ្លះដែរ ព្រោះអត់សូវមានអ្នក Care តែក៏មិនដឹងធ្វើយ៉ាងម៉េច ព្រោះវាប្រហែលជាគ្មានអ្វីល្អជាងនេះទេ!

ធ្លាប់ធ្វើឱ្យ លោកយាយពិបាកចិត្តជាច្រើន! នឹកឃើញរឿងទាំងនេះ ពេលខ្លះក៏ហាក់ដូចជារឿងកំប្លែងអញ្ចឹងដែរ។ ពេលប៉ា ម៉ាក់ អត់នៅផ្ទះ ខ្ញុំ និង បងស្រី នាំគ្នាយំ។ លោកយាយរបស់ខ្ញុំ ក៏ប្រញាប់រត់មក មើលខ្លាចយើងឈ្លោះគ្នា ព្រោះកាលពីតូច យើងមិនអាចនៅជិតគ្នាបានយូរទេ ឱ្យតែនៅក្បែរគ្នាកាលណា ត្រូវតែឈ្លោះគ្នាជាចាំបាច់។ ពេលលោកយាយសួរថា ហេតុអីទើបនាំគ្នាយំ? តើដឹងថាចំលើយជាអ្វីទេ?​
គឺថា យំលេង! ក្រោយពីយំលេងមួយស្របក់មក យើងក៏បានយំមែនទែន ដោយសាររំពាត់ទិព្វរបស់លោកយាយ ដែលតែងតែនៅជិតដៃរបស់គាត់រហូត ទុកសំពងចៅមហាខូចទាំងពីរ។

មានយប់មួយនោះ ខ្ញុំមមើដាល់លោកយាយរបស់ខ្ញុំមួយដៃ ហើយចេញវិជ្ជាគុណក្នុងមុង ធ្វើឲ្យខ្លួនឯងធ្លាក់ពីលើគ្រែ និង ដាច់មុងទាំងយប់។ ខ្ញុំក៏ត្រូវមាត់លោកយាយទាំងយប់ដែរ។ ចង្រៃមកពីពេលថ្ងៃ ខ្ញុំឈ្លោះគ្នាជាមួយបងស្រី ហើយយប់នោះ យល់សប្ដិឃើញបានវ៉ៃបងស្រីរបស់ខ្ញុំ។ កំពុងតែសប្បាយដៃ ក៏ស្រាប់តែធ្លាក់ពីលើគ្រែតែម្ដងទៅ។ យ៉ាប់មែនទែន!

មានម្តងនោះ ប៉ាឱ្យយើងយកសៀវភៅសរសេរមេរៀនទាំងអស់ មកឱ្យគាត់ពិនិត្យ។ យើងទាំងពីរនាក់ មិនសូវជាបានកត់មេរៀនចូលសៀវភៅប៉ុន្មានទេ ព្រោះយើងជាក្មេងឆ្លាតគួរសមដែរ។ ទាំងពីរនាក់ ទៅ រៀនរាល់ថ្ងៃ តែចំពោះមេរៀនវិញ បើមួយមាន មួយត្រូវតែអត់។​ ទីបំផុត ក៏ត្រូវប៉ាពិន័យឱ្យកត់មេរៀនសាឡើងវិញទាំងអស់។ ពេលនោះ យើងមិនសូវជាសប្បាយចិត្តប៉ុន្មានទេ។

លោកយាយ បានជួលគ្រូឱ្យមកបង្រៀនគួរឱ្យយើងដល់ផ្ទះ ល្បិចក្មេងខូចដូចជាពួកយើងនេះ មិនងាយមានអ្នកណាតាមទាន់ទេ។ បើកាលណាយើងមិនចង់រៀន យើងធ្វើពុតជាដេកលក់ ពេលដែលលោកគ្រូមកបង្រៀន យើងនឹងមិនបាច់រៀន ព្រោះយើងដេកលក់អស់ហើយ! លោកគ្រូមិនដឹងបង្រៀននរណាទេ ព្រោះសិស្សរបស់គាត់ដេកអស់ហើយ។ ដំណោះស្រាយដ៏ល្អតែមួយរបស់គាត់ គឺគាត់ត្រូវទៅផ្ទះវិញ ដេកយកកំលាំងព្រោះចាញ់បោកយើង។ ពេលខ្លះ​ ខ្ញុំជិះកង់ទៅប្រាប់លោកគ្រូថា ថ្ងៃនេះមានរវល់អត់បានរៀនទេ ហើយពេលដែលលោកយាយសួរ ថាហេតុអីបានជាលោកគ្រូមិនអញ្ជើញ មកបង្រៀន? យើងក៏ឆ្លើយប្រាប់គាត់ថា លោកគ្រូរវល់ជូនកូនគាត់ទៅពេទ្យ រឺក៏លោកគ្រូមិនស្រួលខ្លួន តែប៉ុណ្ណេះគឺយើងអាចគេចបានយ៉ាងធូរ។

ពេលរៀនគួរ ខ្ញុំគឺគ្រាន់បើជាងបងស្រីរបស់ខ្ញុំ យើងពេលនោះ រៀនថ្នាក់ទឺ 2។ លោកគ្រូបានឱ្យបងស្រីរបស់ខ្ញុំអានលេខ 31 (វាជាលេខថ្ងៃ) តែបងស្រីខ្ញុំមិនដឹងថាម៉េចទេ ខ្ញុំសរសេរដាក់លើក្ដារ ហើយលើកបង្ហាញគាត់ ដឹងថាគាត់ប្រាប់លោកគ្រូថាថ្ងៃប៉ុន្មានទេ? 13 ថ្ងៃនេះទី 13 លោកគ្រូ! ខ្ញុំហួសចិត្តនឹកចង់តែសើចទៅវិញ។ បងស្រីខ្ញុំទទួលរង្វាន់ 3ក្រញ៉! ខ្ញុំដែលជាអ្នកប្រាប់វិញ គាត់បាន Free ឱ្យ 2ក្រញ៉ទៀត សរុបទាំងអស់គឺ 5ក្រញ៉។ មិនសូវឈឺទេ ព្រោះក្បាលខ្ញុំស៊ាំទៅហើយ។

កង់ជាបំនងដ៏ធំបំផុតរបស់ខ្ញុំ ក្នុងពេលនោះ! បងប្អូនដែលនៅជិតខាងខ្ញុំមានកង់ជិះគ្រប់ៗគ្នា។ ខ្ញុំក៏បានទៅរំអុកប៉ាឱ្យទិញកង់ឱ្យខ្ញុំមួយដែរ ទីបំផុតក៏បានកង់មួយ តែអត់ចេះជិះដដែល។ ដំបូងប៉ា ដាក់កង់តូច​ 2 នៅសងខាង ដើម្បីឱ្យជិះឱ្យនឹង។ ខ្ញុំមិនចេះជិះរបៀបនោះទើបប៉ាដោះចេញ ខ្ញុំក៏ជិះបានតិចៗ តែមិនទាន់ស្ទាត់ទេ។ ទំរាំតែចេះជិះ ខ្ញុំត្រូវបាត់បង់កង់មួយ ព្រោះខ្ញុំជិះទៅបុកគល់ដូង រហូតកង់បាក់​ក​កង់ ប្រើការលែងកើត។ បទពិសោធដ៏ជូរចត់ តែវាក៏ធ្វើឱ្យខ្ញុំចេះជិះកង់ស្ទាត់រហូតមក។

តាំងពីនោះមកខ្ញុំ និង ក្មេងៗនៅម្ដុំផ្ទះខ្ញុំ មានល្បែងថ្មី គឺ ឡើងដេកលើដើមអំពិលលេង។ ដើមអំពិលមួយដើមនោះដុះក្រោយឃ្លាំងបារី។ មិនសូវមានមនុស្សទៅទីនោះទេ អញ្ចឹងយើងចង់លេងអីក៏តាមចិត្ត។​ ពួកយើង មានអ្នកខ្លះលួចយកអំបិលពីផ្ទះ អ្នកខ្លះយកខ្នើយទៅទីនោះ រួចចាត់ការឡើងដើមអំពិលឲ្យបានគ្រប់គ្នា។ នៅលើដើមអំពិល យើងបេះក្ដឹបអំពិល ត្រួយអំពិល យកមកជ្រលក់អំបិល ហើយញ៉ាំតែ​ម្ដង អ្នកខ្លះដេកលើនោះតែម្ដង។ បើមានមនុស្សមក យើងនាំគ្នាលោតពីលើនោះតែម្តង។ ដើមអំពិលនោះ ខ្ពស់គួរសមដែរ តែចំពោះ Expert ដូចពួកខ្ញុំនេះ គឺអត់បញ្ហា។​ កាលណាត្រួយអំពិលលូតមិនទាន់ យើងជិះកង់ទៅលួចបេះត្របែក ស្វាយចន្ទី នៅភូមិជិតៗនោះទៀត។ ជួនកាលគេតាមទាន់ទៅ រត់លែងស្ដាយស្វាយដែលបេះបាននោះទៀត។

កាលនៅពីតូច អាចចាំបានថា រាល់ពេលដែលលោកយាយអញ្ជើញទៅវត្ត ខ្ញុំតែងតែទៅតាមគាត់ជានិច្ច។ ខ្ញុំអាចសូត្រធម៌បានច្រើនប្រភេទទៀតផង តែឥឡូវនេះ ខ្ញុំសូត្រមិនបានទេ ព្រោះខានសូត្រយូរហើយ។
អ្វីដែលសំខាន់បំផុតពេលទៅវត្ត នោះគឺ ទៅញ៉ាំបាយជុំគ្នាជាមួយលោកយាយជាច្រើននាក់ នៅក្នុងវត្ត ក្រោយពីពេលលោកឆាន់ហើយ។​ ហេតុអីទើបសំខាន់?​ វាគ្រាន់តែជាការញ៉ាំបាយមួយពេលប៉ុណ្ណោះ តែចំពោះខ្ញុំ គឺចូលចិត្ត ព្រោះពេលនោះ យើងនឹងមានម្ហូបជាច្រើនមុខ ញ៉ាំជាមួយគ្នា។ បើខ្ញុំនៅផ្ទះដូចបងស្រីខ្ញុំ ញ៉ាំបានតែម្ហូប មួយមុខ ពីរមុខប៉ុណ្ណោះ តែហេតុផលសំខាន់មួយទៀត គឺថា ខ្ញុំមានអារម្មណ័ជិត ដិតជាមួយសាសនា និងចង់ទៅលេងជាមួយកូនសិស្សលោកដំនាលៗនឹងខ្ញុំផង។

រាល់ព្រឹកលើកលែងតែថ្ងៃសីស យើងត្រូវដាក់បាត្រលោករាល់ព្រឹក ខ្ញុំប៉ិនបំផុតខាងដណ្ដើមបាយសល់ពីដាក់បាត្រលោកហើយ មកញ៉ាំ ព្រោះលឺថា នរណាបានញ៉ាំបាយនោះនឹងឆ្លាត។ ពេលញ៉ាំម្តងៗ ញាត់មិនដែលត្រូវមាត់ស្រួលបួលទេ ព្រោះខ្លាចគេដណ្ដើមទៅបាត់ បើមើលទៅ ដូចមនុស្សអត់បាយ បួន ប្រាំ ថ្ងៃមកហើយអញ្ខឹង។

ពេលភ្ជុំម្ដងៗ ខ្ញុំងើបពីព្រលប់ ដើម្បីទៅបោះបាយបិណ្ឌ! ម៉ោង ២កន្លះ ទៅ៣យប់ ខ្ញុំភ្ញាក់ហើយដើរគោះទ្វារផ្ទះអ៊ំៗ! ផ្ទះខ្លះមិនអីទេ តែផ្ទះខ្លះស្រែកជេរពីក្នុងផ្ទះមកទាំងយប់អាធ្រាត ធ្វើឱ្យខ្ញុំរត់សឹងមិនទាន់។ អ​ន​មោ​ទ​នា លោកអើយ!  ពេលបោះបាយបិណ្ឌម្ដងៗ សប្បាយតែជាន់ជើងចាស់ៗទេលោកអើយ!

នៅក្នុងសាលា កន្លែងដែលខ្ញុំចូលចិត្តទៅបំផុតនោះគឺ បណ្ណាល័យ។ ខ្ញុំចូលចិត្តអានសៀវភៅបំផុត ហើយអ្វីដែលចូលចិត្តដូចគ្នាដែរនោះគឺ រករឿងមិត្តភក្តិក្នុងថ្នាក់។ ពេលឃើញគេលេងអីក្នុងថ្នាក់ ខ្ញុំចូលទៅសុំ គេលេង ហើយទាល់តែធ្វើអោយគេចាញ់ទើបអស់ចិត្ត។ កាលនោះ ល្បែងដែលមានប្រជាប្រិយភាពបំផុតនោះ គឺ លោតកៅស៊ូ និង លេងត្រិះ។ ខ្ញុំមិនសូវចេះលេងប៉ុន្មានទេ ចូលចិត្តដើរក្រឡុកគេច្រើនជាង។
ជីវភាពសិស្សនៅស្រុកស្រែចំការ មិនមែនសុទ្ធតែធូរធារនោះទេ។ កាលនោះ មានបងស្រីម្នាក់ក្នុងថ្នាក់ខ្ញុំ គាត់តែងតែយកនំផ្សេងៗមកលក់ក្នុងថ្នាក់។​ ខ្ញុំជួយទិញគាត់មិនដែលលោះទេ ព្រោះយល់ថាទិញទីណា ក៏ដូចគ្នា បើអញ្ចឹងជួយទិញគាត់ មិនល្អទេឬ?

ដោយសារតែប៉ិនរករឿងគេពេក ខ្ញុំក៏ត្រូវគេធ្វើបាបវិញញឹកណាស់ដែរ។ សាលារបស់ខ្ញុំ ឲ្យតែពេលទឹកឡើងម្ដងៗ លេចទឹកត្រឹមកំភួនជើង ពេលខ្លះត្រឹមជង្គង់ឯណោះ។ ខ្ញុំខ្លាចឈ្លើងបំផុត ហើយនេះជាចំនុច ខ្សោយរបស់ខ្ញុំ។ ពេលទៅរៀន ខ្ញុំមិនដែលដើរទៅតែឯងទេ យើងដើរទាំងហ្វូងៗ ដេញទាត់ធាក់គ្នាពេញផ្លូវ (មានជេរគ្នាមួយៗដែរ)។ ពេលទឹកលេចផ្លូវចូលសាលាម្តងៗ ខ្ញុំមិនចង់ទៅរៀនទេ ព្រោះខ្លាចឈ្លើង។ បើឲ្យដើរតាមធម្មតា មិនសូវជាខ្លាចប៉ុន្មានទេ តែឲ្យតែដើរជាមួយពួកម៉ាកអស់នោះ តែងតែព្រួតគ្នាបន្លាចខ្ញុំ រហូតពេលខ្លះដល់ខ្ញុំយំក៏មាន។ ពេលខ្លះ នឹកឡើងវិញក៏នឹកហួសចិត្តនឹងខ្លួនឯងដែរ មិនសមអីមក ចាញ់សម្លុតគេសោះ។ ជឿហើយថា មិត្តភក្តិមិនមែនសុទ្ធតែល្អនោះទេ។ ពួកគេចាំខ្ញុំបាន ត្បិតតែខ្ញុំឈប់រស់នៅទីនោះ ប្រាំឆ្នាំមកហើយក្ដី! ខ្ញុំហ្អេះ?​ ដើរបុក មិនស្គាល់ផង!

អារឿងខូចនោះ និយាយ​  ៣ ថ្ងៃមិនអស់ផង។ ក្បាលខូចបែបខ្ញុំនេះ ទៅណាក៏គេស្គាល់ដែរ តែខ្ញុំមិនដែលខ្វល់ថាគេគិតយ៉ាងម៉េចទេ យ៉ាងណាឲ្យតែសប្បាយចិត្ត គឺធ្វើទាំងអស់។ ទើបតែពេលនេះ ទើបចាប់ ផ្ដើមខ្វល់…

អតីតកាលដែលពោរពេញទៅដោយសំណើច និង ការរត់គេចពីរំពាត់ផ្ដៅសឹងតែរាល់ថ្ងៃនោះ ពិតជាមិនងាយនឹងអាចបំភ្លេចបានឡើយ។​ បើពេលវេលាអាចវិលត្រលប់ក្រោយវិញបាន គឺពិតជាល្អណាស់។ យើងនឹងមិន ចាំបាច់រត់គេចចេញពីភាពឈឺចាប់ រឺក៏មកអង្គុយកើតទុកដូចពេលនេះ នោះឡើយ។


10 ចំលើយ ទៅ “អតីតកាលដែលពោរពេញដោយសំនើច!”


  1. ខែ កញ្ញា 28, 2007 ម៉ោង 6:30 ព្រឹក

    អ្នកមានរឿងគួរឲ្យអស់សំណើចមែន។ បើនិយាយពីរឿងកើតវិញ គេចំណាយពេល ៩ខែ ១០ថ្ងៃដើម្បី កើតមើលឃើញពិភពលោក តែ អ្នកចំណាយពេលត្រឹម ៧ខែ ចំណែកខ្ញុំវិញ ចំណាយពេល ៩ខែ ១២ថ្ងៃ។ ម៉ាក់ខ្ញុំថាខ្ញុំជាកូនក្បាលរឹងលេខ ១ក្នុងគ្រួសារ មកពីខ្ញុំ វារឹងក្រកើតនេះឯងដែរ។ ហេហេរហេហេហេ….

  2. ខែ កញ្ញា 28, 2007 ម៉ោង 10:28 ព្រឹក

    អេ អេ បងប្រុស! ខ្ញុំអត់ធ្លាប់លឺអ្នកណាហៅខ្ញុំ អ្នកទេ, បើមិនប្អូនស្រី ក៏រ៉េនណាដែរ។ បងឯងចេញមកខុសគេអញ្ចឹងទើបអត់អំណោយទានជាមួយខ្ញុំសោះ! ឃើញ Blogroll នៅគ្រប់កន្លែង តែរ៉េនណា អត់មានចិត្តចង់ចូលទៅជជែកកំសាន្តសោះ។ ចាំថ្ងៃណាទំនេរបន្តិច…

  3. ខែ កញ្ញា 29, 2007 ម៉ោង 2:23 ល្ងាច

    អើ..ទៅចឹងទៅ បងខំម៉ោប្លុងខមមែនដាក់ប្លក់គេ គេថាអត់អំណោយទានអីណាឆ្កុយ ឈឺផ្សា…ឈឺផ្សា…

  4. ខែ កញ្ញា 29, 2007 ម៉ោង 3:35 ល្ងាច

    ពូកែ​សរសេរ​មែន​ទែន​ហ្ន៎ ! លើក​ខ្លួន​ឯង​រហូត ហាហាហា

    មានយប់មួយនោះ ខ្ញុំមមើដាល់លោកយាយរបស់ខ្ញុំមួយដៃ ហើយចេញវិជ្ជាគុណក្នុងមុង ធ្វើឲ្យខ្លួនឯងធ្លាក់ពីលើគ្រែ និង ដាច់មុងទាំងយប់។ ខ្ញុំក៏ត្រូវមាត់លោកយាយទាំងយប់ដែរ។ ចង្រៃមកពីពេលថ្ងៃ ខ្ញុំឈ្លោះគ្នាជាមួយបងស្រី ហើយយប់នោះ យល់សប្ដិឃើញបានវ៉ៃបងស្រីរបស់ខ្ញុំ។ កំពុងតែសប្បាយដៃ ក៏ស្រាប់តែធ្លាក់ពីលើគ្រែតែម្ដងទៅ។ យ៉ាប់មែនទែន!

    ចូល​ចិត្ត​ឈុត​នេះ ហាហាហា​ (ធ្លាប់​ឃើញ​ក្មេង ៗ ធ្វើ​ចឹង​ដែរ​)

  5. ខែ កញ្ញា 30, 2007 ម៉ោង 8:26 ព្រឹក

    បងបណ្ឌិត៖ អរគុណម្ដងទៀត! កុំភ័យ, រ៉េនណាមិនទាន់ទំនេរ, បើខ្ញុំទំនេរ ត្រៀមចាំតែ reply ទៅ! ខ្ញុំជាមេឆ្ងល់ណាដឹងទេ? សួរតែបងរដ្ឋក៏ដឹងដែរ! ប្រយ័ត្នតែឆ្លើយសំនួរខ្ញុំមិនទាន់ទៅ!

    បងបឿន៖ ហ្នឹងវាជារឿងពិត។​សង្ឃឹមថាពេលណាមួយអាចសុំខមាទោសពីលោកយាយបាន។ សើចលើគំនរទុក្ខអ្នកដទៃ, យ៉ាប់ម៉ង!

  6. ខែ កញ្ញា 30, 2007 ម៉ោង 11:05 ព្រឹក

    ហេតុ​អី នៅ​សង្ឃឹម​ថ្ងៃ​ណា​មួយ ? មិន​ទៅ​ខមាលទោស​គាត់​ឲ្យ​ហើយ​ទៅ ?

  7. ខែ តុលា 1, 2007 ម៉ោង 8:03 ព្រឹក

    អូហ៍….អត់ភ័យអីម៉ាតិចសោះ ខាំអន…

  8. ខែ តុលា 2, 2007 ម៉ោង 5:50 ព្រឹក

    ព្រោះពេលនេះខ្ញុំមិនបាននៅជិតគាត់ទេ! ខ្ញុំមិនសូវបានទៅលេងគាត់! បើបានទៅវិញ នៅញ៉ែប៉ប្រែជាមួយគាត់ ភ្លេចរឿងនោះអស់!

    គង់តែទៅទេ! ស្អែកបងចាំបើកមើលណា! ដឺងថាបងសុទ្ធតែ Expert, សួរអីអត់ទាល់ ទើបបានជារមាស់មាត់ចង់តែសួរនឹងណា!

  9. ខែ តុលា 6, 2007 ម៉ោង 7:44 ព្រឹក

    ពូ​កែ​រៀប​រាប់​ផន់​គេ! គិត​ៗ​ទៅ​ម្យ៉ាង​ដែរ​តើហ៍!

  10. ខែ តុលា 8, 2007 ម៉ោង 4:17 ព្រឹក

    រាល់​ដង​មិន​សូវ​មាន​អ្នក​មក​អង្គុយ​ស្ដាប់​ទើប​ចង់​ឲ្យ​អាន​វិញ​ម្ដង!


បញ្ចេញ មួយចំលើយតប




កម្ពុជា-CAMBODIA

header1

web stats

ផ្ដល់​តម្លៃ​ឱ្យ​ប្លក់​នេះ

អរគុណ!

deedee

ឌីឌី^^

Monthly Post

Flickr Photos

acceptance

Cardiac

310/365 November 6, 2009

More Photos

Blog Stats

  • 50,373 hits